
Health
RFI
សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប ! ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ នៅរៀងរាល់ថ្ងៃពុធ អស់លោកអ្នកនាងនឹងបានស្តាប់ សេចក្តីអត្ថាធិប្បាយ និងបទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយនឹងគ្រូពេទ្យឯកទេស ស្តីពីប្រធានបទផ្សេងៗទាក់ទងនឹងសុខភាព មានជាអាទិ៍ការការពារ ការព្យាបាល។
Location:
France
Genres:
Health & Wellness Podcasts
Networks:
RFI
Description:
សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប ! ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ នៅរៀងរាល់ថ្ងៃពុធ អស់លោកអ្នកនាងនឹងបានស្តាប់ សេចក្តីអត្ថាធិប្បាយ និងបទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយនឹងគ្រូពេទ្យឯកទេស ស្តីពីប្រធានបទផ្សេងៗទាក់ទងនឹងសុខភាព មានជាអាទិ៍ការការពារ ការព្យាបាល។
Language:
Khmer
Episodes
ខ្សោយផ្លូវដង្ហើម ជាជំងឺអ្វី ?
5/31/2023
ខ្សោយប្រព័ន្ធផ្លូវដង្ហើម គឺជាជំងឺសួតមួយ ដែលសម្គាល់ដោយអាការៈហត់ ព្រោះតែសួតមិនអាចបំពេញតួនាទីបានត្រឹមត្រូវ។ តើអ្វីទៅជាមូលហេតុដែលនាំឱ្យមានជំងឺខ្សោយផ្លូវដង្ហើមនេះ ? តើគេអាចការពារប្រព័ន្ធផ្លូវដង្ហើមបានយ៉ាងណាខ្លះ ? សូមស្តាប់បទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយលោក វេជ្ជបណ្ឌិត អង់ ជីនសួង គ្រូពេទ្យឯកទេសជំងឺសួត នៅប្រទេសបារាំង។
Duration:00:09:37
ដូចម្តេចដែលហៅថា អាហារកែច្នៃ ដែលអាចប៉ះពាល់ដល់សុខភាព ?
5/24/2023
សុវត្ថិភាពចំណីអាហារ កំពុងក្លាយជាកង្វល់សង្គមដ៏ធំមួយ ព្រោះវាអាចប៉ះពាល់ដល់សុខភាព ភ្លាមៗផង និងសម្រាប់រយៈពេលខាងមុខផង។ កាលពីពេលថ្មីៗនេះ ចំណោទជុំវិញបញ្ហាសុវត្ថិភាពចំណីអាហារបានផ្ទុះឡើងខ្លាំងប្រទេសកម្ពុជា រហូតក្រសួងអប់រំបានចេញសេចក្តីណែនាំមិនឱ្យសាលារៀនលក់នំមួយចំនួន។ តើអាហារប្រភេទណា ដែលល្អ និងអាហារប្រភេទដែលអាក្រក់សម្រាប់សុខភាព ? តើអ្វីទៅជាអាហារកែច្នៃ ? អាហារឧស្សាហកម្ម ? ហេតុអ្វីត្រូវជ្រើសរើសទទួលទានអាហារជាបន្លែផ្លែឈើស្រស់ តាមរដូវ ?
មនុស្សលោកចេះកែច្នៃអាហារ តាំងពីយូរយារណាស់មកហើយ។ គោលបំណងធំនៃការកែច្នៃអាហារនេះ គឺដើម្បីទុកឱ្យបានយូរផង និងធ្វើឱ្យអាហារអាចកាន់តែស្រួលបរិភោគផង។ បច្ចុប្បន្ន អាហារកែច្នៃ រីកចម្រើនកាន់តែខ្លាំង និងកាន់តែសម្បូរបែបណាស់។
កាន់តែសម្បូរ ចំណោទសួរជុំវិញសុវត្ថិភាពនិងគុណភាពផ្នែកអាហារូបត្ថម្ភមានកាន់តែខ្លាំង ព្រោះនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ គំនិតកែច្នៃកាន់តែប្លែក អាហារប្តូរផ្លាស់ទម្រង់កាន់តែខ្លាំង។ ជាអាហារកែច្នៃខ្លាំង តាមបែបឧស្សាហកម្ម ដែលនាំឱ្យមានការប្តូររូបរាង ធាតុគីមី និងជីវសាស្ត្រយ៉ាងខ្លាំង ឬដោយដាក់បន្ថែមយ៉ាងច្រើននូវសារធាតុគីមី នូវគ្រឿងផ្សំឧស្សាហកម្មចម្រាញ់ចេញពីវត្ថុធាតុដើមកសិកម្ម និងសិប្បនិម្មិត។
នៅប្រទេសបារាំង អាហារកែច្នៃ ឬអាហារឧស្សាហកម្ម មានផ្ទុកថាមពលប្រមាណ៣០%នៃសេចក្តីត្រូវការប្រចាំថ្ងៃរបស់មនុស្ស និងឡើងដល់ទៅ៦០%សម្រាប់ប្រទេសលោកខាងលិចខ្លះដូចយ៉ាងអាមេរិកឬអង់គ្លេស។ នេះបើតាមទិន្នន័យសិក្សារបស់វិទ្យាស្ថានសុខភាពនិងស្រាវជ្រាវសុខាភិបាលជាតិបារាំង។
ដូចម្តេចដែលហៅថា អាហារកែច្នៃ ?
អ្នកស្រាវជ្រាវម៉ិចស៊ិក បានបំផុសពិភពលោកឱ្យចាប់អារម្មណ៍ពីអាហារកែច្នៃមុនគេ នៅឆ្នាំ២០០៧ ព្រោះឃើញពលរដ្ឋម៉ិចស៊ិកលែងសូវទទួលទានម្ហូបជាតិ ហើយងាកទៅរកអាហារបែបឧស្សាហកម្ម។ សម្រាប់អ្នកស្រាវជ្រាវម៉ិចស៊ិក អាហារកាន់តែមានលក្ខណៈឧស្សាហកម្ម កាន់តែមិនល្អសម្រាប់សុខភាព។ ពួកគាត់បានបែងចែកអាហារ ជាបីកំរិត ៖ ចំណីនិងម្ហូបជាប្រពៃណី ចំណីនិងម្ហូបប្រពៃណីបែបឧស្សាហកម្ម ចំណីនិងម្ហូបទំនើប បែបឧស្សាហកម្ម ឬហៅអាហារកែច្នៃខ្លាំង។
តែនិយមន័យផ្តល់ដោយអ្នកស្រាវជ្រាវប្រេស៊ីលនៅឆ្នាំ២០០៩ ទើបបានទទួលជោគជ័យខ្លាំង នៅទូទាំងពិភពលោក និងទទួលស្គាល់ សម្រាប់សិក្សាវាយតម្លៃអំពីផលប៉ះពាល់នៃអាហារចំពោះសុខភាព។ អ្នកវិទ្យាសាស្ត្រប្រេស៊ីល កំណត់ក្បួន NOVA បែងចែងអាហារទៅតាមកំរិតនៃការបំផ្លែង ទៅតាមកំរិតនៃការប្រើសារធាតុគីមីបន្ថែម ឬការប្រើសារធាតុឧស្សាហកម្មចម្រាញ់ចេញពីវត្ថុធាតុដើមរុក្ខជាតិ ឬសត្វ។ ប្រើគ្រឿងផ្សំកាន់តែច្រើនមុខ អាហារមានការប្តូរផ្លាស់ទម្រង់កាន់តែខ្លាំង។
ការយកបន្លែផ្លែឈើរុក្ខជាតិ ឬសាច់សត្វ មក ហាន់ ចិញ្ចាំ លាយច្របល់ ហាលចំអិន ផ្អាប់ ផ្អើរ ត្រាំ ប្រលាក់ ដោយប្រើតែ អំបិល ម្រេច ប្រេង ឬគ្រឿងទេសផ្សេងៗ ដូចជាធ្វើ អាហារកំប៉ុង ផ្អក ប្រហុក ប្រូម៉ា សាច់ងៀត ត្រីងៀត ត្រីឆ្អើរ ... ត្រូវបានគេចាត់ទុកជាអាហារកែច្នៃហើយ តែជាការកែច្នៃបែបបូរាណ។
ប៉ុន្តែគឺការកែច្នៃ តាមបែបបទឧស្សាហកម្ម ដែលធ្វើឱ្យអាហារប្តូរផ្លាស់ទ្រង់ទ្រាយខ្លាំង និងជាច្រើនត្រលប់ ហើយត្រូវបានគេដាក់បន្ថែមនូវគ្រឿងផ្សំគីមី ឬគ្រឿងផ្សំបែបសិប្បនិម្មិត (ឧស្សាហកម្ម) ជាច្រើនមុខទៀត ដូចជា បន្ថែមសារធាតុគីមីពណ៌(លាក់)ដើម្បីឱ្យម្ហូបអាហារឡើងពណ៌ល្អ ថែមមេថែមម្សៅដើម្បីដំឡើងបរិមាណ ថែមរសជាតិដើម្បីឱ្យម្ហូបកាន់តែឆ្ងាញ់ ថែមអង់ទីអុកស៊ីដង់ដើម្បីទុកបានយូរ ។ល។ និង។ល។ នេះហើយដែលហៅថាអាហារកែច្នៃខ្លាំង ឬអាហារកែច្នៃបែបឧស្សាហកម្ម។
ភេសជ្ជៈកំប៉ុង ភេសជ្ជៈមានរសជាតិទឹកដោះគោ/ផ្លែឈើ ហតដក ស៊ូរីម៊ី នូហ្កែតមាន់ នូហ្កែតត្រី មីកញ្ចប់ ស៊ុបបន្លែសម្ងួត នំចំណី នំផ្អប់-នំកញ្ចប់ ឆាហួយ សេរៀលសម្រាប់អាហារពេលព្រឹក គ្រឿងបង្អែមថែមស្ករថែមក្លិនសិប្បនិម្មិត ស្ករគ្រាប់ ស្ករកៅស៊ូ ផលិតផលអាហារបញ្ចុះទម្ងន់ ម្ហូបស្រាប់ អាហារធ្វើហើយ... សុទ្ធសឹងជាអាហារកែច្នៃខ្លាំង។
អាហារកែច្នៃបែបឧស្សាហកម្មនេះ មាន ដាក់លក់យ៉ាងពោរពាស ស្រួលណាស់រកទិញណាស់ ហើយបានឆ្ងាញ់មាត់និងទាន់សម័យទៀត។ ប៉ុន្តែអាហារឧស្សាហកម្ម អាហារកែច្នៃខ្លាំង មិនប្រាកដថាល្អសម្រាប់សុខភាពទេ បើគិតអំពីគុណភាពផ្នែកអាហារូបត្ថម្ភ។ អាហារបែបនេះ ជាប់ឈ្មោះអាក្រក់ ថាអាចបង្កឱ្យមានជំងឺសរសៃឈាមបេះដូង និងអាចនាំឱ្យមានហានិភ័យដល់ប្រព័ន្ធរំលាយអាហារ ឬកើតជំងឺមហារីកផង។...
Duration:00:09:01
ក្មេងរៀនមិនចេះ មកពីអន់បញ្ញា ឬមកពីមានជំងឺ ?
5/17/2023
៥ទៅ១០%នៃកុមារបារាំង មានវិបត្តិផ្ចង់អារម្មណ៍ ខ្លះអមដោយភាពរពឹសខ្លាំង ខ្លះអត់។ វិបត្តិផ្ចង់អារម្មណ៍នេះ ជាវិបត្តិពាក់ព័ន្ធនឹងការលូតលាស់នៃប្រព័ន្ធប្រសាទ ដែលកើតមានជាញឹកញាប់បំផុតលើកុមារ។ តើវិបត្តិផ្ចង់អារម្មណ៍នេះជាអ្វី ? សូមស្តាប់បទអត្ថាធិប្បាយរបស់អៀង សុខម៉ិញ អមដោយការពន្យល់បំភ្លឺរបស់លោកវេជ្ជបណ្ឌិត អែរវ៉េ ហ្កឡាហ្សែល Hervé Glasel គ្រូពេទ្យឯកទេសប្រព័ន្ធប្រសាទនិងផ្លូវចិត្ត ជំនាញខាងការលូតលាស់របស់កុមារនិងក្មេងជំទង់។
មិនចេះនៅស្ងៀម មិនចេះអង្គុយនឹងមួយកន្លែង ឬក៏រវើរវាយ មិនអាចត្រងត្រាប់ស្តាប់ឬមិនអាចផ្ចង់ស្មារតីធ្វើអ្វីមួយឱ្យបានចប់ចុងចប់ដើម និងគ្មានភាពអធន អំណត់ ព្រមទាំងងាយខឹងច្រឡោតបញ្ចេញប្រតិកម្មតបបែបឆេវឆាវទៀត នោះកូនអ្នកទំនងជាមានជំងឺមួយ ដែលមានឈ្មោះថា វិបត្តិផ្ចង់អារម្មណ៍ ដែលអប ឬដោយគ្មានភាពរពឹស។ អាការៈបែបនេះ ជាអត្តចរិតរបស់មនុស្សលោកទូទៅមែន តែបើវាស្តែង ឡើងខ្លាំងហួសហេតុ និងក្នុងរយៈពេលអូសបន្លាយយូរ ក្នុងគ្រប់ស្ថានភាព (មិនមែនតែពេលនៅសាលា ឬនៅផ្ទះ) គេលែងហៅថាជាករណីរពឹសធម្មតាហើយ។
មានរោគសញ្ញាបី សម្រាប់សម្គាល់វិបត្តិផ្ចង់អារម្មណ៍ ទីមួយ គឺកង្វះការផ្ចង់អារម្មណ៍ រពឹសខ្លាំង និង ឆេវឆាវ។ អាការៈសញ្ញានេះ មានកំរិតខ្លាំងខ្សោយផ្សេងៗគ្នាទៅតាមស្ថានភាពនៃជំងឺរបស់ក្មេងម្នាក់ៗ។ មិនរពឹស មិនចលាចលមែន តែបើក្មេងចេះតែរវើរវាយ នៅធ្មឹង ចូលចិត្តអង្គុយភ្លេចភ្លឹក រហូតមិនអាចបញ្ចប់លំហាត់ដែលគ្រូដាក់ឱ្យធ្វើ មិនចងចាំពាក្យបង្គាប់របស់គ្រូ និងតែងតែភ្លេចបាត់របស់របរប្រើប្រាស់ផ្ទាល់ខ្លួនជាញឹកញាប់ ក៏អាចចាត់ទុកជាក្មេងមានវិបត្តិផ្ចង់អារម្មណ៍ដែរ។ ករណីមួយទៀត ក្មេងរពឹសខ្លាំង ឆាប់ច្រឡោត និងចលាចលខ្លាំង តែអាចផ្ចង់ធ្វើការណាដែលគេចូលចិត្ត ក៏ហៅថាក្មេងមានវិបត្តិផ្ចង់អារម្មណ៍ដែរ។ តាមធម្មតា ក្មេងប្រុសច្រើនតែមាន អាការៈរពឹសនិងឆេវឆាវ ខ្លាំងជាងក្មេងស្រី។
វិបត្តិផ្ចង់អារម្មណ៍ នេះ អាចមានកើតលើគ្រប់វ័យ តែស្រួលសម្គាល់ឃើញខ្លាំងលើកុមារ។ ហើយការសិក្សាស្រាវជ្រាវក៏មានច្រើនខ្លាំងដែរលើក្មេង។ វិបត្តិផ្ចង់អារម្មណ៍នេះអាចកើតមានតាំងពីនៅក្មេងជាកុមារ រហូតដល់វ័យជំទង់ ក្នុងប្រមាណពី៤០ទៅ៧០%ករណី និងរហូតដល់ចាស់ពេញវ័យ ចំនួនប្រមាណពាក់កណ្តាល។ គេប៉ាន់ប្រមាណថា មានមនុស្សប្រមាណ៤% មានវិបត្តិផ្ចង់អារម្មណ៍ ដោយមានឬគ្មានភាពរពឹស។ ជួនកាលទាល់តែចាស់ទើបដឹងខ្លួនថាមានជំងឺនេះ។ ជាទូទៅ អាការៈសញ្ញានៃវិបត្តិផ្ចង់អារម្មណ៍ច្រើនតែលេចឡើងនៅពេលម្តុំអាយុ ៧ឆ្នាំ តែក្មេងចាប់មានអត្តចរិតពិបាកគ្រប់គ្រង តាំងពីអាយុពីរឆ្នាំ (មុនពេលចូលសាលារៀនម្ល៉េះ)។
វិបត្តិផ្ចង់អារម្មណ៍ គ្មានពាក់ព័ន្ធនឹងភាពវៃឆ្លាតរបស់ក្មេងទេ។ ក្មេងមានវិបត្តិផ្ចង់អារម្មណ៍ដែលភាគច្រើន ជួបការលំបាកនៅសាលា (រៀនមិនចេះ) បណ្តាលមកពីបញ្ហាអាកប្បកិរិយា ឬការផ្ចង់អារម្មណ៍រៀននេះទេ មិនមែនមកពីពួកគេខ្វះបញ្ញាឡើយ។
នៅប្រទេសបារាំង មានក្មេងប្រមាណ៥% កើតវិបត្តិនេះ ដែលតម្រូវឱ្យឪពុកម្តាយស្វែងរកជំនួយពីគ្រូពេទ្យចិត្តសាស្ត្រ និងផ្តល់ថ្នាំព្យាបាល ព្រោះវិបត្តិនេះអាចរំខានដល់ការសិក្សានិងអប់រំយ៉ាងខ្លាំង។ សូមស្តាប់ប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Hervé Glasel ៖
“វិបត្តិផ្ចង់អារម្មណ៍អមដោយភាពរពឹសឬអត់ ជាផ្នែកមួយនៃវិបត្តិពាក់ព័ន្ធនឹងការលូតលាស់របស់ប្រព័ន្ធប្រសាទ (ខួរក្បាល)។ មានប្រព័ន្ធក្នុងខួរក្បាលខ្លះ ជាពិសេសប្រព័ន្ធប្រសាទនៅផ្នែកខាងមុខនៃក្បាល នៅក្មេងខ្ចីពេក ទើបកុមារពិបាក ឬមិនអាចផ្ចង់អារម្មណ៍បានល្អ។ តាមធម្មតា ខួរក្បាលដុះលូតលាស់ចម្រើនទៅតាមវ័យ ផ្តល់ភាពចាស់ទុំជារៀងរាល់ថ្ងៃ ដល់ក្មេងមួយភាគធំ តែមួយក្មេងមួយភាគទៀត ប្រព័ន្ធប្រសាទមិនព្រមលូតរឹងមាំតាមវ័យទេ។ ដល់អាយុធំពេញវ័យហើយ នៅតែមានការលំបាកផ្ចង់អារម្មណ៍ទៀត។
“វិបត្តិផ្ចង់អារម្មណ៍អមដោយភាពរពិសខ្លាំងឬអត់នេះ ជះផលវិបាកច្រើន ដោយអាចធ្វើក្មេងពិបាកផ្ចង់ស្មារតី មិនអាចប្រមូលផ្តុំអារម្មណ៍ឱ្យមូល ក្នុងការចាប់យកខ្លឹមសារអ្វីមួយដែលត្រឹមត្រូវ -ដែលគេចង់បានទេ។ នៅក្នុងការសិក្សា ក្មេងមានវិបត្តិផ្ចង់អារម្មណ៍ មិនអាចផ្តល់ចម្លើយត្រឹមត្រូវ មិនអាចមើលឃើញកំហុសអក្ខរាវិរុទ្ធរបស់ខ្លួន មិនអាចអង្គុយត្រងត្រាប់ស្តាប់ការពន្យល់របស់គ្រូ ដែលជាហេតុធ្វើឱ្យមានការរំខាន ប៉ះពាល់ដល់ជីវិតសិក្សារបស់គេទាំងមូលតែម្តង។ ដើម្បីអាចសិក្សា ខួរក្បាលត្រូវតែមានភាពចាស់ទុំ...
Duration:00:07:45
ទល់ខ្យល់ ឬ ហើមពោះ តើមកពីមូលហេតុអ្វី ?
4/26/2023
ប៉ោងពោះ ហើមពោះ ដើរខ្យល់ ជាប្រតិកម្មរបស់សរីរាង្គកាយយើង ដែលរំខាន និងគួរឱ្យអៀនខ្មាស់ណាស់ បើទោះបីជាអាការៈនេះមានកើតលើមនុស្សស្ទើរគ្រប់រូប។ ហើមពោះ ផោម ជាកង្វល់របស់មនុស្សទូទៅ ពិបាកទាំងនិយាយប្រាប់គេ ពិបាកទាំងនិយាយប្រាប់ពេទ្យទៀត។ ហេតុអ្វីហើមពោះ និងដើរខ្យល់ខ្លាំង ? តើគេអាចបំបាត់អាការៈនេះបានទេ ?
ការដើរខ្យល់អាចធ្វើឱ្យយើងសើចផង ខ្មាស់គេផង។ ប៉ុន្តែ ដើរខ្យល់ជាអាការៈធម្មជាតិ និងអាចជាសញ្ញាបញ្ជាក់ថាយើងមានសុខភាពល្អទេ។ ខ្យល់ក្នុងពោះវៀន ផលិតឡើងដោយសារតែយើងលេបខ្យល់ចូលក្នុងពោះជារៀងរាល់ថ្ងៃ និងដោយសារតែបាក់តេរី ដែលរស់នៅក្នុងពោះវៀនយើង ឬហៅតាមភាសាបច្ចេកទេសថា មីក្រូប៊ីយុត Microbiote។ បាក់តេរីអស់នេះរស់រីករាលដាលដោយស៊ីសំណល់ចំណីអាហារក្នុងពោះដែលមិនកិនរលាយ ហើយបង្កបង្កើតជាឧស្ម័នឡើង។ ជាឧស្ម័ន ប្រភេទអ៊ីដ្រូសែន អុកស៊ីតដឺកាបោន និងជួន ជាមេតាន។ ឧស្ម័នទាំងអស់នេះ នាំគ្នាទៅផ្តុំនៅមាត់ច្រកចេញ (ទ្វារធំ)។ ឱ្យតែមានសម្ពាធខ្លាំងបន្តិច ខ្យល់នឹងធាក់ចេញមកក្រៅភ្លាម ឬហៅថាផោម។
ជួនកាលការដើរខ្យល់ មានសំឡេងអមមកជាមួយទៀត។ នៅពេលធ្លាយខ្យល់ហើយមានសម្ពាធខ្លាំង ខ្យល់នឹងទៅអង្រួនស្បែករន្ធទ្វារធំ។ គឺការអង្រួនស្បែកគូថនោះហើយដែលធ្វើឱ្យមានលាន់សំឡេងប្លែកៗឡើង។
មនុស្សម្នាក់ៗបញ្ចេញខ្យល់ ជាមធ្យម ១០ទៅ២០ដង ក្នុងមួយថ្ងៃ ពោលគឺស្មើនឹងប្រមាណកន្លះទៅមួយមួយលីត្រកន្លះខ្យល់ ក្នុងមួយថ្ងៃ។ តើមធ្យមភាគរបស់អ្នកនៅចន្លោះណា ? សូមវាល់វែងរាប់ខ្លួនឯងចុះ។ គ្រាន់តែត្រូវជ្រាបបន្ថែមទៀតថា របបអាហារក៏កត្តាសំខាន់ មួយចូលរួមចំណែកខ្លាំងធ្វើឱ្យ ហើមពោះ មានចរន្តខ្យល់នេះដែរ។
អាហារដែលសម្រួលការហើមពោះ
គ្រូពេទ្យជំនាញក្រពះពោះវៀន ចំណីអាហារ អ្នកស្រាវជ្រាវ បានយល់ព្រមព្រៀងទាំងអស់ក្នុងការដាក់ចំណាត់ថ្នាក់ឱ្យចំណីអាហារ ដែលធ្វើមានខ្យល់ក្នុងពោះ។ ស្ពៃជាប់ចំណាត់ថ្នាក់លើគេ ហើយសណ្តែកជាប់លេខខ្ពស់ជាងគេ។ ចំពោះផ្លែឈើវិញ ផ្លែឈេរី (ព្រីង) ផ្លែសឺរី សុទ្ធតែជាប់ចំណាត់ថ្នាក់ហើយ តែជាប់លេខខ្ពស់ជាងគេគឺផ្លែប៉ោម។ ផ្លែឈើទាំងអស់នេះ មានកំរិតជាតិfructoseខ្ពស់ ដែលជាជាតិស្ករពិបាកបញ្ជ្រាប។ ការទំពារស្ករកៅស៊ូ និងទទួលទានទឹកមានជាតិហ្កាស ច្រើនពេកក៏ធ្វើឱ្យមានខ្យល់ក្នុងពោះច្រើនដែរ។
ហេតុអ្វីមានក្លិន ?
ដើរខ្យល់ជាអាការៈធម្មជាតិមែនហើយ ប៉ុន្តែហេតុអ្វីបានជាពេលខ្លះវាមានក្លិនមិនល្អសោះនោះ ?! ក្លិនខ្យល់ប្រែប្រួលទៅតាមប្រភេទអាហារដែលយើងបានទទួលទានចូលទៅ និងអាស្រ័យទៅលើបាក់តេរី ដែលជាអ្នកផ្អាប់អាហារនោះទៀត។ ការវិភាគដកពិសោធន៍លើសត្វបានបង្ហាញថា បាក់តេរីនៅក្នុងពោះមិនដូចគ្នាទេ។ បាក់តេរីនៅពោះវៀនខាងឆ្វេងផ្សេង បាក់តេរីនៅពោះវៀនខាងស្តាំផ្សឹង។ អាហារដែលសម្បូរជាតិសរសៃ ហ្វាយប័រ ដូចជាសណ្តែក ឬអាហារពពួកជាតិស្ករខ្លះ បង្កឱ្យមានឧស្ម័ន(ខ្យល់)ច្រើននៅពោះវៀនផ្នែកខាងស្តាំ និងច្រើនតែឱ្យក្លិនមិនសូវល្អនៅពេលចេញក្រៅ។ នេះជាការធម្មតា។
ផ្ទុយទៅវិញ ការទទួលទានអាហារសម្បូរជាតិសាច់ សាច់ផ្អាប់ប្រៃ នឹងបង្កឱ្យមានខ្យល់នៅផ្នែកខាងឆ្វេងពោះវៀន ហើយខ្យល់នេះមានក្លិនស្អុយខ្លាំង ព្រោះជាខ្យល់ដែលមានធាតុSulfure d’hydrogène អ៊ីដ្រូហ្សែន។
ក្លិនខ្យល់គឺអាស្រ័យទៅរបបអាហារមែនហើយតែនៅមានកត្តាសំខាន់មួយចូលរួមចំណែកដែរ គឺប្រភេទនៃបាក់តេរីធម្មជាតិក្នុងពោះវៀន flore intestinale ដែលមានខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
ថ្នាំធ្យូងជួយទម្លាយខ្យល់ ?
នៅពេលមានអាការៈហើមពោះភ្លាម គ្រប់គ្នាតែងគិតស្វែងរកថ្នាំមកព្យាបាល។ ថ្នាំដែលគេស្គាល់ និងប្រើទូទៅជាងគេ គឺថ្នាំធ្យូង។ ជាថ្នាំធម្មជាតិ មានប្រើតាំងពីសម័យដូនតាយូរមកហើយ។ ថ្នាំធ្យូងធម្មជាតិដែលផលិតចេញពីសំបកដូង សំបករុក្ខជាតិ អាចស្រូបខ្យល់បានដល់ទៅ ១០០ដងនៃទំហំថ្នាំ ប៉ុន្តែសូមប្រយ័ត្ន ថ្នាំជាអាវុធមុខពីរ អាចព្យាបាលអ្នកពីជំងឺផង តែក៏អាចបំពុលអ្នកវិញបានដែរ។ សូមស្តាប់ប្រសាសន៍របស់អ្នកស្រីឱសថការី Catherine Debelmas ពន្យល់លម្អិត អំពីគុណសម្បត្តិនិងគុណវិបត្តិនៃថ្នាំធ្យូង ៖
“ថ្នាំធ្យូងធម្មជាតិ មានប្រសិទ្ធភាពដំបូង គឺស្រូបបឺតជាតិហ្កាស។ អ៊ីចឹងហើយបានជាគេប្រើវាក្នុងពេលករណីហើមពោះ ឬទល់ខ្យល់។ ទីពីរវាអាចស្រូបជាតិទឹក ហេតុដូច្នេះគេអាចប្រើថ្នាំនេះក្នុងករណីរាករូស និងចុងក្រោយវាអាចស្រូបជាតិពុល...
Duration:00:07:29
សុខភាពបន្តពូជ ៖ គ្មានកូន ងាយជួបវិបត្តិថប់កង្វល់និងជំងឺផ្លូវចិត្ត ?
4/24/2023
អារ ជាបញ្ហាសុខភាពសាធារណៈដ៏ចម្បងមួយ យ៉ាងពិតៗ ! នេះបើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកចេញផ្សាយកាលពីថ្ងៃទី ៣ មេសា ២០២៣។ អង្គការបានស្នើសុំឱ្យអ្នកនយោបាយ និងអ្នកស្រាវជ្រាវកុំមើលរំលងជំងឺមួយនេះ តែត្រូវរួសរាន់ផ្តល់សេវាព្យាបាលឱ្យបានថោកសមរម្យនិងមានគុណភាពខ្ពស់។ ហេតុអ្វី អង្គការសុខភាពពិភពលោកណែនាំយ៉ាងដូច្នេះ ? គ្មានកូនពិតជាអាចបង្កឱ្យមានជំងឺធ្លាក់ទឹកចិត្តមែនឬយ៉ាងណា និងយ៉ាងដូចម្តេច ?
តាំងពីឆ្នាំ២០១០មក អង្គការសុខភាពពិភពលោក បានទទួលស្គាល់ អាការៈ “អារ” គ្មានកូន ជាជំងឺមួយ។ ហើយ របាយការណ៍ចុងក្រោយទើបចេញកាលពីសប្តាហ៍មុន ដែលជាការសិក្សាវិភាគកាន់តែស៊ីជម្រៅ រយៈពេលជាង១០ឆ្នាំ ពីឆ្នាំ១៩៩០-២០២១ បានបង្ហាញឱ្យឃើញថា បច្ចុប្បន្ន គ្មានកូន ជាជំងឺដែលប៉ះពាល់ ក្នុងកំរិតដូចគ្នានៅទូទាំងពិភពលោក មិនថានៅក្នុងប្រទេសអ្នកមាន ឬក្នុងប្រទេសក្រីក្រ-មធ្យមឡើយ។
បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកដដែលនេះ ក្នុងចំណោមមនុស្ស៦នាក់ មានម្នាក់ហើយជាជនរងគ្រោះគ្មានសមត្ថភាពបង្កកំណើតកូន ពោលគឺ១៧,៨% នៃប្រជាពលរដ្ឋពេញវ័យបង្កកំណើតជាមនុស្ស “អារ” នៅក្នុងប្រទេសអ្នកមាន និង១៦,៥% នៅប្រទេសក្រីក្រនិងមធ្យម។ នេះសឱ្យឃើញថា គ្មានកូន ជាបញ្ហាសុខភាពសាធារណៈដ៏ចម្បងពិតៗ និងជាជំងឺដែលមិនរើសអើងប្រកាន់ឋានៈទៀតឡើយ។ ជំងឺអារមានកើតនៅគ្រប់ទិសទី និងក្នុងគ្រប់មជ្ឈដ្ឋាន។ នៅក្នុងប្រទេសជឿនលឿន ដូចយ៉ាងបារាំងជាឧទាហរណ៍ គ្រួសារបញ្ញាវន្ត ក៏ដូចគ្រួសារកម្មករ នៅក្រុងធំក៏ដូចនៅជនបទ សុទ្ធតែប្រឈមនឹងបញ្ហាគ្មានកូន ដូចគ្នា។
សម្រាប់លោកវេជ្ជបណ្ឌិត តេដ្រូស នាយកអង្គការសុខភាពពិភពលោក មធ្យមភាគ ១៧% នៃមនុស្សពេញវ័យនៅលើពិភពលោកមានបញ្ហាបង្កកំណើត ជាចំនួនដ៏ច្រើនខ្លាំងណាស់ បើរាប់ទៅគឺស្មើនឹងជាច្រើនរយលាននាក់ ប៉ុន្តែប្រធានបទ “ជំងឺគ្មានកូន” បែរជាពុំសូវមានការសិក្សាស្រាវជ្រាវ ហើយដំណោះស្រាយនៅមានកំរិត និងថ្លៃខ្លាំងដែលគូស្វាមីភរិយាមួយចំនួនធំគ្មានលទ្ធភាពពឹងពាក់បាន។ យោងទៅលើអត្រាភាគរយនៃចំនួនមនុស្សអារ លោកនាយកអង្គការសុខភាពពិភពលោក យល់ថាដល់ពេលចាំបាច់ត្រូវពង្រីកការផ្តល់សេវាព្យាបាលនិងថែទាំជំងឺអារ គ្មានកូន និងមិនត្រូវមើលបញ្ហាអត់កូនទៀតទេ។ អ្នកនយោបាយ អ្នកស្រាវជ្រាវ ត្រូវខិតខំផ្តល់មធ្យោបាយ ការពារនិងព្យាបាលជំងឺអារ ដ៏ប្រាកដប្រជា មានប្រសិទ្ធភាព និងតម្លៃសមរម្យ សម្រាប់ឱ្យគ្រប់គូស្វាមីភរិយា ដែលប្រាថ្នាក្លាយខ្លួនជាឪពុកម្តាយ។
តើអ្នកជំនាញពន្យល់អំពីផលវិបាកនៃការគ្មានកូនចំពោះសុខភាពផ្លូវចិត្តយ៉ាងណា ?
គេមិនអាចមើលស្រាលបញ្ហាគ្មានកូនបានទេ។ គ្មានកូនដូចប្រាថ្នា ប្រៀបដូចជារស់ទូលសម្ពាធដ៏ធ្ងន់។ នៅក្នុងប្រទេសខ្លះ ស្ត្រីអាចពរពោះទើបហៅថាស្រី។ បុរសគ្មានកូនមិនសមជាប្រុស។ តាមច្បាប់ធម្មជាតិ គូស្វាមីភរិយារួមរស់ជាមួយគ្នាត្រូវតែមានកូន បន្តពូជ តែបើរស់យូរឆ្នាំហើយនៅមិនអាចមានកូន នោះមិនហៅថាជាប្តីប្រពន្ធទេ។ល និង។ល។... ជាលទ្ធផល បើតាមអ្នកជំនាញអង្គការសុខភាពពិភពលោក ផ្នែកសុខភាពផ្លូវភេទនិងបន្តពូជ អ្នកគ្មានលទ្ធភាពមានកូន ច្រើនតែមានបញ្ហាសុខភាពផ្លូវចិត្ត មានជំងឺថប់កង្វល់ និងជំងឺធ្លាក់ទឹកចិត្ត ព្រមទាំងអាចប្រឈមនឹងហានិភ័យជួបអំពើហិង្សាក្នុងគ្រួសារទៀត។
សម្រាប់លោក សាមៀ ហាម៉ាម៉ារ Samir Hamamah សាស្ត្រាចារ្យវេជ្ជបណ្ឌិត និងជីវវិទូ ផ្នែកបន្តពូជ នៅមហាវិទ្យាល័យវេជ្ជសាស្ត្រក្រុងម៉ុងពឺលីយ៉េរ ដែលរដ្ឋាភិបាលបារាំងបានប្រគល់បន្ទុកឱ្យសិក្សារកមូលហេតុនៃភាពអាររបស់មនុស្ស ចេញផ្សាយកាលពីឆ្នាំ២០២២ នៅពេលមនុស្សម្នាក់គ្មានសមត្ថភាពមានកូន ស្ត្រីឬបុរសនោះ តែងមានអារម្មណ៍ខ្វល់ខ្វាយ បាត់បង់ទំនុកចិត្តលើខ្លួនឯង និងអាចធ្លាក់ខ្លួនមានជំងឺធ្លាក់ទឹកចិត្ត។ សម្ពាធសង្គមជាដើមហេតុមួយអាចជំរុញឱ្យគូស្វាមីភរិយាខ្លះដែលចង់បានកូន ធ្លាក់ក្នុងវិបត្តិផ្លូវចិត្ត។ សំណួរតែមួយម៉ាត់ ថា “មើល៎ ! ថ្ងៃណាបានកូន” គ្រប់គ្រាន់នឹងធ្វើឱ្យ ស្ត្រីឬបុរសជាប្តីប្រពន្ធចង់បានកូននោះ វិលវល់សតិអារម្មណ៍ និងត្រូវពេលវេលាពីរបីថ្ងៃទម្រាំអាចធ្វើចិត្តបានឡើងវិញ។ ចុះតើមួយថ្ងៃ មួយខែ មួយឆ្នាំ គូស្វាមីភរិយានេះត្រូវជួបនឹងសំណួរបែបនេះប៉ុន្មានដង ?!
នៅពេលកង្វល់និងការព្រួយបារម្ភ ក្លាយទៅជាអារម្មណ៍រអៀសនឹងខ្លួនឯងឡើងដល់កំរិតណាមួយ បុរសនិងស្ត្រីប្តីប្រពន្ធនោះ ចាប់មាននិន្នាការឡើងទម្ងន់ ដែលជាបញ្ហាផ្តើមមួយទៀតនៃជំងឺគ្មានកូន។ ធាត់ជាកត្តាមួយក្នុងចំណោមកត្តាជាច្រើននៃការគ្មានកូន។ ដូចភាពវិលវល់ក្នុងវដ្តសង្ខារ គេសង្កេតឃើញគូស្វាមីភរិយាអារ គ្មានសមត្ថភាពមានកូន...
Duration:00:09:31
អាការៈអស់កម្លាំងមិនធម្មតា ជាជំងឺ ?
4/5/2023
មានអារម្មណ៍នឿយហត់អស់កម្លាំង ក្រោយពីបានប្រឹងបញ្ចេញកម្លាំងកាយ ឬបញ្ញាគិតធ្វើអ្វីមួយខ្លាំងជ្រុល គឺជារឿងធម្មតា។ តែអាការៈអស់កម្លាំង លែងហៅថា ធម្មតា ប្រសិនបើគេបានសម្រាកយ៉ាងយូរហើយនៅតែពុំព្រមបាត់ហត់ នៅតែមានអារម្មណ៍ថាគ្មានថាមពលចង់ធ្វើកិច្ចការប្រចាំថ្ងៃទៀត។ តើអាការៈអស់កម្លាំង មិនធម្មតា ជាអ្វី ? ជាជំងឺ មែនទេ ?
បទអន្តរាគមន៍របស់លោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត Claire Le Jeunne ឯកទេសផ្នែកវេជ្ជសាស្ត្រទូទៅនៅមន្ទីរពេទ្យកូស្ហាំង ក្រុងប៉ារីស
នៅថ្ងៃនេះកម្មវិធីសុខភាពរបស់យើងសូមលើកយកមកជម្រាបជូនលោកអ្នកនាងឱ្យបានជ្រាបអំពីអាការៈ អស់កម្លាំងមិនធម្មតា ឬ Asthénie បើតាមភាសាបច្ចេកទេសពេទ្យ។ គឺជាអាការៈអស់កម្លាំង មិនប្រក្រតី បានសម្រាកយ៉ាងពេញលេញហើយ នៅតែមិនព្រមបាត់ទៀត ឬបាត់តែមួយភាគ។ នៅប្រទេសបារាំង ១០ទៅ២៥%នៃអ្នកជំងឺមកជួបពិគ្រោះជាមួយគ្រូពេទ្យប្រចាំគ្រួសារ តែងតែថ្ងូចថ្ងូរអំពីអាការៈអស់កម្លាំងនេះឯង។ ៦ទៅ៧% បានណាត់ជួបពេទ្យដោយហេតុតែអាការៈអស់កម្លាំងនេះមួយគត់។
Asthénie ជាពាក្យពេទ្យដែលចង់សំដៅលើអាការៈចុះទន់ខ្សោយនៃសរីរាង្គកាយទាំងមូល។ ជាការអស់កម្លាំងជាទូទៅ ខុសពីការអស់កម្លាំងធម្មតា ហើយបង្កឱ្យមានអារម្មណ៍មិនស្រណុកខ្លួន អសមត្ថភាពនឹងធ្វើកិច្ចការប្រចាំថ្ងៃឱ្យត្រឹមត្រូវ។ អ្នកមានបញ្ហាអាស្តេនី មិនអាចបំពេញរវាងអ្វីដែលត្រូវធ្វើនិងអ្វីដែលគេអាចធ្វើបានទេ។ ស្រ្តីច្រើនជួបអាការៈនេះ ជាងបុរស។
អស់កម្លាំងមិនធម្មតា អាស្តេនី ច្រើនជាអាការៈដែលសំដៅលើ ភាពល្វើយ ល្ហិតហ្ហៃ នឿយណាយ មានអារម្មណ៍ខ្ជិល គ្មានកម្លាំងពលំ អាប់អន់បញ្ញារកគិតអ្វីមិនចេញ ខ្សោះក្នុងខ្លួន ខ្វះ-អស់ថាមពល មានអារម្មណ៍ហេវហត់អស់កម្លាំងទន់ខ្សោយ ...
តើអ្វីជាមូលហេតុនាំឱ្យអស់កម្លាំង ?
អាស្តេនីមិនមែនជាជំងឺទេ ប៉ុន្តែប្រជុំរោគសញ្ញានៃបញ្ហាសុខភាពរាងកាយ សុខភាពផ្លូវចិត្ត ឬជាលទ្ធផលនៃប្រតិកម្មនឹងបរិស្ថាននៅជុំវិញខ្លួន។ មានន័យថា មានកត្តាច្រើនយ៉ាងដែលជំរុញឱ្យស្តែងជាអាការៈអស់កម្លាំងឡើង។
ប្រភពនៃការអស់កម្លាំង អាចបណ្តាលមកពី របៀបរបបរស់នៅក្នុងជីវិតប្រចាំថ្ងៃប្រែប្រួល ឬបណ្តាលមកពីបានកើតជំងឺអ្វីមួយ។ កង្វះដំណេក ឬគេងមិនស្កប់នៅពេលយប់ ឧស្សាហ៍ភ្ញាក់ គេងមិនទៀង មានកង្វល់ក្នុងការងារ ធ្វើការហួស មានបញ្ហាក្នុងរង្វង់គ្រួសារ មានអ្នកឈឺ មានការបែកបាក់លែងលះ ... ក៏អាចជាដើមហេតុនាំឱ្យអស់កម្លាំងខ្លាំងនិងរ៉ាំរ៉ៃដែរ។
អស់កម្លាំងខុសប្រក្រតីអាចជារោគសញ្ញានៃជំងឺហួសកម្លាំង និងជារោគសញ្ញានៃជំងឺជាច្រើនផ្សេងទៀត ដូចជាជំងឺស្លេកស្លាំងខ្វះឈាមក្រហម ជំងឺបង្ករោគដោយបាក់តេរី ដោយវីរ៉ុស ជំងឺទាក់ទងនឹងក្រពេញលូតលាស់ ឬជំងឺមហារីក និងផឹកស្រាច្រើនជ្រុល។ បញ្ហាខួរក្បាល បេះដូង ថ្លើម ប្រមាត់ ឈាម ប្រព័ន្ធរំលាយអាហារ ព្រមទាំងថ្នាំខ្លះ ក៏អាចធ្វើឱ្យអ្នកលេបមានអាការៈអស់កម្លាំងចម្លែក។
ដូច្នេះគេអាចនិយាយផ្ទុយមកវិញបានថា អាការៈនឿយហត់អស់កម្លាំង អាចជាសញ្ញាដាស់បញ្ជាក់ថាយើងប្រុងប្រយ័ត្នតាមដានមើលសុខភាពខ្លួន។ តើពិតជាមានជំងឺ ដែលផ្តល់រោគសញ្ញាដំបូងជាអាការៈនឿយអស់កម្លាំងមែនឬ ? សូមស្តាប់ប្រសាសន៍របស់លោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត Claire Le Jeunne ឯកទេសផ្នែកវេជ្ជសាស្ត្រទូទៅនៅមន្ទីរពេទ្យCochin ក្រុងប៉ារីស។
Pr Clairer Le Jeunnne ៖ ចាសមាន ! មានជំងឺដែលផ្តល់រោគសញ្ញាដំបូងជាអាការៈអស់កម្លាំង។ ផ្តើមដំបូងគឺជំងឺប៉ះពាល់លើសរីរាង្គ ហើយអាចផ្តល់ថ្នាំព្យាបាលបាន នោះគឺជំងឺខ្វះគ្រាប់ឈាមក្រហមអាណេមី។ ជំងឺពាក់ព័ន្ធនឹងប្រព័ន្ធអ័រមូន ជំងឺពាក់ព័ន្ធនឹងប្រព័ន្ធការពារខ្លួន ច្រើនតែលេចសញ្ញាដំបូងជាអាការៈអស់កម្លាំងខ្លាំង។ បញ្ហាផ្លូវចិត្ត ការធ្លាក់ទឹកចិត្ត ក៏ជាដើមហេតុចម្បងនាំឱ្យអស់កម្លាំងដែរ។”
បានសេចក្តីថា នៅពេលមានអាការៈអស់កម្លាំងយូរ គេមិនត្រូវធ្វេសប្រហែលទេ និងគួរតែទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីវែករកមូលហេតុឱ្យបានស៊ីជម្រៅតើគ្រូពេទ្យត្រូវចាប់ធ្វើរោគវិនិច្ឆ័យយ៉ាងដូចម្តេចខ្លះទៅវិញ ? សូមស្តាប់ប្រសាសន៍លោកស្រីសាស្ត្រាចារ្យជាថ្មី
Pr Clairer Le Jeunnne ៖ “គ្រូពេទ្យនឹងពិនិត្យវែករកអតីតភាពនៃជំងឺ។ ប្រសិនបើអ្នកជំងឺម្នាក់ ថ្ងូរថាហត់អស់កម្លាំង ហើយអាការៈអស់កម្លាំងអូសបន្លាយតាំងពីជាង១០ថ្ងៃមកហើយ នោះគ្រូពេទ្យនឹងធ្វើរោគវិភាគបន្ថែមមួយចំនួនទៀត ដូចជា ៖ -ចោទសួរលម្អិតព័ត៌មានទាក់ទងនឹងសុខភាព...
Duration:00:07:46
Endométriose ឬ ជំងឺចុកពោះពេលធ្លាក់រដូវ ជាការធម្មតា របស់ស្ត្រី ?
3/9/2023
នៅក្នុងកម្មវិធីសុខភាពនាថ្ងៃពុធទី ៨ មីនា ទិវានារីអន្តរជាតិថ្ងៃនេះ អៀងសុខម៉ិញ សូមណែនាំឱ្យអស់លោកអ្នកនាងបានស្គាល់អំពីជំងឺស្ត្រីមួយប្រភេទ ដែលពិភពវេជ្ជសាស្ត្រនៅមិនទាន់ស្គាល់ច្បាស់នៅឡើយ។ នោះគឺជំងឺចុកពោះ ពេលធ្លាក់រដូវ អង់ដូមេទ្រីយូស្ស។
កាលពីថ្ងៃទី ១៦ កុម្ភៈ២០២៣ អេស្ប៉ាញបានក្លាយជាប្រទេសដំបូងគេបង្អង់នៅអឺរ៉ុប ដែលបានបោះឆ្នោតអនុម័តច្បាប់ផ្តល់ការឈប់សម្រាកពេលធ្លាក់រដូវ ដល់ស្រ្តីដែលមានខែអមដោយការឈឺចុកចាប់។ ជាវិធានការជាប្រវត្តិសាស្ត្រសម្រាប់ស្ត្រីដែលពុំធ្លាប់មានទេនៅអឺរ៉ុប ហេតុដូច្នេះហើយបានជារដ្ឋាភិបាលអេស្ប៉ាញចង់ធ្វើជាគំរូចាប់ផ្តើមទម្លាយរឿងដែលគេធ្លាប់តែលាក់មិនហ៊ាននិយាយកន្លងមក។
ក្រៅអំពីអេស្ប៉ាញ ច្បាប់ផ្តល់សិទ្ធិឱ្យស្ត្រីបានឈប់សម្រាកពេលមករដូវ មានអនុវត្តនៅក្នុងបណ្តាប្រទេសមួយចំនួនផ្សេងទៀតនៅលើពិភពលោក មានជាអាទិ៍ និងដំបូងគេបង្អង់ នៅប្រទេសជប៉ុន។
តាំងពីឆ្នាំ១៩៤៧មក ច្បាប់ជប៉ុនបានចែងមិនឱ្យក្រុមហ៊ុនសហគ្រាសបង្ខំស្ត្រីឱ្យមកធ្វើការទេ បើស្ត្រីគាត់សុំឈប់ព្រោះមូលហេតុដល់ថ្ងៃធ្លាក់រដូវ។ ស្ត្រីអាចឈប់ប៉ុន្មានថ្ងៃក៏បាន ប៉ុន្តែជាទូទៅស្ត្រីទាំងនោះមិនបានទទួលកម្រៃទេ។ បើតាមស្ថិតិរបស់ក្រសួងការងារជប៉ុន នៅឆ្នាំ២០២០ ក្នុងចំណោមក្រុមហ៊ុនប្រមាណ៦០០០ មានមួយភាគបី (៣០%) ព្រមឱ្យប្រាក់ខែពេញធម្មតា ឬកាត់ប្រាក់ខែខ្លះដល់ស្ត្រីដែលអវត្តមានពីកន្លែងធ្វើការដោយមូលហេតុមកខែ។ ការសិក្សាបានបង្ហាញឱ្យឃើញទៀតថា មានស្រ្តីជប៉ុនតែប្រមាណ០,៩%ផងបានប្រើសិទ្ធិរបស់ខ្លួន។
នៅកូរ៉េខាងត្បូង ក្រុមហ៊ុនអនុញ្ញាតឱ្យបុគ្គលិកស្រីបានឈប់សម្រាករដូវមួយថ្ងៃក្នុងខែ តែត្រូវកាត់ប្រាក់ខែមួយថ្ងៃនោះដែរ។ ហើយបើក្រុមហ៊ុនណាមិនគោរពច្បាប់ នឹងមានការពិន័យជាប្រាក់ចំនួន ៥លានវ៉ុន។ តាំងពីឆ្នាំ២០០៣មក ឥណ្ឌូណេស៊ី ក៏បានអនុម័តច្បាប់ គ្រោងផ្តល់សិទ្ធិដល់ស្ត្រីមានរដូវឈឺចុកចាប់ខ្លាំង អាចឈប់សម្រាកពីការងារបានមួយឬពីរថ្ងៃក្នុងខែ អាស្រ័យទៅលើការកំណត់របស់ក្រុមហ៊ុននិងបុគ្គលិក។ ប៉ុន្តែក្នុងដំណើរការអនុវត្ត ជាក់ស្តែង ក្រុមហ៊ុនអនុញ្ញាតឱ្យតែមួយថ្ងៃ ឬគ្មានសោះ ហើយខ្លះទៀតថែមទាំងធ្វើមិនដឹងមិនខ្វល់នឹងច្បាប់នោះតែម្តង។ ច្បាប់តៃវ៉ាន់ បានផ្តល់បីថ្ងៃដល់ស្ត្រីសម្រាប់ហេតុផលមករដូវឈឺខ្លាំង ហើយអាចឈប់លើសនេះបានទៀត តែត្រូវបានចាត់ទុកជាពេលឈប់ព្រោះមូលហេតុមានជំងឺ និងទទួលបានប្រាក់បៀរវត្សរ៍ធម្មតា។ ជាប់ឈ្មោះជាប្រទេសបុណ្យម្តាយ តាំងពីឆ្នាំ២០១៥មក ហ្សំប៊ីបានអនុម័តច្បាប់ផ្តល់សិទ្ធិឈប់មួយថ្ងៃក្នុងមួយខែ ដល់ស្ត្រីពេលធ្លាក់រដូវ ដោយមិនបាច់ប្រាប់មុន ឬមានលិខិតបញ្ជាក់ពីគ្រូពេទ្យទេ។
តើការឈឺចុកចាប់ពេលធ្លាក់រដូវ ជាប្រការធម្មតាសម្រាប់ស្ត្រី ?
ការឈឺចាប់ខ្លាំងពេលឆ្លងទន្លេ ប្រសូតបុត្រ ជាករណីធម្មតា និងសម្រាប់គ្រប់ស្ត្រីទាំងអស់។ ឯការឈឺចាប់ពេលមកខែអាចមានបង្កប់ជំងឺ និងហេតុផលផ្សេង ! ពេលមករដូវម្តងៗ សាច់ដុំរបស់ស្បូននឹងត្រូវកន្ត្រាក់លាៗដើម្បីជម្រុះភ្នាស់របស់វាចេញ។ ដោយគ្មានការបង្កជីវិត សរីរាង្គនៃស្បូន បានបញ្ឈប់ងក់ការផលិតអ័រមូន Oestrogènes និង Progestérone។ តួស្បូនចាប់រីកឡើង និងចាប់កន្ទ្រាក់ ដើម្បីធាក់បញ្ចេញរដូវ ជាឈាម និងជាភ្នាសស្បែកស្តើងៗលើជញ្ជាំងស្បូន ឱ្យធ្លាក់ចេញមកក្រៅ ។ ស្បួនកន្ទ្រាក់ព្រោះតែសម្ពាធខ្ពស់រវាងឈាមដែលហូរចេញទៅក្នុងស្បូន និងប៉ះជាមួយជញ្ជាំងស្បូន ធាក់ខ្ទប់ គ្នាទៅវិញទៅមកផង។ ជញ្ជាំងស្បូនខ្លួនឯងក៏ត្រូវដាច់ចេញផង ហើយការដាច់ចេញនៃភ្នាសនៅជញ្ជាំងស្បូននេះក៏ជាកត្តាធ្វើឱ្យស្បូនកន្ទ្រាក់ដែរ និងអាចមានឥទ្ធិពលលើសាច់ដុំផ្សេងទៀត ក្រៅអំពីស្បូន ហេតុដូច្នេះហើយ បានជាពេលខ្លះស្ត្រីមានអាការៈឈឺក្បាល ចង់ក្អួត ចង្អោរ។ និយាយជារួម ការធ្លាក់រដូវ មានដំណើរការដូចគ្នានឹងឆ្លងទន្លេយ៉ាងដូច្នោះ គឺស្បូនត្រូវកន្ទ្រាក់ដើម្បីមានសម្ពាធធាក់បញ្ចេញទារកឱ្យចេញមកចាប់កំណើត ទើបមានការឈឺចុកចាប់ខ្លាំង។ ឯការកន្ទ្រាក់ស្បួនពេលដល់វដ្តរដូវ មិនប្រាកដថាធ្វើឱ្យឈឺពោះខ្លាំងទេ។
ការឈឺចាប់ពេលមករដូវរបស់ស្ដ្រីអាចតិចឬខ្លាំងខុសៗគ្នាពី មនុស្សស្រីម្នាក់ទៅមនុស្សស្រីម្នាក់ទៀត។ ស្ត្រីខ្លះដូចបុរស ការមករដូវគ្រាន់តែជាសញ្ញាមួយប៉ុណ្ណោះ។ បើតាមចំណាំ ការឈឺចាប់មានកាន់តែខ្លាំង នៅពេលមានឈាមរដូវធ្លាក់ច្រើន ព្រោះស្បួនត្រូវកន្ទ្រាក់ខ្លាំង...
Duration:00:09:59
ជំងឺមហារីក ៖ តើធ្វើដូចម្តេចទើបអាចសម្រួលផលរំខាននៃការព្យាបាលដោយថ្នាំគីមី ?
2/1/2023
ថ្ងៃ៤ កុម្ភៈ ជាទិវាពិភពលោកប្រឆាំងនឹងជំងឺមហារីក។ បច្ចុប្បន្ននេះ ជំងឺមហារីកជាដើមហេតុដំបូងគេនៃមរណភាពរបស់មនុស្សនៅលើផែនដី។ មហារីកសម្លាប់ជីវិតច្រើនជាងសង្គ្រាម និងគ្រោះមហន្តរាយធម្មជាតិទៅទៀត។ ប៉ុន្តែមហារីកជាជំងឺដែលអាចព្យាបាលបាន និងព្យាបាលបានជា។ គ្រាន់តែថាក្នុងពេលព្យាបាល អ្នកជំងឺអាចទទួលផលរំខាន ដោយថ្នាំធ្វើទុក្ខខ្លាំង។ តើអ្នកជំនាញគ្មានមធ្យោបាយអ្វីជួយសម្រួលអាការៈធ្វើទុក្ខរបស់ថ្នាំទេឬ ? តើអ្នកជំងឺមហារីកត្រូវធ្វើយ៉ាងណាខ្លះដើម្បីអាចប្រឈមនឹងឥទ្ធិពលថ្នាំ ?
មហារីកជាជំងឺគួរឱ្យខ្លាចរអារបំផុតដែលអាចឆក់យកជីវិតមនុស្សទាំងក្មេង ប៉ុន្តែវេជ្ជសាស្ត្រកាន់តែជឿនលឿន និងអាចព្យាបាលជំងឺមហារីកបានកាន់តែប្រសើរឡើង ឱ្យបានជាសះស្បើយវិញ ក្នុងអត្រាកាន់តែខ្ពស់ នាពេលបច្ចុប្បន្ននេះ ប្រសិនបើគេវែកឃើញជំងឺ បានឆាប់តាំងពីដំណាក់កាលដំបូងមែនទែន។
ប៉ុន្តែការព្យាបាលជំងឺមហារីក ជាក់ស្តែងការព្យាបាលដោយថ្នាំគីមី អាចបង្កផលរំខានច្រើន និងការធ្វើទុក្ខខ្លាំង ដល់អ្នកជំងឺ។ ព្យាបាលដោយគីមី គឺជាការប្រើថ្នាំចាក់ ឬថ្នាំលេប ដែលសំដៅទៅកម្ចាត់កោសិកាមហារីក ឬកំរិតកោសិកាមហារីកកុំឱ្យពង្រីកខ្លួន ឆ្លងរាលដាលទៅលើកោសិកា ឬសរីរាង្គផ្សេងទៀត។ ប៉ុន្តែថ្នាំប្រភេទនេះ មានអំណាចខ្លាំង អាចវាយប្រហារលើកោសិកាល្អ គ្មានជំងឺ និងអាចផ្តល់ផលវិបាក គួរឱ្យខ្លាច ដូចជា ជ្រុះសក់ ក្អួត ចង្អោរ ឈឺក្បាល នឿយហត់ខ្លាំង រលាករលាត់ស្បែក ...
នៅពេលមានអាការៈសញ្ញារំខាន អ្នកជំងឺចាំបាច់ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជំងឺមហារីកវិញភ្លាម ដើម្បីរិះរងមធ្យោបាយ និងថ្នាំព្យាបាលអបបន្ថែម។ សម្រាប់លោកស្រីវេជ្ជបណ្ឌិត អាឡិចសង់ដ្រា លារី នៅប្រទេសបារាំងវិញ គ្រូពេទ្យពិតជាអាចរកវិធីជួយសម្រួលអាការៈធ្វើទុក្ខរបស់អ្នកជំងឺរងការព្យាបាលដោយគីមីបានច្រើន នៅតាមស្ថានភាពជាក់ស្តែងនីមួយៗ។ ឧទាហរណ៍ ការជ្រុះសក់។ គ្រប់អ្នកជំងឺទទួលការព្យាបាលដោយថ្នាំគីមី មិនសុទ្ធតែត្រូវជ្រុះសក់ទេ ប៉ុន្តែជ្រុះសក់ជាផលរំខានដ៏ចម្បងមួយ។ ដើម្បីការពារករណីជ្រុះសក់ មន្ទីរពេទ្យជាច្រើននៅប្រទេសបារាំង កំពុងចាប់ផ្តើមសាកល្បងវិធីសាស្ត្រឱ្យអ្នកជំងឺពាក់មួកត្រជាក់ខ្លាំង ដែលមានសីតុណ្ហភាពប្រមាណ៣អង្សា ដូចប្រដាប់ដាក់ទឹកកកយកមកស្អំក្បាល។ ហេតុអ្វីមួកទឹកកក ? ពីព្រោះភាពត្រជាក់អាចរឹតបង្រួមសរសៃឈាមដែលតភ្ជាប់ទៅចិញ្ចឹមស្បែកក្បាល ឱ្យរួមតូច។ ជាលទ្ធផល ថ្នាំគីមីព្យាបាលជំងឺមហារីក មិនអាចហូរតាមឈាមបានដោយស្រួលទៅត្រង់ម្តុំត្រជាក់ខ្លាំងនោះ ទើបឬសសក់នៅមាំល្អមិនជ្រុះ។ ប៉ុន្តែការពាក់មួកទឹកកកមិនមែនតែអាចធ្វើទៅកើតស្រេចនឹងចិត្តទេ។ ត្រូវមានពិធីសារវេជ្ជសាស្ត្រច្បាស់លាស់ ដោយត្រូវពាក់តាំងពីមុនចាក់ថ្នាំគីមីកន្លះម៉ោង និង នៅពេលកំពុង ហើយបន្តពាក់ក្រោយចាក់ថ្នាំគីមីហើយប្រហែលកន្លះម៉ោងទៀត។
ក្នុងករណីមួកត្រជាក់គ្មានប្រសិទ្ធភាព សក់ក៏នឹងដុះឡើងវិញ នៅពេលការព្យាបាលដោយថ្នាំគីមីចប់សព្វគ្រប់ ឬនៅពេលអ្នកជំងឺបានជាសះស្បើយពីជំងឺ ប៉ុន្តែនៅមានករណីមួយ ដែលវេជ្ជសាស្ត្រនៅមិនទាន់អាចរកឃើញមធ្យោបាយជួយបានក្នុងអំឡុងពេលនៃការព្យាបាល គឺអាការៈអស់កម្លាំង។ ប៉ុន្តែអ្នកជំងឺផ្ទាល់អាចជួយខ្លួនឯងតាមរយៈកាយវិការដ៏សាមញ្ញៗ ដូចជាបន្តបញ្ចេញសកម្មភាពកាយសម្បទា ទទួលទានឱ្យបានជាប់លាប់និងត្រឹមត្រូវ។ នេះជាការណែនាំរបស់អ្នកស្រីវេជ្ជបណ្ឌិត ចំពោះគ្រប់អ្នកជំងឺមហារីកទាំងអស់ សូមស្តាប់ប្រសាសន៍របស់អ្នកស្រីវេជ្ជបណ្ឌិត Alexandra Leary
“គ្រប់អ្នកជំងឺសុទ្ធតែបានដឹងជាមុនអំពីផលរំខាននៃការព្យាបាលដោយថ្នាំគីមី។ ប៉ុន្តែអ្វីដែលលំបាកបំផុត គឺនៅពេលជួបផលរំខាននោះដោយជាក់ស្តែង។ មានផលរំខានខ្លះ គ្រូពេទ្យអាចជួយបាន ប៉ុន្តែផលរំខានខ្លះទៀត មិនអាចទេ។ ខ្ញុំសូមសារភាពដោយត្រង់ថា ខ្ញុំគ្មានថ្នាំអីលេបទៅធ្វើឱ្យបាត់អាការៈអស់កម្លាំងទេ។ ប៉ុន្តែផ្ទុយទៅវិញ អ្នកជំងឺអាចជួយខ្លួនឯងបាន! សូមបន្តរក្សាខ្លួនឱ្យមានសកម្មជានិច្ច ! កុំដំអក់យល់ថាខ្លួនឈឺ ខ្លួនកើតមហារីក ខ្សោយអស់កម្លាំងហើយលាក់ខ្លួនពួនដេកនៅលើគ្រែ ក្នុងផ្ទះឱ្យសោះ។ សូមសាកល្បងបញ្ចេញកម្លាំងកាយសម្បទា ធ្វើសកម្មភាពកីឡា។ ខ្ញុំមិនឱ្យអ្នកទៅហក់លោត ឬរត់ប្រណាំងម៉ារ៉ាតុងទេ តែអ្នកអាច ហាត់ប្រាណជំនួយបេះដូង សរសៃឈាម។ ភាពសកម្ម នឹងជួយអ្នកបានច្រើនណាស់។ សូមជឿចុះ! ចំណែកឯរបបអាហារវិញ សូមកុំធ្វើបាបខ្លួនបង្អត់ និងតមអាហារអី ជាពិសេសចំពោះអ្នកជំងឺដែលស្រកគីឡូ...
Duration:00:07:58
មូសខ្លាកាន់តែធុននឹងថ្នាំ តើត្រូវប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាមបានយ៉ាងដូចម្តេច ?
1/25/2023
មូសដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម និងជំងឺធ្ងន់ធ្ងរផ្សេងតៀត កំពុងលូតលាស់ស៊ាំនឹងថ្នាំបាញ់មូសយ៉ាងខ្លាំងក្លា នៅតំបន់ខ្លះនៃទ្វីបអាស៊ី។ ជាការធុនខ្លាំង ដែលតម្រូវឱ្យយើងស្វែងរកមធ្យោបាយថ្មី បន្ទាន់ សម្រាប់ទប់ស្កាត់ការចម្លងជំងឺ។ នេះបើតាមការសិក្សាថ្មីមួយរបស់ជប៉ុនទើបចេញផ្សាយកាលពីចុងខែធ្នូឆ្នាំ២០២២។
ដុតធូប បាញ់ថ្នាំ ... ជាវិធីសាស្ត្រកម្ចាត់មូសដែលបណ្តាជនរស់នៅតំបន់ត្រូពិក តំបន់មានមូសច្រើន តែងធ្វើស្ទើរជារៀងរាល់ថ្ងៃ។ បាញ់រាល់ថ្ងៃ តែមូសនៅតែច្រើនដដែល។ ប្តូរប្រភេទថ្នាំបាញ់មូសហើយក៏ដូចជាមិនសូវមានប្រសិទ្ធភាព។ តាមការពិត ភាពស៊ាំនឹងថ្នាំមូស ធ្លាប់ត្រូវបានគេខ្វល់គិតនិងដឹងខ្លះមកហើយ គ្រាន់តែរហូតមកទល់នឹងពេលនេះ គេនៅមិនទាន់បានដឹងថាតើពពួកមូសទាំងអស់នោះធុននឹងថ្នាំសម្លាប់សត្វត្រឹមកំរិតណាតែប៉ុណ្ណោះ។
នៅថ្ងៃនេះ អ្នកវិទ្យាសាស្ត្រជាតិជប៉ុន លោក Shinji Kasai និងក្រុមការងាររបស់លោក បានធ្វើការសិក្សាអំពីសត្វមូស នៅក្នុងបណ្តាប្រទេសជាច្រើននៅទ្វីបអាស៊ី និងនៅប្រទេសហ្កាណាលើទ្វីបអាហ្វ្រិក។ ក្រុមអ្នកស្រាវជ្រាវបានសម្គាល់ឃើញហ្សែនរបស់សត្វមូស បានធ្វើការបំប្លែងច្រើន ទើបសត្វមូសកាន់តែខ្លាំងហើយស៊ាំនឹងពពួកថ្នាំបាញ់ដែលមានប្រើប្រាស់ស្ទើរជាទូទៅ ផលិតដោយប្រើសារធាតុPerméthrine។
បើតាមលោកកាសៃ មូសពពួកAedes aegypti មូសខ្លាដែលជាភ្នាក់ងារបង្កជំងឺគ្រុនឈាម ហ្ស៊ីកា ឈីក និងគ្រុនលឿង នៅក្នុងប្រទេសកម្ពុជាចំនួនជាង៩០% មានការបំប្លែងហ្សែនច្រើនមែនទែនរហូតអាចធុននឹងថ្នាំសម្លាប់សត្វល្អិត (ថ្នាំបាញ់មូស)។ ជាការធុនខ្លាំង ក្នុងកំរិតខ្ពស់បំផុត។ នាយកដេប៉ាតឺម៉ង់វេជ្ជសាស្ត្រសត្វល្អិតនៃវិទ្យាស្ថានជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់ជប៉ុនរូបនេះ បានរកឃើញទៀតថា មូសប្រភេទខ្លះដែលតាមធម្មតាត្រូវកម្ទេចបានទាំងស្រុង(១០០%) ដោយថ្នាំបាញ់មូសនោះ ឥលូវកម្ចាត់បានត្រឹមតែ៧%ប៉ុណ្ណោះ។ ហើយបើទោះបីជាគេបង្កើនកំរិតជាតិពុលក្នុងថ្នាំបាញ់មូសនោះឡើងទ្វេជា១០ ក៏គេអាចសម្លាប់ពពួកមូសទាំងអស់នោះបានត្រឹមតែ៣០% យ៉ាងច្រើន។
ជាសំណាងល្អ កំរិតនៃភាពធុននឹងថ្នាំបាញ់មូសខុសគ្នាពីតំបន់មួយទៅតំបន់មួយ សូម្បីតែនៅប្រទេសវៀតណាមជាប់របងនឹងប្រទេសកម្ពុជា ជាឧទាហរណ៍ជាក់ស្តែង ក៏កំរិតនៃភាពស៊ាំនឹងថ្នាំសម្លាប់របស់សត្វមូសវៀតណាម ខុសពីមូសខ្មែរដែរ។ នេះបើតាមប្រសាសន៍បញ្ជាក់របស់លោកកាសៃដដែល ដោយបន្ថែមថា នៅក្នុងលទ្ធផលនៃការសិក្សា ថ្នាំបាញ់មូសនៅមានប្រសិទ្ធភាពខ្ពស់ នៅឡើយ សម្រាប់ប្រទេសហ្កាណាលើទ្វីបអាហ្វ្រិក សម្រាប់តំបន់ខ្លះនៃប្រទេសឥណ្ឌូណេស៊ី និងកោះតៃវ៉ាន់។
ពពួកមូសខ្លា ពូជAedes albopictus ក៏ចាប់ធុននឹងថ្នាំបាញ់មូសដែរ គ្រាន់តែក្នុងកំរិតនៅទាបជាងពូជមូសAedes aegypti។
ជាមួយចម្ងល់ គ្មានចម្លើយសោះ ជុំវិញមូលហេតុ ទីកន្លែងនិងពេលវេលានៃការបំប្លែងហ្សែនរបស់សត្វមូស រហូតក្លាយជាសត្វធុនខ្លាំងនឹងថ្នាំសម្លាប់ល្អិត លោកកាសៃ ព្រួយបារម្ភខ្លាចតែភាពស៊ាំរបស់មូស ដែលរកឃើញនៅពេលនេះ បន្តរីករាលដាល យ៉ាងលឿនរហ័សក្នុងអនាគតដ៏ខ្លីនៅពេញពិភពលោកទេ។
បើមូសធុននឹងថ្នាំសម្លាប់សត្វល្អិត តើគេអាចប្រយុទ្ធប្រឆាំងនឹងវាបានយ៉ាងដូចម្តេចទៅវិញទៅ ?!
លោក កាសៃ បានណែនាំឱ្យឧស្សាហ៍ប្តូរផ្លាស់ប្រភេទថ្នាំបាញ់មូស តែលោកក៏បានទទួលស្គាល់ដែរថា បញ្ហាដ៏ចម្បងនោះ គឺគ្រប់ថ្នាំបាញ់មូស មានសារធាតុសកម្មប្រហាក់ប្រហែលគ្នា។ ដូច្នេះជម្រើសដ៏ប្រសើរជាងគេមួយទៀត គឺត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែង លុបបំបាត់តំបន់ជាជម្រកបង្កបង្កើតមូស ឬត្រូវរកបច្ចេកវិទ្យាថ្មីណាដែលទៅធ្វើមូសឈ្មោលអារ មិនអាចបន្តពូជបាន។
ចេញផ្សាយក្នុងទស្សនាវដ្តីScience Advances កាលពីចុងខែធ្នូ២០២២ ការសិក្សារបស់អ្នកជំនាញនៅសកលវិទ្យាល័យSydney លោក កាមឺរោន វេប Cameron Webb បានបង្ហាញថា យុទ្ធសាស្ត្រដែលមនុស្សលោកកំពុងប្រើជាប្រចាំនិងជាញឹកញយ នាពេលបច្ចុប្បន្ននេះលែងសូវមានប្រសិទ្ធភាពប្រឆាំងនឹងសត្វល្អិតចង្រៃមូសហើយ។ គេចាំបាច់ត្រូវតែស្វែងរកសារធាតុគីមីថ្មី ប៉ុន្តែអាជ្ញាធរនិងអ្នកវិទ្យាសាស្ត្រត្រូវពិចារណាផងដែរ រកវិធីសាស្ត្រថ្មី សម្រាប់ការពារ ដូចយ៉ាងថ្នាំបង្ការជំងឺវិញទៀតប្រសើរជាង។ បើតាមអង្គការសុខភាពពិភពលោក ករណីកើតជំងឺគ្រុនឈាមបានកើនឡើង គួរឱ្យកត់សម្គាល់ និងព្រួយបារម្ភ នៅទូទាំងពិភពលោក នារយៈពេល២០ឆ្នាំចុងក្រោយមកនេះ។ ក្នុងមួយឆ្នាំៗ...
Duration:00:09:16
តើយើងគួរព្រួយបារម្ភនឹងការខ្វះថ្នាំផ្សះ Amoxicilline ដែរឬទេ ?
1/20/2023
កាលពីចុងខែធ្នូ ប្រឈមនឹងរលកចម្លងកូវីដ១៩យ៉ាងខ្លាំងក្លានៅក្នុងប្រទេសក្រោយការលុបចោលនយោបាយសូន្យកូវីដ រដ្ឋាភិបាលចិន បានបញ្ជាឱ្យក្រុមហ៊ុន ស្តុកទុកឱសថចាំបាច់និងសំខាន់ៗសម្រាប់រដ្ឋ ដោយមិនត្រូវលក់ចែកចាយទៅឱ្យឯកជនទេ។ កង្វះឱសថមិនមែនជាបញ្ហារបស់ប្រទេសចិនតែមួយឡើយ តែជាបញ្ហារបស់ពិភពលោកទាំងមូល។
តាំងពីជាច្រើនខែមកនេះ ពិភពលោកទាំងមូលកំពុងប្រឈមនឹងការខ្វះថ្នាំព្យាបាលជំងឺជាច្រើនមុខ។ បាតុភូតខ្វះមូលេគុលថ្នាំនេះបានលេចឡើងតាំងពីជាច្រើនទសវត្សរ៍មកហើយ ដោយនិន្នាការសកលភាវូបនីកម្ម ប្រមូលផ្តុំការផលិតសារធាតុសកម្មនៅតែអាស៊ី ក្នុងប្រទេសពីរបីមាន។ ប៉ុន្តែវាទើបស្តែងឱ្យឃើញកាន់តែច្បាស់ និងកាន់តែធ្ងន់ធ្ងរ នៅពេលពិភពលោកឆ្លងកាត់វិបត្តិរោគរាតត្បាតសកលកូវីដ១៩។ កាលពីឆ្នាំ២០២១ ភ្នាក់ងារសន្តិសុខឱសថបារាំង បានទទួលសញ្ញាថាមានបញ្ហាស្តុកថ្នាំចំនយណ២១៦០ករណី ទល់នឹង៤០៥ករណីកាលពីឆ្នាំ២០១៦ និង១៥០៤ករណីនៅឆ្នាំ២០១៩ និងឡើងដល់២៥០០នៅឆ្នាំ២០២០ ពេលវិបត្តិកូវីដកំពុងពេញអំណាច។
សម្ពាធផ្នែកឱសថមិនមែនកើតមានតែក្នុងប្រទេសបារាំង ដូចបានរៀបរាប់មកនេះទេ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អង់គ្លេស អាល្លឺម៉ង់ ... ក៏កំពុងទាញសញ្ញាអាសន្នខ្វះថ្នាំ ជាច្រើនមុខដែរ។ ចិន ប្រទេសជាប់ឈ្មោះជាអ្នកផលិតសារធាតុសកម្មរបស់ថ្នាំដ៏ធំជាងគេបំផុត ក៏ប្រកាសហាមឃាត់មិនឱ្យក្រុមហ៊ុនឱសថលក់ថ្នាំចែកចាយឱ្យឯកជនទេ ត្រូវទុកសម្រាប់ផ្គត់ផ្គង់ឱ្យរដ្ឋ។
សម្រាប់អ្នកជំនាញក្នុងវិស័យនេះផ្ទាល់ ពួកគេបន្ទោសគំរូសេដ្ឋកិច្ចដែលក្រុមហ៊ុនមន្ទីរពិសោធន៍ធំៗ គិតតែពីផលប្រយោជន៍ គិតតែពីស្វែងរកផលចំណេញ តាមរយៈការផលិតថ្នាំថ្មីៗ ហើយបោះបង់ ឬលែងសូវខ្វល់គិតផលិតមូលេគុលចាស់។ បើតាមរបាយការណ៍ មួយ ចេញផ្សាយកាលពីឆ្នាំ២០២០ នៅប្រទេសបារាំង ថ្នាំរកឃើញថ្មីៗ លក់បានថ្លៃ មានបញ្ហាយ៉ាងតិចតួចបំផុត។
តើពិភពលោកកំពុងប្រឈមនឹងការខ្វះថ្នាំអ្វីខ្លះ ?
ថ្វីបើពពួកថ្នាំដែលមានប្រយោជន៍ចម្បងក្នុងការព្យាបាលជំងឺបីប្រភេទ ប្រឆាំងការបង្ករោគ ថ្នាំសម្រាប់ប្រព័ន្ធប្រសាទ និងប្រព័ន្ធសរសៃឈាមបេះដូង កំពុងតានតឹងខ្លាំងមែន តែបញ្ហាខ្វះខាតដែលប្រឈមខ្លាំងជាងគេ មានទាក់ទងជាពិសេសតែម្តងនឹងពពួកថ្នាំដែលមានការប្រើប្រាស់ជាញឹកញាប់ជាងគេតែម្តង។ នោះ គឺថ្នាំបំបាត់ការឈឺចាប់ បំបាត់អាការៈក្តៅខ្លួន ថ្នាំផ្សះ មានជាអាទិ៍ ថ្នាំប៉ារ៉ាសេតាមុល ... និង ថ្នាំអាម៉ុកស៊ីស៊ីលីន។
ជាដំណោះស្រាយសម្រាប់រយៈពេលខ្លី ក្រុមហ៊ុនឧស្សាហកម្មឱសថចាប់ផ្តើមបង្កើនល្បឿនផលិតឡើងវិញ ចំណែកអាជ្ញាធរសុខាភិបាលបានណែនាំឱ្យអ្នកជំនាញសុខភាព យកមូលេគុលដែលនៅមានមកប្រើជំនួសមូលេគុលខ្វះខាត ប្រសិនបើអាច ឬកំរិតរយៈពេលប្រើប្រាស់ ជាដើម។
Duration:00:08:03
ហេតុអ្វីជង្គង់ឈឺ ? តើត្រូវធ្វើដូចម្តេច ?
1/11/2023
ឆ្អឹងស្ពោត រលាកសន្លាក់ បុកទង្គិច គ្រេច ... រោគនៅជង្គង់មានច្រើន។ មូលហេតុនាំឱ្យឈឺជង្គង់ក៏មានច្រើន និងអាចកើតលើមនុស្សគ្រប់វ័យ តែការឈឺចុកចាប់នៅក្បាលជង្គង់ គាំងតឹងរោយ ជារោគសញ្ញារួម។ ហេតុអ្វី ឈឺជង្គង់ និងត្រូវធ្វើដូចម្តេច ? តើគេអាចថែរក្សាជង្គង់ និងកាត់បន្ថយការឈឺចាប់នៅជង្គង់បានដោយវិធីណាខ្លះ ?
ជង្គង់គឺជាសន្លាក់ដ៏ចម្បងគេរបស់សរីរាង្គកាយមនុស្ស ព្រោះវាជាទម្រភ្ជាប់ពីជើងទៅភ្លៅ។ សន្លាក់ជង្គង់ ស្នូលសម្រាប់ការបត់បែននៃរាងកាយ ដោយចេះបែងចែកការទ្រទម្ងន់នៃខ្លួនប្រាណ និងដើរតួរសំខាន់ក្នុងការធ្វើចលនារបស់ជើងផង។ សន្លាក់ជង្គង់ទាំងមូល គឺរាប់តាំងពីចុងខាងក្នុងនៃឆ្អឹងកំភួនជើង ទៅដល់ចុងឆ្អឹងភ្លៅ ព្រមទាំងគ្រាប់អង្គុញក្បាលជង្គង់នៅផ្នែកខាងមុខផង។
ដោយសារតួនាទីដ៏ច្រើន និងដ៏សំខាន់របស់សន្លាក់របស់ជង្គង់នេះហើយ ទើបពេលខ្លះ ជង្គង់ងាយរិចរិលនិងទ្រុឌទ្រោម ហើយអាចបង្កឱ្យមានការឈឺចុកចាប់យ៉ាងខ្លាំងនៅក្បាលជង្គង់។ អាការៈសញ្ញារោគនៃការឈឺក្បាលជង្គង់ មានសំខាន់ពីរ គឺ ការឈឺចុកចាប់ និងការរឹងគាំង។ នេះបើតាមការពន្យល់របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អាឡាំង សូតតេ ដោយលម្អិតទៀតថា ការឈឺចុកចាប់អាចកើតឡើងដោយចលនា មានន័យថា ឈឺដោយពេល ឈឺខ្លាំងពេលធ្វើចលនា និងអន់ឈឺពេលនៅស្ងៀម ឬជាការឈឺចុកចាប់ដោយមានការរលាក។ ក្នុងករណីនេះ ការឈឺចុកចាប់អាចខ្លាំង រហូតដាស់អ្នកទាំងយប់។ ជាទូទៅ ជង្គង់ឡើងប៉ោងហើម ក្តៅ និងជួនឡើងក្រហមទៀតផង។ បើជង្គង់រឹងគាំងវិញ វានឹងបង្កការលំបាកនៅពេលបត់ ឬនៅពេលលា ហើយរំខានខ្លាំងនៅពេលដើរ។
ចុះតើនៅពេលណា និងមានរោគសញ្ញាយ៉ាងណា ដែលជំរុញឱ្យអ្នកជំងឺត្រូវតែទៅស្វែងរកការព្យាបាល ពិគ្រោះជំងឺពីគ្រូពេទ្យ ? សូមស្តាប់ប្រសាសន៍របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អាឡាំងសូតតេ គ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យ សាំងអង់ទាន់ ក្រុងប៉ារីស ៖ លោកសាស្ត្រាចារ្យ អាឡាំង សូតតេ ៖
“ទីមួយ គឺនៅពេលអាការៈឈឺជង្គង់មានអមដោយការលំបាកក្នុងការដើរ ក្នុងការឡើងជណ្តើរ ឬមានសញ្ញារោគអមសម្គាល់មួយទៀត គឺជង្គង់ឡើងប៉ោងធំលើសប្រក្រតី ដែលរំខានការធ្វើចលនា ជាពិសេសមិនអាចបត់-បន្ទន់បាន។”
ក្នុងនាមជាសន្លាក់ទម្រ ជង្គង់ងាយនឹងឈឺណាស់។ តើនេះបណ្តាលមកពីអ្វី ? ឬអាចចោទសួរបញ្ច្រាសមកវិញថា តើអ្វីជាបញ្ហាដែលអាចកើតមានច្រើនចំពោះជង្គង់ ? សូមស្តាប់ប្រសាសន៍របស់លោកសាស្ត្រាចារ្យ សូតតេ ជាថ្មី ៖
“ជង្គង់អាចជួបបញ្ហា អាស្រ័យទៅលើដំណាក់កាលនៃជីវិត។ ចំពោះមនុស្សវ័យក្មេង សកម្ម និងជាអ្នកកីឡា នោះជំងឺរបស់ជង្គង់មានពាក់ព័ន្ធនឹងប្រភេទកីឡា ដូចជាគ្រេច ដាច់ឬព័ន្ធសរសៃជង្គង់ ឬបាក់។ ជាមួយពេលវេលាកាន់តែទៅមុខ ជង្គង់អាចជួបបញ្ហាបង្កឡើងដោយការឡើងទម្ងន់។ ចំពោះមនុស្សចំណាស់ ចូលដល់មជ្ឈិមវ័យ ការឈឺជង្គង់ច្រើនតែបញ្ហា
ដែលបង្កឡើងដោយជំងឺសឹកខូចសន្លាក់។ សន្លាក់ដែលតភ្ជាប់ពីជង្គង់ទៅឆ្អឹងកំភួនជើង ឬត ទៅឆ្អឹងភ្លៅ។ តំណដែលមានឈ្មោះបច្ចេកទេស Patella ដែលយើងតែទម្លាប់ហៅគ្រាប់អង្គុញជង្គង់។
ការរលាកសន្លាក់ រលាកសរសៃ រលាកឆ្អឹង ក៏ជាដើមហេតុមួយដែលនាំឱ្យឈឺក្បាលជង្គង់ដែរ។ តែវាករណីដ៏កម្របំផុតដែលការឈឺក្បាលជង្គង់អាចបណ្តាលមកពីមានដុះដុំសាច់ ឬដុំមហារីក នៅលើផ្នែកណាមួយនៃសន្លាក់ជង្គង់ (ឆ្អឹង ឆ្អឹងខ្ចី ...)។ ដើម្បីអាចរកឃើញមូលហេតុនៃការឈឺជង្គង់ គ្រូពេទ្យអាចតម្រូវឱ្យអ្នកជំងឺទៅថតឆ្លុះ ធ្វើRadio ថតពីមុខ និងពីចំហៀង។ ការថតរ៉ាយោ សឹងតែគ្រប់គ្រាន់សម្រាប់ផ្តល់ការវិនិច្ឆ័យរោគឈឺជង្គង់ ភាគច្រើន។ មានករណីឈឺតិចតួចណាស់ ដែលគ្រូពេទ្យអាចណែនាំឱ្យថតអឹមរ៉ាយ ឬថតស្កាន។ ការថតបែបនេះមិនត្រូវធ្វើឡើងជាស្វ័យប្រវត្តិឡើយ ព្រោះគ្មានប្រយោជន៍។ ជាទូទៅមនុស្សគ្រប់រូបនៅពេលចូលដល់វ័យចាប់៤០ឆ្នាំ ជង្គង់ច្រើនចាប់មានសញ្ញាចាស់ទ្រុឌទ្រោម ថតទៅឃើញមានស្នាម នាំឱ្យគិតថាមានបញ្ហាសន្លាក់ រួចទៅចាក់រុកមើលបន្ថែមឥតអំពើ។ វិធីសាស្ត្រវិភាគមួយទៀត គឺការចាក់យកទឹកនៅក្បាលជង្គង់មកវិភាគដើម្បីបែងចែកអាការៈហើមឈឺបណ្តាលមកពីការបង្ករោគ ឬការរលាក។
ក្នុងពេលរង់ចាំការពិគ្រោះជំងឺវែករកមូលហេតុនៃការឈឺជង្គង់ គេអាចបំបាត់ឬបញ្ចុះការឈឺចាប់ ដោយអាចសាកល្បងព្យាបាលដោយខ្លួនឯង ដោយប្រើថ្នាំ លាបថ្នាំរឹត ឬថ្នាំលេបបំបាត់ការឈឺចុកចាប់ពពួកប៉ារ៉ាសេតាម៉ុល ពីរបីថ្ងៃយ៉ាងយូរ និង ដោយការប្តូរផ្លាស់ទម្លាប់ប្រចាំថ្ងៃបន្តិចបន្តួច...
Duration:00:08:05
តើបាយប៉ូឡា Bipolar ជាជំងឺអ្វី ?
1/4/2023
កម្មវិធីសុខភាពថ្ងៃនេះ សូមណែនាំលោកអ្នកនាងឱ្យបានស្គាល់ អំពីជំងឺផ្លូវចិត្តដ៏ធ្ងន់ធ្ងរមួយ ដែលហៅជាភាសាបារាំង ប៊ីប៉ូឡែរ ឬបាយប៉ូឡា ជាភាសាអង់គ្លេស។ អង្គការសុខភាពពិភពលោកចាត់ទុកបាយប៉ូឡាជាជំងឺមួយក្នុងចំណោមជំងឺ១០មុខ ដែលបង្កឱ្យមានពិការភាពយ៉ាងធ្ងន់ធ្ងរតើជំងឺនេះ មានទម្រង់បែបណា ? និងមានលក្ខណៈធ្ងន់ធ្ងរបែបណា ?
សូមស្តាប់បទសម្ភាសន៍របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកលវិទ្យា នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
Duration:00:09:12
ហេតុដូចម្តេចបានជាការលេងចាក់បាល់អាចក្លាយជាជំងឺញៀន ?
12/15/2022
ការប្រកួតបាល់ទាត់ពិភពលោក បានចាប់ផ្តើមនៅថ្ងៃទី ២០ វិច្ឆិកា និងត្រូវបិទបញ្ចប់នៅថ្ងៃ១៨ធ្នូ។ ព្រឹត្តិការណ៍កីឡានេះ បានទាក់ទាញអ្នកទស្សនា ជាពិសេសយុវវ័យក្រោមអាយុ៣៥ឆ្នាំ ឱ្យចង់សាកល្បងលេងចាក់បាល់យ៉ាងខ្លាំង។ ការចាក់បាល់ អាចធ្វើញៀន។ ការញៀនល្បែង (ភ្នាល់ ល្បែងស៊ីសង) ត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់ ជាជំងឺមួយ។ បើជាជំងឺ គេត្រូវតែស្វែងរកការព្យាបាល។ តើការញៀនល្បែងចាក់បាល់មានគ្រោះថ្នាក់យ៉ាងណា ?
ព្រឹត្តិការណ៍កីឡា ដូចយ៉ាងការប្រកួតបាល់ទាត់ពិភពលោក ជាឱកាសដែលអ្នកមានចំណូលចិត្តផ្នែកកីឡា មួយចំនួនចាប់អារម្មណ៍លេងភ្នាល់។ ការចាក់បាល់លេងម្តងម្កាលជារឿងធម្មតាទេ តែវាអាចជាគ្រោះថ្នាក់ដែលអាចនាំឱ្យអ្នកលេងធ្លាក់ក្នុងភាពញៀនល្បែងដោយពិតៗ ជាមួយនឹងផលវិបាកតាមក្រោយជាច្រើន។
អ្នកស្រីវេជ្ជបណ្ឌិត សារ៉ា កូកាស Sarah Coscas គ្រូពេទ្យវិកលវិទ្យាជំនាញផ្នែកជំងឺញៀន នៅមន្ទីរពេទ្យPaul Brousse បានពន្យល់អំពីដំណើរធ្លាក់ក្នុងគ្រោះញៀនល្បែងភ្នាល់/ស៊ីសង ជាជំងឺ ថា វាចាប់ផ្តើមដំបូង ដោយសារតែការចាក់ត្រូវ ឈ្នះធំ។ ចាក់ត្រូវមានអារម្មណ៍ថា ឈ្នះបានលុយច្រើន ដោយងាយស្រួល ព្រោះគេស្គាល់ និងគ្រប់គ្រងភាពចៃដន្យនៃល្បែងបាន។ តែតាមការពិត ការភ្នាល់តែងតែមានឈ្នះនិងចាញ់ ដូចពាក្យបូរាណខ្មែរតែងពោល ថា ល្បែងតែនឹងរេ ជួនឯងឈ្នះគេជួនគេឈ្នះឯង។ យ៉ាងណាមិញ ការចាក់បាល់ទាត់គឺជាល្បែងភ្នាល់ ដែលគេមិនអាចទាយបានយ៉ាងប្រាកដថាខាងណាឈ្នះខាងណាចាញ់ទេ បើទោះអ្នកស្គាល់ក្រុមបាល់ទាត់នោះយ៉ាងណាក៏ដោយ។ ការចៃដន្យនាំឱ្យចាញ់នៅមាន។ តែចំណង់ចង់ចាក់ ចង់លេងហើយលេងទៀត ឈ្នះរួចចាញ់ ចាញ់រួចតាមដើម្បីឈ្នះវិញ ឈ្នះចាញ់ៗវិលទៅវិលមកយូរៗទៅនឹងធ្វើឱ្យយើងលែងអាចគ្រប់គ្រងស្ថានការណ៍បាន បែរជាយល់ថា លេងជារឿងធម្មតា និងត្រូវលេងជាប់រហូត ដើម្បីបានឈ្នះ ដែលនាំឱ្យមានភាពរីករាយ និងដែលនាំមកនូវរង្វាន់។
លោក Emmauel Lahaie មន្ត្រីស្ថាប័នសុខភាពសាធារណៈបារាំង បានទទួលស្គាល់ថាល្បែងភ្នាល់តែងមានការឈ្នះ មានចាញ់ តែល្បែងចាក់បាល់មិនដូចជាល្បែងភ្នាល់ផ្សេងទៀតទេ។ ល្បែងភ្នាល់បាល់មានគ្រោះថ្នាក់ជាពិសេសដែលគេហៅថា “ការបំភាន់នៃជំនាញ”។ អ្នកចាក់បាល់មាននិន្នាការទុកចិត្តជ្រុល ជឿថាខ្លួនស្គាល់ក្រុមកីឡាករច្បាស់ ភ្លេចគិតបាល់ទាត់ក៏ជាល្បែង ដែលគ្មាននរណាអាចទាយនិងផ្តល់លទ្ធផលនៃការប្រកួតបានត្រូវ១០០%ទេ។ លោក អេម៉ាណុយអែល ឡាអេ ៖
“ប្រាកដហើយដែលថាយើងអាចចាក់ត្រូវ ហើយឈ្នះ នៅក្នុងល្បែងភ្នាល់។ ប៉ុន្តែដល់ពេលណាមួយ យើងក៏អាចចាក់ខុស ហើយចាញ់ដែរ។ តែការរីករាយដោយបានឈ្នះ និងជំនឿជាក់ថាឈ្នះពីដំបូង នឹងរុញឱ្យយើងចង់លេងទៀត។ បើចង់ហើយយើងទៅលេងទៀតមែន នោះហើយជាការចាប់ផ្តើម នៃ បញ្ហា ! បញ្ហាជក់ល្បែងភ្នាល់បាល់ ត្រូវបានគេចាត់ទុកជាជំងឺញៀន ដោយគ្មានប្រើថ្នាំ គ្មានប្រើសារធាតុគ្រឿងញៀន។ តែការជក់លេងភ្នាល់បាល់ ស្ថិតក្នុងចង្កោមល្បែងដែលញៀនខ្លាំងជាងគេបំផុត។ ញៀនខ្លាំងជាងលេងល្បែងភ្នាល់ចាក់ឆ្នោតធម្មតា ៥ទៅ៦ដងឯណោះ។ ហើយគេបានដឹងទៀតថា ក្នុងចំណោមអ្នកមកលេងចាក់បាល់១០០នាក់ មានប្រមាណ១៥នាក់ ជាអ្នកមានបញ្ហាលេងច្រើនជ្រុល។ បើប្រៀបទៅនឹងល្បែងភ្នាល់ដទៃទៀត អ្នកលេងភ្នាល់បាល់ ច្រើនតែជាមនុស្សក្មេង អាយុក្រោម៣៥ឆ្នាំ (៧០%អាយុក្រោម២៦ឆ្នាំ) និងជាក្មេងដែលងាយរងគ្រោះ មានជីវភាពគ្រួសារយ៉ាប់យឺន ទន់ខ្សោយ និងច្រើនតែជាអ្នកអត់ការងារធ្វើ។ នៅពេលបានឮពាណិជ្ជកម្ម និងឃើញអំពីលទ្ធភាពអាចរកលុយបានដោយស្រួល ដោយងាយៗ ដោយការចាក់បាល់ ក៏ចង់លេង ហើយលេងកាន់តែច្រើនឡើងៗ។”
នៅពេលបានឈ្នះម្តងហើយ អ្នកលេងច្បាស់ជាញ៉ាម ចង់និងសង្ឃឹមថាអាចឈ្នះរង្វាន់ធំជាថ្មីទៀត ក៏ទៅចាក់ និងទៅលេងភ្នាល់ទៀត រួចក៏វិលទៅមកឥតឈប់ លែងអាចឃាត់ខ្លួនឯងបាន ដែលនេះហើយជាការចាប់ផ្តើម ធ្លាក់ក្នុងអន្លង់នេះពាក្យថា “ញៀន”។
គេចាត់ទុកមនុស្សម្នាក់ថាញៀននឹងល្បែង នៅពេលបុគ្គលម្នាក់នោះងប់លេងជ្រុល ជាប្រចាំ និងជាប់រហូតរយៈពេលយ៉ាងហោចមួយឆ្នាំ ព្រមទាំងមានអាការៈយ៉ាងហោចណាស់បួន ក្នុងចំណោមលក្ខណៈក្រោមនេះ ៖
ដើម្បីអាចដឹងបានថាតើអ្នកកំពុងឈានទៅធ្លាក់ខ្លួនញៀនល្បែងស៊ីសង ឬល្បែងភ្នាល់ គ្រូពេទ្យវិកលវិទ្យាឯកទេសជំងឺញៀន សូមណែនាំឱ្យធ្វើតេស្ត តាមរយៈការឆ្លើយនឹងសំណួរ បាទ/ចាស ឬទេ។ សំណួរទាំងពីរផ្តោតលើលក្ខខណ្ឌពីរ គឺសេចក្តី ត្រូវការលេខភ្នាល់ដាក់លុយកាន់តែច្រើន...
Duration:00:07:34
មនុស្សជិតកន្លះផែនដី មានបញ្ហាសុខភាពមាត់ធ្មេញ
12/9/2022
បើតាមសេចក្តីប្រកាសរបស់អង្គការសុខភាពពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ទី ១៧ វិច្ឆិកា ២០២២ មានប្រជាពលរដ្ឋ ប្រមាណ៣៥០០លាននាក់ ពោលគឺជិតពាក់កណ្តាលនៃប្រជាជនសរុបនៅលើភពផែនដី មានបញ្ហាសុខភាពមាត់និងធ្មេញ។ ដង្កូវស៊ីធ្មេញ ជាជំងឺដែលមានកើតច្រើនញឹកញាប់ជាងគេ។
ក្នុងចំណោមប្រជាជនសរុបរស់នៅលើផែនដីចំនួន ៨ពាន់លាននាក់ (គិតត្រឹមថ្ងៃទី ១៥ វិច្ឆិកា ២០២២) ៤៥% ឬត្រូវជា៣៥០០លាននាក់ មានជំងឺដង្កូវស៊ីធ្មេញ ជំងឺអញ្ចាញ (ហើម-រលាក អញ្ចាញ) និងជំងឺមហារីកមាត់ធ្មេញ។ នេះបើតាមរបាយការណ៍ថ្មី របស់អង្គការសុខភាពពិភពលោក ទើបចេញផ្សាយកាលពីថ្ងៃទី ១៧ វិច្ឆិកា ២០២២ ដែលលាតត្រដាងជាលើកទីមួយ អំពីទំហំនៃជំងឺមាត់ធ្មេញលើផែនដី ក្នុង១៩៤ប្រទេស។ ក្នុងអំឡុងពេល៣០ឆ្នាំចុងក្រោយមកនេះ ករណីអ្នកមានបញ្ហាមាត់ធ្មេញ បានកើនឡើងចំនួន ១ពាន់លាននាក់។
តួលេខនេះ ជាសន្ទទស្សន៍ដ៏ច្បាស់លាស់មួយបញ្ជាក់ឱ្យឃើញថា មានមនុស្សច្រើនខ្លាំងណាស់ ដែលគ្មានលទ្ធភាពទទួលបានការការពារ និងការព្យាបាលជំងឺមាត់ធ្មេញទេ ទើបត្រូវធ្លាក់ខ្លួន មានជំងឺដង្កូវស៊ីធ្មេញ ហើមរលាកអញ្ចាញ បាក់ធ្មេញ និងមហារីក។ នេះបើតាមរបាយការណ៍ដដែល។ ធ្មេញដង្កូវស៊ី គ្មានការព្យាបាល ជាជំងឺមាត់ធ្មេញដែលកើតឡើងច្រើនជាងគេ និងលើមនុស្សជាង២៥០០លាននាក់។ ចំណែក១ពាន់លាននាក់ផ្សេងទៀត មានជំងឺអញ្ចាញ ដែលជាដើមហេតុដ៏ចម្បងនាំឱ្យមនុស្សបាក់ធ្មេញអស់។ បើតាមអង្គការសុខភាពពិភពលោក ក្នុងមួយឆ្នាំៗ មានករណីជំងឺមហារីកមាត់ធ្មេញថ្មី ចំនួន ប្រមាណ៣៨០ ០០០នាក់។ កត្តាហានិភ័យចម្បងគេ នាំឱ្យមានបញ្ហាមាត់ធ្មេញ គឺបណ្តាលមកពីការទទួលទានស្ករច្រើនជ្រុល និងជក់បារីហើយទទួលទានសុរា។
ដោយមិនចម្លែក បើតាមរបាយការណ៍ដដែល បីភាគបួននៃអ្នកជំងឺមាត់ធ្មេញរស់នៅក្នុងប្រទេសក្រីក្រនិងមធ្យម។ ប៉ុន្តែនៅលើពិភពលោកទាំងមូល មិនថានៅក្នុងប្រទេសណា តំបន់ណាទេ គឺអ្នកក្រ ជនពិការ ឬមនុស្សចាស់ និងអ្នកងាយរងគ្រោះ ដែលពុំអាចទទួលបានការព្យាបាលនិងថែទាំសុខភាពមាត់ធ្មេញត្រឹមត្រូវ ព្រោះគ្មានមធ្យោបាយ។ ការព្យាបាលធ្មេញ ថ្លៃខ្លាំងណាស់។
របាយការណ៍នេះបានឆ្លុះបញ្ចាំងឱ្យឃើញជាថ្មី និងយ៉ាងក្រឡែត អំពីវិសមភាពក្នុងសេវាសុខភាពមាត់ធ្មេញ និងគូសបញ្ជាក់ដោយចំៗអំពីបន្ទុកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ ចំពោះការថែរក្សាព្យាបាលសុខភាពមាត់ធ្មេញ រហូតបណ្តោយឱ្យជំងឺលេចឡើងយ៉ាងច្បាស់ និងមិនអាចលាក់បាំងបាន ក្នុងចំណោមប្រជាជនក្រីក្រ និងទន់ខ្សោយងាយរងគ្រោះខ្លាំង។
សម្រាប់លោកអគ្គលេខាធិការអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus ពិភពលោកធ្វេសប្រហែសនឹងបញ្ហាសុខភាពមាត់ធ្មេញ តាំងពីដើមមក បើទោះបីជាដឹងថា វិធានការការពារដែលចំណាយអស់តិចសោះ អាចបញ្ចៀសមនុស្សមួយចំនួនធំមិនឱ្យមានបញ្ហាសុខភាពមាត់ធ្មេញក៏ដោយ។ ហេតុដូច្នេះហើយបានជាលោក ចេញសេចក្តីថ្លែងការណ៍ លើកទឹកចិត្តឱ្យអាជ្ញាធរគ្រប់ប្រទេស ប្រយុទ្ធប្រឆាំងនឹងកត្តាហានិភ័យប្រចាំថ្ងៃ ដោយត្រូវអប់រំប្រជាពលរដ្ឋឱ្យយល់អំពីរបបអាហារត្រឹមត្រូវ មានជាតិស្ករតិច ឈប់ជក់បារីចុកថ្នាំ កាត់បន្ថយការទទួលទានសុរា និងមានថ្នាំដុះធ្មេញល្អ សម្បូរជាតិFluore ដែលថោកល្មមឱ្យពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមានលទ្ធភាពទិញបាន។ នៅក្នុងអនុសាសន៍ អង្គការសុខភាពពិភពលោក បានធ្វើបញ្ជីរាយសំណើមួយចំនួនធំ សម្រាប់ឱ្យគ្រប់ប្រទេសដោះស្រាយនិងគិតគូរបញ្ហាសុខភាពមាត់ធ្មេញ មានជាអាទិ៍ការអំពាវនាវឱ្យបញ្ចូលសេវាថែទាំមាត់ធ្មេញ ទៅក្នុងប្រព័ន្ធកម្មវិធីថែទាំសុខភាពបឋមតែម្តង។
នៅពេលមាត់ធ្មេញ អញ្ចាញ មានសុខភាពមិនល្អនោះ សុខភាពរាងកាយក៏ត្រូវប្រឈមនឹងគ្រោះថ្នាក់ដែរ ដោយផ្តើមដំបូង ជាអាការៈធុំក្លិនមាត់ រលាក បំពង់ក ក្រពះ ឬ បេះដូង។ ហើយនៅពេលថ្មីនេះៗ អ្នកស្រាវជ្រាវអាមេរិក បានទម្លាយការសម្ងាត់ តាមរយៈការសិក្សាពីរ ចេញផ្សាយនៅថ្ងៃទី ១៥វិច្ឆិកា ក្នុងទំព័រទស្សនាវដ្តី Cell Report និងនៅថ្ងៃទី ១៦វិច្ឆិកា ក្នុងទំព័រទស្សនាវដ្តី Nature ដែលបញ្ជាក់ថា មានបាក់តេរី នៅក្នុងមាត់ កប់ក្នុងកំណកជើងធ្មេញ របស់មនុស្សគ្រប់រូប ប្រភេទ Fusobacterium nucleatum អាចបណ្តែតនិងទៅផ្តុំ ក្នុងបរិមាណដ៏ច្រើនលើសលុប ក្នុងដុំសាច់មហារីកនៅមាត់ និងនៅពោះវៀនធំ។ អាចលាក់ខ្លួនក្នុងសរីរាង្គមហារីកហើយ បាក់តេរីនេះមានសមត្ថភាពបំប៉នកោសិកាមហារីកឱ្យរីករាលដាលទៅជាជំងឺមហារីកដំណាក់កាលមេតាស្តាយ៉ាងលឿនរហ័ស។ ជាងនេះទៅទៀត បាក់តេរីនេះ ចេះពង្វក់ប្រព័ន្ធការពារខ្លួន ឱ្យលែងចេះការពារសរីរាង្គទៀត។ សម្រាប់អ្នកស្រាវជ្រាវ...
Duration:00:08:45
រលាកទងសួត ជាជំងឺមិនសូវធ្ងន់ តែមានរោគសញ្ញាគួរឱ្យភ័យខ្លាំង
11/30/2022
ទើបបានស្បើយពីជំងឺកូវីដ មន្ទីរពេទ្យបារាំង កំពុងរងសម្ពាធយ៉ាងខ្លាំង និងដំឡើងកំរិតអាសន្នត្រៀមសង្គ្រោះជាថ្មី ដោយហេតុតែមានករណីទារកកើតជំងឺរលាកទងសួត កើនឡើងច្រើនខុសប្រក្រតី។ ជាជំងឺដែលកើតឡើងយ៉ាងញឹកញយលើកទារកនិងក្មេងអាយុក្រោម២ខួប រលាកទងសួតមិនមែនជាជំងឺធ្ងន់ធ្ងរទេ ប៉ុន្តែពេលខ្លះជំងឺអាចធ្វើទុក្ខខ្លាំង ដែលចាំបាច់ត្រូវបញ្ជូនអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យ។
បទអន្តរាគមន៍របស់លោកវេជ្ជបណ្ឌិត ង៉ែត ពិសេស គ្រូពេទ្យឯកទេសកុមារ នៅមន្ទីរពេទ្យកុមារអង្គរ ក្រុងសៀមរាប។
Duration:00:07:58
ដំណេកខ្លីជាសម្ព័ន្ធភាពដ៏គ្រោះថ្នាក់នៃជំងឺរ៉ាំរ៉ៃ
11/23/2022
នៅពេលមានចាប់ពីអាយុ៥០ឆ្នាំឡើងទៅ ការសំរាន្តតិចម៉ោងពេក អាចនឹងបង្កើនគ្រោះកើតជំងឺរ៉ាំរ៉ៃជាច្រើន។ នេះបើតាមការដាស់តឿនរបស់ក្រុមអ្នកស្រាវជ្រាវបារាំងដែលទើបចេញផ្សាយលទ្ធផលនៃការសិក្សារបស់ខ្លួន ស្តីអំពីទំនាក់ទំនងដ៏គ្រោះថ្នាក់រវាង ការសំរាន្តតិច និងជំងឺរ៉ាំរ៉ៃរបស់មនុស្សនៅពេលចូលវ័យ៥០ឆ្នាំ។
ច្បាប់ធម្មជាតិ តម្រូវឱ្យយើងចំណាយពេលវេលាក្នុងមួយថ្ងៃៗ យ៉ាងហោចនិងជាមធ្យមមួយភាគបី សម្រាប់ដេក ព្រោះ ដំណេកមានសារៈសំខាន់ណាស់។ ដំណេកមានតួនាទីគ្រប់គ្រងអារម្មណ៍ គ្រប់គ្រងដំណើរការរបស់បញ្ញា របស់ប្រព័ន្ធការពារខ្លួន ឬដំណើរការបំប្លែងមេតាបូលិក។ ជាងនេះទៅទៀត ដំណេកមិនគ្រប់គ្រាន់នឹងធ្វើឱ្យខូចសុខភាព ដោយអាចនឹងនាំឱ្យកើតជំងឺរ៉ាំរ៉ៃ ផង សម្រាប់មនុស្សចាប់ពីអាយុ៥០ឆ្នាំឡើងទៅ។
បើតាមការក្រុមអ្នកស្រាវជ្រាវវេជ្ជសាស្ត្របារាំង សំរាន្តយប់គ្រប់គ្រាន់មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាព ជាពិសេសសម្រាប់មនុស្សចាស់។ ដំណេកគ្រប់គ្រាន់ គឺជាថ្នាំព្យាបាលជំងឺរ៉ាំរ៉ៃមួយចំនួនធំ ដ៏សក្តិសិទ្ធ។
តើដូចម្តេចទៅដែលហៅថាដំណេកគ្រប់គ្រាន់ ? សូមស្តាប់ប្រសាសន៍របស់អ្នកស្រីវេជ្ជបណ្ឌិត អិនដាយ ហ្វាទូ អិនដូយ គ្រូពេទ្យជំនាញប្រព័ន្ធប្រសាទនៅមន្ទីរពេទ្យសេណេហ្កាល់ ៖ “ដើម្បីអាចប្រមូលកម្លាំងបានពេញគ្រប់គ្រាន់ល្អ គេត្រូវគេងឱ្យបានពី ៦ ទៅ១០ម៉ោង ឬជាមធ្យម៨ម៉ោង សម្រាប់មនុស្សពេញវ័យ។ តែរយៈពេលគេង នេះ វាអាច ប្រែប្រួលតិចឬច្រើនទៅតាមមនុស្ស។ អ៊ីចឹងហើយបានជាគេប្រើពាក្យថា អ្នកគេងតិច អ្នកគេងច្រើន។ សេចក្តីត្រូវការផ្នែកដំណេកក៏ប្តូរផ្លាស់ទៀតទៅតាមវ័យ ដោយសារកត្តាច្រើនយ៉ាង ដូចជា កត្តាចិត្ត កត្តាសរីរវិទ្យា និងបរិស្ថាន ព្រមទាំងកត្តាក្រៅខ្លួនផ្សេងទៀត ដែលអាចជះឥទ្ធិពលទៅលើគុណភាពនៃដំណេករបស់មនុស្សយើង។ »
តើដំណេកមានទំនាក់ទំនងជាមួយជំងឺរ៉ាំរ៉ៃយ៉ាងណា និងតើកង្វះដំណេក របស់មនុស្សអាយុ៥០ឆ្នាំ អាចសម្រួលឱ្យមានផលវិបាកអ្វីខ្លះ ?
លទ្ធផលនៃការសិក្សារបស់អ្នកស្រាវជ្រាវបារាំង បានបង្ហាញឱ្យឃើញថា បើគេសំរាន្តតិចជាង៥ម៉ោងក្នុងមួយយប់ នៅអាយុ៥០ឆ្នាំ គ្រោះហានិភ័យកើតជំងឺរ៉ាំរ៉ៃ ទីមួយ បានកើនឡើង២០%។ កាន់តែអាក្រក់ជាងនេះទៅទៀត បើយើងបន្តសំរាន្តមិនគ្រប់គ្រាន់ នៅអាយុ ៥០ឆ្នាំ នៅ៦០ឆ្នាំ ឬដល់៧០ឆ្នាំ នោះហានិភ័យលេចជំងឺពហុមុខនឹងកើនឡើងប្រមាណពី ៣០ ទៅ៤០%។ កំណើនហានិភ័យកំរិតនេះ គ្មានពាក់ព័ន្ធនឹងរបៀបរបប រស់នៅនិងហូបចុកទេ មានន័យថាទោះអ្នកមានរបៀបរបបរស់ល្អត្រឹមត្រូវ ធ្វើកីឡា ហាត់ប្រាណ ធ្វើចលនាបញ្ចេញកម្លាំងកាយសម្បទា មិនជក់បារី មិនផឹកស្រា ក៏ដោយ ក៏ហានិភ័យមានជំងឺរ៉ាំរ៉ៃកើនដែរ ឱ្យសំរាន្តមិនគ្រប់។
កង្វះដំណេក នាំឱ្យឈឺ ហើយអាចសម្លាប់ជីវិតបានទៀត។ អ្នកគេងតិចជាង៥ម៉ោងក្នុងមួយយប់ មានហានិភ័យស្លាប់លើសគេ២៥%។ នេះជាហេតុផលដែលងាយពន្យល់ ព្រោះអ្នកផ្ទុកជំងឺរ៉ាំរ៉ៃ តែងមានអាយុសង្ឃឹមរស់ខ្លី។ ដូច្នេះ សូមកុំមើលស្រាល ការដេក ឱ្យសោះ ! នៅពេលដេកមានយន្តការជាច្រើនឡើងបន្តបន្ទាប់គ្នា។
យន្តការនៃដំណេក
“ដេកមិនមែនគ្រាន់តែជាការបិទភ្នែកជិតទៅលែងឃើញអ្វី ហើយគ្មានរឿងអ្វីកើតឡើងសោះនោះទេ។ ដំណេកជាដំណើរប្រទាក់គ្នាជាច្រើនវដ្ត ដែលក្នុងមួយវដ្តៗមានបីដំណាក់កាលទៀត។ ដំណាក់ទីមួយ ឬមួយភាំងដំបូង ជាការចាប់ផ្តើមលក់រលីវៗ ដោយវិញ្ញាណយើងនៅដឹង នៅឮសំឡេងជុំវិញខ្លួន ហើយងាយនឹងភ្ញាក់បាន។ តែបើអ្វីៗប្រព្រឹត្តទៅដោយរលូន ដំណេកឈានចូលដល់វគ្គលក់ស្កប់ស្កល់ ដោយយើងនឹងលង់ក្នុងដំណេកយ៉ាងជ្រៅ។ គឺវេលានេះហើយដែលយើងបានសម្រាកដោយពិតៗ ដោយបានស្រង់និងប្រមូលកម្លាំងឡើងវិញ ប្រៀបដូចជាការសាកបំពេញថ្ម ព្រោះនៅក្នុងពេលនោះ ខួរក្បាលកម្ចាត់ចេញជាតិពុល ហើយបង្កើតឡើងវិញនូវថាមពលសម្រាប់ទៅបំពេញកម្លាំងឱ្យកាយសម្បទាដែលប្រឹងអស់ពេញមួយថ្ងៃ សម្រាប់ពង្រឹងប្រព័ន្ធការពារខ្លួន ឬពង្រឹងការចងចាំជាដើម។ បន្ទាប់មកទៀត បើគ្មានអ្វីមករំខាន ដំណេកឈានចូលដល់វគ្គទីបី ឬហៅថាវគ្គសុបិន្ត (ជាភាសាបច្ចេកទេស ដំណេកប៉ារ៉ាដុកសាល់) ដែលនៅពេលនោះ ដោយមានសកម្មភាពអគ្គីសនីខ្លាំងក្នុងខ្លួន យើងចាប់ផ្តើមយល់សប្តិផ្សេង តែយើងបន្តលង់លក់ហើយខ្លួនប្រាណនៅដេកស្ងៀមឈឹងទេ។ វដ្តដំណេកទាំងបីដំណាក់នេះមានរយៈពេលប្រមាណ៩០នាទី ដែលក្នុងមួយយប់ៗ អាចមានពី៤ទៅ ៦វដ្តវិលបន្តឆ្លាស់គ្នា សម្រាប់អ្នកមានដំណេកពី៦ទៅ៩ម៉ោង ដែលក្នុងនោះ ជាមធ្យម...
Duration:00:09:30
ទឹកនោមផ្អែមជាជំងឺប្រទេសអ្នកមាន តែជាជំងឺរាតត្បាតក្នុងប្រទេសក្រីក្រ
11/21/2022
ថ្ងៃទី ១៤ វិច្ឆិកា ជាទិវាពិភពលោកប្រឆាំងនឹងជំងឺទឹកនោមផ្អែម។ មិនមែនជាជំងឺឆ្លងទេ តែទឹកនោមផ្អែមបានផ្តើមរាតត្បាត និងសម្លាប់ជីវិតមនុស្សច្រើនជាងជំងឺស៊ីដា គ្រុនចាញ់ និងរបេងបូកបញ្ចូលគ្នាទៀត។ ពោលគឺមានស្លាប់ប្រមាណ៥លាននាក់ក្នុងមួយឆ្នាំៗ ឬត្រូវជាស្លាប់ម្នាក់នៅរៀងរាល់៧វិនាទី។ ជាជំងឺរ៉ាំរ៉ៃ ដែលនរណាក៏ស្គាល់។ បច្ចុប្បន្ននេះ នៅលើពិភពលោក មនុស្សម្នាក់ក្នុងចំណោម១០នាក់ ត្រូវជាជិត ៥៣៧លាននាក់ មានផ្ទុកជាតិស្ករក្នុងឈាមលើសកំរិត។ ហើយផ្ទុយពី ការគិត ទឹកនោមផ្អែមមិនមែនជាជំងឺរបស់ប្រទេសអ្នកមានទេ។ ៧០%នៃអ្នកជំងឺរស់នៅក្នុងប្រទេសមានចំណូលទាបនិងមធ្យម។
អ្នកជំងឺមិនស្លាប់ដោយជំងឺទឹកនោមផ្អែមផ្ទាល់ទេ។ អ្នកជំងឺទឹកនោមផ្អែម អាចស្លាប់ដោយផលវិបាកនៃជំងឺ ដែលធ្វើឱ្យស្ថានភាពសុខភាពទូទៅរបស់មនុស្សធ្លាក់ចុះជាលំដាប់ ៖ ដោយធ្វើឱ្យខូចតម្រងនោមខូចប្រព័ន្ធសរសៃឈាម។ អ្នកជំងឺអាចស្លាប់ នៅពេលតម្រងនោម ធ្វើទុក្ខ គាំងលែងដើរ។ អ្នកជំងឺត្រូវស្លាប់ព្រោះតែស្ទះ ឬដាច់សរសៃឈាមបេះដូង។ ជាការស្លាប់ដែលបង្កឡើងដោយផលប៉ះពាល់នៃជំងឺ មិនមែនដោយជំងឺផ្ទាល់ទេ។ អ៊ីចឹងហើយបានជាអ្នកខ្លះគេចាត់ទុកជំងឺទឹកនោមជាជំងឺស្ងាត់ៗ។
តំបន់ដែលមាន និងដែលគេធ្លាប់សម្គាល់ឃើញថាមានអ្នកជំងឺទឹកនោមផ្អែមច្រើនគេ គឺតំបន់អាមេរិកឡាទីន តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះ គឺទ្វីបអាហ្វ្រិក និងអាស៊ីក៏មានអ្នកជំងឺទឹកនោមផ្អែមច្រើនខ្លាំងណាស់ដែរ។ នៅអាស៊ី ក្នុងប្រទេសចិនតែមួយមានអ្នកជំងឺដល់ជាង១០០លាននាក់ស្រេចទៅហើយ។ នៅ អាហ្វ្រិក ចំនួនអ្នកជំងឺមានជាង ២២លាននាក់ហើយ និងឡើងមួយជាពីរ ដល់៤២លាននាក់នៅឆ្នាំ១៥ឆ្នាំខាងមុខ។
ហេតុអ្វី មានកំណើនអ្នកជំងឺទឹកនោមផ្អែមច្រើននៅតាមប្រទេសក្រីក្រ ?
កត្តាដ៏ចម្បងមួយដែលនាំឱ្យកើតជំងឺទឹកនោមផ្អែមប្រភេទទី២ គឺភាពស្រណុកជ្រុល និងកង្វះសកម្មភាព- កង្វះការបញ្ចេញឬធ្វើចលនារាងកាយដែលបណ្តាលមកពីរបៀបរបបរស់នៅថ្មី បែបអ្នកក្រុង ព្រមទាំងរបៀបរបបហូបចុក ដោយទទួលទានចំណីអាហារ មានជាតិខ្លាញ់ជ្រុល ប្រៃខ្លាំង និងមានថាមពលច្រើនហួសហេតុ។ ហើយនៅក្នុងប្រទេសក្រីក្រកំពុងអភិវឌ្ឍ មានកត្តាអាយុវែងមួយបន្ថែមទៀត។ អាយុសង្ឃឹមរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍចាប់កើនឡើង ដូច្នេះចំនួនអ្នកជំងឺទឹកនោមផ្អែមត្រូវតែលេចឡើងច្រើន និងកើនឡើងដែរ ព្រោះទឹកនោមផ្អែមជាប្រភេទមួយនៃជំងឺរបស់មនុស្សចាស់។
ប៉ុន្តែក្នុងករណីទ្វីបអាហ្វ្រិក ក៏ដូចជាបណ្តាប្រទេសកំពុងអភិវឌ្ឍផ្សេងទៀត ដែលល្បីថាជាប្រទេសក្រីក្រ ទទួលទានមិនគ្រប់គ្រាន់ និងថែមទាំងមានវិបត្តិខ្វះអាហារូបត្ថម្ភផងនោះ មានបញ្ហាប្រឈមពីរផ្ទុយគ្នាតែកើតទន្ទឹមពេលតែមួយ គឺ បញ្ហាខ្វះអាហារ និងបញ្ហាហូបជ្រុល។ ការហូបអាហារច្រើនជ្រុល បណ្តាលមកពីប្រទេស/សង្គមនោះកំពុងធ្វើអន្តរកាលអាហារ។
អន្តរកាលអាហារ
ពីមុនប្រទេសមានទម្លាប់ប្រពៃណីទទួលទានអាហារ ជាគ្រាប់ធញ្ញជាតិ (បាយ) ជាអាហារដែលផ្តល់ថាមពលច្រើន សម្រាប់ទៅចិញ្ចឹមរាងកាយដែលប្រើកម្លាំង ធ្វើស្រែធ្វើចំការ ... តែតាំងពី១០-១៥ឆ្នាំចុងក្រោយនេះមក ពួកគាត់ចាប់ផ្តើមប្តូរទម្លាប់មកទទួលទានអាហារបែបឧស្សាហកម្ម និងទទួលទានសាច់សត្វ កាន់តែច្រើនឡើងៗ (ច្រើនជាងមុនឆ្ងាយណាស់)។ ជាការប្តូរផ្លាស់គំរូអាហារបែបបូរាណ ដែលមានថាមពលច្រើនជាមូលដ្ឋានស្រាប់ទៅហើយ ដោយត្រូវបន្ថែមសារធាតុក្លុយស៊ីត ជាតិខ្លាញ់ ជាតិសាច់សត្វ បូកនឹងការនិយមភេសជ្ជៈផ្អែមដែលផ្តល់ថាមពលលឿនខ្លាំងទៀត របបអាហារថ្មីនាំផលអាក្រក់ណាស់ដល់សុខភាព។ ដំបូងគេគិតថាកំណើនអ្នកជំងឺទឹកនោមផ្អែម បណ្តាលមកពីការប្តូរផ្លាស់ទម្លាប់ទទួលទានចំណីអាហារបែបបុរាណ ខ្លះថាមកពីការប្រកាន់របបអាហារបែបអឺរ៉ុប តែតាមការពិតដោយហេតុកត្តាទាំងពីរបូកបញ្ចូលគ្នា។ គឺអន្តរកាលអាហារនេះហើយដែលមិនល្អ និងធ្វើផ្ទុះករណីធាត់ និង ធាត់ជ្រុលចុកខ្លាញ់។
ពូជ ?
ពូជ ក៏ជាកត្តាមួយដែលនាំឱ្យងាយកើតជំងឺទឹកនោមផ្អែមដែរ។ មកទល់ពេលនេះ ពុំទាន់មានការសិក្សាណាមួយដែលអាចពន្យល់បំភ្លឺបាន១០០%ទេ ប៉ុន្តែគេចាប់យល់ខ្លះៗ អំពីករណីពលរដ្ឋដើមកំណើតអាស៊ី និងអាហ្វ្រិក មានកំណើនជំងឺទឹកនោមផ្អែមខ្លាំង។ ជំងឺទឹកនោមផ្អែមកើនខ្លាំងនៅទ្វីបអាហ្វ្រិកនិងអាស៊ីហើយ ពលរដ្ឋអាស៊ី អាហ្វ្រិក រស់នៅលើទ្វីបអាមេរិកក៏ងាយមានហានិភ័យកើតជំងឺទឹកនោមផ្អែម ជាងពលរដ្ឋស្បែកសដែលមានរបៀបរបបរស់នៅនិងហូបចុកដូចគ្នាទៀត។...
Duration:00:09:14
កីឡា យវុវ័យ និងជំងឺធ្លាក់ទឺកចិត្ត
11/9/2022
ប្រសិនបើយើងចង់ថែរក្សាសុខភាព និងការពារមិនឱ្យកើត ឬមិនឱ្យជំងឺខ្លះ មានជាអាទិ៍ជំងឺផ្លូវចិត្ត ធ្លាក់រ៉ាំរ៉ៃធ្ងន់ធ្ងរបាន ត្រូវធ្វើតាមអនុសាសន៍ណែនាំរបស់គ្រូពេទ្យ ដែលមានតាំងពីការប្តូរទម្លាប់អាក្រក់ ទៅប្រកាន់យកទម្លាប់ល្អ ឬត្រូវចៀសវាងទម្លាប់មួយចំនួន។ ទម្លាប់ដ៏ល្អមួយសម្រាប់ទ្រទ្រង់ និងការពារសុខភាពនោះ គឺការប្រកាន់ទម្លាប់ធ្វើចលនាបញ្ចេញកម្លាំងកាយសម្បទា។ នេះហើយជាប្រធានបទនៃកម្មវិធីសុខភាពថ្ងៃនេះ។
កីឡានាំមកនូវសុខភាពល្អ នេះជាពាក្យស្លោកដែលគ្មាននរណាអាចបដិសេធប្រឆាំងបានទេ។ ប៉ុន្តែគេកម្រនិយាយណាស់ អំពីផលវិបាកនៃការមិនធ្វើកីឡាសោះ សម្រាប់សរីរាង្គកាយ។ អង្គការសុខភាពពិភពលោក បានគណនាឃើញថា នៅរវាងពីឆ្នាំ២០២០ ទៅ២០៣០ នឹងមានមនុស្ស៥០០លាននាក់នៅលើពិភពលោក កើតជំងឺបេះដូង ទឹកនោមផ្អែម ធាត់ជ្រុល និងជំងឺមិនឆ្លងផ្សេងទៀត ដែលបង្កឡើងដោយហេតុតែស្រណុកជ្រុលពេក។ មានន័យថា ក្នុងមួយឆ្នាំៗ ពិភពលោកត្រូវចំណាយប្រាក់ជាង២៧ពាន់លានដុល្លារ សម្រាប់ព្យាបាលជំងឺស្រណុកជ្រុល ដែលអាចបញ្ចៀសបានដោយប្រើមធ្យោបាយដ៏សាមញ្ញមួយ គឺធ្វើចលនាបញ្ចេញកម្លាំងកាយសម្បទា។
តាំងពីឆ្នាំ២០០០មក ពេលវេលាដែលយើងត្រូវចំណាយកម្លាំងមិនបានកើនឡើងសោះ។ យ៉ាងហោច ១ម៉ឺនជំហាន ក្នុងមួយថ្ងៃ កម្រត្រូវបានគេស្វាគមន៍ណាស់។ ជាមធ្យម មនុស្សប្រុសម្នាក់ ក្នុងចំណោមបួននាក់ និងស្ត្រីបីនាក់ក្នុងចំណោម១០នាក់ មិនបានធ្វើចលនាគ្រប់តាមម៉ោងដ៏ទាបបំផុត ដែលកំណត់ដោយអង្គការសុខភាពពិភពលោកទេ។
កាន់តែភ្ញាក់ផ្អើលទៅទៀត គឺតួលេខនៃភាពអសកម្មរបស់ក្មេងជំទង់។ បើតាមអង្គការសុខភាពពិភពលោក ក្មេងជំទង់ចំនួន ៨៥% មិនបានបញ្ចេញចលនាគ្រប់គ្រាន់ទេ។ ក្នុងមួយថ្ងៃៗ ក្មេងកំពុងពេញវ័យត្រូវការបញ្ចេញកម្លាំងធ្វើកីឡា យ៉ាងហោចមួយម៉ោង។ ប៉ុន្តែ ដោយជាក់ស្តែង មានក្មេងជំទង់អាយុពី៦ទៅ១៧ឆ្នាំ ភេទប្រុសពាក់កណ្តាល និងភេទស្រី មួយភាគបីប៉ុណ្ណោះបានធ្វើចលនាគ្រប់គ្រាន់ តាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក។ អ្នកស្រាវជ្រាវបារាំងពន្យល់ថា ការឡើងខ្លួនជាកម្លោះក្រមុំ ជាកត្តាសំខាន់មួយដែលមកបញ្ចុះសកម្មភាពរបស់ក្មេងជំទង់ទាំងពីរភេទ តែក្មេងស្រីលែងសូវបញ្ចេញចលនា គួរឱ្យកត់សម្គាល់ខ្លាំងជាង។ ជាតួលេខ ក្មេងប្រុស ចំនួន៧០% ក្មេងស្រី៥៦% ធ្វើចលនាគ្រប់គ្រាន់ នៅអាយុពី៦ទៅ១០ឆ្នាំ ទល់នឹង៣៤%សម្រាប់ក្មេងប្រុស និង២០%សម្រាប់ក្មេងស្រី នៅពេលចូលដល់អាយុ១១-១៤ឆ្នាំ និងត្រឹមតែ១៦%សម្រាប់ក្មេងស្រីនៅអាយុ១៥-១៧ឆ្នាំ (ក្មេងប្រុស៤០%)។ ហេតុអ្វី បានជាតួលេខនៃក្មេងធ្វើកីឡា ខុសគ្នាឆ្ងាយខ្លាំងម្ល៉េះរវាងក្មេងស្រីនិងក្មេងប្រុស ? ការសិក្សាជាច្រើនបានបង្ហាញថាមកពី ក្មេងស្រី មិនត្រូវចាប់អារម្មណ៍រឿងធ្វើកីឡាប្រកួតប្រជែង ហើយម្យ៉ាងទៀតគឺបញ្ហាទីកន្លែងធ្វើកីឡាប្រាត់ប្រាណនិងបរិស្ថានជុំវិញខ្លួន ដែលមកកំរិតឪពុកម្តាយមិនឱ្យលើកទឹកចិត្តឬជំរុញកូនស្រីឱ្យទៅបញ្ចេញកម្លាំងកាយធ្វើកីឡា ដូចជំរុញកូនប្រុស។ ជាចុងក្រោយ ការសិក្សាជាច្រើនបានឆ្លុះឱ្យឃើញអំពីឥទ្ធិពលនៃកំរិតជីវភាពរបស់គ្រួសារ ចំពោះសុខភាពកីឡារបស់កូនស្រីប្រុស។ គ្រួសារខ្សត់ខ្សោយមិនសូវធ្វើកីឡាទេ។
ធ្វើកីឡា មិនមែនមានន័យថាត្រូវទៅចុះឈ្មោះធ្វើជាកីឡាករអាជីពទេ។ ឱ្យតែធ្វើសកម្មភាព បញ្ចេញកម្លាំងកាយសម្បទា ទោះក្នុងកំរិតទាប ឬមធ្យម ក៏បានដែរ។
មានចិត្តចង់ធ្វើកីឡាដែរ តែបរិស្ថាននៅជុំវិញខ្លួន អេក្រង់ រថយន្ត ម៉ូតូ ការងារអង្គុយ មិនអាចជំនះចិត្តដែលត្រូវការភាពស្រណុកស្រួលបានទេ។ ម្យ៉ាងវិញទៀត តើត្រូវធ្វើដូចម្តេច ដើម្បីមានចិត្តចាប់ផ្តើមធ្វើកីឡាហាត់ប្រាណទៅ បើមួយថ្ងៃៗ រវល់វាល់ល្ងាច ធ្វើការអស់កម្លាំងហើយ ត្រូវគិតគូររឿងគ្រួសារហូបចុកនៅផ្ទះ ហើយអ្នកខ្លះមានបញ្ហាសុខភាពមួយមុខទៀតនោះ ?!
យល់អំពីសារៈសំខាន់នៃការធ្វើចលនា ដឹងអំពីគុណប្រយោជន៍នៃការហាត់ប្រាណធ្វើកីឡា ចំពោះបេះដូង ចំពោះជំងឺរ៉ាំរ៉ៃ និងចំពោះផាសុកភាពនៃរាងកាយ និងផ្លូវចិត្ត ហើយ ត្រូវជ្រើសរើសកីឡាដែលសក្តិសមនឹងខ្លួនអ្នកជាទីបំផុតផង ដែលអ្នកចូលចិត្តជាងគេផង និងត្រូវតាំងចិត្តអនុវត្តទៅតាមល្បឿននិងសមត្ថភាពនៃខ្លួនប្រាណយើងទៀត។ បើធ្វើកីឡាប្រកបដោយភាពរីករាយក្នុងចិត្ត នោះចំណង់និងជំនក់ចិត្តហាត់ប្រាណនិងធ្វើកីឡានឹងកើតឡើងដោយឯងៗ៕
Duration:00:08:31
ហេតុអ្វីជំងឺមហារីកស្ទុះឡើងខ្លាំងក្នុងចំណោមមនុស្សវ័យក្រោម៥០ឆ្នាំ ?
10/27/2022
ក្មេងជំនាន់ក្រោយមានហានិភ័យកើតជំងឺមហារីកច្រើនជាងមុន និងក្នុងវ័យក្មេងជាងមនុស្សជំនាន់មុន។ បើតាមការសិក្សាអាមេរិកទើបចេញថ្មី ជំងឺមហារីកបានកើនឡើងយ៉ាងខ្លាំងក្នុងចំណោមមនុស្សអាយុក្រោម៥០ឆ្នាំ តាំងពីជាច្រើនទសវត្សរ៍មកហើយ។ តើអ្នកស្រាវជ្រាវពន្យល់អំពីបាតុភូតនេះយ៉ាងដូចម្តេច ?
ចំនួនមនុស្សកើតជំងឺមហារីកនិងស្លាប់ដោយជំងឺមហារីកថ្លើម នៅលើពិភពលោក នឹងកើនឡើងជាង៥៥% នៅរវាងពីពេលនេះទៅ ២០ឆ្នាំខាងមុខ ប្រសិនបើគ្មានវិធីទប់ស្កាត់វាទេ។ នេះបើតាមទិន្នន័យវិភាគថ្មី របស់ក្រុមអ្នកវិទ្យាសាស្ត្រនៃវិទ្យាស្ថានស្រាវជ្រាវជំងឺមហារីកអន្តរជាតិរបស់អង្គការសុខភាពពិភពលោក ចេញផ្សាយក្នុងទំព័រទស្សនាវដ្តី Journal of Hepatology កាលពី ថ្ងៃទី៦តុលា២០២២។ មានន័យថា បើយោលទៅតាមស្ថានភាពបច្ចុប្បន្ន ពីពេលនេះដល់ឆ្នាំ២០៤០ នឹងមានមនុស្ស១,៤នាក់កើតជំងឺមហារីកថ្លើម និង១,៣លាននាក់ស្លាប់ដោយជំងឺមហារីកថ្លើមក្នុងមួយឆ្នាំៗ។
ជំងឺមហារីកថ្លើមដែលងាយបញ្ចៀសបាន ប្រសិនបើគេកំរិតការទទួលទានសុរា និងព្យាបាលជំងឺរលាកថ្លើមប្រភេទបេ និងសេ បានត្រឹមត្រូវនោះ នឹងក្លាយជាមូលហេតុចម្បងគេមួយក្នុងចំណោមមូលហេតុបីដំបូងនៃមរណភាព ក្នុង៤៦ប្រទេស និងស្ថិតក្នុងចំណោមមូលហេតុ៥ដំបូងនៃមរណភាព នៅក្នុងជាង១០០ប្រទេស។ កំណើនករណីឈឺនិងស្លាប់ស្ទុះឡើងខ្លាំងជាងគេនៅតំបន់អាស៊ីខាងកើត អាស៊ីអាគ្នេយ៍ និងអាហ្វ្រិកខាងជើង។
ប៉ុន្តែមិនមែនមានតែជំងឺមហារីកថ្លើមទេដែលកើនឡើងនោះ។ បើតាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រអាមេរិក ចេញផ្សាយក្នុងទំព័រទស្សនាវដ្តី Nature Reviews Clinical Oncology កាលពីថ្ងៃទី ៦កញ្ញា មានជំងឺមហារីកចំនួន១៤មុខ ដែលកើនឡើងនិងកើតលើអ្នកជំងឺវ័យ ក្មេង អាយុក្រោម៥០ឆ្នាំ។ មានអ្នកជំងឺវ័យមិនទាន់៥០ឆ្នាំកាន់តែច្រើនឡើងៗ កើតជំងឺមហារីក។ នេះជាបាតុភូតគួរឱ្យព្រួយបារម្ភខ្លាំងណាស់ សម្រាប់ក្រុមអ្នកស្រាវជ្រាវអាមេរិក ដែលបានបញ្ជាក់បន្ថែមទៀតថា និន្នាការកំណើនជំងឺមហារីកក្មេង (អាយុក្រោម៥០ឆ្នាំ) បានចាប់ផ្តើម តាំងពី៣០ឆ្នាំមកហើយ។
រលកជំងឺមហារីកក្មេង ជាក្តីព្រួយបារម្ភព្រោះវាប៉ះពាល់ដល់ក្រុមចង្កោមមនុស្សដែលគ្មានភាពប្រឈមនឹងជំងឺមហារីក។ មហារីកមិនរើសអាយុកើតឡើយ តែជាទូទៅ អ្នកប្រឈមនឹងហានិភ័យមហារីក ច្រើនតែជាមនុស្សអាយុលើសពី៥០ឆ្នាំឡើងទៅ។ ប៉ុន្តែតាំងពីឆ្នាំ១៩៩០មក ចំនួនមនុស្សអាយុក្រោម៥០ឆ្នាំកើតជំងឺមហារីកកើនឡើងជាលំដាប់ នៅទូទាំងពិភពលោក។ ពោលគឺ មហារីកមុនកាល បានក្លាយជាជំងឺរាតត្បាតស្រេចទៅហើយ តាំងពីឆ្នាំ១៩៩០មក។ ហើយកាន់តែគួរព្រួយបារម្ភខ្លាំងទៅទៀត ៣០ឆ្នាំក្រោយ កំណើនអ្នកកើតមហារីកក្រោមអាយុ៥០ឆ្នាំមិនបន្ថយល្បឿនសោះ ។
ក្រុមអ្នកស្រាវជ្រាវនៅមន្ទីរពេទ្យ Brigham and Women’s នៅក្រុងបូស្តុនសហរដ្ឋអាមេរិក បានប្រមូលទិន្នន័យមនុស្សធំពេញវ័យអាយុ៥០ឆ្នាំ នៅទូទាំងពិភពលោក ចន្លោះពីឆ្នាំ២០០០ទៅ២០១២ មកវិភាគឃើញថាមនុស្សពីជំនាន់មួយទៅជំនាន់មួយ ប្រឈមនឹងគ្រោះកើតជំងឺមហារីក ក្នុងវ័យកាន់តែ ក្មេងទៅៗ។ ក្រុមមនុស្សកើតនៅឆ្នាំ១៩៦០ មានហានិភ័យកើតជំងឺមហារីកមុនអាយុ៥០ឆ្នាំ ខ្ពស់ជាងក្រុមអ្នកកើតនៅឆ្នាំ១៩៥០ តែទាបជាងក្រុមអ្នកកើតនៅឆ្នាំ១៩៧០។ គ្រោះហានិភ័យឆាប់មានជំងឺមហារីក កាន់តែកើនខ្ពស់ថែមទៀត សម្រាប់កូនជំនាន់ក្រោយ ឬអ្នកកើតនៅទសវត្សរ៍ក្រោយៗមក។
ហេតុអ្វីមនុស្សអាយុក្រោម៥០ឆ្នាំ កាន់តែច្រើន មានជំងឺមហារីក ?
សម្រាប់អ្នកស្រាវជ្រាវ មូលហេតុ ដំបូងគេ គឺការប្តូរផ្លាស់របៀបរបបនិងបរិស្ថាននៃការរស់នៅប្រចាំថ្ងៃតាំងពីកើតមក ដូចជារបបចំណីអាហារ របបរស់នៅ ទម្ងន់ បរិយាកាស។ តាំងពីសង្គ្រាមលោកលើកទីពីរបានបញ្ចប់ទៅ និងជាពិសេស តាំងពីឆ្នាំ១៩៦០មក ចំណីអាហារឧស្សាហកម្មចាប់លូតលាស់ខ្លាំង ដែលបានបំប្លែង និងប្តូរផ្លាស់ទម្រង់ដើមនៃអាហារយ៉ាងខ្លាំង។
វេជ្ជបណ្ឌិត Tomotaka Ugai អ្នកដឹកនាំការសិក្សាចម្បងគេ បានគូសបញ្ជាក់ថា នៅក្នុងចំណោមជំងឺមហារីកទាំង១៤ ដែលកើននិងកើតកាន់តែច្រើនលើមនុស្សអាយុក្រោម៥០ឆ្នាំ មាន៨ជាជំងឺមហារីកពាក់ព័ន្ធនឹងប្រព័ន្ធ រំលាយអាហារ។ អាហារដែលយើងទទួលទានចូលទៅ នឹងទៅចិញ្ចឹមពពួកសរីរាង្គតូចៗក្នុងក្រពះពោះវៀន។ របបអាហារប៉ះពាល់ដោយផ្ទាល់តែម្តងទៅលើក្រុមបាក់តេរីល្អ មីក្រូប៊ីយ៉ុត ហើយយូរទៅការប្តូរផ្លាស់នេះ អាចនឹងមានឥទ្ធិពលធ្វើឱ្យមានហានិភ័យកើតជំងឺ។
ជំងឺមហារីក១៤យ៉ាងនោះគឺ មហារីកសុដន់ មហារីកពោះវៀន អង់ដូម៉ែត្រ...
Duration:00:08:47
វិនិច្ឆ័យរោគពីដំបូងមិនល្អ មហារីកសុដន់ ងាយលាប់ឡើងវិញ ?
10/19/2022
ថ្ងៃនេះជាទិវាពិភពលោកប្រឆាំងនឹងជំងឺមហារីកសុដន់។ មហារីកសុដន់ ជាជំងឺដែលសម្លាប់ស្ត្រីច្រើនជាងគេនៅលើពិភពលោក ប៉ុន្តែប្រសិនបើគេអាចរកឃើញថាមានជំងឺមហារីកនៅដំណាក់កាលដំបូង នោះអ្នកជំងឺមានសំណាងជាពីជំងឺ កាន់តែខ្ពស់។ ផ្ទុយទៅវិញ គេសង្កេតឃើញថា មានស្ត្រីពីរនាក់ក្នុងចំណោម១០នាក់ធ្លាក់ខ្លួនឈឺលាប់ឡើងវិញ ក្រោយការព្យាបាលចប់។ តើមកពីហេតុអ្វី ?
បញ្ជ្រាបនិងផ្តល់ព័ត៌មានស្តីពីជំងឺមហារីកសុដន់ គឺជាកម្មវត្ថុនៃយុទ្ធនាការ “កូលាបតុលា” ដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១តុលា នៅប្រទេសបារាំង។ ពេញមួយតុលានេះ និងជាពេលណាៗទាំងអស់ សូមស្ត្រីគ្រប់រូបអញ្ជើញទៅធ្វើតេស្តរកមើលក្រែងកើតជំងឺមហារីកសុដន់ ដែលជាមូលហេតុទីមួយនៃមរណភាពរបស់ស្ត្រីនៅបារាំង និងនៅលើពិភពលោក។
ក្នុងយុទ្ធនាការឆ្នាំ២០២២ វិទ្យាស្ថានCurie មជ្ឈមណ្ឌលព្យាបាលជំងឺមហារីកអឺរ៉ុបដ៏ធំជាងគេ បានឆ្លៀតឱកាសបូកសរុបស្ថានភាពជំងឺមហារីកសុដន់ដែលរើឡើងវិញ។ បើតាមការស្មាន ក្នុងចំណោមអ្នកជំងឺមហារីកសុដន់១០នាក់ មានពីរនាក់ធ្លាក់ខ្លួនឈឺឡើងវិញក្រោយចប់ការព្យាបាល។ ក្នុងពេលបច្ចុប្បន្ននេះ គេមិនដឹងអំពីមូលហេតុច្បាស់អំពីកត្តាហានិភ័យនាំឱ្យជំងឺលាប់ឡើងវិញទេ ប៉ុន្តែមានការសិក្សាស្រាវជ្រាវទៅមុខជាលំដាប់។ បើគេបានដឹងកាន់តែច្រើន នោះគេអាចការពារបានកាន់តែប្រសើរ។
តើគេអាចការពារមិនឱ្យជំងឺលាប់ឡើងវិញបានដោយវិធីណា ?
លោកវេជ្ជបណ្ឌិតPaul Cottu នៅដេប៉ាតឺម៉ង់ជំងឺមហារីកនៅវិទ្យាស្ថាន ៖
“ការពារកុំឱ្យលាប់កើតជំងឺមហារីកសុដន់ឡើងវិញ គ្មានអ្វីប្រសើរជាងផ្តល់ការព្យាបាលដែលមានប្រសិទ្ធភាពទេ។ មានន័យថា គឺត្រូវធ្វើរោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវបំផុត ពីដំបូង ហើយសម្របការព្យាបាល មិនថាជាការព្យាបាល ដោយវះកាត់ ដោយវិទ្យុសកម្ម ដោយប្រើថ្នាំគីមី ឬដោយវិធីផ្សេងទេ ទៅតាមការវិនិច្ឆ័យរោគដំបូងនោះ។ នេះហើយជាការការពារដ៏ល្អ មិនឱ្យជំងឺលាប់ឡើងវិញ។
ការលាប់ឡើងវិញមិនមែនសុទ្ធតែមានន័យថាការព្យាបាលគ្មានប្រសិទ្ធភាពទេ។ ថ្នាំព្យាបាលជំងឺមហារីកសុដន់អាចមានប្រសិទ្ធភាព រារាំងអ្នកជំងឺមិនឱ្យជំងឺមហារីករើឡើងវិញបាន ជាច្រើនឆ្នាំ។ ថ្នាំខ្លះបានជួយសម្រួលស្ថានភាពអ្នកជំងឺឱ្យជាសះស្បើយបានរយៈពេលដល់ទៅ១៥ឆ្នាំ។ នៅពេលជំងឺរើឡើងវិញទើបគ្រូពេទ្យ ចាប់គិតគូររកមធ្យោបាយព្យាបាលជាថ្មីទៀត។”
ការព្យាបាលដំបូង ជាអ្នកកំណត់ហានិភ័យនៃការរើឡើងវិញនៃជំងឺ នេះ បើតាមប្រសាសន៍របស់អ្នកស្រីវេជ្ជបណ្ឌិត Dr Anne Vincent-Salomon ឯកទេសជំងឺមហារីកស្ត្រីនៅវិទ្យាសា្ថនCurie ដដែល។
អ្នកស្រី Vincent-Salomon ៖ “ពិតជាមិនអាចទទួលយកបានទេ ដែលអ្នកជំងឺត្រូវលាប់ធ្លាក់ខ្លួនឈឺទៅវិញនោះ។ ដូច្នេះគេត្រូវសិក្សារកឱ្យឃើញមធ្យោបាយថ្មី និងកំណត់ប្រូណូស្ទិកជំងឺមហារីកសុដន់ឱ្យបានប្រសើរឡើងដើម្បីអាចកំណត់ឱ្យកាន់តែប្រសើរទៀតប្រភេទដុំសាច់មហារីករបស់ស្ត្រី របស់អ្នកជំងឺ ដោយត្រូវគិតផងដែរអំពីស្ថានភាពជំងឺ អាយុ ដើម្បីអាចម្រែតម្រង់ការព្យាបាលឱ្យមានប្រសិទ្ធភាពបំផុត និងកាត់បន្ថយបានហានិភ័យជំងឺរើឡើងវិញ។”
ហេតុដូច្នេះហើយបានជានៅពេលធ្វើតេស្តវិភាគរកជំងឺមហារីក ឃើញលទ្ធផលវិជ្ជមាន អ្នកជំងឺត្រូវឆ្លងកាត់ការវិនិច្ឆ័យរោគជាច្រើនដំណាក់កាលទៀត មុននឹងគ្រូពេទ្យជំនាញសម្រេចផ្តល់ថ្នាំនិងវិធីព្យាបាលជំងឺមហារីកសុដន់នោះ។
អ្នកស្រីវេជ្ជបណ្ឌិតDominique Sighoko ៖
“ជំងឺមហារីកសុដន់ មិនមែនដូចគ្នាតែមួយទេ ជាជំងឺពហុទម្រង់ ដែលមានមូលេគុលជំងឺ ច្រើនប្រភេទ ចែកជាកូនក្រុមតូចផ្សេងៗគ្នា។ ដូច្នេះដើម្បីអាចផ្តល់ការព្យាបាលដែលមានប្រសិទ្ធភាពខ្ពស់ គេចាំបាច់ត្រូវដឹងអំពីប្រភេទនៃជំងឺមហារីកសុដន់នោះ ដោយត្រូវធ្វើតេស្ត immunohistochimie (IHC) របស់ដុំសាច់មហារីក ដែលគេច្រិបមកវិភាគ។ នៅពេលធ្វើតេស្ត IHCនេះរួច គេអាចដឹងបានថាតើមហារីកនោះស្ថិតនៅក្នុងកូនក្រុមណា។ ហើយអាចផ្តល់ការព្យាបាលឱ្យចំប្រភេទ។”
មហារីកសុដន់ ជាជំងឺដែលកើតញឹកញាប់ជាងគេនៅប្រទេសបារាំង ដោយមានអ្នកជំងឺថ្មីប្រមាណ៥៨០០០នាក់ បន្ថែមក្នុងមួយឆ្នាំៗ។ និយាយបែបផ្សេង ក្នុងចំណោមស្ត្រី៨នាក់ មានជិតម្នាក់ កើតជំងឺមហារីកសុដន់ នៅក្នុងវ័យណាមួយនៃជីវិត។ ជាមហារីកដែលកើតច្រើនជាងគេហើយ បង្កឱ្យស្លាប់ច្រើនជាងគេទៀត។ ក្នុងមួយឆ្នាំៗ មហារីកសុដន់សម្លាប់ស្ត្រីប្រមាណជាង ១២០០០នាក់។ ប៉ុន្តែប្រសិនបើគេអាចរកឃើញជំងឺមហារីក...
Duration:00:07:31