Daily International Events-logo

Daily International Events

RFI

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​អន្តរជាតិ​ក្តៅគគុក​ជាងគេ​បង្អស់​មួយ មក​ពង្រីក ពន្យល់ និង​វិភាគ ដោយ​មាន​អន្តរាគមន៍​ពី​អ្នកកាសែត​របស់​យើង​ នៅ​ប្រទេស​បារាំង ឬ​ពី​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង។

Location:

Paris, France

Networks:

RFI

Description:

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​អន្តរជាតិ​ក្តៅគគុក​ជាងគេ​បង្អស់​មួយ មក​ពង្រីក ពន្យល់ និង​វិភាគ ដោយ​មាន​អន្តរាគមន៍​ពី​អ្នកកាសែត​របស់​យើង​ នៅ​ប្រទេស​បារាំង ឬ​ពី​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង។

Language:

Khmer


Episodes
Ask host to enable sharing for playback control

អូឡាំពិក​បារីស​២០២៤៖ ១០០​ថ្ងៃ​មុន​ការ​​សម្ពោធ តើ​បារាំង​បាន​ត្រៀមខ្លួន​​រួចរាល់​ហើយ​ឬនៅ?

4/17/2024
គិតចាប់ពីថ្ងៃទី​១៧មេសានេះទៅ គឺនៅ​សល់​១០០ថ្ងៃគត់ ដែល​កម្មវិធីប្រកួតកីឡាអូឡាំពិក២០២៤នៅទីក្រុងប៉ារីស នឹងចាប់ផ្តើមជាផ្លូវការ​។​ មានមតិខ្លះ បានបង្ហាញការព្រួយបារម្ភជាច្រើនចំណុច ថាហេដ្ឋារចនាសម្ព័ន្ធកីឡា ព្រមទាំងបណ្តាញដឹកជញ្ជូន​បារាំង នៅមិនទាន់រៀបចំស្រេចបាច់ ដើម្បី​ទទួល​កីឡាករនិងអ្នកទស្សនារាប់សែននាក់ឡើយ​​។​ ហើយទន្ទឹមនឹងនេះ ក៏មានផងដែរ នូវការព្រួយបារម្ភស្តីពីបញ្ហាសន្តិសុខ ដោយសារតែមានការគំរាម​​ធ្វើភេរវកម្ម​​ នៅថ្ងៃ​បើក​សម្ពោធការប្រកួត​។ តើគិតត្រឹមពេលនេះ ដំណើរការនៃ​ការរៀបចំ និងការសាងសង់ផ្សេងៗ បាន​រួចរាល់អ្វីខ្លះ នៅខ្វះអ្វីខ្លះ? ហើយថាតើអ្វីៗនឹងអាចដំណើរការដោយរលូន ដូចការរំពឹងទុកដែរឬទេ? សំណង់ហេដ្ឋារចនាសម្ព័ន្ធ​ធំៗរួចរាល់ទាំងស្រុង ជាការពិតណាស់​ វាតែងតែមាន​មនុស្ស​មួយចំនួន ដែល​មិនពេញចិត្ត ហើយរិះគន់​ជានិច្ច ថាខ្វះអញ្ចេះខ្វះអញ្ចោះ។ តែតាមពិតទៅ បើ​និយាយ​អំពី​សំណង់ហេដ្ឋារចនាសម្ព័ន្ធធំៗ ដែល​បារាំងត្រូវសាងសង់​ដើម្បីទទួលរៀបចាំការប្រកួតកីឡាអូឡាំពិកនៅប៉ារីសនេះ គឺបានរួចរាល់សឹងតែទាំងស្រុងហើយ។ យោងតាម​ គណៈកម្មាធិការរៀបចំការប្រកួត និង​ក្រុមហ៊ុនSolideo ដែលជាអ្នកទទួល​បន្ទុកប្រគល់សំណង់ទាំងអស់ គឺគេបាន​គោរព​កាលបរិច្ឆេទសាងសង់ ដូចអ្វីដែលគ្រោងទុក។ មិនត្រឹមតែប៉ុណ្ណោះទេ គឺតម្លៃនៃការចំណាយសាងសង់ បាន​ឡើងលើសបន្តិចបន្តួចតែប៉ុណ្ណោះ បើ​ប្រៀបធៀបទៅ​កញ្ចប់ថវិកា​ដែលគេគ្រោង​។ សំណង់​ភូមិអូឡាំពិក ដើម្បីទទួលកីឡាករ​ឲ្យស្នាក់នៅ ត្រូវបានប្រគល់​និង​បើកសម្ពោធឲ្យ​ដំណើរការហើយ កាលពី​ចុងខែកុម្ភៈ ដោយ​តម្លៃចំណាយ​សាងសង់​បានកើនលើសការកំណត់​ប្រមាណ​តែ​១០០លានអឺរ៉ូប៉ុណ្ណោះ។ បច្ចុប្បន្ននេះ ក្រុមការងារ​កំពុងតែបំពាក់គ្រឿងសង្ហារឹម​។ ដូចគ្នាដែរ ភូមិ​មួយទៀតសម្រាប់អ្នកសារព័ត៌មាន​ទូទាំងពិភពលោក ក៏ត្រូវបាន​បើកសម្ពោធរួចរាល់ដែរ កាលពីដើមខែមីនា។ សំណង់ភូមិអូឡាំពិកទាំង២នេះ គឺគេនឹងកែច្នៃយកធ្វើ​ជាផ្ទះរស់នៅ និងជាទីតាំងការិយាល័យ​ធ្វើការ នៅក្រោយ​ការប្រកួត​កីឡាំអូឡាំពិកចប់​។ មានអ្នកកក់ទិញផ្ទះទាំងនេះ សឹងតែអស់ទៅហើយ។ ចំណែកសំណង់ថ្មីដ៏ធំមួយទៀត ឈ្មោះ Arena Porte La Chapelle ខាងជើងក្រុងប៉ារីស ក៏រួចរាល់ហើយដែរ។ ទីនេះគឺជា​កន្លែងសម្រាប់​ប្រកួតវិញ្ញាសារ​​កីឡា​វាយ​សី និង​កីឡាកាយ​សម្ព័ន្ធ​។ រីឯទីតាំង​ប្រកួត​វិញ្ញាសារកីឡាទឹកទាំងអស់ ដែល​ស្ថិតនៅជិត​ពហុកីឡាដ្ឋានជាតិបារាំង ក៏បានបើកសម្ពោធរួចរាល់ហើយដែរ។ ជាសរុប គឺសំណង់ធំៗជាប់យូរអង្វែង គឺរួចរាល់អស់ហើយ។ ហេដ្ឋារចនាសម្ព័ន្ធខ្លះទៀត ជាការកែច្នៃជួលជុល យកទីតាំងដែលមានស្រាប់​យកមកប្រើ ជាក់ស្តែង ដូចជា​វិមានGrand Palais ដ៏ល្អវិចិត្រនៅកណ្តាលក្រុងប៉ារីស ដែលគេនឹងយកធ្វើជាទីតាំងប្រកួតកីឡាលោតសេះ និង​កីឡា​ចាក់សាប។ ដោយឡែក​ នៅមានសំណង់មួយចំនួយទៀត ដែល​គេ​គ្រោង​សាងសង់​បណ្តោះអាសន្ន​ ហើយរូសចេញវិញពេលចប់ការប្រកួត។ ជាក់ស្តែង សំណង់​ទីតាំងប្រកួត នៅខាងក្រោមក្បែរជើង Tour Eiffel តែម្តង សម្រាប់ទទួលការប្រកួត​​កីឡា​បាល់ទាល់ងងឹតភ្នែក និង​កីឡា​បាល់បោះលើខ្សាច់​។​ បច្ចុប្បន្ន​នេះ ការរដ្ឋានចាប់ផ្គុំសំណង់បណ្តោះអាសន្ន​នេះ បានចាប់ផ្តើមហើយ នៅក្បែរ Tour Eiffel។ កម្មវិធីបើកសម្ពោធលើដងទន្លេសែន ប្រឈមនឹង​ការគំរាមភេរវកម្ម​ ទាក់ទិននឹងកម្មវិធីបើកបើក​សម្ពោធ​ការប្រកួតវិញ ដែល​បារាំងគ្រោងរៀបចំធ្វើ នៅលើ​ដង​ទន្លេសែននោះ​​ គឺមាន​ការ​បារម្ភខ្លាំង​ណាស់​​អំពីបញ្ហាសន្តិសុខ ការគំរាមភេរវកម្ម​ជាដើម​។ ការរៀបចំពិធី ធ្វើនៅ​ទីហាលវាល តាមដងទន្លេសែន ដែលឆ្លងកាត់ក្រុងប៉ារីសទាំងមូល គឺវាមិន​ដូចយើងរៀបចំនៅក្នុងពហុកីឡាដ្ឋានទេ។ ពោលគឺអាជ្ញាធរបារាំង ត្រូវតែរៀបចំកម្លាំង និងផែនការច្បាស់លាស់ណាស់ ដើម្បីការពារសន្តិសុខ​ចេញចូល។ កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ លោក​ម៉ាក្រុងបានប្រកាសថា បើកៀកថ្ងៃនោះមែនទែន មាន​ការបារម្ភខ្លាំងពីសន្តិសុខ គឺគេមានជម្រើស​២ទៀត។ ជម្រើសទី​១ គឺកម្មវិធីបើកសម្ពោធ​ការប្រកួត​នឹងត្រូវធ្វើ នៅតែតំបន់​ទីលាន Trocadero ខាងមុខTour Eiffel តែប៉ុណ្ណោះ។ ហើយជម្រើសទី​២ គឺ​លើកទៅធ្វើក្នុងពហុកីឡាដ្ឋានជាតិបារាំង​ តែម្តង ប្រសិន​បើ​មានការបារម្ភខ្លាំងពីបញ្ហាភេរវកម្ម​។ តែយ៉ាងណាសម្រាប់ពេលនេះ លោក ​Gérald Darmanin ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃបារាំង បានធានាអះអាងថា អាជ្ញាធរ​បារាំង និងគណៈកម្មាធិការរៀបចំ​ នៅតែ​ធ្វើការដើរឆ្ពោះទៅកាន់កម្មវត្ថុដែលគ្រោងទុកដដែល គឺរៀបចំ​ប្រារព្ធ​​រាត្រី​បើកសម្ពោធ​​ការប្រកួត ថ្ងៃទី​២៦កក្កដា នៅលើដងទន្លេសែន​។ តែទន្ទឹមនឹង​នេះ ស្រីពេជ្រ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គេ​បាន​​បន្ថយ​ចំនួន​មនុស្ស​ចូលរួមទស្សនា ពី៦សែននាក់ ឲ្យ​មកនៅត្រឹមតែ​ ៣២៦០០០នាក់ប៉ុណ្ណោះ។ ផ្អែកតាម​លោករដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​៧ថ្ងៃមុន​ថ្ងៃបើកសម្ពោធ គេនឹងដាក់រនាំងសន្តិសុខ ព័ទ្ធតាម​បណ្តោយ​ដងទន្លេសែន ទាំងសងខាង ចាប់ពី​ស្ពាន​Bercy ទៅដល់ Trocadero ។ អ្នកដែលចង់ចូល ឬឆ្លងកាត់​តំបន់នេះ គឺត្រូវបង្ហាញ​ QR កូដ និង​អត្តសញ្ញាបណ្ណ​។ ហើយ​នៅថ្ងៃបើកសម្ពោធការប្រកួតវិញ ការរឹតបន្តឹងសន្តិសុខ នឹងធ្វើឡើងតឹងតែងជាងនេះទៀត...

Duration:00:09:56

Ask host to enable sharing for playback control

ខួបអូតង់៧៥ឆ្នាំ៖ អូតង់ខ្លាំង និងរីកធំជាងមុន ប៉ុន្តែនៅភ័យនឹងស្រមោលរបស់លោកដូណាល់ ត្រាំ

4/4/2024
បង្កើតឡើង​នៅថ្ងៃទី ៤​មេសា ១៩៤៩ ដើម្បីទប់ទល់​ឥទ្ធិពលរបស់​សហភាពសូវៀត សម្ព័ន្ធអាត្លង់ទិក​ខាងជើង អង្គការ​អូតង់ នៅថ្ងៃព្រហស្បតិ៍ទី ៤មេសានេះ ប្រារព្ធ​ខួប​៧៥ឆ្នាំ​របស់ខ្លួននៅទីស្នាក់កណ្តាល​អូតង់ នៅទីក្រុង​ព្រុចស៊ែល ប្រទេស​ប៊ែលហ្សិក។ នៅចំពោះមុខ​សង្រ្គាមរុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន អង្គការ​អូតង់​កំពុង​ប្រឈមមុខ​នឹង​ភាពមិនច្បាស់លាស់ ដោយសារ​តែ​ស្រមោល​របស់​លោក​ដូណាល់ ត្រាំ​ដែល​អាច​ឈ្នះឆ្នោត មកដឹកនាំ​អាមេរិក​សាជាថ្មី។ មានអាយុ​៧៥ឆ្នាំ តើ​អូតង់​ពិតជា​ចាស់គំរិល​ហួសសម័យ ដូច​ការលើកឡើង​របស់​អតីត​ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ឬ​ជាស្ថាប័ន​ដែល​ស្លាប់​មិន​ដំណើរការ ដូច​ពាក្យរិះគន់​របស់​ប្រធានាធិបតី​បារាំង​ដែរឬទេ? គិត​មកត្រឹមថ្ងៃនេះ ​ថ្ងៃទី ៤​មេសា​ឆ្នាំ​២០២៤ មាន​រយៈពេល ៧៥ឆ្នាំគត់ ដែល​អង្គការ​អូតង់ត្រូវ​បាន​បង្កើតឡើង ដើម្បី​ទប់ទល់​នឹង​ការពង្រីក​ឥទ្ធិពល​របស់​សហភាពសូវៀត។ នៅថ្ងៃ​ខួប​៧៥ឆ្នាំ របស់អូតង់ រដ្ឋមន្រ្តី​ការបរទេស​របស់ប្រទេស​សមាជិក​អូតង់ ទាំង​៣២​ជួបប្រជុំគ្នា នៅ​ទីស្នាក់ការរបស់អូតង់ នៅទីក្រុង​ព្រុចស៊ែល ប្រទេស​ប៊ែលហ្សិក។ នៅក្នុងប្រវត្តិ​សាវតារ ៧៥​ឆ្នាំ​របស់ខ្លួន សម្ព័ន្ធអាត្លង់ទិក​ខាងជើង​អូតង់ ខ្លាំង រួបរួម និង​រីកធំខ្លួន​ជាងពេលណាៗទាំងអស់។ នេះ​ជា​ប្រសាសន៍​របស់​អគ្គលេខាធិការ​អង្គការ​អូតង់ នៅ​ថ្ងៃពុធទី ៣មេសា មួយថ្ងៃ​មុន​ខួប​៧៥ឆ្នាំ​របស់​អូតង់។ នៅ​ថ្ងៃ​ទី​៤​មេសា ឆ្នាំ ១៩៤៩ មានតែ ប្រទេសនៅ​អឺរ៉ុប និង​អាមេរិកខាងជើង ​ចំនួន ១២ប៉ុណ្ណោះ​ដែលបាន​ស្រាក់ដៃ​គ្នាបង្កើត​សម្ព័ន្ធ​កម្លាំង​អាត្លង់ទិក ដើម្បី​ប្រឈម​ទប់ទល់​នឹង​ការពង្រីក​ឥទ្ធិពល​របស់​សហភាព​សូវៀត ក្រោយ​ចប់​សង្រ្គាមលោក​លើក​ទី២។ ៧៥ឆ្នាំក្រោយ ចំនួន​សមាជិក​អូតង់​បានកើនឡើង ពី​១២ ដល់​៣២ប្រទេស។ អូតង់​ខ្លាំង​ជាងមុន ដោយ​បាន​ពង្រីក​វិសាលភាព​របស់ខ្លួន នៅទឹកដីអឺរ៉ុប តាមរយៈ ការចូលជា​សមាជិក​របស់​ប្រទេស​ហ្វាំងឡង់ និង​ស៊ុយអែត​ដោយសារ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ សង្រ្គាម​អ៊ុយក្រែន​ជា​ការវាយ​ទូងស្គរ​ដាស់​ឲ្យ​ប្រទេសជិតខាង​រុស្ស៊ី ជាពិសេស​ប្រទេស​នៅ​អឺរ៉ុបខាងជើង ដូចជា​ហ្វាំងឡង់ និងស៊ុយអែតដែលសុខចិត្ត​បោះចោលគោលការណ៍​អព្យាក្រឹត​របស់ខ្លួន ដើម្បីចុះចូល​ក្នុងសម្ព័ន្ធអូតង់ ក្នុងក្តីសង្ឃឹម​ទទួលបានការការពារ​ពីមាត្រា​ទី​៥​របស់​អូតង់។ សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែននៅ​ទឹកដី​អឺរ៉ុប នៅ​ក្បែរ​ប្រទេសសមាជិក​របស់​អូតង់ ដូចជា​ប៉ូឡូញ រូម៉ានី បាន​ធ្វើ​ឲ្យ​ពាក្យ​ចោទប្រកាន់ ដែលថា អូតង់​ចាស់គំរិល​លែង​មាន​ន័យ។ នៅ​ពេល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​នៅឆ្នាំ ២០១៧ លោក​ដូណាល់ ត្រាំ ធ្លាប់​បង្កើត​ក្តី​មន្ទិល​សង្ស័យ​ក្នុងចំណោម​ប្រទសសមាជិកអូតង់ នៅពេល​លោក​និយាយ​រិះគន់​អូតង់​ថា ជា​អង្គការ​ចាស់​គំរិល ហួសសម័យ។ ចាស់គំរិល ព្រោះតែ​តែ​អូតង់ ផ្តោតសំខាន់តែ​រឿងរុស្ស៊ី ប៉ុន្តែ មិនមែន​ក្រុមភេរវនិយម។ លោក​ដូណាល់ ត្រាំ​កាលណោះ​ចង់​ឲ្យអូតង់​ងាកបែរ​ទៅជួយអាមេរិក នៅក្នុងរឿងប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម​ដែលសកម្មខ្លាំង នៅស៊ីរី និង​អ៊ីរ៉ាក់។ ប៉ុន្តែ ការប្រែប្រួល​ស្ថានការណ៍នយោបាយ នៅ​អឺរ៉ុបសព្វថ្ងៃនេះ ជាមួយ​ការធ្វើសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន បាន​ធ្វើ​​ឲ្យ​សំដី​របស់​លោក​ដូណាល់ ត្រាំ​ចាស់គំរិល ហួសសម័យ ទៅវិញ។ សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន នៅទឹកដី​អឺរ៉ុប បាន​បញ្ជាក់​អត្ថន័យកម្មវត្ថុ​របស់​អូតង់​ដែលចាត់ទុក​រុស្ស៊ីជា​គោលដៅ​អាទិភាព​របស់​អូតង់។ ចង់ ឬមិនចង់ អូតង់​ត្រូវ​ត្រលប់​មក​ប្រឈម​នឹង​សត្រូវចាស់​រុស្ស៊ី ដែលតាមពិត​ជាហេតុផល​ចំបង​ឲ្យគេ​បង្កើត​អង្គការអូតង់ កាលពី​៧៥ឆ្នាំមុន។ លោកម៉ាក្រុងធ្លាប់​ថា អូតង់​ដែល​ជា​ស្ថាប័នស្លាប់ មិនដំណើរការ នៅក្នុងក្រសែភ្នែក​របស់​លោកប្រធានាធិបតីបារាំង ពាក្យ​រិះគន់​របស់​លោក​ប្រធានាធិបតីបារាំង ដែលថា អូតង់ ជា​ស្ថាប័ន​ស្លាប់​មិនដំណើរការ វិញ ក៏​លែង​ត្រូវដែរ។ លោក​ម៉ាក្រុង​បាននិយាយ​ពាក្យនេះ នៅមុន​មាន​សង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន នៅក្នុងកាលៈទេសៈ​មួយ ដែល​សមាជិក​អូតង់​កំពុង​បែកប្រេះឆា ដោយសារ​ផលប្រយោជន៍ផ្ទាល់ខ្លួន។ លោកម៉ាក្រុង​ធ្លាប់បាននិយាយ​ថា អូតង់ មានតែ​ដង្ហើម បេះដូង ប៉ុន្តែ ខួរក្បាលស្ពឹក មិនដំណើរការ ព្រោះថា អូតង់​កាលពី​៥ឆ្នាំ​មុន គ្មាន​លទ្ធភាព​ចាត់ចែង អារកាត់អ្វី នៅពេល ប្រទេស​សមាជិក​ដូចជា​អាមេរិក​សម្រេច​អត្តនោម័តដកទ័ព​ចេញពីស៊ីរី លែង​ជួយ​កងកម្លាំងគួដឌីស្ថាន និងបណ្តោយ​ទុក​ឲ្យ​តួកគី​ដែលជា​សមាជិក​របស់អូតង់​វាយប្រហារ​ទៅលើ​ក្រុមនេះ​យ៉ាងសន្ធប់។ ការវាយប្រហារ​របស់តួកគី​ទៅលើ​ក្រុមគួដឌីស្ថាន​បាន​ប៉ះពាល់​ដល់​បេសកកម្ម​របស់​បារាំង​នៅស៊ីរី ដែលកំពុងជួយ​ក្រុមនេះ​នៅ​ស៊ីរី ដើម្បីប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​ភេរវនិយម។ នៅ​៥ឆ្នាំក្រោយការរិះគន់របស់​ប្រធានាធិបតីបារាំង អូតង់​ចាប់រស់រវើក សកម្ម​ជាងមុនឆ្ងាយណាស់។ ប្រទេស​នៅអឺរ៉ុប​ដែលជា​សមាជិក​របស់អូតង់​រួមទាំងបារាំងខ្លួន​ឯង​ផង បាន​ជំរុញ​វិស័យការពារ​ជាតិ តាមរយៈ​ការបង្កើន​ថវិកាកងទ័ព...

Duration:00:10:45

Ask host to enable sharing for playback control

២ឆ្នាំនៃ​សង្រ្គាម អ៊ុយក្រែនស្ថិត​ក្នុងស្ថានភាពទប់ទល់លើ​សមរភូមិ

2/24/2024
ថ្ងៃទី២៤ កុម្ភៈ ២០២៤ ជាគម្រប់​​២ឆ្នាំ​នៃ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។​ សង្គ្រាម​បាន​ឈាន​ចូល​ដល់​ឆ្នាំ​ទីបី តែ​អ៊ុយក្រែន​ហាក់​ចុះ​ទន់​ដៃ។ ក្នុង​ខណៈ​ដែល​ជំនួយ​យោធា​របស់​ក្រុម​សម្ព័ន្ធមិត្តហូរ​ចូល​អ៊ុយក្រែន​យ៉ាង​យឺត​យ៉ាវ យោធា​​រុស្ស៊ី កំពុង​ស្ទុះ​ឡើង​កម្លាំង។ ប៉ុន្តែ​សាមគ្គី​ភាពមិន​ចុះ​ថយ​ទេ នៅថ្ងៃ​ទី​២៤​កុម្ភៈ​២០២៤​នេះ ប្រមុខ​ដឹកនាំ​ជា​ច្រើន​បាន​ធ្វើ​ដំណើរទៅ​ក្រុង​កៀវ ហើយ​ហ្សេ៧​បាន​បើក​ជំនួប​កំពូល​ស្តីពី​អ៊ុយក្រែន​ ដោយ​គ្រោង​នឹង​ចេញ​សេចក្តី​ថ្លែងការណ៍​រួមរឹត​បន្តឹង​​ទណ្ឌកម្មលើ​រុស្ស៊ី​បន្ថែម​ទៀត។ ​ នៅថ្ងៃទី ២៤​កុម្ភៈ​២០២២ ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន បាន​រំពឹង​ថា ប្រត្តិបត្តិការ​យោធា​​​រុស្ស៊ី ​នឹង​ដណ្តើម​យក​ក្រុងកៀវ​បាន​ដោយប្រើពេល​តែពីរ​បី​ថ្ងៃ​ តែ​កម្លាំង​តស៊ូ​របស់​អ៊ុយក្រែន​បាន​ជំរុញ​ឱ្យ​រុស្ស៊ី​ចាញ់​ដក​ខ្លួន​ចេញទៅ​វិញ ហើយ​សង្គ្រាម​ក៏​បាន​អូស​បន្លាយ តាំងពី​ពេល​នោះ​មក​ និង​មាន​រយៈ​​ពេលពីរ​ឆ្នាំពេញ​ នៅ​ថ្ងៃ​ទី ២៤​កុម្ភៈ​២០២៤​នេះ។ ក្នុង​ថ្ងៃ​ខួប​ពីរ​ឆ្នាំ​នេះ ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី បាន​ប្រកាស​ថា ​​អ៊ុយក្រែន​នឹងយក​​ឈ្នះ​សង្គ្រាម​បាន​។ ​រុស្ស៊ី​កំពុង​មាន​ប្រៀប​លើ​អ៊ុយក្រែននៅ​​សមរភូមិ ប៉ុន្តែ ក្នុង​អំឡុងពេល​ពេញ​មួយ​ឆ្នាំ​២០២៣​កន្លង​ទៅ​ កងទ័ព​​អ៊ុយក្រែន​ មិន​បាន​សម្រេច​ផែនការ​ប្រយុទ្ធ​របស់​ខ្លួន​ទេ។ គម្រោង​​វាយបក​យក​ទឹក​ដីវិញកាលពី​រដូវ​ក្តៅ​មិន​បាន​សម្រេច​ដូច​បំណងឡើយ។ កងទ័ព​រុស្ស៊ី​ស្រាប់​តែ​មាន​សន្ទុះ​ឡើង​វិញ និង​មាន​ប្រៀប​ខ្លាំង។​ ឯ​កងទ័ព​អ៊ុយក្រែនធ្លាក់​ដៃ​ បាន​ថ្ងូរ​ថ្ងូរ​អំពី​ភាពទន់​ខ្សោយ​របស់​ខ្លួន ​ព្រោះ​ខ្វះ​កម្លាំង​ទាហាន​មក​ប្តូរ​សាង​នៅ​លើ​សមរភូមិ ហើយ​ត្រូវ​ប្រឈម​នឹង​ការ​ខ្វះ​ខាត​គ្រាប់​និង​សម្ភារៈជា​ខែល​​ការពារ​ដែន​អាកាស​ទៀត។ ទីតាំង​យុទ្ធសាស្ត្រ​ខ្លះ នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស ត្រូវ​បាន​រុស្ស៊ី​ដណ្តើម​យក​វិញផង។ សារសាមគ្គីភាពនិង​ជំនួយ ស្ថានភាព​នៅ​សមរភូមិ​ប្រយុទ្ធ​លំបាកខ្លាំង​មែន។ នេះ​ជា​ប្រសាសន៍​របស់​លោក​ប្រមុខ​អង្គការ​អូតង់ ដោយ​អះអាង​ថា​​ ប្រធានាធិបតី​រុស្ស៊ី នៅ​តែ​​​ចង់​គ្រប់គ្រង​អ៊ុយក្រែន​ ហើយ​គ្មាន​បញ្ចេញ​សញ្ញា​រក​សន្តិភាព​ឡើយ ប៉ុន្តែ​​សូម​កុំ​អស់​សង្ឃឹម​។ អំពើ​អាក្រក់​មិន​អាចឈ្នះ​​បាន​ទេ ! នេះ​ជា​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស ដែល​បាន​ប្រកាស​នៅថ្ងៃ​ម្សិលមិញ ថា​អង់គ្លេស នៅ​ក្បែរ​និង​គាំទ្រ​អ៊ុយក្រែន​ជា​និច្ច​និង​ជា​រៀង​រហូត​ទៅ​។ លោក​ថែម​ទាំង​បាន​ប្រកាស​ផ្តល់​ជំនួយ​២៨៧​លានអឺរ៉ូ​ សម្រាប់យក​ទៅ​ផលិត​គ្រាប់​កាំភ្លើង ដែល​អ៊ុយក្រែន​កំពុង​ត្រូវការ​ជា​បន្ទាន់​ផង ​និង​បង្កើន​ស្តុកផង ព្រមទាំង​ជំនួយ​​ជិត​១០​លាន​អឺរ៉ូ​ទៀត សម្រាប់​ផ្នែក​​មនុស្សធម៌។ អង់គ្លេស​ជា​ម្ចាស់​ជំនួយដ៏​ចម្បង​មួយ​សម្រាប់​អ៊ុយក្រែន បន្ទាប់ពី​សហរដ្ឋ​អាមេរិក​ សង្ឃឹម​ថាជំនួយប​ន្ថែម​​ទាំងនេះ នឹងនាំ​ជោគជ័យ​ និង​សណ្តាប់​ធ្នាប់អន្តរជាតិ​ឡើងវិញ។ ហ្សេ៧បន្ថែមទណ្ឌកម្ម​លើ​រុស្ស៊ី នាយករដ្ឋមន្ត្រីកាណាដា ​​​លោកស្រី​ប្រមុខ​ដឹកនាំសហភាព​អឺរ៉ុប បាន​អញ្ជើញទៅដល់​ក្រុង​កៀវ​នៅថ្ងៃ​សៅរ៍​នេះ និង​បាន​អបអរ​ស្វាគមន៍​ភាព​តស៊ូ​ស្វិតស្វាញ​របស់​ប្រជាពលរដ្ឋ​អ៊ុយក្រែន​ ដោយ​បញ្ជាក់​ថា អឺរ៉ុប គាំទ្រ​អ៊ុយក្រែន ទាំង​ផ្នែក​ហិរញ្ញវត្ថុ សេដ្ឋកិច្ច​ យោធា​ និង​ផ្លូវ​ចិត្ត​រហូត​ទល់​តែ​ប្រទេស​អ៊ុយក្រែន​បានទទួល​សេរីភាពពេញ​លេញ។ នាយករដ្ឋមន្ត្រី​អ៊ីតាលី​ដែល​ជា​ប្រធាន​ផ្លាស់​វេនក្រុម​ប្រទេស​ហ្សេ​៧ ក៏​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ដោយ​ឥត​ព្រៀង​ទុក​នៅ​ទីក្រុង​កៀវ​ដែរ។ លោកស្រី​ ចចារ មេឡូនី នឹង​ដឹកនាំ​ជំនួបកំពូល​​ហ្សេ​៧​ស្តីពី​អ៊ុយក្រែន​ តាម​ប្រព័ន្ធ​វីដេអូ​ នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី ២៤​កុម្ភៈនេះ។ ជំនួប​រយៈ​ពេល​មួយ​កន្លះ នឹង​បញ្ចប់​ទៅ​ដោយ​មាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ជាមួយ​អ៊ុយក្រែន​ផង។ បើ​តាម​គម្រោង​ ហ្សេ​៧ គ្រោង​ដាក់​ទណ្ឌកម្ម​បន្ថែម​ដើម្បី​រឹត​បន្តឹង​សេដ្ឋកិច្ច​រុស្ស៊ី។ ដោយ​ឡែក​ក្នុង​ក្របខ័ណ្ឌទ្វេ​ភាគី អ៊ីតាលី​ក៏​នឹង​ចុះ​កិច្ចព្រមព្រៀង​សន្តិសុខ​ជាមួយ​អ៊ុយក្រែនដែរ ដូច​អ្វី​ដែល​ក្រុមហ្សេ​៧​បានសម្រេច​កាលពី​ខែ​កក្កដា​២០២៣។ ​បន្ទាប់​ពី​អង់គ្លេស​កាលពី​ខែ​មករា ​បារាំងអាល្លឺម៉ង់​និង​២៥​ប្រទេស​ផ្សេង​ទៀត​ ដូច​យ៉ាង​ប៉ូឡូញ បាន​សម្រប​តាម​គំនិត​ផ្តួច​ផ្តើម​បង្កើត​កិច្ចព្រមព្រៀងសន្តិសុខ​​ទ្វេភាគី​ជាមួយ​អ៊ុយក្រែន។ កិច្ចព្រមព្រៀង​សន្តិសុខ​នេះ នឹង​ជួយដល់​អ៊ុយក្រែន​នូវ​​សម្ភារៈ​បរិក្ខារយោធា ប្រតិបត្តិការ​ និង​ការ​បំពាក់បំប៉ន​យុទ្ធជន​អ៊ុយក្រែន ព្រមទាំង​ពង្រឹង​ឧស្សាហកម្ម​ការពារ​ជាតិ​អ៊ុយក្រែនទៀត។ ចំណែក​អាមេរិក ថ្វីបើ​មិន​ទាន់​អាច​ទម្លាយ​កញ្ចប់​ជំនួយ​យោធា​នៅសភា​បាន​មែន តែ​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​បន្ថែម​លើរុស្ស៊ី។ ជា​ទណ្ឌកម្ម​ដៅ​លើ​ក្រុម​ហ៊ុន​ដឹកជញ្ជូន​ប្រេង​ ចំនួន​១៤​ ដែល​រុស្ស៊ី​តែង​ប្រើ​សម្រាប់ពង្វាង​ទណ្ឌកម្ម​...

Duration:00:04:11

Ask host to enable sharing for playback control

សន្និសីទសន្តិសុខក្រុងម៉ុយនិចលើកទី៦០​​បើកនៅអាល្លឺម៉ង់ ខណៈសង្រ្គាមនៅអ៊ុយក្រែន ឈានចូលឆ្នាំទី៣

2/16/2024
បាំងតែ​១សប្តាហ៍ទៀត ​សង្គ្រាម​ឈ្លានពានរុស្ស៊ី​លើ​អ៊ុយក្រែន ឈាន​ចូល​ឆ្នាំទី៣។ ​ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី អញ្ជើញ​ចូលរួម​ខួប ​៦០ឆ្នាំ ​នៃ សន្និសីទ​​សន្តិសុខ​​ក្រុងម៉ុយនិច នៅអាល្លឺម៉ង់​។ ​ ​​មេដឹកនាំ​នយោបាយ​និងការទូតពិភពលោក​ ប្រមាណ ១៨០ ​ចូល​រួម​​សន្និសីទ​​សន្តិសុខនេះ។ សន្និសីទ​​សន្តិសុខ​​ក្រុងម៉ុយនិច ចាប់បើក​នៅថ្ងៃ​សុក្រ ទី​១៦កុម្ភៈ ​​គ្រប​ដណ្តប់​ដោយ​សំណុំរឿង​ជម្លោះ​សង្គ្រាមឈ្លានពាន​​រុស្ស៊ី​នៅ​អ៊ុយក្រែន និង​សង្គ្រាម​​អ៊ីស្រាអែល-ក្រុម​ហាម៉ាស នៅតំបន់ហ្កាហ្សា។ ជុំវិញ​​សង្គ្រាម​នៅ​ហ្កាហ្សា ​ប្រធានាធិបតី​អ៊ីស្រាអែល អញ្ជើញ​ចូលរួម​សន្និសីទ​​សន្តិសុខ​​ក្រុងម៉ុយនិច ស្របពេល​នឹង​វត្តមាន​របស់​ថ្នាក់ដឹកនាំ​​ប៉ាឡេស្ទីន​ ព្រមទាំង​ថ្នាក់ដឹកនាំ​ប្រទេស​ក្នុងតំបន់​ដើមបូព៌ា រួមទាំង អនុប្រធានាធិបតី លោកស្រី ខាម៉ាឡា ហារីស ​និង​លោក អង់តូនី ប្ល៊ីងកិន ប្រមុខ​ការទូត​សហរដ្ឋអាមេរិក​ ក៏ចូលរួម​ដែរ។​ ប្រមុខ​ការទូត​ចិន លោក វ៉ាង យី មកចូលរួមសន្និសីទ ដោយ​ស្កាត់​ចូល​ អេស្ប៉ាញ ​ជាមុន​សិន ដើម្បី​អបអរ​ខួប​ទំនាក់ទំនង​៥០ឆ្នាំ​។​​ ផ្ទុយ​ទៅវិញ លោក វ្ល៉ាឌីមៀរ ពូទីន ប្រមុខរដ្ឋរុស្ស៊ី​និង​ថ្នាក់ដឹកនាំរុស្ស៊ី ​គ្មាន​ការ​អញ្ជើញ​សោះឡើយ។​ ​បារាំង អាល្លឺម៉ង់ និងអ៊ុយក្រែន ​ចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង​សន្តិសុខ​ ចំពោះ​ប្រមុខ​រដ្ឋអ៊ុយក្រែន, ដំណើរ​ទស្សនកិច្ច​របស់​លោក ហ្សេឡេនស្គី​ មក​អឺរ៉ុប​នេះ ដើម្បី​ចូលរួមសន្និសីទ​​សន្តិសុខ​នៅក្រុងម៉ុយនិចផង ​ហើយក៏​ស្របពេល​ដែល​ សមរភូមិ​មុខ​នៅប៉ែក​ខាង​កើត​ប្រទេសអ៊ុយក្រែន កំពុងតែតាន​តឹង​ខ្លាំង ដ្បិត​ថា ទ័ព​រុស្ស៊ី​កាន់​តែ​រុល​មក​មុខ​ ហើយ​ទ័ព​អ៊ុយក្រែន​លំបាក​ទប់​ទល់។ លំបាកទប់​ទល់ព្រោះ​ខ្វះ​កម្លាំង​សម្ភារៈ​សឹក ស្របពេល​ដែល​ ជំនួយ​យោធា​ពី​សំណាក់​អាមេរិក ត្រូវជាប់​គាំង​។​ អាស្រ័យ​ហេតុ​ដូចនេះ​ហើយ ទើប​នៅថ្ងៃ​សុក្រ ទី​១៦កុម្ភៈ​​​ ​ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ត្រូវ​ជួប​អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍ និង​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង។ កម្មវត្ថុ​នៃដំណើរ​របស់​លោក ហ្សេឡេនស្គី ​ជំរុញ​ឲ្យ​ថ្នាក់​ដឹកនាំ​អឺរ៉ុប​ ឲ្យ​ប្រញាប់​ទម្លាក់​ជំនួយ​បន្ថែម ជា​បន្ទាន់​។ ក្នុង​ខែ​នេះ នេះគឺ​ជាលើកទី១​ដែល​លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី អញ្ជើញ​ចេញក្រៅប្រទេស បន្ទាប់ពី​លោក​បាន​រុះរើ​ក្បាល​ម៉ាស៊ីន​មេបញ្ជាកងទ័ព​ ដែល​លោក​ចង់​ឲ្យ​ជំរុញ​សន្ទុះ​កម្លាំង​យោធា។ លោក ហ្សេឡេនស្គី ត្រូវ​ជួប​អធិការបតីអាល្លឺម៉ង់ មុន​គេ ក៏ព្រោះតែលោក​ អូឡាហ្វ ស្ហុលស៍ ដែល​ទើបតែ​ត្រឡប់​មកពី​សហរដ្ឋអាមេរិក​ថ្មីៗ។ ក្រុង​វ៉ាស៊ីនតោន ជាទីថ្នាក់ដឹកនាំ​អាល្លឺម៉ង់ ជំរុញ​ឲ្យ​អាមេរិក​ប្រឹង​ប្រែង​ផ្តល់​ជំនួយ​ឲ្យរុះ​រាន់​ជួយ​ដល់​អ៊ុយក្រែន​។​ ចំណែក​ជំនួប​​លោក អេម៉ានុយអែល ម៉ាក្រុង វិញ គឺ​វិមានប្រធានាធិបតីបារាំង អេលីហ្សេ បាន​បញ្ជាក់​តាំងពីថ្ងៃ​ព្រហស្បតិ៍ ទី​១៥កុម្ភៈ ថា ប្រធានាធិបតីអ៊ុយក្រែនអញ្ជើញ​មក​ក្រុង​ប៉ារីស ជាគម្រប់​លើកទី៣ ហើយ​ជំនួប​រវាងប្រមុខ​រដ្ឋទាំង២ បង្ហាញពី​ស្មារតី​ជួយ​គាំទ្រ​របស់​បារាំង​ចំពោះ​អ៊ុយក្រែន​ ដោយ​ឥត​ងាករេ ដើម្បី​ផ្ចាញ់​ការ​ឈ្លានពាន​របស់​រុស្ស៊ី។​ បើតាម​ប្រភព​ពីកាសែត​ក្នុងស្រុក ​បារាំង អាច​នឹង​ផ្តល់​​មូលនិធិ​ជំនួយ ២០០ លានអឺរ៉ូ​ សម្រាប់​គម្រោង​ស៊ីវិល​ ដឹកនាំដោយ​ក្រុមហ៊ុន​បារាំ​ង។​ ក្នុងជំនួបនៅលើកនេះ ​ថ្នាក់​ដឹកនាំ​ទាំងបី ​បារាំង អាល្លឺម៉ង់ និងអ៊ុយក្រែន ក៏​នឹងចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង​សន្តិសុខ​។ ច្រើនតែសន្យា តែ​កញ្ចប់​ជំនួយ​ធ្លាក់​ដៃតិច នៅលើសមរភូមិអ៊ុយក្រែន ​គឺ អ៊ុយក្រែន វាយ​រុល​ទៅ​មុខស្ទើរ​​មិនរួច ហើយ​ការវាយប្រហាររបស់អ៊ុយក្រែន បែរប្តូរ​​យុទ្ធសាស្ត្រ​មកប្រើ​យន្តហោះ​ដ្រូនវិញ។ នេះក៏​ព្រោះខ្វះ​ជំនួយ ខ្វះគ្រាប់​។ ប៉ុន្មា​នសប្តាហ៍​មកនេះ ទ័ព​អ៊ុយក្រែន សន្សំសំចៃ​គ្រាប់ណាស់។ ​ ចាប់ពីផ្ទុះ​សង្គ្រាម​នៅខែ​កុម្ភៈ​ឆ្នាំ​២០២២មក ប្រទេស​ពិភពលោក បាន​សន្យាផ្តល់​ជំនួយ ២៦៥,១ ពាន់​លានអឺរ៉ូ សម្រាប់​ជួយ​អ៊ុយក្រែន ដោយ​បែង​ចែង​ជាជំនួយ​ហិរញ្ញវត្ថុ​ ជំនួយ​យោធា និង​ជំនួយ​មនុស្ស​ធម៌។​ នេះបើតាម​កាសែត​ឡឺម៉ុង់​។​ បើ​គិត​ជាប្រទេសនីមួយៗ សហរដ្ឋអាមេរិក ម្ចាស់​ជំនួយ​ធំ​​ជាង​គេ ទាំង​ថវិកា​និង​សម្ភារៈ​យោធា សម្រាប់​ជួយ​ដល់​អ៊ុយក្រែន។ ​ច្រើន​សប្តាហ៍​មកហើយ ដែល​រដ្ឋបាល​របស់​លោក ចូ បៃដិន បាន​ខំប្រឹង​បញ្ចុះ​បញ្ចូល​សភា​អាមេរិក​ ឲ្យ​អនុម័ត​ទម្លាក់​ជំនួយ​ ក៏ប៉ុន្តែ​ ​កញ្ចប់​ជំនួយ​អាមេរិក​ ត្រូវ​ជាប់​ការ​កក់ស្ទះ ព្រោះតែ​បញ្ហានយោបាយ​​ផ្ទៃក្នុង ពិសេស​គឺការ​ជំទាស់​ពីក្រុម​អ្ន​កនយោបាយ​គណបក្ស​សាធារណរដ្ឋ​​។ មិនតែប៉ុណ្ណោះ​ អ្ន​កជំនាញ​កិច្ចការ​អន្តរជាតិ កំពុងតែ​មាន​ក្តីព្រួយបារម្ភថា ប្រសិន​បើ​លោក ដូណាល់ ត្រាំ ឈ្នះ​ឆ្នោត​ឆ្នាំ​២០២៤ នឹង​មា​នការ​បង្កក​ជំនួយ​ដល់​អ៊ុយក្រែន។​ បើតាម​ទិន្នន័យ​របស់ វិទ្យាស្ថាន​ស្រាវ​ជ្រា​វ​​អាល្លឺម៉ង់ (Kisel Institute) ​​ចេញផ្សាយ​នៅ​ថ្ងៃសុក្រ​ ទី​១៦កុម្ភៈ គឺថា​...

Duration:00:05:27

Ask host to enable sharing for playback control

បោះឆ្នោត​ប្រធានាធិបតី​៖ អតីត​ឧត្តមសេនីយ៍​កំពុង​ក្លាយ​ជា​ប្រមុខ​ដឹកនាំ​ថ្មីឥណ្ឌូណេស៊ី​?

2/14/2024
​ថ្ងៃ​នេះ ពលរដ្ឋ​ឥណ្ឌូណេស៊ីជិត២០៥​លាន​នាក់ ត្រូវ​បោះឆ្នោតជ្រើសរើស​​ប្រធានាធិបតី​ និង​ ​​បោះឆ្នោត​សភា ជ្រើសរើស​តំណាង​រាស្ត្រ​ថ្នាក់ជាតិ ៥៨០អាសនៈព្រមទាំង​ថ្នាក់តំបន់និងមូលដ្ឋាន​ចំនួន២ម៉ឺន​រូប​។ បេក្ខជនបី​​រូបបាន​ឈរ​ឈ្មោះ​​ប្រកួត​ប្រជែង​យក​តំណែង​​ប្រធានាធិបតីបន្តពីលោក​ចូកូ វីដូដូ ដែល​មិន​អាច​ឈរ​ឈ្មោះ​ជា​លើក​ទីបី។ បើ​តាម​លទ្ធផល​ប៉ាន់ស្មាន​បឋម​ បេក្ខជន​ប្រធានាធិបតី​ប្រាបូវូ ស៊ូប៊ីយានតូ ដែល​មាន​ជំហរ​បន្ត​នយោបាយ​របស់​​លោក​ចូកូវី កំពុង​នាំ​មុខ​ ជាមួយ​នឹង​សំឡេង​គាំទ្រ​ប្រមាណ​៥៥% សម្រាប់​ការ​រាប់​សន្លឹកឆ្នោត​៦០%។ ថ្ងៃ​នេះ ពលរដ្ឋ​ឥណ្ឌូណេស៊ីជិត២០៥​លាន​នាក់ ត្រូវ​បោះឆ្នោតជ្រើសរើស​​ប្រធានាធិបតី​ ដែល​មាន​​បេក្ខជន​បី​រូប ប្រកួត​ប្រជែង​គ្នាផង និង​ ត្រូវ​​បោះឆ្នោត​សភា ជ្រើសរើស​តំណាង​រាស្ត្រ​ថ្នាក់ជាតិ ៥៨០អាសនៈ និង​ថ្នាក់តំបន់-​មូលដ្ឋាន​ចំនួន២ម៉ឺន​រូប។​ ជា​សរុប​ឥណ្ឌូណេស៊ី​ មាន​ការិយាល័យ​បោះឆ្នោត​ចំនួន ជាង​៨០ម៉ឺន​ការិយាល័យ ដាក់​ពង្រាយ​នៅ​ទូទាំង​ប្រទេស​ ដែល​ជា​ប្រជុំ​កោះ​តូច​ធំ​ចំនួន​ដល់​ទៅ​១៧០០០​កោះ លាត​សន្ធឹង​ពី​កើត​ទៅលិច ប្រវែង ៤៨០០​គីឡូម៉ែត្រ។ ប៉ា​ពូអាស៊ី​ នៅ​ភាគ​ខាងកើតបំផុត​នៃ​ប្រទេស ​បាន​ចាប់​ផ្តើម​បោះឆ្នោត​មុន​គេ នៅ​វេលា​ម៉ោង​៧ព្រឹក​ម៉ោង​ក្នុង​តំបន់ ដែល​ត្រូវ​ជា​ម៉ោង ១០យប់​ថ្ងៃអង្គារ​នៅ​ឡើយ​បើ​គិត​តាម​ម៉ោង​សកល ហើយអ្នក​​កោះស៊ូម៉ាត្រាភាគ​ខាង​លិច​បំផុត​នៃ​ប្រទេស ​ចាប់​បោះឆ្នោត​ក្រោយ​គេ។ ​ជាង​ពាក់​កណ្តាល​នៃ​អ្នក​បោះ​ឆ្នោត ពោល​គឺ​១០៦លាន​នាក់​​​​ជាពលរដ្ឋ​វ័យក្មេង អាយុ​ក្រោម​៤០ឆ្នាំ។ នៅ​ឥណ្ឌូណេស៊ី ពលរដ្ឋ​មាន​សិទ្ធិ​ទៅ​បោះឆ្នោត​ តាំងពី​អាយុ​១៧​ឆ្នាំ​ទៅ ឬ​ក្រោម​នេះក៏​បាន​បើ​ពួក​គេ​រៀប​ការរួច។ អ៊ីចឹង​ហើយ​បាន​ជា​បេក្ខជន​ប្រធានាធិបតី​ ​ឃោសនា​ ​ទាក់ទាញ​ពលរដ្ឋ​ស្រទាប់​នេះខ្លាំងជាង​គេ​ ព្រោះ​ជា​អ្នក​ប្រើប្រាស់​ប្រព័ន្ធសង្គម​ដ៏​ធំ​ដែល​​ងាយ​ទទួល​ព័ត៌មាន​មិន​ពិត​និង​ក្លែងក្លាយ​ផង។ ​តើ​បេក្ខជនប្រធានាធិបតី​​ជា​នរណាខ្លះ​? នៅក្នុង​ការ​បោះឆ្នោត​ថ្ងៃ​នេះ ស្រប​តាម​រដ្ឋធម្មនុញ្ញ លោក ចូកូ វីដូដូ​ ប្រធានាធិបតី​ផុត​អាណត្តិ​មិន​អាច​ឈរ​ឈ្មោះ​បានទេ។ ឯបេក្ខជន​បីរូប​ដែល​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​នៅលើក​នេះ គឺ​ លោក​ ប្រាបូវូ ស៊ូប៊ីយ៉ានតូ រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​ឥណ្ឌូណេស៊ី​បច្ចុប្បន្ន។ លោក​មានប្រជាប្រិយភាព​ខ្ពស់​ជាង​គេ។ បន្ទាប់​មក​គឺលោក​អានីស បាស្វេដាន អតីត​អភិបាល​ក្រុង​ហ្សាការតា និង​ លោក ហ្កងចារ ប្រាណូវូ អតីត​អភិបាល​ក្រុង​Java។ លោក​ ប្រាបូវូ ស៊ូប៊ីយ៉ានតូ អាយុ​៧២​ឆ្នាំ ជា​អតីត​ឧត្តមសេនីយ៍-​ជា​កូន​ប្រសារ​របស់​អតីត​មេដឹកនាំ​ផ្តាច់ការ​ឥណ្ឌូណេស៊ី លោក ស៊ូហាតូ។ នេះ​ជា​លើក​ទី​បួនហើយ​ដែល​លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ​ ​មក​ឈរ​ឈ្មោះ ជា​បេក្ខជន​ប្រធានាធិបតី។ ធ្លាប់​​ចាញ់លោក ចូកូវីដូដូ ដល់​ទៅ​ពីរ​ដងមែន​ តែ​លោក​ ប្រាបូវូ ស៊ូប៊ីយ៉ានតូ ​មាន​ប្រជាប្រិយភាព​ខ្ពស់នៅក្នុង​ការ​បោះឆ្នោត​លើក​នេះ ដោយ​ទំនង​ជា​អាច​ឈ្នះ នៅជុំទីមួយ​តែម្តង។​ នេះ​បើ​គេ​ជឿ​លើ​ការ​ស្ទង់មតិ​ចុងក្រោយ​មុន​បោះឆ្នោត និង​បើ​តាម​វិទ្យាស្ថានស្ទង់មតិ​ពីរ​ដែល​ផ្អែក​លើ​លទ្ធផលស្មាន​​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​៦០%​ដំបូង។ ​ប្រជាប្រិយភាព ​របស់​លោក​ប្រាបូវូ ស៊ូប៊ីយានតូ ទំនង​ដោយសារ​​ជម្រើស​បន្តមរតកនយោបាយ ​ពី​លោក​ចូកូវីដូដូផង និង​ដោយ​សារ​ជម្រើស​យក​លោក​ជីប្រង់រ៉ាកាប៊ូមីង រ៉ាកា ជា​អនុប្រធានាធិបតី​ផង។ អាយុ​៣៦​ឆ្នាំ ​អភិបាល​ក្រុង​ស៊ូរ៉ាការតាដែល​អាច​ឈរ​ឈ្មោះជា​អនុប្រធានាធិបតី​រួម​ជាមួយ​លោក​ប្រាបូវូ​​បាន​ដោយ​សារ​សាលក្រមដ៏​ចម្រូង​ចម្រាស​​របស់​តុលាការ​ធម្មនុញ្ញ ត្រូវ​ជា​កូន​ប្រុស​របស់​លោក​ចូកូវីដូដូ ដែល​បន្ត​មាន​ប្រជាប្រិយភាព​ដ៏​ខ្ពស់​ត្រដែត។ តាម​ច្បាប់​បេក្ខជន​ឈរ​ឈ្មោះ​ប្រធានាធិបតី​ត្រូវ​មានអាយុ​យ៉ាង​តិច​៤០ឆ្នាំ​ និង​អាយុ​ក្មេង​ជាង​នេះ បើធ្លាប់​ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ​ថ្នាក់​តំបន់។ មាន​​និន្នការ​​ជា​អ្នក​អភិរក្ស​ និង​ ជាតិ​និយម​ ការពារ​​ប្រយោជន៍​សេដ្ឋកិច្ច​ជាតិ​ឥណ្ឌូណេស៊ី​ តាម​គំរូ​​​ប្រធានាធិបតី​ផុត​អាណត្តិ លោក ប្រាបូវូ ស៊ូប៊ីយានតូ រក្សា​​គោលនយោបាយការបរទេស​អព្យាក្រិត្យ​តាំងពី​ដើម​រៀង​មករបស់​ឥណ្ឌូណេស៊ី​ ដោយ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្រប់​មហាអំណាច​ ទើប​ធានាបាន​នូវផលប្រយោជន៍​ជាតិ។ តែ​លោកប្រាបូវូ ធ្លាប់​មានប្រវត្តិ​មិន​ល្អ​កាល​នៅ​ជា​មេទាហាន ដោយធ្លាប់​​ជាប់​ចោទ​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ទីម័រ​ខាង​កើត។ ​រដ្ឋ​ធានី​ថ្មី​ ដូច​ជា​បេក្ខជន​បក្ស​ប្រជាធិបតេយ្យតស៊ូ​​ឥណ្ឌូណេស៊ី​ លោក​ហ្កង់ចារ ប្រាណូវូ វ័យ៥៥ឆ្នាំ ដែលមាន​ប្រជាប្រិយភាពធ្លាក់​ចុះ​ជា​​លំដាប់ លោក ប្រាបូវូ ស៊ូប៊ីយានតូ បាន​សន្យា​ដូច​គ្នា​ថា​នឹង​បន្ត​អភិវឌ្ឍ​ក្រុង​នុសានតារ៉ា អនាគត​រដ្ឋធានីឥណ្ឌូណេស៊ី​ថ្មី​។ ការ​បោះឆ្នោត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ថ្ងៃ​នេះ ក៏​ជា​វិញ្ញាសា​តេស្ត​ ឬអាច​ចាត់​ទុក​​ជា​ប្រជាមតិ​សម្រេច​រឿង​លើក​រដ្ឋ​ធានីហ្សាការតា ទៅ​នុសានតារ៉ានៃកោះ​បរនេអូដេរ។...

Duration:00:07:12

Ask host to enable sharing for playback control

អឺរ៉ុបបើក​ជំនួប​កំពូលស្តី​ពី​ជំនួយ​សម្រាប់​អ៊ុយក្រែន​ ក្រោម​សម្ពាធ​និង​​​កំហឹង​កសិករ

2/1/2024
នៅថ្ងៃព្រហស្បតិ៍​ទី​១កុម្ភៈ​២០២៤​នេះ សមាជិក​សហភាពអឺរ៉ុបទាំង​២៧​ប្រទេស​បាន​មក​ជួប​ជុំ​គ្នា​​បើក​ជំនួប​កំពូល​វិសាមញ្ញ​ ដើម្បី​ជជែក​អំពី​បញ្ហា​​ថវិកា​និងអនុម័ត​​ជំនួយ៥០ពាន់​លាន​អឺរ៉ូ​​សម្រាប់​អ៊ុយក្រែន។ ជំនួប​ប្រជុំ​ត្រូវ​រក​វិធី​​ជំនះ​ចិត្ត​ហុងគ្រីឱ្យ​បាន​ ហើយ​ត្រូវ​​ពន្លត់​កំហឹង​កសិករ​អឺរ៉ុប​ទៀត។ កសិករ​និង​ត្រាក់ទ័រ​រាប់​ពាន់គ្រឿង​​បាន​នាំ​គ្នា​ទៅ​ដល់​មុខ​សហភាព​អឺរ៉ុប​នា​ទីក្រុង​ព្រុចសែលប្រទេស​ប៊ែលហ្ស៊ិក។ ហេតុ​អ្វី​ហុងគ្រី​ជំទាស់​នឹង​ការ​ផ្តល់​ជំនួយ​ដល់​អ៊ុយក្រែន ? ហើយ​ហេតុ​អ្វី​បាន​ជា​កសិករ​អឺរ៉ុប​ផ្ទុះ​កំហឹង​រាល​ដាល​ខ្លាំង​ដូច្នេះ? ជំនួបកំពូល​វិសាមញ្ញ​អឺរ៉ុប​ថ្ងៃ​នេះ ជា​ជំនួប​ផ្តាច់ព័ត្រដែល​គេ​សង្ឃឹម​ថា​នឹង​អាច​បញ្ចុះ​បញ្ចូល​ហុងគ្រី​បាន​ និង​បង្ហាញ​សាមគ្គីភាព​ជា​ធ្លុង​មួយ​របស់​អឺរ៉ុប​ ក្នុង​ការ​ផ្តល់​ជំនួយដល់​​អ៊ុយក្រែន។ តាំងពី​ផ្ទុះ​សង្គ្រាម​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន​មក អឺរ៉ុប​បាន​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ជា​បន្ត​បន្ទាប់​ដល់​អ៊ុយក្រែន តែ​ក្នុង​ទម្រង់​ជា​ការ​ព្រមព្រៀង​អន្តររដ្ឋាភិបាល​ដែល​តម្រូវ​ឱ្យ​មាន​ការ​យល់ព្រម​ពី​​ជាតិ​នីមួយៗ​ជា​រៀង​រាល់​ឆ្នាំ។ ជា​បែប​បទ​ដ៏​ស្មុគស្មាញ ទើប​អឺរ៉ុប​ចង់​បង្កើត​កញ្ចប់​ថវិកាតែ​មួយ​​​​រួម​គ្នា​សម្រាប់​អ៊ុយក្រែន និង​ដើម្បី​ឱ្យ​អ៊ុយក្រែន​អាច​ព្យាករ​ហិរញ្ញវត្ថុ​បាន​ស្រួល​បន្តិច។ កញ្ចប់​គម្រោងជំនួយ​​ថវិកានេះ​មាន​តម្លៃ​ ​៥០ពាន់​លាន​អឺរ៉ូ ៖ ៣៣​ពាន់​លាន​ជា​ប្រាក់​កម្ចី​​ការ​ថោក និង​១៧ពាន់​លាន​ជា​ប្រាក់​ឧបត្ថម្ភ​ ក្នុងក្របខ័ណ្ឌ​ថវិកាអឺរ៉ុប​ពី​ឆ្នាំ​២០២៤-២០២៧។ ដើម្បី​អនុម័ត​គម្រោង​ថវិកា​នេះ​បាន សហភាព​អឺរ៉ុប​ត្រូវ​ការ​ការ​ព្រមព្រៀង​ពី​សមាជិក​ទាំង​២៧​ប្រទេស។ ប៉ុន្តែ​ ហុងគ្រី​ដែល​ដឹកនាំ​ដោយ​​លោកនាយករដ្ឋមន្ត្រី ​អ័របាន ជាប្រមុខ​ដឹកនាំ​ប្រទេស​បែប​ប្រជាភិថុត​តែ​ម្នាក់​គត់​ក្នុង​ចំណោម​សមាជិកសហភាពអឺរ៉ុប ដែល​នៅ​បន្ត​មាន​ទំនាក់ទំនង​ជិត​ដិត​ជាមួយ​នឹង​រុស្ស៊ី​ ​បាន​ប្រកាស​ជំហរ​ជំទាស់ ដោយ​​ទាមទារ​សុំ​ ​សើរើ​មើល​គម្រោង​ជំនួយ​អ៊ុយក្រែន​ជារៀង​រាល់​ឆ្នាំ​ តាម​រយៈ​ការ​អនុម័ត​ជា​ឯកច្ឆ័ន្ទ។​ ជំនួយ​សហភាពអឺរ៉ុប​ដោយ​គ្មាន​ហុងគ្រី​? ប៉ុន្តែអឺរ៉ុប​​មិន​ចង់​ផ្តល់​ឱកាស​ឱ្យ​ហុងគ្រី​មាន​សិទ្ធិ​ប្រឆាំង​វេតូ​​សម្រាប់​ជាធ្នាក់​ទាមទារ​ការ​ដោះដូរ​អ្វី​មួយឡើយ​ ទើប​ចង់​លួង​លោម​និង​បញ្ចុះ​បញ្ចូល​រក​ផ្លូវ​កណ្តាល​មួយ​ដែល​ទទួល​យក​បាន​ទាំងអស់​គ្នា។ ​សហភាព​អឺរ៉ុប​ព្រម​​រៀប​ចំ​ការ​តស៊ូ​មតិថ្នាក់​ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​ ជុំ​វិញ​បញ្ហា​ថវិកា​ជំនួយ​នេះ ​ជា​រៀង​រាល់​ឆ្នាំ តែដោយ​គ្មាន​លទ្ធភាព​ប្រឆាំង​ទេ។ នេះ​ជាការ​បន្ទន់​ឥរិយាបថ​បន្តិច​របស់អឺរ៉ុប​ចំពោះហុងគ្រី​ហើយ។ ហើយ​នៅទី​បំផុតហុងគ្រី​ក៏​យល់​ព្រម។ អឺរ៉ុប​២៧​ប្រទេស​បាន​សម្រេច​ព្រមព្រៀង​គ្នា​បើក​​កញ្ចប់​ថវិកា​ជំនួយ​ដល់​អ៊ុយក្រែន​ក្នុង​ក្របខ័ណ្ឌ​សហភាព​អឺរ៉ុប។ នេះ​បើ​តាម​សារ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក​ Charles Michel។ បាតុកម្ម​កសិករ​បង្វែររបៀបវារៈ​នៃ​ជំនួប​​សហភាពអឺរ៉ុប? ផ្តើម​នៅ​ប្រទេស​អាល្លឺម៉ង់ រ៉ូមានី ប៉ូឡូញ និងហូឡង់ ឥលូវ​រាលដាល​ដល់​វេន​កសិករ​បារាំង​និង​ប៊ែលហ្ស៊ិក ព្រមទាំង​អ៊ីតាលី អេស្ប៉ាញ ព័រទុយហ្កាល់ ... សន្ទុះបាតុកម្ម​របស់ប្រជា​​កសិករ​អឺរ៉ុប​ កាន់​តែ​ខ្លាំង​ក្លា​ឡើង​ៗ។ នៅ​បារាំង​ បាតុករ​កសិករ​បាន​រំកិល​មក​កាន់​តែ​កៀក​ក្រុង​ប៉ារីស និង​បាន​ចូល​ដល់​ទីផ្សារ​បោះដុំ ​Rungis។ កសិករ​បារាំង ប៊ែលហ្សិក​បាន​នាំ​គ្នា​បិទ​ខ្ទប់​ច្រក​ផ្លូវ​នៅ​តាម​ព្រំ​ដែន​ប្រទេស​ទាំងពីរ តាំង​ពីព្រលប់​ ដើម្បី​បរិហារ​កិច្ចព្រមព្រៀង​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​សេរី និង​ទាមទារ​ឱ្យរដ្ឋាភិបាល​សន្យា​ចាត់​វិធានការ ធំ​និង​​ច្បាស់​លាស់​។ នៅ​ព្រុចសែល រដ្ឋធានី​អឺរ៉ុប កសិករ ជាមួយ​ត្រាក់ទ័រ​ប្រមាណ​១ពាន់​គ្រឿង​បាន​ចូល​ទៅ​បិទ​ខ្ទប់​ច្រក​ចូល​ទៅ​កាន់​ទី​មាន​ជំនួប​កំពូល​សហភាព​អឺរ៉ុប។ កសិករ​អឺរ៉ុបផ្ទុះ​កំហឹង​ទាមទារ​ឱ្យ​សហភាព​អឺរ៉ុបផ្តល់​តម្លៃ​ដល់​ការងារ​របស់​ពួក​គេ។ ពួក​គេ​ត្អូញត្អែរ​អំពី​ការ​លំបាក ផ្នែក​រដ្ឋបាលផង ចំណូល​តិច​ផង វិបត្តិប្រេងឡើងថ្លៃផង​ បទដ្ឋានបរិស្ថានកាន់​តែ​ច្រើន និង​តឹងតែងឡើងៗផង​ តែ​ត្រូវ​​ប្រកួតប្រជែង​ជាមួយផលិតផល​នាំចូលពីបរទេស ដែល​គ្មាន​គុណភាពឆ្លើយ​តប​នឹង​​បទ​ដ្ឋាន​អឺរ៉ុបមាន​ជា​អាទិ៍​ការ​លើក​លែង​ចំពោះ​ផលិតផល​នាំ​ចូល​ពី​អ៊ុយក្រែន ដើម្បីជួយ​ប្រទេស​ដែល​រង​ការ​ឈ្លានពាន​ពី​រុស្ស៊ី។ ដើម្បី​បន្ធូរ​កំហឹង​​បាតុកម្ម​នេះ​ រដ្ឋាភិបាល​នីមួយៗ​បាន​សាកល្បង​ដោះស្រាយ​ និង​ប្រកាស​ប្តេជ្ញា​​ជួយ​ប្រជាកសិករ​។ ប៉ុន្តែ​ ជំនួយ វិធានការ​ថ្មីៗ​សម្រាប់​កសិករ ដែល​ជា​​ការ​សន្យា​របស់​រដ្ឋាភិបាល​បារាំង ក៏​ដូច​ជា​ការ​ធ្វើ​សម្បទានរបស់​​​គណៈកម្មការអឺរ៉ុប​​ ព្រម​កំរិត​ការ​ទិញ​និង​នាំ​ចូល​ផលិត​ផល​អ៊ុយក្រែន មិន​បាន​ធ្វើ​ឱ្យ​ពួកគេ​ស្ងប់​ចិត្ត ស្រាក​កំហឹង​ទេ។ ចំណាត់ការ​របស់​អាជ្ញាធរ​​​ធ្លាក់​មក​យឺត​ពេល​បន្តិច​ទៅ​ហើយ...

Duration:00:06:28

Ask host to enable sharing for playback control

សង្គ្រាមហ្កាហ្សា៖ ហាម៉ាសទទួល​ស្គាល់កំហុស​ដែល​ធ្វើ​ឱ្យស្លាប់​ជនស៊ីវិល

1/22/2024
ជាង​បីខែកន្លះ​ក្រោយផ្ទុះ​​សង្គ្រាម​នៅ​ហ្កាហ្សា​មក ចលនា​ហាម៉ាស​បាន​​ប្រកាស​នៅថ្ងៃទី ២១​មករា​២០២៤ ​ ទទួល​ស្គាល់​កំហុស ដោយ​បាន​បង្ក​ឱ្យ​ស្លាប់​ជន​ស៊ីវិល​ស្លូតត្រង់ ក្នុង​​ប្រតិបត្តិការ​វាយឆ្មក់​ទ្រង់ទ្រាយ​ធំ​លើ​អ៊ីស្រាអែល កាលពី​ថ្ងៃទី​៧​តុលា​២០២៣។ ការ​វាយឆ្មក់​ ​ជា​ដើម​ហេតុ​នាំឱ្យ​អ៊ីស្រាអែល​ចេញ​ធ្វើ​សង្គ្រាម​លើ​តំបន់​ហ្កាហ្សា។ ហេតុ​អ្វី​បាន​ជាហាម៉ាស​ទើប​ចេញ​មុខ​ទទួល​ស្គាល់​កំហុស​នៅពេលនេះ ? ​ថ្ងៃ​អាទិត្យទី​២១​មករា​២០២៤​ម្សិលមិញ​ ចលនាហាម៉ាស​បាន​ត្រលប់​មកពន្យល់​​​​​បំភ្លឺ តាម​រយៈ​ឯកសារ​កម្រាស់​ជិត​២០​ទំព័រ ​​អំពីដំណើរ​ដើម​ទងនៃ​​​​ប្រតិបត្តិការ​វាយឆ្មក់​ថ្ងៃទី​៧តុលា​២០២៣មក​លើ​អ៊ីស្រាអែល​ ដែល​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​១១៤០នាក់ ភាគ​ច្រើន​ជា​ស៊ីវិល​។ នេះ​ជាលើក​ទី​មួយ​ហើយ​ដែល​ហាម៉ាសចេញ​​មុខមក​បក​ស្រាយ និង​ទទួល​ស្គាល់​កំហុស​របស់​ខ្លួនដែល​បាន​ធ្វើ​ឱ្យ​បាត់​បង់​ជីវិត​​ជន​ស៊ីវិល​​​ដូច្នេះ។ តើ​ហាម៉ាសបក​ស្រាយ​យ៉ាង​ដូចម្តេច​ខ្លះ? ចលនា​ប្រដាប់​អាវុធ​ប៉ាឡេស្ទីន​នៅ​ហ្កាហ្សា បាន​ធានា​អះអាង​ថាប្រតិបត្តិការវាយឆ្មក់​ថ្ងៃ​៧តុលាដែល​ហាម៉ាស​ប្រសិទ្ធនាម​ថា “សន្ធឹក​​Al-Aqsa” ​ ជា​ដំណាក់កាល​ចាំបាច់​ និង​ជា​ការ​តប​ត​ធម្មតា​​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​អ៊ីស្រាអែល​មកលើ​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​។ ប៉ុន្តែ​កំហុស​ទំនង​អាច​កើត​មាន​ឡើង​នៅ​ពេល​អនុវត្ត។ នៅ​ពេល​ចេញ​ធ្វើ​ប្រតិបត្តិការ ស្រាប់​តែ​​ប្រព័ន្ធ​សន្តិសុខ​និង​យោធា​ ត្រូវ​ដួល​រំលំ​មួយ​រំពេច​ នៅ​ត្រឹម​ព្រំដែន​រវាង​អ៊ីស្រាអែល​និង​តំបន់​ហ្កាហ្សា។ ប្រតិបត្តិការ​គ្មាន​គម្រោង​ដៅ​វាយប្រហារ​លើ​ជនស៊ីវិល​ទេ។ វា​បាន​កើត​ឡើង​ដោយ​ចៃដន្យ​ និង​នៅពេល​មាន​ការ​ប្រឈមមុខ​ប្រយុទ្ធ​ជា​មួយ​ក្រុម​អ្នក​ឈ្លានពាន​តែ​ប៉ុណ្ណោះ។ នេះ​ជា​ពាក្យ​សារភាព​របស់​ក្រុម​ហាម៉ាស​ ដោយ​បន្ត​ថា “​បញ្ចៀស​មិន​ឱ្យ​ប៉ះពាល់​ដល់​ជីវិត​ជន​ស៊ីវិល ជាពិសេស​កុមារ ស្ត្រីភេទ​​ និង​មនុស្ស​ចាស់​ គឺ​ជា​កាតព្វកិច្ចសាសនា និង​ជា​សីលធម៌​របស់យុទ្ធជន​ហាម៉ាស Al-Qassam ដែល​បាន​ព្យាយាម​យ៉ាង​អស់​ពី​លទ្ធភាព​ ការពារ​ជីវិត​ជន​ស៊ីវិល បើ​ទោះ​បី​តុល្យការ​ស្លាប់​ខ្ពស់​យ៉ាង​ណា​ក៏​ដោយ។ តែបើ​តាម​រូបភាព​វីដេអូ​​ផ្សព្វផ្សាយ​ក្រោយ​ការ​វាយឆ្មក់​របស់​ហាម៉ាស គេ​ឃើញ​ទាហាន​ប្រដាប់​អាវុធ​ក្រុម​នេះ​សម្លាប់​មនុស្ស​ដោយ​គ្មាន​រើង​អើង​ទេ។ ចំណាប់​ខ្មាំង​ប្រមាណ​២៥០​នាក់ ត្រូវ​បាន​នាំ​ទៅ​​តំបន់​ហ្កាហ្សា។ ជាការ​វាយប្រហារ​​យ៉ាង​ឃោរឃៅ និង​មាន​ទ្រង់ទ្រាយ​ធំ​មិនធ្លាប់​មានទេ ទើប​ជំរុញ​ឱ្យ​អ៊ីស្រាអែល​បើក​ធ្វើ​សង្គ្រាម​វាយប្រហារ​តាម​ផ្លូវ​អាកាស​និង​ផ្លូវ​គោល​លើ​ដែន​ដី​មួយ​ចំណិត​តូច​ហ្កានេះ រហូត​ស្លាប់​មនុស្ស​អស់​យ៉ាង​ហោច​២ម៉ឺន​៥ពាន់​១០៥នាក់ គិត​ចាប់​ពី​ថ្ងៃទី៧​តុលា​មក​ទល់​នឹង​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ ក្រៅ​ទទួល​ស្គាល់​កំហុស​ ចលនា​ហាម៉ាស​ដែល​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល​ចាត់ទុក​ជា​ក្រុម​ភេវនិយម បាន​ទាមទារ​ នៅ​ក្នុង​ឯកសារ​របស់​ខ្លួន អ៊ីស្រាអែល​បញ្ឈប់​ជា​បន្ទាន់ទង្វើ​​ឈ្លាន​ពាន អំពើ​មនុស្ស​ឃាត ​បោស​សម្អាត​​ជាតិ​ពិន្ធុ​​នៅ​តំបន់​ហ្កាហ្សា។ ហាម៉ាស​ក៏​បាន​ប្រកាស​បដិសេធ​ដែរ មិន​ទទួល​យក​ជា​ដាច់​ខាត​ផែនការស្នើ​ឡើង​​អន្តរជាតិ​ឬ​អ៊ីស្រាអែល ក្នុង​ការ​សម្រេច​អនាគត​របស់​តំបន់​ហ្កាហ្សា​។ គ្មាន​នរណា​មាន​សិទ្ធិ​លើ​​ពលរដ្ឋ​ប៉ាឡេស្ទីន​ដែល​អាច​សម្រេច​ចិត្ត​លើ​ជោគវាសនា​ខ្លួន​ឯង​បានឡើយ។ ​អ៊ីស្រាអែលច្រានចោល​លក្ខខណ្ឌរបស់ហាម៉ាស និង​បន្តធ្វើសង្គ្រាម? តាំងពីថ្ងៃទី​៧​តុលា​​មក អ៊ីស្រាអែល​បាន​កំណត់​កម្មវត្ថុ​ ប្តេជ្ញា​កម្ចាត់​ក្រុមប្រដាប់​អាវុធ​ហាម៉ាស​ឱ្យ​ខ្ទេច និងរហូត​ទាល់​តែហ្កាហ្សា​លែងក្លាយ​ជា​ការ​គំរាម​កំហែង​អ៊ីស្រាអែល​ទៀត។ តែ​បើ​តាម​កាសែត​Wall Street Journal ភ្នាក់ងារ​ចារកិច្ច​អាមេរិក​សន្និដ្ឋាន​ថា​អ៊ីស្រាអែល​ទើប​កម្ចាត់​ពួក​ហាម៉ាស​បាន​ប្រមាណ​ពី​២០ទៅ​៣០%​ប៉ុណ្ណោះ ពោល​គឺ​តិច​ជាង​កម្មវត្ថុ​ឆ្ងាយ​ណាស់។ សារព័ត៌មាន​អាមេរិក​ដដែល​បាន​អះអាងទៀត​ថា សហរដ្ឋអាមេរិក កាតា និង​អេហ្ស៊ីប ដែល​ធ្លាប់​ធ្វើ​អន្តរការី​នាំ​ឱ្យ​មាន​បទ​ឈប់​បាញ់​មួយ​សប្តាហ៍​កាលពី​ខែ​វិច្ឆិកា​ កំពុង​ព្យាយាម​បញ្ចុះ​បញ្ចូល​អ៊ីស្រាអែល​និង​ហាម៉ាស​ស្រុះស្រួល​គ្នា​ព្រម​ដោះលែង​ចំណាប់​ខ្មាំង​អស់​ជា​ថ្នូរ​នឹង​ការ​ដក​កង​ទ័ព​អ៊ីស្រាអែល​ចេញ​ពី​ហ្កាហ្សា។ ប៉ុន្តែ​នៅ​ល្ងាច​មិញ លោក​នេតាន់យ៉ាហ៊ូ​ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​បាន​ច្រាន​ចោល​ភ្លាម​និង​ច្បាស់​លាស់​នូវ​រាល់​លក្ខខណ្ឌ​របស់​ពួក​ហាម៉ាស។ បើ​តាម​លោក​នេតាន់យ៉ាហ៊ូ ហាម៉ាស​បាន​ទាមទារ​បញ្ចប់​សង្គ្រាម ​ដក​កម្លាំង​ទ័ព​អ៊ីស្រាអែល​ទាំង​ស្រុង​ពី​ដីហ្កាហ្សា និង​ការ​ដោះលែងក្រុមឃាតករ​និង​ចោរទៀត។ កាលពី​ថ្ងៃសៅរ៍ លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ក៏​បាន​ប្រកាស​បដិសេធ​បូរណភាពអនាគត​​របស់​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា​ ដែលកាន់​កាប់​ដោយ​ពួក​ហាម៉ាស​តាំងពីឆ្នាំ​២០០៧​ទៀត។...

Duration:00:06:26

Ask host to enable sharing for playback control

តៃវ៉ាន់​បោះឆ្នោតជ្រើសរើស​ប្រធានាធិបតីថ្មី ដោយ​មិនខ្លាចញញើតនឹងការគំរាមរបស់ចិន

1/13/2024
ថ្ងៃសៅរ៍ទី​១៣មករានេះ នៅតៃវ៉ាន់មានការបោះឆ្នោត២ព្រមគ្នា គឺបោះឆ្នោតជ្រើសសមាជិកសភាផង និង​ជ្រើសរើសប្រធានាធិបតីថ្មី​ផង។ ជាការបោះឆ្នោត​ដែលស្ថិតនៅក្នុងបរិបទដ៏តានតឹងបំផុត ដោយសារតែចិនប៉េកាំង​ បានប្រើវិធីច្រើនយ៉ាង ដាក់សំពាធផង គំរាម​ផង​មក​លើប្រជាជន​តៃវ៉ាន់ ដែល​មានទំនោរគាំទ្រការប្រកាសឯករាជ្យ​កាន់តែខ្លាំង​។​ មោទនភាព​នឹងលទ្ធិប្រជាធិបតេយ្យ​តៃវ៉ាន់​ អ្នកកាសែតបារាំង AFP ដែលប្រចាំផ្ទាល់នៅតៃវ៉ាន់ បាន​ឲ្យដឹងថា ការបោះឆ្នោត​នៅថ្ងៃនេះ គឺបានប្រព្រឹត្តិធ្វើទៅ​ក្នុងបរិយាកាសមួយ យ៉ាងសស្រាក់សស្រាំ ដែលបង្ហាញអំពីទឹកចិត្តរបស់ប្រជាជនតៃវ៉ាន់ទូទៅ ដែលស្រលាញ់សិទ្ធិសេរីភាព ស្រលាញ់លទ្ធិប្រជាធិបតេយ្យ​ ព្រមទាំងរបបសេរីនិយមរបស់ទឹកដីខ្លួន។ ដូចយើងដឹងហើយ ប្រជាជនចិនដីគោកឯនោះ​វិញ គ្មានសិទ្ធិបញ្ចេញមតិ​តាមរយៈសន្លឹកឆ្នោតដូចនៅតៃវ៉ាន់ទេ។ ត្រង់ចំណុចនេះ គឺប្រជាជនតៃវ៉ាន់ មានមោទនភាពខ្លាំងនាស់ ដែល​ពួកគេបានកសាងស្ថាបនាជាតិមួយ ដែលរីកចម្រើន មានសិទ្ធិសេរីភាព មានប្រជាធិបតេយ្យ​ មិនមែនកុម្មុយនីស្តិដូច​ចិនប៉េកាំង។ ក្នុងចំណោមប្រជាជនតៃវ៉ាន់​ប្រមាណ​២៣លាននាក់ អ្នកមានសិទ្ធិបោះឆ្នោត​មានប្រមាណ​១៩លាននាក់។ ដោយសារតែមិនអាចបោះឆ្នោតពីបរទេសបាន គេ​សង្កេតប្រជាជនតៃវ៉ាន់​ខ្លះដែលរស់នៅក្រៅប្រទេស បានធ្វើដំណើរត្រលប់ទៅតៃវ៉ាន់ ដើម្បីទៅបោះឆ្នោត​។ មនុស្ស​ម្នា​មក​បន្តកន្ទុយរងចាំ​ចូលទៅបោះឆ្នោត តាំងតែពីព្រលឹមស្រាងៗ នៅតាមការិយាល័យ​ទាំង ១៨០០០ការិយាល័យ។ ម៉ោង៤រសៀល ការិយាល័យបោះឆ្នោត​​ទាំងអស់​ត្រូវបិទទ្វារ​ ហើយលទ្ធផល​បឋម នឹងប្រកាសឲ្យ​ដឹង នៅវេលាល្ងាចថ្ងៃសៅរ៍នេះតែម្តង​។​ ពេលចេញពីបោះឆ្នោត លោកស្រី សៃ អ៊ីងវេន បានថ្លែងអំពាវនាវ​ប្រាប់ទៅប្រជាជនតៃវ៉ាន់ថា ប្រជាជនតៃវ៉ាន់មានវាសនាមានសំណាងណាស់ ដែល​បានរស់ក្នុងរបបប្រជាធិតេយ្យ មានសិទ្ធិសេរីភាពពេញបរិបូរណ៍​។​ ដូច្នេះ​ គ្រប់គ្នាត្រូវតែទៅចូលរួមបោះឆ្នោត បំពេញតួនាទីកាតព្វកិច្ចជាពលរដ្ឋ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេស។​ ការបោះឆ្នោតថ្ងៃទី​១៣មករា​ គឺ​តៃវ៉ាន់ជ្រើសរើសប្រធានាធិបតីថ្មីផង និងជ្រើសរើសសមាជិកសភាទាំង ១១៣អាសនៈផង។ អនាគតសមាសភាពសភាថ្មី និងជាពិសេស គឺ​អនាគតប្រធានាធិបតី​តៃវ៉ាន់ថ្មី នឹងមកកំណត់ជោគវាសនា នៃទំនាក់ទំនងរវាងចិន និងតៃវ៉ាន់ ព្រមទាំងស្ថិរភាពតំបន់អាស៊ីប៉ាស៊ីហ្វិក​ទាំងមូលតែម្តង។ គណបក្សទំនោរឯករាជ្យនិយមសង្ឃឹមឈ្នះ បើ​ផ្អែកតាមការស្ទាបស្ទង់មតិ​​ គណបក្សប្រជាធិបតេយ្យ​សេរីនិយម ដែលបច្ចុប្បន្នដឹកនាំដោយ​លោកស្រី សៃ អ៊ីងវេន ត្រូវគេជឿថាអាចនឹងឈ្នះម្តងទៀត បានសំឡេងភាគច្រើននៅក្នុងសភា។ លោកស្រី​ សៃ អ៊ីងវេន​ បានកាន់មុខ​តំណែងប្រធានាធិបតី​២អាណត្តិហើយ ដូច្នេះមិនអាចឈរឈ្មោះទៀតបានទេ។ បេក្ខជនប្រធានាធិបតី​​របស់​បក្សនេះ គឺលោក Lai Ching-Te ឬ William Lai ដែលបច្ចុប្បន្នជាអនុប្រធានាធិបតី​។​ គណបក្ស​​ប្រជាធិបតេយ្យ​​សេរីនិយមនេះ មានទំនោរចង់ឲ្យ​តៃវ៉ាន់មានឯករាជ្យ មានអធិបតេយ្យពេញបរិបូរ ទទួលស្គាល់ដោយ​ច្បាប់អន្តរជាតិ​។ ហេតុដូច្នេះហើយ បានជាចិនប៉េកាំងស្អប់លោកស្រី សៃ អ៊ីងវេន ស្អប់​លោក​ William Lai ហើយ​មិន​ចង់​ឲ្យ​គណបក្សប្រជាធិបតេយ្យសេរីនិយមឈ្នះឆ្នោត ដឹកនាំតៃវ៉ាននោះទេ។ តៃវ៉ាន់ ក្រោមការដឹកនាំរបស់​បក្សនេះ គឺនឹងកាន់តែក្លាហាន ហ៊ាន​ប្រកាសឯករាជ្យនៅថ្ងៃណាមួយ​។ ផ្ទុយទៅវិញ ចិនប៉េកាំង គាំទ្រ និងចង់ឃើញបក្សមួយទៀតឈ្នះឆ្នោត គឺបក្ស​ គួមីនតាង។ បេក្ខជនប្រធានាធិបតី​​របស់​បក្សគួមីនតាង ឈ្មោះ Hou Yu-Ih។ ជាទំលាប់តរៀងមក គណបក្សគួមីនតាង មានបន្ទាត់នយោបាយ ងាកទៅខាងចិនដីគោក ចង់ផ្សារភ្ជាប់ទំនាក់ទំនងល្អគ្រប់វិស័យទាំងអស់ជាមួយចិនដីគោក។ ក៏ប៉ុន្តែ តាមការសង្កេត​វិភាគទៅ សង្គមតៃវ៉ាន់មានការពុះចែក​មតិគ្នាខ្លាំងណាស់ ប៉ុន្មានឆ្នាំចុងក្រោយនេះ​។ ប្រជាជន​តៃវ៉ាន់​ ថ្វីបើអ្នកខ្លះមិនចង់ឃើញសង្គ្រាមផ្ទុះឡើងជាមួយចិនមែន តែពួកគេ​គិតថា​បើបណ្តោយ​ឲ្យ​បក្សគួមីនតាង ដឹកនាំ​តៃវ៉ាន់ នោះ​មិនយូរមិនឆាប់ ប្រជាជនតៃវ៉ាន់នឹងលែងមានសិទ្ធិសេរីភាព​ លែងមានប្រជាធិបតេយ្យ​ ដោយសារ​តែ​ចិន​ប៉េកាំង​នឹងចូលមកជ្រៀតជ្រែក ប្រើប្រាស់ឥទ្ធិពល​មកលើតៃវ៉ាន់។ ចិន៖ “ប្រជាជនតៃវ៉ាន់ប្រយ័ត្នសម្រេចចិត្តខុស!” ក្នុងអំឡុងពេលឃោសនាបោះឆ្នោតប៉ុន្មានថ្ងៃមកនេះ ចិនបាន​បង្កើនការដាក់សំពាធខ្លាំងណាស់ មកលើតៃវ៉ាន់ ទាំង​ផ្នែកការទូត ទាំងផ្នែក​យោធា។ ប៉េកាំងបាន​ថ្លែងការណ៍ ប្រកាសដោយចំៗប្រាប់ទៅប្រជាជនតៃវ៉ាន់ ថាត្រូវសម្រេចចិត្តឲ្យត្រឹមត្រូវ កុំសម្រេចចិត្តខុសឲ្យសោះ។ ប៉េកាំងបានគំរាមថា កងទ័ពចិន ត្រៀម​ប្រុងប្រៀបរួចរាល់ហើយ នឹងកំទេចរាល់ការប៉ុនប៉ងប្រកាសឯករាជ្យ​របស់តៃវ៉ាន់​។ ផ្អែក​តាមក្រសួងការពារជាតិតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ ចិនបានបង្ហោះយាន​ប៉េតប៉ោង ឈ្លបយកការណ៍​ចំនួន៥គ្រឿង ចូលទៅកៀកតៃវ៉ាន់។ ប្រភពដដែលនេះ អះអាងថា ចិនបាន​បញ្ជូនយន្តហោះចម្បាំងចំនួន​១០គ្រឿង និងនាវាចម្បាំង​៦គ្រឿងទៀត ឲ្យ​មកក្រវែល បំភ័យប្រជាជនតៃវ៉ាន់។ ហើយនៅថ្ងៃសៅរ៍ ពេលប្រជាជនតៃវ៉ាន់កំពុងទៅបោះឆ្នោត ផ្អែកតាមអ្នកកាសែតបារាំង AFP គឺ​​មានយន្តហោះចម្បាំងចិន១គ្រឿង បានហោះកាត់ទីក្រុង Pingtan...

Duration:00:07:18

Ask host to enable sharing for playback control

តុលាការឡាអេ​បើកសវនាការស្តាប់អាហ្វ្រិកខាងត្បូងចោទអ៊ីស្រាអែល​ពីបទប្រល័យពូជសាសន៍​នៅហ្កាហ្សា

1/11/2024
បីខែ​ក្រោយ​ធ្វើ​សង្រ្គាម​នៅទឹកដី​ហ្កាហ្សា ដើម្បី​សងសឹក​នឹង​ក្រុមហាម៉ាសដែលវាយឆ្មក់ចូលសម្លាប់​មនុស្ស​នៅទឹកដីអ៊ីស្រាអែល តុលាការ​យុត្តិធម៌អន្តរជាតិ នៅទីក្រុង​ឡាអេ បាន​សវនានៅថ្ងៃ​ព្រហស្បតិ៍ទី​១១​មករា ទៅតាម​ពាក្យបណ្តឹង​របស់​អាហ្វ្រិកខាងត្បូង ដែល​បាន​ចោទប្រកាន់​អ៊ីស្រាអែល ថា បាន​ប្រព្រឹត្ត​អំពើប្រល័យពូជសាសន៍ នៅ​ហ្កាហ្សា។ គិត​ចាប់តាំង​ពីការវាយប្រហារ​របស់​ក្រុមប្រដាប់អាវុធ​ហាម៉ាស​ដែល​បានចូលសម្លាប់មនុស្ស​ប្រមាណ ១១៤០នាក់ នៅ​អ៊ីស្រាអែល ប្រតិបត្តិការសងសឹក​របស់​កងទ័ពអ៊ីស្រាអែល នៅទឹកដីហ្កាហ្សា គិតចាប់តាំងពីថ្ងៃទី ៧​តុលា បាន​សម្លាប់ប្រជាជន​ប៉ាឡេស្ទីន​យ៉ាងតិច ២៣ ០០០នាក់ ដែល​ភាគច្រើន​ជា​ប្រជាជន​ស៊ីវិល ស្ត្រី និងកុមារ។ នៅ​ប្រទេស​ហូងឡង់ តុលាការ​យុត្តធម៌​អន្តរជាតិនៅ​ទីក្រុង​ឡាអេ នៅថ្ងៃ​ព្រហស្បតិ៍នេះ​បើកសវនាការ​លើសំណុំរឿង​ប្រល័យពូជសាសន៍​នៅ​ហ្កាហ្សា ដែលមានប្រជាជន​ប៉ាឡេស្ទីនជា​ជនរងគ្រោះ។ ម្ចាស់ដើមបណ្តឹងនៅក្នុងរឿងនេះ គឺ​អាហ្វ្រិកខាងត្បូង ចំណែក​អ៊ីស្រាអែល​ជា​អ្នករង​ការចោទប្រកាន់។ តុលាការ​ក្រុងឡាអេ បើកសវនាការ​នៅថ្ងៃនេះ បន្ទាប់ពី​បាន​ទទួលពាក្យ​បណ្តឹង​របស់​អាហ្វ្រិក​ខាងត្បូង កាលពីថ្ងៃទី ២៩​ធ្នូ​កន្លងទៅ ដែលនៅក្នុងនោះ អាហ្វ្រិកខាងត្បូង​ចោទប្រកាន់​អ៊ីស្រាអែលពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍​នៅហ្កាហ្សា។ អាហ្វ្រិកខាងត្បូង​ចេញមុខ ចោទប្រកាន់​អ៊ីស្រាអែល ជំនួស​ប្រជាជន​ប៉ាឡេស្ទីន ដោយសារ​ហេតុផលពីរ៖ ទី១ ដោយសារតែ​តុលាការយុត្តិធម៌អន្តរជាតិជាអ្នកដោះស្រាយវិវាទ​រវាង​ប្រទេស ហើយ​ប៉ាឡេស្ទីន​នៅមិនទាន់មានរូបរាងជា​ប្រទេស។ អាហ្វ្រិកខាងត្បូង ចេញមុខ​ជំនួស​ប្រជាជន​ប៉ាឡេស្ទីន ប្តឹង​អ៊ីស្រាអែល។ ម្យ៉ាង អាហ្វ្រិកខាងត្បូង និង​អ៊ីស្រាអែល សុទ្ធជាប្រទេស​ហត្ថលេខី​នៃអនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ ស្តីពី​ប្រល័យពូជសាសន៍ ដែល​គេបានបង្កើតឡើង​នៅ​ឆ្នាំ ១៩៤៨ នៅក្រោយ​ពីមាន​ការសម្លាប់​ប្រល័យពូជសាសន៍​ទៅលើ​ជនជាតិ​ជ្វីហ្វ នៅក្នុង​សង្រ្គាមលោកលើកទី២។ ដោយដាក់ពាក្យបណ្តឹង​ប្រឹង​អ៊ីស្រាអែល អាហ្វ្រិកអះអាងថា ខ្លួន ធ្វើ ក្នុងនាមជា​ហត្ថលេខីមួយ​នៃអនុសញ្ញា​ស្តីពី​អំពើប្រល័យពូជសាសន៍។ សម្រាប់​អាហ្វ្រិកខាងត្បូង ដោយ​ធ្វើសង្រ្គាម នៅទឹកដីហ្កាហ្សា ដែលបាន​សម្លាប់​ប្រជាជន​ស៊ីវិល​ប៉ាឡេស្ទីន ជាង ២ម៉ឺននាក់ គិតចាប់តាំង​ពីថ្ងៃទី ៧​តុលា អ៊ីស្រាអែល​បាន​រំលោភសំដី ពាក្យប្តេជ្ញា​របស់ខ្លួន នៅ​ពេលចុះហត្ថលេខាលើ​អនុសញ្ញា ដោយ​ថា អ៊ីស្រាអែល​នឹង​ទប់ស្កាត់​មិន​ឲ្យ​មានការសម្លាប់​ប្រល័យពូជសាសន៍ កើតមាន​សាជាថ្មី នៅក្នុងពិភពលោក។ ទី២ អាហ្វ្រិកខាងត្បូង​ចេញមុខ​ជួយការពារ​បុព្វហេតុ​របស់​ប្រជាជន​ប៉ាឡេស្ទីន មកពី អាហ្វ្រិកខាងត្បូង ធ្លាប់មាន​ប្រវត្តិ​ទំនាក់ទំនង​ជិតស្និទ្ធិ​ជាមួយ​ប្រជាជនប៉ាឡេស្ទីន តាំង​ពី​នៅ​អតីតកាល។ គណបក្ស​កាន់អំណាច​នៅអាហ្វ្រិកខាងត្បូង​សព្វថ្ងៃ គឺ​គណបក្ស​សភាជាតិ​អាហ្រ្វិក​ធ្លាប់​មាន​ប្រវត្តិសាមគ្គីភាពជាមួយ ប៉ាឡេស្ទីន តាំង​ពី​ជំនាន់ លោកប្រធានាធិបតី​អាហ្វ្រិកខាងត្បូង នែលសុន ម៉ង់ដេឡា​ម្ល៉េះ។ ធ្លាប់​តស៊ូ ប្រឆាំង​នឹង​ការគ្រប់គ្រង របស់​ក្រុមស្បែកស រហូត​ទទួល​បានការបោះឆ្នោត​ប្រជាធិបតេយ្យ ថ្នាក់ដឹកនាំ​ជាតិនិយម​អាហ្វ្រិកខាងត្បូង​យល់ថា ប្រជាជន​ប៉ាឡេស្ទីន​ក៏​រងគ្រោះ​ឈឺចាប់ ដោយសារ​ការជិះជាន់​ដូចជា​ប្រជាជន​អាហ្វ្រិកខាងត្បូង។ នៅ​ខែ​ធ្នូ​កន្លងទៅនេះ ប្រធានាធិបតី​អាហ្វ្រិកខាងត្បូង ដែលធ្លាប់ចេញមុខ​រិះគន់​សង្រ្គាមអ៊ីស្រាអែល​នៅហ្កាហ្សា បាន​និយាយប្រាប់ថ្នាក់ដឹកនាំជ្វីហ្វ​នៅអាហ្រ្វិកខាងត្បូងថា រដ្ឋាភិបាល​របស់​លោក​ឈរ នៅ​ខាងប្រជាជន​ប៉ាឡេស្ទីន ដែល​រង​ការជិះជាន់ ការធ្វើបាប​រាប់ទសវត្សរ៍ ដូច​ប្រជាជន​អាហ្វ្រិកខាងត្បូង។ តើ​ពិតជា​មាន​ការប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅហ្កាហ្សា ដូចការលើកឡើង​របស់​អាហ្វ្រិកខាងត្បូង? នៅក្នុង​ឯកសារ​បណ្តឹង​កម្រាស់ ៨៤ទំព័រ ដែលដាក់​ជូន​ទៅកាន់តុលាការ​យុត្តិធម៌អន្តរជាតិ ភាគីអាហ្វ្រិកខាងត្បូង​អះអាងថា ពិតជា​មានការប្រព្រឹត្ត​អំពើប្រល័យពូជសាសន៍​ទៅលើ​ប្រជាជន​ប៉ាឡេស្ទីន នៅ​ហ្កាហ្សា ដោយ​សំអាង​ទៅលើ​សេចក្តីរាយការណ៍​របស់អ្នកកាសែត អង្គការ​មនុស្សធម៌ សេចក្តីថ្លែងការណ៍​របស់​អង្គការ​សហប្រជាជាតិ និង​សេចក្តីប្រកាសផ្លូវការ​របស់រដ្ឋាភិបាលអ៊ីស្រាអែល​ខ្លួនឯង។ ភាគី​អាហ្វ្រិកខាងត្បូងនិយាយ​ថាខ្លួន​ចោទប្រកាន់​អ៊ីស្រាអែល​ពីបទ​សម្លាប់ប្រល័យពូជសាសន៍​ប្រជាជនប៉ាឡេស្ទីន​ក៏ព្រោះថា ការទម្លាក់គ្រាប់ សង្រ្គាម​ឈ្លានពានរបស់​កងទ័ពអ៊ីស្រាអែល​នៅហ្កាហ្សា មាន​គោលដៅ​បំផ្លាញ​ផ្នែក​សំខាន់​របស់​ជាតិ ប្រជាជន​ប៉ាឡេស្ទីន។ នៅក្នុង​ពាក្យបណ្តឹង​របស់ខ្លួន អាហ្វ្រិកខាងត្បូង​បាន​ទាមទារ​ពីរ​ចំណុចសំខាន់។ ទី១ គឺ​អាហ្វ្រិកខាងត្បូង​ចង់​ឲ្យ​តុលាការ​យុត្តិធម៌អន្តរជាតិ​ចេញ​សាលក្រមថា អ៊ីស្រាអែល​រំលោភ​កាតព្វកិច្ច​របស់ខ្លួន ដែលមាន​ចែង​នៅក្នុង​អនុសញ្ញា​ស្តីពី​អំពើប្រល័យពូជសាសន៍។ ជាមួយសេចក្តីសម្រេច​នេះ តុលាការក្រុងឡាអេ​អាច​ទាមទារ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់ជា​បន្ទាន់​សកម្មភាព...

Duration:00:09:00

Ask host to enable sharing for playback control

ការបាញ់បង្ហោះផ្កាយរណបរបស់ចិន​បង្ក​ឲ្យមានការជ្រួលច្របល់ នៅតៃវ៉ាន់

1/9/2024
៤ថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ ស្ថានការណ៍ នៅច្រកសមុទ្រ​តៃវ៉ាន់ កាន់តែតានតឹងខ្លាំងឡើង។ នៅថ្ងៃ​អង្គារទី​៩​មករា ការបាញ់បង្ហោះ​ផ្កាយរណប​របស់​ចិន បាន​បង្ក​ឲ្យមានការភ័យ​ជ្រួលច្របល់​នៅ​កោះតៃវ៉ាន់។ បេក្ខជន​ប្រធានាធិបតី មកពីគណបក្សកាន់អំណាច​បានទម្លាក់កំហុស​ដាក់ប៉េកាំង​ថា កំពុងធ្វើនយោបាយ​ដាក់សម្ពាធ​លើ​អ្នកបោះឆ្នោត​តៃវ៉ាន់ រីឯ​បក្ស​ប្រឆាំង បក្សគួមីនតាំង​ដែលជិតស្និទ្ធ​នឹង​រដ្ឋអំណាច​ចិន​ចោទប្រកាន់​បក្សកាន់អំណាច​ថា ផ្ញើសារ បំភិតបំភ័យ​ប្រជាជនតៃវ៉ាន់​ដើម្បី​ប្រយោជន៍​សំឡេងឆ្នោត។ នៅថ្ងៃ​អង្គារ ចិន​បានអះអាងថា ខ្លួន​បាន​បាញ់បង្ហោះដោយ​ជោគជ័យ ផ្កាយរណប​សម្រាប់​តាមដាន កាំរស្មី​X នៅក្នុងទីអវកាស។ ប៉ុន្តែ នៅ​តៃវ៉ាន់​វិញ ការបាញ់​បង្ហោះ​ផ្កាយរណបរបស់​ចិន​បាន​បង្ក​ឲ្យមាន​ការភ័យ​ជ្រួលច្របល់ខ្លាំង ក៏ដោយសារ​តែ​សារ​ទាញអាសន្ន​របស់​រដ្ឋាភិបាល​តៃវ៉ាន់តែម្តង។ នៅ​រសៀល​ថ្ងៃ​អង្គារនេះ ពោល​គឺ​ប៉ុន្មាននាទីក្រោយ ចិន​បាញ់បង្ហោះរ៉ូកក្កែត​នាំយកផ្កាយរណប​ទៅកាន់​គន្លងតារាវិថី សារផ្លូវការ​របស់​រដ្ឋាភិបាល​តៃវ៉ាន់ ត្រូវបានផ្ញើ​ទៅគ្រប់​ទូរស័ព្ទដៃ​របស់​ប្រជាជន​តៃវ៉ាន់។ នៅក្នុងសារ​ប្រកាសអាសន្ន ជាភាសាអង់គ្លេស គេអំពាវនាវឲ្យប្រជាជនប្រុងប្រយ័ត្ន ព្រោះថា មាន​មីស៊ីល​របស់​ចិន​ហោះកាត់​ដែនអាកាសខាងត្បូង​របស់​តៃវ៉ាន់។ អ្នកប្រើប្រាស់​អ៊ីនធ័នែតរបស់​តៃវ៉ាន់​ភ័យបារម្ភ និងនាំគ្នា​ចោទសំណួរថា តើអ្វីដែលកើតឡើង​ពិតប្រាកដ ព្រោះថា សាររបស់រដ្ឋាភិបាល​តៃវ៉ាន់ ដដែល ជាភាសា​ចិន និយាយ​ពី​ការបាញ់បង្ហោះ​ផ្កាយរណប។ ដោយសារ​ហេតុការណ៍​នេះ​កើតឡើង​នៅក្នុងអំឡុងសន្និសីទ​កាសែត​របស់​លោកនៅថ្ងៃអង្គារនេះ រដ្ឋមន្រ្តីតៃវ៉ាន់ លោក Joseph Wu បានធានាអះអាង​កុំ​ឲ្យប្រជាជន​ភ័យបារម្ភ​ព្រោះថា វាគ្រាន់តែ​ការបាញ់​បង្ហោះផ្កាយរណប ប៉ុន្តែមិនមែន មីស៊ីល​ដូចក្នុងសារ ជា​ភាសា​អង់គ្លេសទេ។ អាច​ជាកំហុស​ក្នុងការបកប្រែភាសា ប៉ុន្តែ ប្រមុខការទូត​តៃវ៉ាន់​នៅតែអំពាវនាវ​ឲ្យ​ប្រជាជនតៃវ៉ាន់​ប្រុងប្រយ័ត្ន​ខ្លួនជានិច្ច ព្រោះថា ទោះមិនមែនជាមីស៊ីល ប៉ុន្តែ បំណែក​រ៉ូក្កែតរបស់ចិន​អាច​ធ្លាក់​មកលើ​កោះតៃវ៉ាន់ និង​បង្ក​គ្រោះថ្នាក់​គ្រប់​ពេលវេលា។ ចិនបង្ហាញសាច់ដុំយោធា នៅប៉ុន្មានថ្ងៃ​មុន​បោះឆ្នោតប្រធានាធិបតីនៅតៃវ៉ាន់ កាន់តែកៀកថ្ងៃ​បោះឆ្នោត តៃវ៉ាន់​បាន​ចោទប្រកាន់​ចិនថា ក្រៅតែបញ្ជូន​យន្តហោះចម្បាំង​ទៅហោះរំលោភចូលដែនអាកាស​តៃវ៉ាន់ ចិន​ទើប​បញ្ជូន​បាឡុងចារកិច្ច​ទៅ​ហោះលើ​មូលដ្ឋានទ័ព​តៃវ៉ាន់ កាលពី​ថ្ងៃ​សៅរ៍ និងថ្ងៃអាទិត្យទី៧មករា។ សម្រាប់បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ចម្រើនប្រជាធិបតេយ្យ ដែលជា​បក្សកាន់អំណាច​២អាណត្តិជាប់គ្នា នៅតៃវ៉ាន់ នេះជា​ចេតនា​ច្បាស់ក្រឡែត​របស់​ចិន​ដើម្បី​បំភិតបំភ័យ កុំឲ្យ​ប្រជាជន​តៃវ៉ាន់នៅ​ប៉ុន្មានថ្ងៃ​មុន​តៃវ៉ាន់ រៀបចំ​ការបោះឆ្នោត។ តៃវ៉ាន់​ទទួលស្គាល់​ថា ការដាក់សម្ពាធ​របស់​ចិនមកលើកោះតៃវ៉ាន់ មិនថា ផ្នែកយោធា សេដ្ឋកិច្ច ​កាន់តែ​ខ្លាំងឡើងៗ ចាប់តាំង​ពី​តៃវ៉ាន់​ស្ថិតក្រោម​ការដឹកនាំ​របស់លោកស្រី ត្សៃ អ៊ីងវេន មកពី​គណបក្ស​ចម្រើនប្រជាធិបតេយ្យ ដែលចិន​ចោទប្រកាន់​ថា មាននិន្នាការ​ចង់ប្រកាស​ទាមទារឯករាជ្យ​ឲ្យ​កោះតៃវ៉ាន់ តាមរយៈ​ការបង្កើន​ទិញ បំពាក់​សព្វាវុធ​ពីអាមេរិក។ នៅប៉ុន្មានថ្ងៃ​មុន​ការបោះឆ្នោត​ប្រធានាធិបតី តៃវ៉ាន់ ដែល​នឹងទៅ​កំណត់​អនាគត​ទំនាក់ទំនាក់​ចិន និង​កោះប្រជាធិបតេយ្យ​តៃវ៉ាន់ ចិន​បាន​បង្កើនការដាក់សម្ពាធ​បន្ថែមទៀត ជាពិសេស​ផ្នែកយោធា ដូចជា​បញ្ជូន​យន្តហោះចម្បាំង នាវាចម្បាំងបើកហោះហែល ឆ្វែលតៃវ៉ាន់ ឬ​ការធ្វើសមយុទ្ធបាញ់គ្រាប់ពិត​នៅ​ច្រកសមុទ្រ​តៃវ៉ាន់។ នៅ​សប្តាហ៍មុននេះទៀតសោត តៃវ៉ាន់​ចាប់បាន​សញ្ញាយន្តហោះចម្បាំងចិន ហោះរំលោភចូលក្នុងដែនអាកាស​របស់​ខ្លួន។ បន្ទាប់មក នៅថ្ងៃអាទិត្យ ក្រសួងការពារ​ជាតិតៃវ៉ាន់ បាន​ចេញសារ​ព្រមាន​ចិន ដែលបាន​បញ្ជូន​បាឡុង​ចារកម្ម​ចំនួន​៤​ទៅ​ហោះឆ្លងកាត់​ដែនអាកាស​តៃវ៉ាន់ ដែល​នៅក្នុងនោះ បាឡុង​ចិន​មួយ​ហោះ​ពី​លើ​មូលដ្ឋាន​ទ័ព​តៃវ៉ាន់ ​ភាគខាងត្បូង។ សម្រាប់​បេក្ខជនប្រធានាធិបតី មកពីគណបក្ស​កាន់អំណាច បក្ស​ចម្រើនប្រជាធិបតេយ្យ ចិន​ប្រើគ្រប់មធ្យោបាយ​ដើម្បី​លូកដៃ​ចូល​រាល់​ការបោះឆ្នោត​ប្រធានាធិបតី​នៅតៃវ៉ាន់ តាមរយៈ ការបំភិតបំភ័យ​នយោបាយ កងទ័ព និង​សេដ្ឋកិច្ច។ ប៉ុន្តែ នៅក្នុងការបោះឆ្នោត​តៃវ៉ាន់លើកនេះ ចិនធ្វើយុទ្ធនាការច្រើន មិនថា ការធ្វើសមយុទ្ធយោធា ឬ​ផ្សព្វផ្សាយព័ត៌មានមិនពិត នៅក្នុងគោលដៅ​ដាក់សម្ពាធ​ខ្លាំង​យក​តែមែនទែន​លើ​ប្រជាជនតៃវ៉ាន់ ដែលជា​ម្ចាស់សំឡេងឆ្នោត។ ប្រជាជន​តៃវ៉ាន់​នឹងសម្រេច​ផ្តល់​ជោគវាសនា​អនាគត​របស់​តៃវ៉ាន់​ទៅ​ឲ្យ​គណបក្ស​មួយណា? នៅចំពោះមុខ​ការដាក់សម្ពាធ​ពីប្រទេស​ចិន ប្រជាជន​តៃវ៉ាន់​ត្រូវ​ប្រឈម​នឹង​ជម្រើស​លំបាក។ នៅក្នុងការបោះឆ្នោត​ប្រធានាធិបតីលើកនេះ មាន​គណបក្ស​បីដែលចូលរួម គឺ គណបក្ស​ចម្រើនប្រជាធិបតេយ្យ ដែលជា​គណបក្ស​កាន់អំណាច​របស់​លោកស្រី ប្រធានាធិបតី​ត្សៃអ៊ីងវេន គណបក្ស​គួមីនតាង​ដែល​មានទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយប៉េកាំង និងដែលត្រូវ​គណបក្សកាន់អំណាច​ចោទប្រកាន់ថា...

Duration:00:07:07

Ask host to enable sharing for playback control

ខួប៣ឆ្នាំសម្រុកចូលវិមានកាពីតូល៖ សំណុំរឿងចាស់ រំខាន លោក ត្រាំ ក្នុងការឈរឈ្មោះបោះឆ្នោតអាណត្តិថ្មី?

1/6/2024
ថ្ងៃទី​៦ ខែមករា​ ឆ្នាំ២០២៤ គឺ​ជា​ខួប ៣ ឆ្នាំគត់​ នៃការសម្រុកចូលវិមានកាពីតូល រដ្ឋសភា​សហ​រដ្ឋ​អាមេរិក ដែល​បណ្តាល​ឲ្យ​មាន​អំពើហិង្សា និងស្លាប់​មនុស្ស​ផង​​។ ករណីនេះ ក្លាយ​ជា​សំណុំរឿង​ព្រហ្មទណ្ឌ ដែល​តម្រូវ​ តុលាការកំពូលរដ្ឋ​សហព័ន្ធ​អាមេរិក ​សម្រេចថា តើលោក ដូណាល់ ត្រាំ អាចនឹងត្រូវហាម ឬមិនត្រូវ​ហាម នៅ​ក្នុងការ​ឈរឈ្មោះ​បោះឆ្នោតប្រធានា​ធិបតី​ នា​ចុងឆ្នាំនេះ​។ ​ ​ តុលាការកំពូលអាមេរិក ​កំណត់ថ្ងៃ​ជម្រះក្តីលោក ត្រាំ ​ពេលនេះ អតីតប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ​កំពុងតែល្បីល្បាញខ្លាំង នៅក្នុង​ឱកាស​ផ្តើម​រដូវ​ឃោសនា​បោះឆ្នោត​អាមេរិក។ តែ រដ្ឋ២ បាន​ហាមឃាត់ មិន​ឲ្យ​លោក ឈរឈ្មោះ​​ក្នុង​រដ្ឋ​របស់​ខ្លួន​ទេ។ នោះ​ គឺ រដ្ឋ​កូលូរាដូ និង ​រដ្ឋ​មែន ជារដ្ឋ​ជាប់​មាត់សមុទ្រ ដែល​​បានចេញមុខ ហាមឃាត់ មិនឲ្យលោក ត្រាំ ឈរឈ្មោះនៅក្នុងរដ្ឋរបស់ខ្លួនទេ គឺព្រោះតែ តុលាការ និងថ្នាក់ដឹកនាំរដ្ឋ ទាំង​នេះ​ ចាត់ទុក​ថា​លោក ដូណាល់​ ត្រាំ ជាដើមហេតុ​នៃការ​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​លុកលុយសម្រុក​​វិមាន កាពីតូល រហូត​ដល់​មាន​អំពើ​ហិង្សា​និង​ស្លាប់​ម​នុស្ស​។ ករណីអំពើ​ហិង្សា​នេះ មាន​មនុស្ស ១ ៣០០ នាក់ ត្រូវ​ជាប់​បណ្តឹងចោទប្រកាន់​របស់​​តុលាការ ហើយ​ក្នុងនោះ មាន​ប្រមាណ ៤០ នាក់ កំពុងតែ​នៅ​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំងនៅឡើយ រហូត​មកទល់​ពេលនេះ ​ដើម្បី​នឹង​រង់ចាំ​ ​តុលាការ​ក្រុង​វ៉ាស៊ីន​តោន ជំនុំ​ជម្រះក្តី​។ លោក ត្រាំ ក៏ត្រូវ រដ្ឋអាជ្ញា ​ចោទប្រកាន់ ហើយ​ទាមទារយករូប​លោកមក​ជំនុំជម្រះដែរ ក៏ប៉ុន្តែ លោក ត្រាំ បដិសេធ ដោយ​សំអាង​ទៅលើ អភ័យឯកសិទ្ធិប្រធានាធិបតី​។​ ​នេះជា​សំណុំ​រឿង​ថ្មី​សម្រាប់ប្រវត្តិសាស្ត្រ​អាមេរិក។ ​ចុង​ខែ​ធ្នូកន្លងទៅ​ តុលាការកំពូលរដ្ឋសហព័ន្ធអាមេរិក បាន​លើកពេល ពុំ​ទាន់​ជំនុំ​ជម្រះ​ករណី​នេះទេ។ ​ថ្ងៃសុក្រ​ទី ៥ ខែមករា ​តុលាការកំពូលរដ្ឋ​សហព័ន្ធ​អាមេរិក ​ បាន​សម្រេចកំណត់​ពេលវេលា​​ថា នឹង​ជំនុំ​ក្តីរឿងនេះ នៅថ្ងៃ​ទី​ ៨ ខែកុម្ភៈ ខាងមុខ។ ​ក្នុង​ដំណាក់កាល​នេះ គឺ រដ្ឋ​មួយ​ចំនួននៅសហរដ្ឋ​អាមេរិក ក៏​កំពុងតែ​យកគំរូ​តាម​រដ្ឋ​កូលូរាដូនិងរដ្ឋ​មែន គឺ ហាមមិនចង់​ឲ្យ​លោក ត្រាំ ឈរឈ្មោះក្នុង​រដ្ឋខ្លួន​ទេ​​ ប៉ុន្តែ​បណ្តា​រដ្ឋខ្លះទៀត ក៏បាន​ធ្វើ​ផ្ទុយ​ពីនេះដែរ​។ ក្រៅ​ពី​រឿងអាស្រូវលុកលុយ​សម្រុក​ចូល​វិមាន​កាពីតូល ដើម​ឆ្នាំ២០២១ គឺ​លោក ដូណាល់​ ត្រាំ ក៏​មាន​ជាប់​ប្រឡាក់​ខ្លួន​នឹង​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​ផ្សេងទៀត ដូចជា ករណី​ធ្វេសប្រហែស​ក្នុងការ​ទុកដាក់​ឯកសារ​សម្ងាត់​ជាតិ នៅពេល​លោក ​ត្រាំ​ ចាកចេញ​ពី​វិមាន​ប្រធានាធិបតី ហើយ​ករណី​ផ្ទេរលុយ​ទៅឲ្យ​នារី​រក​ស៊ី​ផ្លូ​វភេទ​ជាថ្នូរ​នឹងឲ្យ​នាង​បិទមាត់​ជុំវិញ​បញ្ហា​រួម​សង្វាស​ជាមួយ​នឹង​លោក ជាដើម។ នេះនៅ​មិនទាន់​និយាយ​ពី​សំណុំ​រឿង​ផ្លូវ​ច្បាប់​ផ្សេងៗទៀត ជុំវិញ​រឿង​ពន្ធដាររបស់ក្រុម​ហ៊ុន​លោក​ផង​ទេ។​ ទោះបី​ជា​រឿង​អាស្រូវ​ ច្រើន​យ៉ាងនេះក្តី ក៏​គេមិនអាច​មិន​ទទួល​ស្គាល់ទេ ថា លោក ត្រាំ គឺនៅតែ​ជា​បេក្ខជន​មួយ ដ៏​មាន​ប្រជាប្រិយភាព និង​ទាក់ទាញ​អ្នក​បោះឆ្នោត​របស់​បក្ស​សាធារណរដ្ឋ​ យ៉ាងសម្បើម។ ​លោក ត្រាំ ​អញ្ជើញ​ទៅឃោសនា​ នៅ​រដ្ឋ​អាយហូវ៉ា ក្នុង​វ័យ​ ៧៧ ឆ្នាំ លោក ត្រាំ បាន​ចេញ​ឃោសនាជាច្រើន​រដ្ឋមកហើយ។ ថ្ងៃ​សៅរ៍ ទី​៦មករា លោក ត្រាំ ជួបជុំ​ឃោសនានយោបាយ​ ដល់ទៅ​ ២ កន្លែង។ ១​នៅ​ នៅ​ញូវតុន ហើយ​១ទៀត នៅក្លីនតុន ក្បែរព្រំដែន​រដ្ឋ​អ៊ីលីណយ។​​ លោក ត្រាំ បាន​យក​សំណុំ​រឿង ​អភ័យ​ឯកសិទ្ធិ​ប្រធានាធិបតី​ របស់​លោកទៅ​អះអាង​ដដែល ថា​​មា​នអភ័យ​ឯកសិទ្ធិ​ពេញ​ទី ហើយ​ លោកសង្ឃឹមថា​​នឹង​ទទួល​បាន​ការ​សម្រេច​ក្តី​ដោយ​យុត្តិធម៌ត្រឹមត្រូវ​​។ ក្នុង​គណ​បក្ស​សាធារណៈរដ្ឋ នរណា​ខ្លះផ្សេង​ទៀត អាច​ជំនួស​លោក ត្រាំ ? នៅក្នុង​​គណបក្សសាធារណៈរដ្ឋ តាមការ​ស្ទង់មតិ​ចុងក្រោយ​ គឺថា​​លោក ត្រាំ មាន​សំឡេងគ្រាំ ដល់ទៅ ៦០% លើ​បេក្ខជន​ផ្សេងទៀត នៅក្នុង​បក្ស។ ក៏ប៉ុន្តែ ករណី​ប្រសិន​បើ នៅខែកុម្ភៈ​ខាងមុខ ​ សាលា​វិនិច្ឆ័យ​តុលាការកំពូល​សហរដ្ឋអាមេរិក សម្រេច​ថា លោក​ ត្រាំ មិនអាច​ឈរឈ្មោះបាន គឺ​បក្ស​​សាធារណរដ្ឋ​ អាច​នឹងមាន​បេក្ខជន​សំខាន់ៗ​ មួយ​ចំនួន​ទៀត។ នោះគឺ អ្នកស្រី នីកគី ហាឡី ជាអតីត​អភិបាល​រដ្ឋ​ការូឡាយណាខាងត្បូង ហើយ​និងជា​ អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ។ វ័យត្រឹមតែ ៥១ឆ្នាំ អ្នក​ស្រី ជាបេក្ខភាពនារី​តែម្នាក់​គត់ របស់គណ​បក្ស​​សាធារណរដ្ឋ​ ដែល​គេ​កំពុង​តែសម្លឹង​មើល ថា​កំពុងតែ​លេច​ធ្លោ។ នៅមានអ្នក​ផ្សេង​ទៀត គឺ​ អភិបាល​ក្រុង​ហ្វ្ល័រីដា លោក រុន ដឺសាន់ទីស វ័យក្មេងទើបតែ ៤៥ ឆ្នាំ។ ម្នាក់ទៀត សេដ្ឋីវ័យក្មេង វីវេក រាមាវ៉ាមី ​អាយុ ​៣៨ ឆ្នាំ ហើយ​និង​ អតីត​អភិបាល​រដ្ឋញូវជេរស៊ី លោក គ្រិស គ្រិស្តី ​វ័យ​ ៦១ ជាដើម។ លោក ចូ បៃដិន ​ចោទលោក ​ត្រាំ ជា«​ណាស៊ីអាល្លឺម៉ង់» ​អាយុ៨១ឆ្នាំ​ ប្រធានាធិបតី លោក ចូ បៃដិន អញ្ជើញពីថ្ងៃសុក្រ ទៅ​រដ្ឋ​ផែន​ស៊ីវ៉ានី និង បាន​យក​សំណុំ​រឿង​សម្រុក​ចូល​លុកលុយ​វិមាន​កាពីតូល ​​ មកធ្វើ​ជា​ប្រធានបទ​ក្តៅ​។ នេះក៏​ដើម្បី​រំឭក​ខួប៣ឆ្នាំ...

Duration:00:06:57

Ask host to enable sharing for playback control

កូរ៉េខា​ង​ជើង​បាញ់​កាំភ្លើង​ត្បាល់សំដៅ​កូរ៉េខាង​ត្បូង ​សេអ៊ូល​ធ្វើ​សមយុទ្ធ​​គ្រាប់​ពិត

1/5/2024
ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​ កំពុង​ធ្លាក់​ក្នុង​ភាព​តាន​តឹង​យោធា​យ៉ាង​ខ្លាំង​មិន​ធ្លាប់​មាន​ទេ គិត​ចាប់​ពី​ឆ្នាំ​២០១០មក។ នៅ​ថ្ងៃ​សុក្រ​នេះ កូរ៉េខាង​ជើង​បាន​បាញ់​កាំភ្លើង​ត្បាល់​ចំនួន​២០០​គ្រាប់​ទៅក្នុង​សមុទ្ទ​លឿង​ ម្តុំ​ជិត​កោះ​របស់​កូរ៉េខាង​ត្បូង។ បន្ទាប់​ពី​បាន​ជម្លៀស​ជនស៊ីវិល​ជា​កិច្ចការពារ សេអ៊ូល​បាន​តប​ត​វិញ​ដោយ​ធ្វើ​សមយុទ្ធ​នៅ​តាម​ព្រំដែន​ជាប់​កូរ៉េខាង​ជើង។ ជា​សមយុទ្ធ​ដោយ​បាញ់​គ្រាប់​ពិតតែម្តង។ នៅ​ចំពោះ​មុខ​ស្ថានការណ៍​​បែប​នេះ​ចិន​បាន​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​អត់​ធ្មត់​ កុំ​ចាត់​វិធានការ​ណា​ដែល​នាំ​ឱ្យ​ស្ថានភាព​កាន់តែ​ដុនដាប​។ ចំណែក​អាមេរិក​បាន​ទម្លាយ​សេចក្តី​ចោទ​ប្រកាន់​ថា​​កូរ៉េខាង​ជើងបាន​ផ្គត់​ផ្គង់​អាវុធ​មីស៊ីលឱ្យ​រុស្ស៊ី​បាញ់​អ៊ុយក្រែន។ ភាព​តាន​តឹង​យោធា​នៅ​ឧបទ្វីប​កូរ៉េ​ ​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​មែន​ទែន ​មិន​ដែល​ធ្លាប់​ប្រទះ​ទេ​គិត​ចាប់​តាំងពី​ឆ្នាំ​២០១០​មក ដែល​កាលណោះ​ព្យុងយ៉ាងបាន​ផ្លោង​១៧០​គ្រាប់​​លើ​កោះ​Yeonpyeong ជា​លើក​ទី​មួយ ស្លាប់​ស៊ីវិល​២​នាក់​ ទាហាន​ពីរ​នាក់។ កូរ៉េខាង​ជើង​ជន្លកូរ៉េខាង​ត្បូង? មាន​ទំនាក់ទំនងដុនដាបស្រាប់​ តាំងពី​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​មក​នេះ ប្រមុខ​ដឹកនាំ​របប​ព្យុងយ៉ាង​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​គំរាម​កម្ទេច​កូរ៉េខាង​ត្បូង និង​សហរដ្ឋ​អាមេរិក ​បានប្រកាស​ត្រៀម​ប្រឈម​នឹង​សង្គ្រាម ...ជា​ពាក្យ​ដ៏​ធ្ងន់ៗ ហើយ​ស្រាប់​តែ​នៅ​ថ្ងៃ​នេះ មានការ​បាញ់​ផ្លោង​តែម្តង។ បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​យោធា​កូរ៉េខាង​ត្បូង​ ក្នុង​រយៈ​ពេល​តែ​ប្រមាណ​ពីរ​ម៉ោង គឺ​នៅរវាង​ពី​ម៉ោង​៩ ទៅ​ម៉ោង​១១​ព្រឹក​ម៉ោង​នៅក្នុង​ស្រុក កូរ៉េខាង​ជើង​បាន​បាញ់​គ្រាប់​កាំភ្លើង​ត្បាល់​ចំនួន​ដល់​ទៅ​ប្រមាណ​២០០គ្រាប់ សំដៅ​សមុទ្ទ​លឿង ត្រង់​ដែន​ទឹក​ជិត​កោះដ៏​ដាច់​ស្រយាល​បំផុត​របស់​កូរ៉េខាង​ត្បូង​ គឺ​កោះ​Yeonpyeong និង​កោះ​Baengnyong។ ​ជា​សំណាង​ល្អ គ្រាប់​កាំភ្លើង​ត្បាល់​កូរ៉េខាង​ជើង​មិនប​ង្ក​ឱ្យ​មានជនរងគ្រោះ​និង​​ការ​ខូត​ខាត​ជា​សម្ភារៈទេ​ ព្រោះ​វា​ធ្លាក់​នៅ​ផ្នែក​ខាង​ជើង​នៃ​ព្រំដែន​ទឹក​រវាង​កូរ៉េទាំងពីរ។ ប៉ុន្តែ​ចរាចរណ៍​ភ្ជាប់​ទៅកាន់​កោះ​ត្រូវ​ផ្អាក។ ប្រជាពលរដ្ឋ​​លើ​កោះទាំងពីរ​ បាន​ទទួល​បញ្ជា​ឱ្យទៅ​​សំងំ​នៅ​ក្នុង​ទី​ជម្រក​សុវត្ថិភាព។ អាជ្ញាធរ​សម្រេច​ជម្លៀស​ប្រជាជន​ដើម្បី​​ជា​កិច្ចការពារ។ ​ មាន​ប្រជាពលរដ្ឋ​រស់​នៅ​ប្រមាណ​២ពាន់​នាក់ Yeonpyong ស្ថិត​នៅ​ចម្ងាយ​១១៥​គីឡូម៉ែត្រ​ពី​ទីក្រុង​សេអ៊ូល និង​តែ​ជាង​១០គីឡូម៉ែត្រ​ពីឆ្នេរ​ខាង​ត្បូង​បំផុត​របស់​កូរ៉េខាង​ជើង។ ចំណែក​កោះ​ Baengnyong នៅកាន់​តែ​កៀក​កូរ៉េខាង​ជើង​ខ្លាំងនិង​មាន​មនុស្ស​រស់​នៅ​៤៩០០នាក់។ ចំណែក​ខាង​កូរ៉េខាង​ត្បូង​វិញ កូរ៉េខាង​ត្បូង​បាន​ដឹកនាំធ្វើ​សមយុទ្ធ​រួម​ជាមួយ​សហរដ្ឋ​អាមេរិក នៅ​ចម្ងាយ​ប្រមាណ​២៥​គីឡូម៉ែត្រ​ពី​កូរ៉េខាង​ជើង។ ហើយ​នៅ​ព្រឹកមិញ​​ ក្រៅ​អំពី​បរិហារ​សកម្មភាព​បង្ក​ហេតុ​របស់​កូរ៉េខាង​ជើង​ថា​គំរាមកំហែង​សន្តិភាព​ក្នុង​តំបន់ យោធា​កូរ៉េខាងត្បូង​បាន​ធ្វើ​សមយុទ្ធ​តប ​ដោយ​បាញ់​គ្រាប់​ពិតៗ ប្រភេទ​គ្រាប់​កាំភ្លើង​ត្បាល់​K9ចំនួន​២០០គ្រាប់​ ​​​វិញផង​។ នេះ​ជា​លើក​ទី​មួយ​ហើយ​កូរ៉េខាង​ត្បូង​ធ្វើ​យ៉ាង​ដូច្នេះ គិត​ចាប់​តាំងពី​សេអ៊ូល​បាន​ប្រកាស​ដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​យោធា​ឆ្នាំ​២០១៨មក។ កូរ៉េខាង​ជើង​សម្រេច​កម្មវត្ថុ​ផលិតកម្មបង្ហោះមីស៊ីល? បើ​តាម​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាងជើងចេញ​ផ្សាយ​នៅ​ថ្ងៃសុក្រ​នេះ ក្នុង​ពេល​​ចុះ​ទៅ​បំពេញទស្សនកិច្ច​នៅក្នុង​រោងចក្រ​ផលិត​ប្រព័ន្ធ​បង្ហោះ​មីស៊ីល​បាលីស្ទិក ជាមួយ​កូនស្រី ប្រមុខ​របបព្យុងយ៉ាងគីមជុងអ៊ុន ​បា​ន​អះអាង​ថា​នៅ​ចំពោះ​មុខ​ស្ថានភាព​កាន់​តែធ្ងន់ធ្ងរ​​នាពេល​បច្ចុប្បន្ន និង​ភាព​ចាំបាច់​​ក្នុងការ​ត្រៀម​ប្រឈម​នឹង​សង្គ្រាម​យោធា​ជាមួយ​សត្រូវ (កូរ៉េខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក)​ ​​កូរ៉េខាង​ជើងត្រូវ​តែ​បង្កើន​ផលិតកម្ម​បង្ហោះ​មីស៊ីល។ លោកគីមជុងអ៊ុនបាន​សរសើរ​អ្នក​ទទួល​ខុសត្រូវ​ស្ថាប័នរោងចក្រ​ ដែល​បាន​សម្រេច​លើស​កម្មវត្ថុ​ឆ្នាំ​២០២៣ ក្នុង​ការ​ផលិត​ប្រព័ន្ធបង្ហោះ​មីស៊ីល​។ ដូច្នេះ​កូរ៉េខាង​ជើង​ច្បាស់​ជា​នឹង​សម្រេច​បាន​នូវ​កម្មវត្ថុ​ថ្មី​​ឆ្នាំ​២០២៤​ ដែល​កំណត់​ដោយ​គណៈកម្មាធិការ​បក្ស​ជាក់​ជា​មិន​ខាន។ នេះ​បើ​តាម​ការ​អួតអាង​បន្ថែម​របស់​​លោក​គីម​ជុងអ៊ុន ដោយ​​មិន​បាន​ផ្តល់​តួលេខ ​ថា​តើ​កូរ៉េខាង​ជើង​គ្រោង​នឹងផលិតមីស៊ីល​ប៉ុន្មាន​ឡើយនៅ​ឆ្នាំ​២០២៤។ កូរ៉េខាង​ជើង​បញ្ជូនប្រព័ន្ធមីស៊ីល​​ទៅ​ឱ្យ​រុស្ស៊ី? ក្នុង​ពេល​ដែល​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន ប្រកាស​បង្កើន​ផលិត​កម្ម​ប្រព័ន្ធ​បង្ហោះមីស៊ីល​ សហរដ្ឋ​អាមេរិក​បាន​ទម្លាយ​ ពាក្យ​​ចោទ​ប្រកាន់​នៅ​ ​ថ្ងៃ​សុក្រ​នេះថា កូរ៉េខាង​ជើង​បាន​ផ្គត់ផ្គង់​ប្រព័ន្ធ​បង្ហោះ​មីស៊ីបាលីស្ទិក និង​មីស៊ីល​បាលីស្ទិក​ជា​ច្រើន​ដល់​រុស្ស៊ី។ បើ​តាម​អ្នកនាំពាក្យ​​ទីប្រឹក្សាសន្តិសុខ​អាមេរិក​លោក ចន គៀប៊ី...

Duration:00:05:19

Ask host to enable sharing for playback control

ក្រោយវេតូរបស់អាមេរិក ប្រជាជន​ហ្កាហ្សាកាន់តែរងទុក្ខវេទនា ដោយសារ​ការវាយប្រហារ​របស់​អ៊ីស្រាអែល

12/10/2023
បន្ទាប់ពីបានភ្លើងខៀវ​ពីអាមេរិក ដែល​វេតូ​ប្រឆាំង​មិន​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ចេញសេចក្តីសម្រេច ទាមទារ​បទឈប់បាញ់មនុស្សធម៌​នៅហ្កាហ្សា អ៊ីស្រាអែល​នៅថ្ងៃអាទិត្យទី​១០​ធ្នូ​បង្កើនការវាយប្រហារ​នៅហ្កាហ្សា ដោយគ្មាន​លើកលែង តំបន់​ភាគជើង តំបន់​ខាងត្បូង​ហ្កាហ្សា​ឡើយ។ ការខ្វះឯកភាពគ្នា នៅក្រុមប្រឹក្សា​សន្តិសុខ​ជាសញ្ញា​បើកដៃ​ឲ្យ​កងទ័ព​អ៊ីស្រាអែល​សម្រុក​វាយប្រហារ​យ៉ាង​ចាស់ដៃ​ទៅ​លើ​តំបន់​ហ្កាហ្សា ហើយ​អ្នកដែល​រង​ទុក្ខវេទនា​ខ្លាំង​ជាងគេដោយសារ​ការប្រយុទ្ធគ្នា​រវាងអ៊ីស្រាអែល និង​ក្រុមហាម៉ាស​ប៉ាឡេស្ទីន គ្មាន​អ្នកណា​ក្រៅ​តែ​ពី​ប្រជាជន​ស៊ីវិល​ប៉ាឡេស្ទីន។ ​ស្ថានភាព​មនុស្សធម៌​នៅហ្កាហ្សាកំពុងមហន្តរាយ ការសម្លាប់រង្គាល​មិនធ្លាប់មាន ជំងឺ​អាសន្នរោគ និង​គ្រោះ​អត់ឃ្លាន។ ទាំងនេះ​ជា​អ្វី​ដែល​ប្រជាជន​ប៉ាឡេស្ទីនកំពុងជួបប្រទះ នៅ​ហ្កាហ្សា ដែល​ក្លាយ​ជា​សមរភូមិប្រយុទ្ធគ្នា​ដ៏ហិង្សា​រវាង​កងទ័ព​អ៊ីស្រាអែល និង​ក្រុមហាម៉ាស​ប៉ាឡេស្ទីន នៅ​២ខែ​មកនេះ។ នៅថ្ងៃ​អាទិត្យ មួយថ្ងៃក្រោយ ក្រុមប្រឹក្សា​សន្តិសុខ​បរាជ័យ មិនអាច​ចេញសេចក្តីសម្រេច ទាមទារ​បទឈប់បាញ់​មនុស្សធម៌ ដោយសារ​វេតូ​របស់អាមេរិក អ៊ីស្រាអែល​ដែលជាសម្ព័ន្ធមិត្ត​របស់​អាមេរិក​បង្កើន​ការវាយប្រហារដ៏ហិង្សា តាម​ផ្លូវអាកាស និង​ផ្លូវគោក ទៅលើ​ទីក្រុង Khan Younès និង​ទីក្រុង​រ៉ាហ្វា នៅភាគខាងត្បូង ហ្កាហ្សា ជាប់ព្រំដែន​ជាមួយ​អេហ្ស៊ីប។ បន្ទាប់ពី​ទម្លាក់គ្រាប់បែក បាញ់ប្លោង​ដែលកម្ទេច​រាបដល់ដី ហេដ្ឋារចនាសម្ព័ន្ធផ្ទះសម្បែង​របស់​ប្រជាជន​ប៉ាឡេស្ទីន នៅខាងជើង​ហ្កាហ្សា កងទ័ព​អ៊ីស្រាអែល នៅប៉ុន្មានថ្ងៃ​មកនេះ បានបែរចុះមកវាយប្រហារ​លើ​តំបន់​ខាងត្បូងហ្កាហ្សា ក្នុងហេតុផល តាមប្រមាញ់​មេក្រុម និងជនប្រដាប់អាវុធ​ហាម៉ាស​ដែល​រត់គេច​ពីខាងជើងមកនៅ​នៅតំបន់​ភាគខាងត្បូង។ បញ្ហា​នៅត្រង់ថា ដោយសារ​ការវាយប្រហារ​ដ៏សន្ធប់របស់​អ៊ីស្រាអែល ប្រជាជន​ប៉ាឡេស្ទីន ជិត ២លាននាក់ ដែល​ត្រូវអ៊ីស្រាអែល បង្ខំ​ឲ្យ​រត់ចាកចេញពី​ភាគខាងជើងរបស់​ហ្កាហ្សា មកនៅ​ភាគខាងត្បូង លែងមាន​កន្លែង​ជ្រក​សុវត្ថិភាព​តទៅទៀត។ ថ្មីៗនេះ ដោយសារ​ប្រតិបត្តិការយោធា​តាមបោសសម្អាត​ក្រុមហាម៉ាស ដែលត្រូវ​ពង្រីកមកដល់​តំបន់​ភាគខាងត្បូង អ៊ីស្រាអែល​បាន​បញ្ជា​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​ទៅរកកន្លែងជ្រក​សុវត្ថិភាព នៅ​ជាប់មាត់សមុទ្រ ដែលស្ថិតនៅក្រៅ​តំបន់សង្រ្គាម វាយប្រហារ​របស់​កងទ័ពអ៊ីស្រាអែល។ ថ្កោលទោស រិះគន់​ចំណាត់ការ​សោះអង្គើយ​របស់​​អ៊ីស្រាអែល ដែលមិនខ្វល់​ពី​អាយុជីវិត​របស់​ប្រជាជនស៊ីវិល អង្គការសហប្រជាជាតិ នៅ​ចុងសប្តា៍នេះ ទាញសញ្ញា​អាសន្ន​ពី​គ្រោះអត់ឃ្លាន និង​ការរីករាលដាលជំងឺឆ្លង អាសន្នរោគ ដោយសារ​អ៊ីស្រាអែល​បិទខ្ទប់​រថយន្ត​ដឹកជញ្ជូនជំនួយ​ស្បៀង និងថ្នាំពេទ្យ និង​ដោយសារ​ការរស់នៅ​ដ៏​ប្រជ្រៀតគ្នា​របស់​ប្រជាជនភៀសខ្លួន​ប៉ាឡេស្ទីន នៅ​ក្នុង​ទីកន្លែង​ដ៏តូច។ តាម​អង្គការ​ស្បៀងអាហារ​ពិភពលោក ដោយសារ​ការរឹតត្បិត​របស់​អ៊ីស្រាអែល និង​ការវាយប្រហារ​របស់យន្តហោះចម្បាំង​អ៊ីស្រាអែលទៅលើ​ទីក្រុង​រ៉ាហ្វា ជាប់ព្រំដែន​អេហ្ស៊ីប រថយន្ត​ដឹកជញ្ជូនស្បៀង ទឹក និងប្រេង​ក្នុងចំនួន​ដ៏តិចតួច​បំផុត អាច​បរចូល​ទៅ​ហ្កាហ្សា។ ការណ៍នេះធ្វើ​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន ប្រមាណ ៩០ភាគរយ ដែល​កំពុង​រត់ភៀសខ្លួន ពេញ​ហ្កាហ្សា នៅថ្ងៃ​ខ្លះ​ត្រូវ​ចូលនិន្រ្ទា ទាំងគ្មាន​អាហារ​ចូលពោះ​ទាល់តែសោះ។ មន្រ្តីអង្គការសហប្រជាជាតិ៖ អ៊ីស្រាអែល​មានចេតនា​រុញច្រាន​ប្រជាជន​ប៉ាឡេស្ទីន​ឲ្យ​ចេញ​ពី​ទឹកដី​ហ្កាហ្សា ជាមួយនឹង​ការវាយប្រហារ​ប្រដេញ​​ពី​ជើង​ទៅ​ត្បូង​ហ្កាហ្សា នៅក្នុង​ហេតុផល​តាមវាយកម្ចាត់​ក្រុមហាម៉ាស​ឲ្យ​អស់​ពីទឹកដី ហ្កាហ្សា អ៊ីស្រាអែល​បាន​បញ្ជា​ បង្ខំ​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​ផ្លាស់ទីកន្លែងរស់នៅ មួយ​លើក​ជា​ពីរ​លើក។ បន្ទាប់ពី​រត់ចោល​ផ្ទះសម្បែង នៅ​ភាគខាងជើង​ហ្កាហ្សា ដើម្បី​គេច​ចេញពី​ការទម្លាក់គ្រាប់បែក ការបាញ់ប្លោង របស់អ៊ីស្រាអែល និងការប្រយុទ្ធគ្នាកងទ័ពអ៊ីស្រាអែល ជាមួយ​ពួកហាម៉ាស ប្រជាជន​ប៉ាឡេស្ទីនជាង​១លាន ៨សែននាក់​ជាប់គាំង រស់នៅកកកុញ នៅ​ភាគខាងត្បូង។ ការវាយប្រហារ​ដ៏ខ្លាំងក្លា​របស់​កងទ័ពអ៊ីស្រាអែល​នៅ​ភាគខាងត្បូងហ្កាហ្សា នៅប៉ុន្មានថ្ងៃ​មកនេះ បាន​ឈាន​ចូល​ដល់​ដំណាក់កាលមួយ ដែលទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​វាយតម្លៃថា ជាយុទ្ធសាស្រ្ត​របស់​អ៊ីស្រាអែល​ដើម្បី បណ្តេញ​ប្រជាជន​ប៉ាឡេស្ទីន​ចេញពីទឹកដី​ហ្កាហ្សា។ នៅក្នុង​អត្ថបទបញ្ចេញ​មតិ របស់​កាសែត​អាមេរិក Los Angeles Times ចុះផ្សាយ​នៅ​ថ្ងៃ​អាទិត្យ ប្រធាន​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ប្រជាជន​ប៉ាឡេស្ទីន​ចោទប្រកាន់​អ៊ីស្រាអែល​ថា កំពុង​ប៉ុនប៉ង បង្ខំ​ប្រជាជន​ប៉ាឡេស្ទីន​ឲ្យចាកចេញ​ពី​ហ្កាហ្សា​សំដៅ​ទឹកដី​អេហ្ស៊ីប។ តាម​យោបល់​របស់​ប្រធានទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ បើសិន​អ៊ីស្រាអែល​នៅតែ​បន្ត​វាយប្រហារ​គ្មានសល់ចន្លោះទៅលើ​ទឹកដីហ្កាហ្សា និងរុញច្រាន​ប្រជាជនប៉ាឡេស្ទីន​ទៅនៅ​កកប្រមូលផ្តុំនៅ​ជំរំជនភៀសខ្លួន​ក្បែរ​ព្រំដែន​អេហ្ស៊ីប...

Duration:00:08:31

Ask host to enable sharing for playback control

ហ្កាហ្សា៖ រដ្ឋបាល​លោក​ចូបៃដិន​ ផ្តើមរិះគន់អ៊ីស្រាអែល ថាមិនការពារអាយុជីវិតជនស៊ីវីល​ប៉ាឡេស្ទីន

12/8/2023
យោងតាម​ អ្នកនាំពាក្យក្រសួងសុខាភិបាល​ហាម៉ាស គឺគ្រាន់តែក្នុងមួយថ្ងៃព្រហស្បតិ៍​ទី​៧ធ្នូ មានមនុស្ស​ស្លាប់ចំនួន​៣៥០នាក់ ដោយសារតែ​ការបាញ់ប្លោងគ្រាប់​របស់អ៊ីស្រាអែល​។​ ហើយគិតសរុប​មកដល់​ថ្ងៃទី៦៣​នៃ​សង្គ្រាម​នេះ មានប្រជាជន​ស៊ីវីល​ប៉ាឡេស្ទីន ស្លាប់ចំនួនជាង​១៧០០០នាក់ និងរបួស​ចំនួន​៤៦០០០នាក់។ ៧០% នៃជនរងគ្រោះ ​គឺសុទ្ធតែជាកុមារ ក្មេងជំទង់ និងស្ត្រី​។ នេះបើផ្អែកតាមអាជ្ញាធរហាម៉ាស គ្រប់គ្រងតំបន់ហ្កាហ្សា​។ ប្រឈមនឹងបញ្ហានេះ រដ្ឋមន្ត្រី​ការបរទេសអាមេរិក បានរិះគន់ចំៗជាលើកទី​មួយ ថាអ៊ីស្រាអែលមិនការពារអាយុជីវិតជនស៊ីវីល​ប៉ាឡេស្ទីន​។ បន្ទាប់ពីបាន​ផ្អាក​ការ​ប្រយុទ្ធចំនួន​៧ថ្ងៃ កាលពីចុងខែ​វិច្ឆិកា​ អ៊ីស្រាអែល​បានសំរុកបើកការវាយប្រហារ បាញ់​ប្លោងគ្រាប់ និង​បញ្ជូន​កងទ័ពថ្មើរជើង ទៅកាន់ភាគខាងត្បូងហ្កាហ្សា ទាំងដែល​ប្រជាជនស៊ីវីល​ប៉ាឡេស្ទីន កំពុងកកកុញយ៉ាងលំបាក​វេទនានៅតំបន់​នោះ​។ ថ្ងៃសុក្រ​ទី​៨ធ្នូ កងទ័ពអ៊ីស្រាអែល បានអះអាងថា គេបានបើក​ប្រតិបត្តិការធំ រវាងពីថ្ងៃពុធ ដល់ថ្ងៃព្រហស្បតិ៍ ដោយ​បាន​វាយ​ចំ​គោលដៅចំនួន៤៥០ចំណុច ដោយប្រើប្រាស់​កងកុម្មង់ដូ​ថ្មើរជើងផង ការវាយប្រហារផ្លូវអាកាស និង​តាមផ្លូវទឹកផង។ ប្រតិបត្តិការនេះ​ បានអនុញ្ញាត​ឲ្យ​កងទ័ពអ៊ីស្រាអែល សម្លាប់​បានសមាជិក​ក្រុមហាម៉ាសជាច្រើននាក់​។ ជាការកត់សំគាល់ គេសង្កេតឃើញតំបន់ Khan Younès ដែលស្ថិតនៅភាគខាងត្បូងហ្កាហ្សា និង​ តំបន់Jabaliya មិនឆ្ងាយ​ប៉ុន្មានពីក្រុងហ្កាហ្សាស៊ីធី បានរងនូវការបាញ់​ប្លោង​គ្រាប់យ៉ាងដំណំបំផុត ពីសំណាក់​កងទ័ពអ៊ីស្រាអែល​។ មន្ត្រីហាម៉ាស ទទួល​បន្ទុក​សុខាភិបាល បានអះអាងនៅថ្ងៃសុក្រថា នៅតំបន់​ហ្កាហ្សាស៊ីធី មានស្លាប់​ជនស៊ីវីល​​យ៉ាងហោច ៤០នាក់​ ហើយ​ស្លាប់ច្រើនសិបអ្នកទៀត នៅ​តំបន់​ Jabaliya និងតំបន់​ Khan Younès។ តើ​អាមេរិក​ដែលគាំទ្រអ៊ីស្រាអែល​ បាន​ចាប់ផ្តើម​ប្តូរឥរិយាបថ? ប្រឈមនឹងចំនួន​ជនស៊ីវីលប៉ាឡេស្ទីន​ ដែល​ស្លាប់​និងរបួសដ៏ច្រើនសន្ធឹក ​កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែការវាយ​ប្រហាររបស់អ៊ីស្រាអែល​ រដ្ឋបាល​​របស់លោក​ចូ បៃដិន ហាក់​ចាប់ផ្តើម​​ប្តូរ​ឥរិយាបថ រិះគន់​ទៅលើ​អ៊ីស្រាអែល​ ថាមិន​ខ្វល់ពីអាយុជីវិតជនស៊ីវីល​ប៉ាឡេស្ទីន។ នៅក្នុងសន្និសីទ​កាសែតរួមគ្នាជាមួយ​លោក James Cameron រដ្ឋមន្ត្រីការបរទេសអង់គ្លេស នៅឯក្រុងវ៉ាស៊ីនតោន កាលពី​ថ្ងៃព្រហស្បតិ៍ទី​៧ធ្នូ លោក​អង់តូនៅ ប្លីងកិន ប្រមុខកាទូតអាមេរិកបានលើកឡើងថា វាជារឿងសំខាន់​បំផុត ដែល​អ៊ីស្រាអែលត្រូវតែផ្តល់អាទិភាព ទៅលើការការពារអាយុជីវិតជនស៊ីវីល​ប៉ាឡេស្ទីន។ លោក​បានបន្ថែមថា តែបើយើងក្រឡេកទៅមើល​ការពិតជាក់ស្តែង គឺវាមានគម្លាតគ្នា​ឆ្ងាយ​ខ្លាំងណាស់ រវាងអ្វី​ដែល​អ៊ីស្រាអែលអះអាងថា ធ្វើគ្រប់យ៉ាងដើម្បី​បញ្ចៀសកុំឲ្យស្លាប់​ជនស៊ីវីល​ច្រើន និង​តួលេខជាក់ស្តែងនៃចំនួន​មនុស្សស្លាប់។​ គួរកត់សំគាល់ថា នេះគឺជាលើកទី​១ហើយ ដែល​លោករដ្ឋមន្ត្រីការបរទេសអាមេរិក និយាយសំដីក្នុងន័យ​រិះគន់ដោយ​ចំៗ ទៅលើ​អ៊ីស្រាអែល​ ទាក់ទិននឹងការវាយប្រហារបាញ់​ប្លោងគ្រាប់ បណ្តាល​ឲ្យស្លាប់ជនស៊ីវីល​ប៉ាឡេស្ទីន​។ ផ្អែកតាមសេតវិមាន លោកប្រធានាធិបតី​ ចូ បៃដិន ក៏ទើបតែបាន​ទូរស័ព្ទទៅនិយាយ ជាមួយ​នឹងលោក​បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃព្រហស្បតិ៍ដែរ។ ក្នុងកិច្ចសន្ទនានេះ លោកចូ បៃដិន បានប្រាប់ទៅលោកណេតាន់យ៉ាហ៊ូ ថា អ៊ីស្រាអែល​ត្រូវតែ​ការពារអាយុជីវិតជនស៊ីវីល​ប៉ាឡេស្ទីនឲ្យ​បានជាដាច់ខាត​។ មិននឹងវាយប្រហារ កងទ័ពអ៊ីស្រាអែល ​ត្រូវតែ​បែងចែងឲ្យ​ច្បាស់ រវាងជនស៊ីវីលនិ​ងក្រុមភេរវកម្មហាម៉ាស។ លោក ចូ បៃដិន បាន​អំពាវនាវប្រាប់ទៅ​ភាគីអ៊ីស្រាអែល ថាត្រូវតែ​រៀបចំ​ឲ្យ​មានច្រកផ្លូវ​សុវត្ថិភាព សម្រាប់ជនស៊ីវីល​នៅហ្កាហ្សា ដើម្បី​ឲ្យ​ពួកគេ អាចធ្វើដំណើរ​ចាកចេញពី​តំបន់ដែលមានការប្រយុទ្ធ។ តើ​ក្រុមប្រឹក្សាសន្តិសុខ​ អាចដាក់កំហិត​ ឲ្យ​អ៊ីស្រាអែលឈប់បាញ់​បានទេ? នៅថ្ងៃសុក្រ​ទី​៨ធ្នូ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការ​សហប្រជាជាតិ ត្រូវជួបប្រជុំគ្នាជាថ្មីម្តងទៀត ដើម្បី​បោះឆ្នោត​លើ​គម្រោង​សេចក្តីសម្រេចចិត្តរួម ថ្មី​មួយទៀត។ គឺអេមីរ៉ាតអារ៉ាប់រួម ដែល​ជាអ្នកផ្តួចផ្តើមគំនិតនេះ។​ អត្ថបទ​សេចក្តីសម្រេចចិត្តរួម​នេះ មានខ្លឹមសារ​​ហៅឲ្យ​អ៊ីស្រាអែល ត្រូវតែ​ឈប់បាញ់​ ឈប់ប្រយុទ្ធជាបន្ទាន់នៅហ្កាហ្សា​ ដើម្បីការពារអាយុជីវិតជនស៊ីវីលប៉ាឡេស្ទីន។ អាយុជីវិតប្រជាជនស៊ីវីល ទាំងប៉ាឡេស្ទីន ទាំង​អ៊ីស្រាអែល ត្រូវតែទទួលបានការការពារ ដោយ​ផ្អែកលើច្បាប់​មនុស្សធម៌អន្តរជាតិ​។ គម្រោងសេចក្តីសម្រេចចិត្តនេះ បាន​អំពាវនាវផងដែរ ឲ្យ​ដោះលែងចំណាប់ខ្មាំង​ទាំងអស់ ដោយ​គ្មានលក្ខខណ្ឌ​។ សូមបញ្ជាក់ថា ដើម្បឲ្យ​អត្ថបទសំណើសេចក្តីសម្រេចចិត្តរួមមួយ អាចអនុម័តជាស្ថាពរបាន គឺទាល់តែ​អត្ថបទនោះ ទទួលបាន​ការគាំទ្រ ចំនួនយ៉ាងហោច ៩សំឡេងក្នុងចំណោម​១៥​ប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខ។ តែទន្ទឹមនឹងនេះ គឺ​ល្គឹកណាទាល់តែគ្មានប្រទេសសមាជិកអចិន្ត្រៃយ៍ណាមួយ ក្នុងចំណោម​ទាំង​៥ ​បោះឆ្នោតវ៉េតូ។ ផ្អែកតាមការវិភាគ ថ្វីបើ​សហរដ្ឋអាមេរិកបានចាប់​ផ្តើម​​បង្ហាញជំហររិះគន់ខ្លះ...

Duration:00:08:00

Ask host to enable sharing for playback control

សន្និសីទ​អាកាសធាតុ​ក្នុង​​ប្រទេស​ផលិតប្រេង ជា​ឱកាស​និយាយ​ពី​​វិបត្តិ​ថាមពលផូស៊ីល?

11/30/2023
សន្និសីទ​អាកាសធាតុ​COP28 ចាប់​បើក​នៅ​​ថ្ងៃ​ទី ៣០​វិច្ឆិកា​ដល់​ថ្ងៃទី ១២​ធ្នូនៅ​ក្រុង​ឌូបៃ​ប្រទេស​អេមីរ៉ាត់អារ៉ាប់រួម។ សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្តីពី​អាកាសធាតុ​ត្រូវ​​បន្ត​ជជែក​អំពី​ប្រធានបទ​ចម្រូង​ចម្រាស​ជា​ច្រើន​មាន​ជាអាទិ៍​ការ​បោះបង់​ថាមពល​ផូស៊ីល​​និង​ការ​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ធ្វើ​អន្តរកាល​ថាមពល​ស្អាត​នៅក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍។ ប៉ុន្តែ​ដូច​ជា​រៀង​រាល់​លើក​​ មានសំណួរដដែលៗ​តែង​ផុស​ឡើង​ទាក់ទង​នឹង​សន្និសីទ​អាកាស​ធាតុ ថា តើ​មាន​ប្រយោជន៍​យ៉ាងណា? និង​អាច​សង្ឃឹម​បាន​លទ្ធផល​អ្វី បើ​សន្និសីទស្តីពី​អាកាសធាតុ​ធ្វើ​នៅ​ក្នុង​ប្រទេស​ផលិត​ប្រេង​នោះ? រដ្ឋ​ជា​សមាជិក​អង្គការសហប្រជាជាតិ​១៩៧ប្រទេស និង​សហភាព​អឺរ៉ុប ​ បាន​មក​ជួប​ជុំ​គ្នានៅក្រុង​ឌូបៃ ពី​ថ្ងៃ​ទី​៣០​វិច្ឆិកា​នេះរហូត​ដល់​ថ្ងៃទី ១២​ធ្នូ​២០២៣ ដើម្បី​បើក​សន្និសីទប្រចាំ​ឆ្នាំ​ស្តីពី​អាកាសធាតុ​ លើក​ទី​ ២៨ COP28។ ​សន្និសីទ​​នេះ​ជា​ឱកាស​​ជជែក​អំពីការ​ប្រយុទ្ធប្រឆាំង​នឹងការ​ប្រែប្រួល​អាកាសធាតុ រួម​គ្នា​តែ​មួយ​គត់​ក្នុង​កំរិត​ពិភពលោក​។ ហេតុអ្វី​COP28 ​ជា​ជំនួប​ដ៏សំខាន់​ខ្លាំង? ថ្វីបើឥស្សរជន​សំខាន់ៗ ដូច​យ៉ាង​ប្រធានាធិបតី​អាមេរិក ចិន មិន​បាន​អញ្ជើញ​មក​ចូល​រួមដោយ​ផ្ទាល់​ក៏​ដោយ ក៏​​COP28 ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ជំនួប​ដ៏​ធំ ដែល​ប្រមូល​ផ្តុំ​អ្នក​ចូល​រួម​ដល់​ទៅ​​ប្រមាណ​៧ម៉ឺន​នាក់ និង​ជាសន្និសីទ​ដ៏​​សំខាន់​បំផុត​។ តាំងពី​មាន​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស​ក្នុង​COP21មក​ សន្និសីទអាកាសធាតុ​ឆ្នាំ​បន្ត​បន្ទាប់​ជា​ការ​បន្ត​ដាក់​ឱ្យ​ដំណើរការ​នូវ​កម្មវត្ថុ​គោល​ គឺ​ទប់​ការ​ឡើង​កម្តៅ​សីតុណ្ហភាព​នៃ​ភព​ផែន​ដី​ឱ្យ​នៅក្រោម​ពីរ​អង្សានៅ​ដំណាច់​សតវត្សរ៍ និង​បើ​អាច​ឱ្យ​ឡើង​ត្រឹម​តែ​១អង្សា​កន្លះ​បើ​ប្រៀប​ទៅ​នឹង​សម័យ​មុន​ឧស្សាហកម្ម។ COP24 ឬ​COP26 បាន​លម្អិត​ពី​ផែនការ​នៃ​កិច្ចព្រមព្រៀងអាកាសធាតុ​​ក្រុង​ប៉ារីស២០១៥។ តែ​​ឆ្នាំ​នេះ COP28បាន​ដើរ​មក​ដល់​​របត់​ថ្មី។ រដ្ឋ​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស មិន​ត្រឹម​តែ​ត្រូវ​ព្រមព្រៀង​អំពី​លើ​វិធានការ​ត្រូវ​ធ្វើ​ដើម្បី​អាកាសធាតុ​ទេ តែ​ត្រូវ​បញ្ជាក់​ថា​តើ​ចាត់​វិធានការ​នោះ​យ៉ាង​ដូចម្តេច​ទៀត។ ពោល​គឺ​ក្នុង​រយៈ​ពេលពីរ​សប្តាហ៍​នេះ ​​​សន្និសីទ​មាន​បេសកកម្មដ៏ធំ​មួយ គឺបញ្ចេញ​​តុល្យការពិភពលោក​​នៃកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹងការ​ប្រែប្រួល​អាកាសធាតុ​​តាំងពី​មានកិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស COP21 ឆ្នាំ​២០១៥។ ​គេ​បាន​ដឹង​ជា​ស្រេច​ហើយ​ថា​តុល្យការ​មិន​សូវ​ល្អ​ទេ ​បើយោង​តាម​របាយការណ៍​កាលពី​ខែ​តុលា។ នៅក្នុង​ការ​សិក្សា​​ចុងក្រោយ​របស់​អង្គការ​សហប្រជាជាតិ​ស្តីពីអាកាសធាតុ ផែនដី​កំពុង​ឡើង​កម្តៅ​ក្នុង​ទិសដៅ​ ២,៥​ទៅ​២,៩​អង្សា​នៅ​ដំណាច់​សតវត្សរ៍​ ពោល​គឺ​ឆ្ងាយ​ពី​កម្មវត្ថុ​ក្រុង​ប៉ារីស​ឆ្ងាយណាស់។ ប៉ុន្តែ​ ​មនុស្សជាតិ​​នៅ​តែ​អាច​កំរិត​ការ​ឡើង​កម្តៅ​សីតុណ្ហភាព​ផែន​ដី​បាន​នៅ​ឡើយ ប្រសិន​បើ​មាន​សកម្មភាព​ភ្លាម​និង​ខ្លាំងក្លា។ ដូច្នេះ​ទោះ​ល្អ​ឬ​មិន​ល្អ​​​​ក៏​ដោយ ក៏​​​​​​តុល្យការសរុប​បាននៅក្នុង​សន្និសីទ​លើក​នេះ​នឹង​អាច​ជួយ​ចង្អុល​បង្ហាញ​ឱ្យ​ឃើញ​អំពី​ចំណុច​ខ្វះ​ខាត​ ហើយ​​COP28ត្រូវ​កំណត់​អំពី​កម្មវត្ថុ​ដែល​ត្រូវ​ធ្វើ​នៅ​ដំណាក់កាល​បន្ទាប់​ ពី​ពេល​នេះ​ដល់ឆ្នាំ​២០៣០ ដើម្បី​តម្រែតម្រង់​ទិស​។ កម្មវត្ថុនេះ ត្រូវ​សម្រេច​ព្រមព្រៀង​ដោយ​​រដ្ឋជា​សមាជិក​ទាំង​អស់ ប៉ុន្តែ​សន្និសីទ​កំពុង​ខ្វែង​គ្នា​លើ​បី​ចំណុច​ធំៗ។ COP28នឹង​សម្រេច​ដើរ​ចេញ​ពី​ថាមពលផូស៊ីល​? ទីមួយ​គឺអនាគត​ថាមពល​ផូស៊ីល។ ថាមពល​ផូស៊ីលដែល​​រួម​​មាន ថាមពល​ធ្យូងថ្ម ប្រេងកាត​ ប្រេងសាំង និង​ឧស្ម័ន​ហ្កាស ជា​ដើមហេតុ​នាំចម្បងនាំ​​មាន​ឧស្ម័នផ្ទះកញ្ចក់និង​ការ​ឡើង​កម្តៅ​នៃភពផែន​ដី​។ នៅក្នុង​COP26 រដ្ឋ​ជា​ច្រើន​បាន​ប្តេជ្ញា​បោះបង់​ថាមពលធ្យូងថ្ម​ជា​បណ្តើរៗ​​បន្តិចម្តងៗ​។ តែ​​ថាមពល​ផូស៊ីលផ្សេងទៀត​មិន​ត្រូវ​បាន​លើក​មក​និយាយ​ទេ។ ​អ៊ីចឹង​ហើយ​បាន​ជា​​រដ្ឋខ្លះ​ព្រមទាំង​អង្គការក្រៅ​រដ្ឋាភិបាល​ចង់​លើ​យក​បញ្ហាចំហេះ​ផូស៊ីល​ទាំងអស់​​មក​លាត​ត្រដាង​នៅលើ​តុ​សន្និសីទCOP28នេះ។ ត្រូវ​និយាយ​អំពី​ថាមពល​ផូស៊ីល​ដែល​ជា​ប្រធានបទ​ដ៏​រសើប​បំផុតហើយ ​សន្និសីទត្រូវ​ប្រព្រឹត្ត​ទៅនៅក្នុង​ប្រទេស​ផលិត​ថាមពល​ផូស៊ីលទៀត។ ​ម្ចាស់​ផ្ទះ​អ្នក​រៀប​ចំសន្និសីទអេមីរ៉ាតអារ៉ាប់រួមជា​ប្រទេស​ផលិត​ប្រេង​(ថាមពលផូស៊ីល) លំដាប់​ទី​៧​នៅលើ​ពិភពលោក​។ អេមីរ៉ាតអារ៉ាប់រួម​និង​បណ្តាប្រទេសដែល​​រំពឹង​ខ្លាំង​លើ​ថាមពល​ផូស៊ីល​ ចង់​ឱ្យ​COP28​ផ្ចង់​គិត​គូរលើ​បច្ចេកវិទ្យាទំនើប​ជាន់​ក្រោយ​សម្រាប់​ចាប់​និង​ស្តុក​ទុក​ឧស្ម័ន​កាបូនិក​ មិន​ឱ្យ​សាយភាយបំពុល​​បរិយាកាស ដែល​ភ្នាក់ងារ​ថាមពល​អន្តរជាតិ​ក៏យល់​ថា​ជា​បច្ចេកវិទ្យា​អាច​ជួយ​សម្រេច​កម្មវត្ថុ​អាកាសធាតុ​បាន និងចង់​ផ្តោត​ការ​​គិត​គូរ​ខ្លាំង​ដល់​​ថាមពល​កើត​ឡើង​វិញ។ ថាមពល​កើត​ឡើង​វិញ​ ជា​ចំណុច​ខ្ទាស់ទីពីរ។...

Duration:00:06:55

Ask host to enable sharing for playback control

មួយខែនៃសង្រ្គាមហ្កាហ្សា អ៊ីស្រាអែល​ប្រកាសគម្រោង​គ្រប់គ្រងសន្តិសុខ​ហ្កាហ្សា នៅក្រោយសង្រ្គាម

11/7/2023
គិតមកត្រឹមថ្ងៃទី​៧​វិច្ឆិកា មានរយៈពេល​មួយខែគត់​ដែល ​អ៊ីស្រាអែល​បើក​ការវាយប្រហារសងសឹក​ក្រុមហាម៉ាស ក្នុងទឹកដី​ហ្កាហ្សា បន្ទាប់ពីក្រុមនេះ​បើក​ការវាយឆ្មក់​ចូល​ទឹកដីអ៊ីស្រាអែល ដោយ​សម្លាប់មនុស្ស​ប្រមាណ ១៤០០នាក់ និង​ចាប់ជាចំណាប់ខ្មាំង ជាង​២៤០នាក់ កាលពីថ្ងៃទី​៧តុលា។ ការវាយប្រហារ​ផ្លូវអាកាស ផ្លូវគោក របស់​កងទ័ព​អ៊ីស្រាអែល​ទៅលើ​ទឹកដី​ហ្កាហ្សា នៅ​រយៈពេល​មួយខែ​មកនេះ បានសម្លាប់មនុស្ស​ប្រមាណ ១ម៉ឺន​នាក់។ នេះ​បើតាម​តួលេខ​ផ្តល់ដោយ​ក្រសួង​សុខាភិបាល​ហាម៉ាស។ សង្រ្គាមហ្កាហ្សា ដែលអ៊ីស្រាអែល​បានដាក់ទិសដៅ គាស់រំលើង​ក្រុមហាម៉ាស ប៉ាឡេស្ទីន​បានបណ្តាល​ឲ្យហ្កាហ្សា​ដែលមាន​ប្រជាជន​រស់នៅ​ជាង ២លាននាក់ កំពុង​ជួប​វិបត្តិ​មនុស្សធម៌ វិបត្តិ​ជនភៀសខ្លួន​ដ៏ធ្ងន់ធ្ងរ។ មួយខែ​ក្រោយ​អំពើហិង្សា​សម្លាប់​មនុស្ស របស់​ក្រុមហាម៉ាស​ប៉ាឡេស្ទីន​ក្នុងទឹកដី​អ៊ីស្រាអែល តើ​អ្វីទៅជា​តុល្យការចុងក្រោយ នៃ​ការវាយប្រហារ​សងសឹក​របស់​អ៊ីស្រាអែល​ទៅលើក្រុមហាម៉ាស នៅទឹកដី​ហ្កាហ្សា? គិតមកទល់ថ្ងៃអង្គារ ទី៧​វិច្ឆិកា សង្រ្គាម​ហ្កាហ្សា​មាន​រយៈពេល​១ខែគត់។ ១ខែ​គត់​ដែល​អ៊ីស្រាអែល​បើកការវាយប្រហារសងសឹក​ក្រុមហាម៉ាស​ប៉ាឡេស្ទីន ដែល​បាន​បញ្ជូន​កងកុម្មង់ដូរ ចូលទៅវាយឆ្មក់ សម្លាប់ប្រជាជន​ស៊ីវិល នៅក្នុង​ទឹកដី អ៊ីស្រាអែល។ យោងតាម​អ៊ីស្រាអែល នៅថ្ងៃទី ៧តុលា សកម្មជន​ប្រដាប់អាវុធ​ហាម៉ាស​ជាង ២០០០នាក់ ដែល​បាន​បំផ្លាញ​ជញ្ជាំង​ព្រំដែនខ័ណ្ឌហ្កាហ្សាជាមួយ​អ៊ីស្រាអែល​ចំនួន ២៩​កន្លែង បាន​ទទួល​បញ្ជា​ឲ្យ​ទៅ​បង្កសកម្មភាព​ភេរវនិយម សម្លាប់​ប្រជាជន​ស៊ីវិល​អ៊ីស្រាអែល​ឲ្យបាន​ច្រើនបំផុត។ ការវាយឆ្មក់​របស់​កងកម្ម៉ង់ដូរ​ហាម៉ាស ទៅលើ​ទីក្រុង​ភាគខាងត្បូង​អ៊ីស្រាអែល បាន​សម្លាប់​មនុស្សជាង ១៤០០នាក់ ដែល​ភាគច្រើន​ជា​ប្រជាជន​ស៊ីវិល ចំណែក​មនុស្ស​ជាង​២៤០​ត្រូវ​ពួកហាម៉ាស​ចាប់ជា​ចំណាប់ខ្មាំង លាក់ទុកក្នុងទឹកដីហ្កាហ្សា។ ប្រកាសសង្រ្គាមសងសឹកភ្លាមៗ​ទៅលើ​ពួកហាម៉ាស អ៊ីស្រាអែល​បដិសេធ​បទឈប់បាញ់គ្រប់ទម្រង់ ថ្វីបើ​អ៊ីស្រាអែល​រងការដាក់សម្ពាធ​ពីគ្រប់ទិស ដោយសារ​ចំនួន​មនុស្សស្លាប់​កាន់តែ​កើនឡើង នៅ​ក្នុង​ការវាយប្រហាររបស់​អ៊ីស្រាអែល​ទៅលើ​ទឹកដីហ្កាហ្សា។ មួយខែ​បើកសង្រ្គាម​ហ្ហាហ្សា អ៊ីស្រាអែលនៅតែបដិសេធ​មិន​អនុវត្តបទឈប់បាញ់ មួយខែ​ក្រោយ​បើកសង្រ្គាមសងសឹក ក្រុមហាម៉ាស​ប៉ាឡេស្ទីន នៅ​ទឹកដីហ្កាហ្សា អ៊ីស្រាអែល​នៅតែ​ប្រកាន់ជំហរតឹងរ៉ឹង មិន​ព្រម​អនុវត្ត​បទ​ឈប់បាញ់ ដោយ​នៅ​តែបន្ត​ជញ្រ្ជំ ទម្លាក់គ្រាប់ ទៅ​លើ​ទឹកដី​ហ្កាហ្សា។ នៅ​យប់​ថ្ងៃអាទិត្យ​ឈាន​ចូល​ដល់​ថ្ងៃ​ចន្ទ ដែលជិត​ដល់​គម្រប់​រយៈពេល​១ខែ គត់​នៃ​សង្រ្គាមសងសឹក​ក្រុមហាម៉ាស​ប៉ាឡេស្ទីន អ៊ីស្រាអែល​បើក​ការវាយប្រហារ​ដ៏​សន្ធឹក ខ្លាំងជាង​ពេលណាៗ​ទាំងអស់ ទៅលើ​ទីតាំង​របស់​ក្រុមហាម៉ាស នៅក្នុង​ទឹកដី​ហ្កាហ្សា។ យោង​តាមការចុះផ្សាយ​របស់​ទស្សនាវដ្តី​កងទ័ពអ៊ីស្រាអែល ប្រតិបត្តិការយោធា​ទាំងផ្នែកផ្លូវអាកាស និងជើងគោក​របស់​អ៊ីស្រាអែល នៅដើមសប្តាហ៍នេះ​បានសម្លាប់​សកម្មជនហាម៉ាស និងបំផ្លាញ​ទីតាំង​យោធា កន្លែងស្តុកទុកអាវុធ គ្រាប់រ៉ូក្កែត​របស់​ក្រុមហាម៉ាស​ជាច្រើន​កន្លែង។ ប៉ុន្តែ ទូរទស្សន៍​ហាម៉ាស ឈ្មោះ Al-Aqsa​បាន​ផ្សាយថា ការទម្លាក់គ្រាប់​របស់​កងទ័ព​អ៊ីស្រាអែល នៅ​យប់ថ្ងៃ​អាទិត្យ សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន​យ៉ាងតិច ៧៥នាក់។ យោងតាម ក្រសួងសុខាភិបាល​ហាម៉ាស ដែលជា​អ្នកបញ្ចេញ​ផ្សាយ​តួលេខ​ជនរងគ្រោះ​នៅ​ហ្កាហ្សារហូតមក ការវាយប្រហារ​របស់​អ៊ីស្រាអែល​ទៅលើ​តំបន់​ហ្កាហ្សា នៅ​មួយខែ​មកនេះ បាន​សម្លាប់​មនុស្ស​យ៉ាងតិច ១ម៉ឺននាក់ ដែលនៅក្នុងនោះ ៤ពាន់នាក់​ជា​កុមារ និង​បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ​ផ្ទះសម្បែង មន្ទីរពេទ្យ សាលារៀន​ជាច្រើនកន្លែង រួម​ទាំង​ជំរំជនភៀសខ្លួន​គ្រប់គ្រង​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​ហ្កាហ្សា។ សង្រ្គាម​ហ្កាហ្សា​មិនត្រឹម​បង្ក​ឲ្យមានការបាត់បង់ជីវិត​ប្រជាជន​ស៊ីវិល​ប៉ាឡេស្ទីន ជាពិសេស ជា​កុមារ ប៉ុន្តែ វា​បានបណ្តាល​ឲ្យ​វិបត្តិ​មនុស្សធម៌​ធ្ងន់ធ្ងរ បន្ទាប់ពី​មនុស្ស​ជាង ១លាន ៥សែននាក់ ត្រូវ​បង្ខំ​ឲ្យផ្លាស់ទី បោះបង់​ចោលផ្ទះសម្បែង នៅហ្កាហ្សា ដែល​រងការទម្លាក់គ្រាប់បែក​គ្មានលោះថ្ងៃ​របស់​កងទ័ព​អ៊ីស្រាអែល។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអង់តូនីញ៉ូ ហ្គុយទែរស្ក៍ នៅថ្ងៃ​អង្គារ​បាន​ទាមទារ​ឲ្យ​មាន​បទឈប់បាញ់​បន្ទាន់ ព្រោះថា ហ្កាហ្សា ដែល​រងការវាយប្រហារ​ផ្លូវអាកាស​របស់​អ៊ីស្រាអែល​កំពុង​ក្លាយ​ជា​វាលកប់ខ្មោច​កុមារប៉ាឡេស្ទីន។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ថ្កោលទោស​ផង​ដែរ ការវាយប្រហារ​របស់​ក្រុមហាម៉ាស ប្រើទឹកដីលីបង់ ដើម្បី​បន្ត​បាញ់គ្រាប់រ៉ូក្កែត ចូលទឹកដី​អ៊ីស្រាអែល។ ពិភពលោក​បែកបាក់ ដោយសារ​សង្រ្គាម​ហ្កាហ្សា នៅចំពោះមុខ​សង្រ្គាម​ហ្កាហ្សា ពិភពលោក​បែកបាក់គ្នា ជាពីរក្រុម ដោយ​មិនក្រុម​​ការពារ​បុព្វហេតុប្រជាជន​ប៉ាឡេស្ទីន​នៅហ្កាហ្សា ដែល​ស្លាប់ រងគ្រោះ អត់ឃ្លាន ដោយសារ​ការវាយប្រហារ​របស់​កងទ័ពអ៊ីស្រាអែល និង​មួយក្រុមទៀតជាអ្នកចេញមុខការពារ​អ៊ីស្រាអែល ក្នុងការប្រើសិទ្ធិ​ការពារខ្លួន នៅក្រោយ...

Duration:00:07:55

Ask host to enable sharing for playback control

CPI/ICC៖ ការប្រយុទ្ធ​​នៅហ្កាហ្សាដែលរារាំងដល់ការដឹកស្បៀងទៅឲ្យជនស៊ីវីល អាចជា​ "ឧក្រិដ្ឋកម្មសង្គ្រាម"

10/30/2023
សង្គ្រាមរវាងអ៊ីស្រាអែល និង​ក្រុមហាម៉ាសប៉ាឡេស្ទីន បានឈានចូលដល់ថ្ងៃទី​២៤ហើយ បន្ទាប់ពីក្រុមភេរវកម្ម​អ៊ីស្លាមនេះ បាន​សំរុកចូលទៅក្នុងទឹកដីអ៊ីស្រាអែល កាលពីថ្ងៃទី​៧តុលា សម្លាប់មនុស្ស​ប្រមាណ​១៤០០នាក់ និង​បានចាប់ចំណាប់​ខ្មាំង​ប្រមាណ​២៣០នាក់។ អស់រយៈពេល២ថ្ងៃមកហើយ ដែល​កងទ័ពអ៊ីស្រាអែល បានបើកប្រតិបត្តិការវាយលុក ចូលក្នុង​តំបន់ហ្កាហ្សាដោយ​ផ្ទាល់ និងបានបន្ត​បាញ់​ប្លោងមីស៊ីលយ៉ាងដំណំ ទៅលើទីតាំងរបស់​ក្រុមហាម៉ាស។​ ប្រជាជនស៊ីវីលប៉ាឡេស្ទីន កំពុងរងទុក្ខវេទនាដ៏​លំបាកបំផុត ដោយ​សារតំបន់ហ្កាហ្សាត្រូវរាំងខ្ទប់ទាំងស្រុង មិនអាចរត់ទៅណាបាន គ្មានជំរក គ្មាន​​ស្បៀងអាហារ និងគ្មាន​ថ្នាំសង្កូវ។ យោងតាមអាជ្ញាធរសុខាភិបាល​ប៉ាឡេស្ទីន យ៉ាងហោចណាស់ មាន​ជនប៉ាឡេស្ទីនស្លាប់​ជាង​៨០០០នាក់ហើយ គិតត្រឹមថ្ងៃទី​៣០តុលា​។​ ឧក្រិដ្ឋកម្មសង្គ្រាម​? មហន្តរាយមនុស្សធម៌ ដែលប្រជាជនស៊ីវីលប៉ាឡេស្ទីនទាំង​ជាង​២លាននាក់​នៅតំបន់​ហ្កាហ្សា កំពុងតែរងគ្រោះ គឺជាការព្រួយបារម្ភដ៏ធំធេង នាពេលនេះ​។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវម្តងហើយម្តងទៀត ឲ្យ​ផ្អាកការប្រយុទ្ធ ដើម្បី​បើក​ផ្លូវដឹកស្បៀងអាហារ ព្រមទាំងជំនួយមនុស្សធម៌ចាំបាច់ជាច្រើនទៀត ដែលប្រជាជននៅហ្សាហ្សា កំពុងតែត្រូវការជាទីបំផុត​។ កាលពីថ្ងៃអាទិត្យ ទី​២៩តុលា​ លោក Karim Khan អគ្គរដ្ឋអាជ្ញានៃ​តុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ បានធ្វើ​ដំណើរទៅ​ពិនិត្យ​ស្ថានការណ៍ នៅឯច្រក​រ៉ាហ្វា ព្រំដែន​រវាងតំបន់​ហ្កាហ្សា និងអេហ្ស៊ីប ដែលច្រកនេះគឺជាច្រកតែមួយគត់ ដែលគេអាចដឹកស្បៀងចូលទៅហ្កាហ្សាបាន។ ក៏ប៉ុន្តែ ដោយសារតែការបាញ់​ប្លោងគ្រាប់ ​នៅតែបន្តយ៉ាងសកម្ម ព្រមទាំង​ការវាយប្រយុទ្ធគ្នានៅលើដីដោយផ្ទាល់ផង រវាងកងទ័ពអ៊ីស្រាអែល និង​ក្រុមហាម៉ាស បានធ្វើ​ឲ្យ​ច្រករ៉ាហ្វា នៅតែបិទខ្ទប់ដដែល​ មិនអាចមាន​រថយន្តដឹកស្បៀងចូលទៅបានទេ​។ លោកអគ្គរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ បាន​លើកឡើងថា ស្ថានការណ៍នេះ​ វាអាចត្រូវបានចាត់ទុកថា ជា “ឧក្រិដ្ឋកម្មសង្គ្រាម” ។ លោក​បាន​បន្តថា អ៊ីស្រាអែល ត្រូវតែធានាការពារសុវត្ថិភាពដល់បុគ្គលិក​អង្គការមនុស្សធម៌ ហើយត្រូវតែធ្វើយ៉ាងណា ឲ្យប្រជាជនស៊ីវីលប៉ាឡេស្ទីនអាចទទួល​បាន​នូវ​ស្បៀងអាហារ ព្រមទាំងថ្នាំពេទ្យដើម្បី​ព្យាបាលជំងឺនិងសង្គ្រោះអ្នករបួស។​ ដូចគ្នាដែរ កាលពីថ្ងៃអាទិត្យ​ ពីទីក្រុងវ៉ាស៊ីនតោន លោក​ចូ បៃដិន បាន​ថ្លែងអំពាវនាវទៅកាន់​លោក​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ថាត្រូវតែធ្វើយ៉ាងណា​ អនុញ្ញាត​ឲ្យ​មានការដឹកស្បៀងចូលទៅហ្កាហ្សា ប្រកបដោយសុវត្ថិភាព។ លោក​ចូ បៃដិន បានរន្ធាន់ថា​ ត្រូវតែបង្កើន​ចំនួនស្បៀងដឹកចូលហ្កាហ្សា ឲ្យ​បានច្រើនបំផុត និងត្រូវតែ​ធ្វើ​ឲ្យ​បាន​ឆាប់បំផុត ព្រោះស្ថានការណ៍​​កំពុង​តែ​អាសន្នខ្លាំង​​​ណាស់។ ស្បៀងមិនគ្រប់​​ មនុស្សដណ្តើមគ្នា​! យោងតាម​ការិយាល័យសម្របសម្រួល​កិច្ចការមនុស្សធម៌ នៃអង្គការសហប្រជាជាតិ (Ocha) កាលពីថ្ងៃអាទិត្យទី​២៩តុលា​ គឺមានស្បៀងអាហារចំនួន​ប្រមាណ​៣៣រថយន្ត ត្រូវបានដឹកចូលតាមច្រករ៉ាហ្វា ទៅកាន់តំបន់​ហ្កាហ្សា។ គិតជាសរុប ចាប់ពីសង្គ្រាម​នេះបាន​ផ្ទុះឡើង មកត្រឹមថ្ងៃទី៣០តុលា គឺមានស្បៀងអាហារនិងជំនួយមនុស្សធម៌ ចំនួន​តែ១១៧រថយន្តប៉ុណ្ណោះ ដែលត្រូវបានដឹកចូលទៅហ្កាហ្សា។​ ពោលគឺជាចំនួនតិចតួចខ្លាំងណាស់ ប្រៀបបាននឹងទឹក​មួយដំណក់ក្នុងមហាស​មុទ្រ​។ តាមធម្មតា ប្រជាជន​នៅតំបន់​ហ្កាហ្សាប្រមាណ​២លាន​៤សែននាក់ ត្រូវការស្បៀងចំនួនជាង១០០កុងទឺន័រ ក្នុងមួយថ្ងៃ​ ទើបគ្រប់​។ ស្ថានការណ៍កាន់តែអាសន្ន​និងចលាចលបែបនេះ បានធ្វើ​ឲ្យ​មានការព្រួយបារម្ភខ្លាំងណាស់ ទាក់ទិងការផ្ទុះអំពើហិង្សា លែងមានសណ្តាប់ធ្លាប់សាធារណៈក្នុងចំណោមប្រជាជនស៊ីវីលនៅហ្កាហ្សា។ ដោយសារតែគ្មានស្បៀងអាហារ គ្មានទឹកបរិភោគ និងសម្ភារៈប្រើប្រាស់ ប្រជាជន​ចាប់ផ្តើមចលាចលស្លន់ស្លោ ប្រវាយប្រតប់ដណ្តើមគ្នាយ៉ាងអាណាធិបតេយ្យ​។​ យ៉ាងណាមិញ ទីភ្នាក់ងារ​អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (Unrwa) បានបញ្ជាក់ឲ្យដឹងថា គេមានការបារម្ភណាស់ អំពី​ភាពចលាចលហិង្សា​​ដែលអាចកើតឡើង ដោយសារតែ​មនុស្ស​ប្រញ៉ាយ​ដណ្តើមគ្នា លែងមានសណ្តាប់ធ្នាប់។ ហេតុការណ៍ មនុស្សចូលទៅប្រមូលយក និង​​​ប្រញ៉ាយដណ្តើមយក​ស្បៀងអាហារ បានកើតឡើងហើយ​ កាលពីថ្ងៃសៅរ៍ទី​២៨តុលា នៅ​ទីតាំង​ស្តុកស្បៀងមួយកន្លែង​ និងទីតាំងចែកស្បៀងច្រើនកន្លែង​ទៀត​។ អ៊ីស្រាអែលបន្ថែម​កម្លាំង ចូលកាត់​ផ្តាច់ផ្លូវឆ្លងកាត់ជើង-ត្បូង នៃតំបន់ហ្កាហ្សា​​ គួរបញ្ជាក់ថា ទោះជាមានការអំពាវនាវឲ្យឈប់​បាញ់​យ៉ាងណាក៏ដោយ តែ​អ៊ីស្រែអែលនៅតែបន្តប្រយុទ្ធ និង​បន្ថែមកាន់​តែ​សកម្ម​។ កាលពីថ្ងៃអាទិត្យទី៣០តុលា​​ កងទ័ពអ៊ីស្រាអែល បានប្រកាស​បន្ថែម​កម្លាំងទាហាន ដើម្បី​បើកប្រតិបត្តិការ សំរុក​ចូលទៅ​តំបន់​ហ្កាហ្សាកាន់តែជ្រៅ។ អ៊ីស្រាអែល អះអាងថា គេមានកម្មវត្ថុ គឺបោលសំអាតក្រុមហាម៉ាសឲ្យ​វិនាស ទាំងកម្លាំងមនុស្ស ទាំងកម្លាំងសព្វាវុធ និង​ហេដ្ឋារចនាសម្ព័ន្ធ​រូងក្រោមដីនៅហ្កាហ្សា។ យ៉ាងណាមិញ កងទ័ពអ៊ីស្រាអែល បានអះអាងថា នៅរវាង​២៤ម៉ោងចុងក្រោយនេះ...

Duration:00:08:32

Ask host to enable sharing for playback control

កងទ័ពអ៊ីស្រាអែល​បន្ត​ចូល​ទៅ​ក្នុង​ហ្កាហ្សា ខណៈ​រុស្សី​​ជួប​តំណាង​ក្រុម​ហាម៉ាស​និង​អ៊ីរ៉ង់​នៅម៉ូស្គូ

10/27/2023
វេលាទៀបភ្លឺថ្ងៃសុក្រទី​២៧តុលា កងទ័ពអ៊ីស្រាអែល បានចូលទៅក្នុង​តំបន់ហ្កាហ្សាជាលើកទី​២ ដើម្បី​បើក​ប្រតិបត្តិការ​កំទេចទីតាំងរបស់​ក្រុមហាម៉ាស។ នៅឯទីក្រុងម៉ូស្គូឯណោះ កាលពីថ្ងៃព្រសហ្បតិ៍ ក្រុមហាម៉ាសបាននាំគណៈប្រតិភូទៅជួបប្រជុំជាមួយ​ភាគីរុស្ស៊ី​ ខណៈអនុរដ្ឋមន្ត្រី​ក្រសួងការបរទេសអ៊ីរ៉ង់ ក៏មានវត្តមាននៅម៉ូស្គូដែរ។​ កងទ័ពអ៊ីស្រាអែលចូលទៅតំបន់ភាគកណ្តាលហ្កាហ្សា បន្ទាប់​ពីបានចាប់ផ្តើមប្រតិបត្តិការ​​ ចូលទៅភាគខាងជើង​តំបន់​ហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍ទី​២៦តុលា កងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា គេបានបន្ត​សំរុកចូលជាថ្មីម្តងទៀត នៅវេលាទៀបភ្លឺថ្ងៃសុក្រ ទី​២៧តុលា។ ប្រតិបត្តិការថ្មីនេះ បានធ្វើនៅតំបន់​ភាគកណ្តាល នៃតំបន់​ហ្កាហ្សា ដោយ​កងទ័ពអ៊ីស្រាអែល បានប្រើប្រាស់​កម្លាំងរថក្រោះ ជាច្រើនគ្រឿង និងបានត្រូវបាន​ការពារពីលើអាកាស ដោយ​យន្តហោះចម្បាំង​ និងយានដ្រូនថែមទៀត។ ទន្ទឹមគ្នានេះ កងទ័ពអ៊ីស្រាអែល ក៏បានបាញ់​ប្លោងមីស៊ីលជាច្រើនគ្រាប់​ ទៅលើទីតាំងរបស់​ក្រុមហាម៉ាស នៅភាគកណ្តាល​ហ្កាហ្សាដែរ នៅវេលាយប់ថ្ងៃសុក្រ ទី​២៦តុលា។ លិខិតប្រកាសរបស់កងទ័ពអ៊ីស្រាអែល ដែលបានចេញផ្សាយ​នៅព្រឹកថ្ងៃសុក្រ បាន​ឲ្យ​ដឹងថា កងទ័ពអ៊ីស្រាអែល​បាន​ចេញពីតំបន់​ហ្កាហ្សាមក​វិញហើយ បន្ទាប់់ពីបានសម្រេចកម្មវត្ថុនៃបេសកកម្ម។ កម្មវត្ថុដែលគេសម្រេចបាន គឺបានកំទេចជើងទម្របាញ់គ្រាប់រ៉ូកែត របស់​ក្រុមហាម៉ាស ជាច្រើនកន្លែង កំទេច​ទីបញ្ជាការដ្ឋានរបស់ក្រុមហាម៉ាស ហើយបាន​សម្លាប់សមាជិក​ក្រុមហាម៉ាស​ជាច្រើននាក់ទៀត​។ លិខិតប្រកាសរបស់កងទ័ពអ៊ីស្រាអែលនេះ មិនបានបញ្ជាក់ទេ ថាខាងអ៊ីស្រាអែលមានរបួសឬស្លាប់​ប៉ុន្មាននាក់ នៅក្នុង​ប្រតិបត្តិការលុកចូល​ហ្កាហ្សានេះ​។ គួរបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ដែលកងទ័ពអ៊ីស្រាអ៊ែល សំរុកចូលទៅក្នុងតំបន់ហ្កាហ្សាដោយ​ផ្ទាល់។​ ប្រតិបត្តិការលើកទី​១បាន​ធ្វើកាលយប់ថ្ងៃពុធ ឈានចូលថ្ងៃ​ព្រហស្បតិ៍​ទី​២៦តុលា នៅភាគខាងជើងហ្កាហ្សា។ តាមការសង្កេត​ ប្រតិបត្តិការរបស់កងទ័ពអ៊ីស្រាអែល គឺប្រើ​ប្រាស់រថក្រោះ រថពាសដែកចូលទៅហ្កាហ្សា ដើម្បី “វាយប្រហារដោយចំពោះ” ទៅលើទីតាំងមុខសញ្ញាណាមួយរបស់ក្រុមហាម៉ាស ដែលគេបានកំណត់​គោលដៅទុក។ សម្រេចហើយ​ គេដកថយមកខាងអ៊ីស្រាអែលវិញ មុននឹងមានប្រតិបត្តិការថ្មី ចូលទៅ​ម្តងទៀត។ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល ធ្លាប់​បានសន្យាហើយថា​នឹងសម្លាប់​សមាជិក​ក្រុមហាម៉ាសម្តងមួយៗ រហូតទាល់តែអស់​។​ គួរបញ្ជាក់ដែរថា តាមរយៈរូបភាព​វីដេអូបង្ហាញពីប្រតិបត្តិការ​ចូលទៅហ្កាហ្សា ដែល​ខាងភាគីកងទ័ពអ៊ីស្រាអែលបានផ្សព្វផ្សាយ គឺភាគីអ៊ីស្រាអែលចង់បង្ហាញប្រាប់​មតិមហាជនទូទាំងពិភពលោក ថាកងទ័ពអ៊ីស្រាអែលមានការប្រុងប្រយ័ត្ន និងមានការទទួលខុសត្រូវ​​ខ្ពស់ណាស់​ មិនមែន​ចូលទៅវាយប្រហារ​ដោយ​ឥតរើសមុខនៅក្នុងតំបន់ហ្កាហ្សាទេ។ ពោលគឺគេទៅកម្ទេច តែទីតាំង​និងហេដ្ឋារចនាសម្ព័ន្ធ ​របស់​ក្រុមភេរវកម្ម​ហាម៉ាសតែប៉ុណ្ណោះ។ រុស្ស៊ីហៅ​តំណាងក្រុមហាម៉ាស និងអ៊ីរ៉ង់ ទៅប្រជុំនៅម៉ូស្គូ? ស្របពេល​ដែល​អ៊ីស្រាអែលបើកប្រតិបត្តិការចូលក្នុងហ្កាហ្សា ដើម្បីកំទេចក្រុមហាម៉ាស នៅម៉ូស្គូឯណោះ រុស្ស៊ីបាន​ជួបជាមួយតំណាងក្រុមហាម៉ាស និង​តំណាងរដ្ឋាភិបាលអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ទី​២៦តុលា។ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បាន​បញ្ជាក់​ឲ្យដឹងថា តំណាងក្រុមហាម៉ាសប៉ាឡេស្ទីន តំណាងរដ្ឋាភិបាលអ៊ីរ៉ង់ ពិតជាមានវត្តមាននៅក្រុងម៉ូស្គូពិតមែន។ តែយ៉ាងណា មិនមាន​ការបញ្ជាក់​ឲ្យច្បាស់ ថាភាគីទាំង​៣ជួបប្រជុំគ្នា ក្នុងពេលតែមួយ ឬក៏ជាជំនួបដាច់ដោយឡែកពីគ្នានោះទេ។​​ ក្រោយដឹងដំណឹងនេះភ្លាម ក្រសួងការបរទេសអ៊ីស្រាអែល បានប្រតិកម្មយ៉ាងខ្លាំង ដោយ​បានបរិហារ​​បន្ទោសរុស្ស៊ី ថាមិនត្រូវទទួល​ជួប​ជាមួយ​ក្រុមភេរវកម្ម​ហាម៉ាសបែបនេះទេ។ លិខិតក្រសួងការបរទេស​អ៊ីស្រាអែល បានលើកឡើងថា ក្រុមហាម៉ាសជាក្រុមភេរវកម្មសាហាវព្រៃផ្សៃ សឹងតែជាង​ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមទៅទៀត។ ក្រុមហាម៉ាសជាក្រុមដែលមានបាតដៃប្រឡាក់ឈាម។ កាលពីថ្ងៃទី​៧តុលា​ ជនស៊ីវីលចំនួន​ប្រមាណ​១៤០០ នៅក្នុងទឹកដីអ៊ីស្រាអែល ត្រូវបាន​ក្រុមហាម៉ាសសម្លាប់យ៉ាងសាហាវបំផុត ខ្លះត្រូវពួកវាបាញ់សម្លាប់ ខ្លះដុតទាំងរស់ និងបានចាប់ចំណាប់ខ្មាំងទាំងកុមារ ទាំងមនុស្សចាស់ជរា សរុបជាង​២២០នាក់ថែមទៀត។ ផ្អែកតាម​ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី ដែលស្រង់ប្រភពពីមន្ត្រីការទូត គឺគណៈប្រតិភូក្រុមហាម៉ាសទៅម៉ូស្គូ ដឹកនាំដោយមេក្រុមហាម៉ាសម្នាក់ ឈ្មោះ Moussa Abou Marzouk។ ផ្អែកតាមប្រភពនេះ ការជជែកគ្នារវាងរុស្ស៊ីនិងក្រុមហាម៉ាស គឺបានផ្តោតសំខាន់ ទៅលើ​បញ្ហា​ចំណាប់ខ្មាំង​ដែលកំពុងស្ថិតក្នុងដៃក្រុមហាម៉ាស។ បណ្តាញព័ត៌មានរុស្ស៊ី អះអាងថា​ភាគីរុស្ស៊ី បានទាមទារយ៉ាងទទូច ឲ្យក្រុមហាម៉ាស ត្រូវតែពិចារណា ដោះលែងចំណាប់​ខ្មាំង​ជាជនជាតិបរទេសទាំងអស់។ បន្ថែមពីនេះ ភាគីរុស្ស៊ីបាន​លើកឡើងអំពីការជម្លៀសជនជាតិរុស្ស៊ី និងជនបរទេសដែលជាប់​នៅក្នុងតំបន់ហ្កាហ្សា។ ដោយឡែក នៅព្រឹកថ្ងៃសុក្រទី​២៧តុលា បណ្តាញ​ព័ត៌មានរុស្ស៊ី​ Kommersant បាន​ចុះផ្សាយថា តំណាង ​ក្រុមហាម៉ាសម្នាក់​...

Duration:00:08:09

Ask host to enable sharing for playback control

អ៊ីស្រាអែលផ្តើម​​ផែនការ​វាយលុក​ជើងគោកលើ​តំបន់​ហ្កាហ្សា?

10/26/2023
អ៊ីស្រាអែល​បាន​សច្ចា​កម្ចាត់​ចលនា​ហាម៉ាស​ប៉ាឡេស្ទីន​ឱ្យ​អស់ ​ក្រោយ​រងការឆ្មក់​​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​របស់​ពួក​ហាម៉ាស​កាលពី​ថ្ងៃទី​៧តុលា​២០២៣។ ប៉ុន្តែ​ទោះ​មានពាក្យ​ព្រមាន​អន្តរជាតិ​កាន់​តែ​ច្រើន​ឡើងៗ​យ៉ាង​ក៏​ដោយ​ ក៏​អ៊ីស្រាអែល​មិន​ខ្វល់ដែរ។ ​អ៊ីស្រាអែល​បន្ត​រៀប​ប្រតិបត្តិការ​​ជើងគោកលើ​តំបន់​ហ្កាហ្សា​ និង​ទំនង​ជា​បាន​វាយលុក​ចូល​ភាគ​ខាង​ជើង​ហ្កាហ្សា​មួយ​ប្រាវ​នៅ​យប់​មិញ។ អ៊ីស្រាអែល​បាន​ស្បថសច្ចា​បញ្ចប់​ជីវិត​ចលនា​ហាម៉ាស ក្រោយ​ពី​ក្រុម​នេះ​បាន​ឆ្មក់​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​​កាលពី​​ថ្ងៃទី​៧​តុលា​២០២៣ ដែល​បើ​តាម​អ៊ីស្រាអែល​ បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​ខាង​អ៊ីស្រាអែល​យ៉ា​ងហោច​១៤​០០នាក់ និង​ជាង​២២០នាក់​ជាប់​ជា​ចំណាប់​ថ្នូរ​ (បួន​នាក់​បាន​សេរីភាព​វិញ​)។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ បាន​បញ្ជាក់​នៅយប់​ថ្ងៃ​ពុធ​ម្សិលមិញ​ថា កំពុងត្រៀម​លក្ខណៈវាយ​ចូល​ហ្កាហ្សា​ ដោយ​មិន​លម្អិត​ថា​ចូល​នៅពេល​ណា យ៉ាង​ណា ​និង​កម្លាំង​ប៉ុន្មានទេ។​ ​ស្រាប់​តែ​នៅយប់​មិញ​ ទាហាន​អ៊ីស្រាអែលបាន​វាយ​លុក​ចូល​ភាគ​ខាង​ជើង​តំបន់​ហ្កាហ្សា។ ប្រតិបត្តិការ​វាយលុក​ជើងគោក​អ៊ីស្រាអែល​ចាប់​ផ្តើមយ៉ាងណា? មិនមែន​ជា​ប្រតិបត្តិការ​វាយលុក​ជើងគោក​ដូច​អ្វី​ដែល​ប្រមុខ​ដឹកនាំ​នយោបាយ​និង​យោធា​​អ៊ីស្រាអែល​បាន​សន្យា​ទេ​។ ប៉ុន្តែ​នៅ​យប់​ថ្ងៃ​ពុធ​ឆ្លង​មក​ថ្ងៃព្រហស្បតិ៍ទី​២៦​តុលានេះ យោធា​អ៊ីស្រាអែល​បាន​បើក​ការ​វាយលុក​មួយ​ចូល​ទៅ​ក្នុង​ភាគ​ខាង​ជើង​តំបន់​ហ្កាហ្សា​ ​សំដៅ​លើ​ទីតាំង​សំខាន់​ៗ​មួយ​ចំនួន​។ នេះ​បើតាម​អ្នក​នាំពាក្យ​​យោធា​អ៊ីស្រាអែល។ ក្នុង​ក្របខ័ណ្ឌ​នៃ​ប្រតិបត្តិការ​វាយលុក​ជើងគោកទ្រង់ទ្រាយ​ធំ កង​រថពាសដែកអ៊ីស្រាអែល​​បាន​ជ្រៀត​ចូល​ក្នុង​ដែន​ដី​ប៉ាឡេស្ទីន​ ទៅ​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធរបស់ពួក​ហាម៉ាស ទី​តាំង​កាំភ្លើងត្បាល់​និង​ផ្តើម​ត្រួសត្រាយ​ភូមិសាស្ត្រ។ សេចក្តី​ថ្លែងការណ៍​យោធា​អ៊ីស្រាអែល​ដដែល​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ប្រតិបត្តិការ​វាយលុក​មួយ​ប្រាវ​នេះរួច កង​ទ័ព​អ៊ីស្រាអែល​បាន​ចាក​ចេញ​ពី​តំបន់​ភាគខាង​ជើង​ហ្កាហ្សា​នោះ ហើយ​ត្រលប់​មក​ឈរ​ជើង​នៅ​ព្រំដែន​ខាង​ដែនដី​ខ្លួន​វិញ។ នេះ​ជា​ ​វាយលុក​ចូល​ក្នុង​តំបន់​ហ្កាហ្សា​លើក​ទីពី​រ​ហើយគិត​ចាប់​តាំងពីសង្គ្រាម​​​អ៊ីស្រាអែល-ហាម៉ាស​​បានផ្ទុះ​ឡើងមក ប៉ុន្តែ​ជា​លើក​ទី​មួយ​សម្រាប់​​កងពល​រថក្រោះ​​។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ បានទទួល​ស្គាល់​ថា​ប្រតិបត្តិការ​ជើង​គោក​មាន​ការ​យឺត​យ៉ាវ​ជាង​ការ​ព្រាង​ទុក​ ដោយ​អ៊ីស្រាអែល​មិន​ទាន់​ដឹង​ច្បាស់​អំពី​​មតិ​សាធារណៈ​របស់​ប្រជា​ពល​រដ្ឋ​។ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ អ្នក​ធ្វើ​អត្ថាធិប្បាយ​បាន​ព្រលយ​អំពីមូលហេតុ​ពីរ​គឺ​ បញ្ហា​ចំណាប់​ខ្មាំង​ក្នុង​ដៃ​ពួក​ហាម៉ាស និង​សំណើ​អាមេរិក​សុំ​ឱ្យ​ពន្យារ​ពេល​សិន​ដើម្បីមាន​ឱកាស​​រៀប​ចំដាក់​ឱ្យ​ដំណើរការ​​ប្រព័ន្ធ​ខែល​មីស៊ីល​ការ​ពារ​តំបន់​។ ប្រតិបត្តិការ​ជើង​គោក​អ៊ីស្រាអែលជាការ​គិតខុស? តាមការ​ពិត​ទៅ​នោះ ពាក្យ​ព្រមាន​អំពី​ផលវិបាក​នៃ​ការ​វាយប្រហារ​ជើង​គោក​មាន​កាន់​តែ​ច្រើន​ឡើងៗ។ ​ក្តី​ព្រួយ​បារម្ភ​ជុំ​វិញ​ប្រតិបត្តិការ​វាយលុក​ផ្លូវគោក​អ៊ីស្រាអែល​លើ​តំបន់​ហ្កាហ្សា​ កំពុង​រីក​ធំធាត់​ក្នុង​រង្វង់​សហគមន៍អន្តរជាតិ។ ​ប្រតិបត្តិការ​​វាយលុក​ជើងគោក​លើ​ហ្កាហ្សាដែល​រង​ការ​បិទ​ខ្ទប់​ទាំង​ស្រុង និង​រង​ការ​ទម្លាក់​គ្រាប់​បែក​ឥត​ឈប់​តាំងពី​២០​ថ្ងៃ​មក​ហើយ នឹង​ជួប​ការ​លំបាក​ស្មុគស្មាញ​ខ្លាំងណាស់​ ព្រោះហ្កាហ្សា​ជា​​ដែន​ដី​​ដ៏​តូច​ មាន​មនុស្ស​រស់​នៅកកកុញ​គ្នា​ខ្លាំង បង្កប់​ដោយ​រូង​ក្រោម​ដី​យ៉ាង​ប្រទាក់​ក្រឡា​ដែល​ពួក​ហាម៉ាស​បាន​ជីក​សម្រាប់​លាក់​ខ្លួន លាក់​អាវុធ​យុទ្ធភ័ណ្ឌ​ និង​មាន​ចំណាប់​ខ្មាំង​ក្នុង​ដៃ​ទៀត។ នៅ​យប់​មិញ លោកប្រធានាធិបតី​អាមេរិក​ ចូ​បៃដិន បាន​អះអាង​ថា អ៊ីស្រាអែល​មិន​ត្រឹម​តែ​មាន​សិទ្ធិ​ទេ តែត្រូ​វមាន​ទំនួល​ខុស​ត្រូវ​ទៀត ​ក្នុង​ការ​ការពារ​ខ្លួន​។ អ៊ីស្រាអែល​ត្រូវ​ប្រឹង​ឱ្យ​អស់​អំពី​លទ្ធភាពដែល​​ខ្លួនមាន​ទោះ​លំបាកខ្លាំង​​​យ៉ាងណា​ក៏​ដោយ ក្នុង​ការ​ការពារ​ជីវិត​ជន​ស៊ីវិល​ប៉ាឡេស្ទីន​ក្នុង​តំបន់​ហ្កាហ្សា។ ហាម៉ាស​លាក់​ខ្លួន​ពីក្រោយ​ខ្នង​ជន​ស៊ីវិល​ ជា​ទង្វើ​ដ៏​អាក្រក់​ គួរ​ឱ្យស្អប់​ខ្ពើម​ ប៉ុន្តែ​យើង​ចាំបាច់​ត្រូវ​​បញ្ចេញ​សកម្មភាព​​ដោយគោរព​ច្បាប់​សង្គ្រាម។​ នេះ​ជា​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី នៅពេល​សាកសង​តាម​ទូរស័ព្ទ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រីអ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ។ សម្រាប់​លោកប្រធានាធិបតី​បារាំង អេម៉ានុយអែល​ម៉ាក្រុង​​ ដែល​កំពុង​ជួប​សមភាគី​អេហ្ស៊ីប​ លោក អាប់ឌែល ហ្វាតា អាល់ស៊ីស៊ី នៅក្រុង​គែរ ​ ជម្រើស​ប្រើ​​ប្រតិបត្តិការ​ជើង​គោក​ ជា​​ការ​គិត​ខុស​ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​មាន​ជនរងគ្រោះ​ជា​ជនស៊ីវិល​ច្រើន​ខ្លាំង​ណាស់ ហើយ​មិន​អាច​ការពារ​អ៊ីស្រាអែល​បាន​ជា​និរន្តទេ។ ក្នុង​សន្និសីទ​កាសែត​រួម​ជាមួយ​លោក​ម៉ាក្រុង​ លោក​ប្រធានាធិបតី​អេហ្ស៊ីប​...

Duration:00:06:57

Ask host to enable sharing for playback control

អ៊ីស្រាអ៊ែលសំរុក​បាញ់​ប្លោងគ្រាប់ ត្រៀម​ចូលហ្កាហ្សា ខណៈជំនួបកំពូលនៅអេហ្ស៊ីប​អំពាវនាវឲ្យឈប់ប្រយុទ្ធ

10/22/2023
នៅយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ ទី​២២តុលា កងទ័ពអ៊ីស្រាអែល បានសំរុក​បាញ់ប្លោងគ្រាប់​យ៉ាងច្រើន ទៅលើតំបន់​ហ្កាហ្សាដើម្បីកាត់ផ្តាច់ផ្លូវ និង​បង្កការលំបាក​ដល់ក្រុមហាម៉ាស។ ជាប្រតិបត្តិការ​ដែល​តាមការសង្ស័យ គឺ​កងទ័ពអ៊ីស្រាអែល កំពុងតែត្រៀមបើក​សមរភូមិ ចូលទៅប្រយុទ្ធដោយ​ផ្ទាល់​នៅក្នុងតំបន់​ហ្កាហ្សា បើទោះបីជាមិនទាន់មានការប្រកាសណាមួយជាផ្លូវការ​។ ក្រុមហាម៉ាសដែលគ្រប់គ្រង​តំបន់ហ្កាហ្សា បានអះអាង​ថា យ៉ាងហោចណាស់មានមនុស្សស្លាប់​បន្ថែមទៀត ចំនួន​៨០នាក់ ដោយការវាយ​ប្រហារទម្លាក់គ្រាប់​ដ៏ច្រើនសន្ធឹករបស់​អ៊ីស្រាអែល ក្នុងវេលាយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យ​។ យោងតាម​ប្រភពពីអ្នករាយការណ៍​ព័ត៌មានបារាំង AFP ប្រចាំនៅហ្កាហ្សាវិញ បាន​ឲ្យដឹងថា គេឃើញមាន​មីស៊ីល​បានវាយ​ប្រហារនៅចំណុច រ៉ាហ្វា ភាគខាងត្បូងហ្កាហ្សា មិនឆ្ងាយប៉ុន្មានពី​ព្រំដែន​អេហ្ស៊ីប​។ ចំណែកទីក្រុងហ្កាហ្សាស៊ីធី ដែលស្ថិតនៅខាងជើងឯនេះ ក៏គេបានឃើញ​ផ្សែងខ្មៅសន្ធោសន្ធៅដែរ ក្នុងវេលាយប់​។ កងទ័ពអ៊ីស្រាអ៊ែល ត្រៀមបើកសមរភូមិចូលក្នុងហ្កាហ្សា កាលពីថ្ងៃសៅរ៍ លោក Daniel Hagari អ្នកនាំពាក្យ​កងទ័ពអ៊ីស្រាអែល បាន​បញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃនេះទៅគឺអ៊ីស្រាអែល និង​បន្ថែម​ការវាយ​ប្រហារ ទៅលើតំបន់ហ្កាហ្សា។ កម្មវត្ថុនៃការបន្ថែមការ​វាយប្រហារនេះ គឺដើម្បីបង្ក្រាបកម្លាំងរបស់​ក្រុមហាម៉ាសឲ្យទន់ខ្សោយ​ ហើយ​កាត់​បន្ថយ​ហានិភ័យប្រឈម មកលើ​​កងទ័ពអ៊ីស្រាអែល នៅក្នុង​ដំណាក់​កាលបន្ទាប់នៃសង្គ្រាមនេះ​។ តាមរយៈសំដីនេះ គឺមានន័យថា កងទ័ពអ៊ីស្រាអែលពិតជាមានផែនការ​សំរុកចូលទៅក្នុងតំបន់​ហ្កាហ្សា ដើម្បី​បោសសំអាតសមាជិក​ក្រុមហាម៉ាស ដែលបានចូលមកធ្វើភេរវកម្ម​សម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃបំផុត នៅក្នុងទឹកដីអ៊ីស្រាអែល កាលពីថ្ងៃទី​៧តុលា។​ យ៉ាងណាមិញ រូបភាពវីដេអូជាច្រើន ប៉ុន្មានថ្ងៃចុងក្រោយ​នេះ បានបង្ហាញ​ឲ្យ​ឃើញ អំពី​ការ​រៀបចំ​ប្រមូលទ័ព រួមទាំងរថក្រោះផង បញ្ជូន​ទៅ​ក្បែរតំបន់ហ្កាហ្សា និង​ការហ្វឹកហាត់ទាហានអ៊ីស្រាអែល ត្រៀមលក្ខណៈប្រយុទ្ធដោយផ្ទាល់​ ក្នុងលក្ខខណ្ឌភូមិសាស្ត្រតំបន់ហ្កាហ្សា។ ទោះជាយ៉ាងណា មិនទាន់​មានបញ្ជាក់​ផ្លូវការ​ពីក្រសួងការពារជាតិអ៊ីស្រាអែលទេ ថា​ដំណាក់​កាលបន្ទាប់គឺជាអ្វី​។ ក៏ប៉ុន្តែ លោក Herzi Halevi នាយសេនាធិការកងទ័ពអ៊ីស្រាអែលបានប្រកាស​កាលពីថ្ងៃសៅរ៍ថា កងទ័ពអ៊ីស្រាអែល​នឹងចូលទៅក្នុងហ្កាហ្សា ក្នុង​ក្របខណ្ឌកម្មវត្ថុបេសកកម្ម​ ដែលសំដៅ​កំទេច​ហេដ្ឋារចនាសម្ព័ន្ធ​របស់ពួកភេរវកម្ម​ហាម៉ាស ហើយកងទ័ពអ៊ីស្រាអែលនឹងធ្វើប្រតិបត្តិការនេះ ប្រកបដោយ​ភាព​ជំនាញ​បំផុត​។ ក្រៅពីសមរភូមិហ្កាហ្សា នៅភាគខាងជើងអ៊ីស្រាអែលឯណោះ កងទ័ពអ៊ីស្រាអែលបាន​បាញ់គ្រាប់​ឆ្លងឆ្លើយជាមួយ​ក្រុមហេបូឡាលីបង់ ដែល​ជាកូនចៅរបស់អ៊ីរ៉ង់។ អ៊ីស្រាអែលបានជម្លៀសប្រជាជនខ្លួន ចេញពីតំបន់​ក្បែរព្រំដែន ដើម្បីបង្ការគ្រោះថា្នក់ ក្នុងករណី​ក្រុមហេសបូឡាបើកការប្រយុទ្ធ​។ លោក Jonathan Conricus អ្នកនាំពាក្យ​ម្នាក់ទៀតរបស់កងទ័ពអ៊ីស្រាអែល បានគំរាមទុកជាមុននៅព្រឹកថ្ងៃអាទិត្យថា​ ក្រុមហេសបូឡា កំពុងតែនាំប្រទេស​​​លីបង់​ឲ្យចូលមកក្នុងសង្គ្រាម ដោយ​គ្មានបានចំណេញអ្វីទាំងអស់ គឺមាន​តែខាតបង់​។ ដោយឡែកនៅព្រឹកថ្ងៃអាទិត្យដែរ បើ​តាមប្រភពពីបណ្តាញព័ត៌មានផ្លូវការ​ស៊ីរី គឺកងទ័ពអ៊ីស្រាអែលបានបាញ់មីស៊ីលទៅលើព្រលានយន្តហោះក្រុងដាម៉ាស និងព្រលាន​នៅក្រុងអាឡេប បង្កការខូចខាតយ៉ាងដំណំ និងត្រូវ​បិទដំណើរការបណ្តោះអាសន្ន​។​ តាមការសង្ស័យ អ៊ីស្រាអែល​អាចវាយ​ប្រហារដើម្បីបិទផ្លូវ​ កុំឲ្យមានការបញ្ជូនគ្រឿងសព្វាវុធរបស់អ៊ីរ៉ង់។ ​ អាមេរិកបង្កើនការ​​ប្រុងប្រៀបកម្លាំង នៅដើមបូព៌ា កាលពីល្ងាចថ្ងៃសៅរ៍ លោករដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Lloyd Austin បានចេញលិខិតប្រកាសមួយ ដោយ​បាន​បញ្ជាក់ថា​ កងទ័ពអាមេរិកនឹង​ចាប់ផ្តើមត្រៀមកម្លាំង ព្រមទាំងគ្រឿងសព្វាវុធ នៅតំបន់​ដើមបូព៌ា ដោយសារតែសង្កេតឃើញ អំពី​សកម្មភាពគួរឲ្យ​បារម្ភខ្លាំងឡើង របស់អ៊ីរ៉ង់ និងបក្សពួក​។ យោងតាមលិខិតនេះ អាមេរិក​នឹងដាក់ពង្រាយ ប្រព័ន្ធខែល​មីស៊ីលការពារ​ផ្លូវអាកាស កំពស់ខ្ពស់ THAAD ព្រមទាំងប្រព័ន្ធមីស៊ីល​ Patriot នៅក្នុងតំបន់នេះ​។ បន្ថែមពីនេះ អាមេរិកនឹងបញ្ជូនកម្លាំងទ័ពទៅបន្ថែម ដើម្បីត្រៀម និង​បង្កើន​សមត្ថភាព​ប្រតិកម្ម​ឲ្យ​បានខ្ពស់ និងឆាប់​រហស័បំផុត ក្នុងករណីចាំបាច់​។​ ដោយ​មិនបញ្ជាក់ថានឹងបញ្ជូន​កម្លាំងទៅ​បន្ថែម​ប៉ុន្មាន​នាក់ លោករដ្ឋមន្ត្រីការពារជាតិអាមេរិក បានឲ្យដឹងថា ការសម្រេចនេះ​គឺបន្ទាប់ពីបាន​ពិគ្រោះគ្នាជាមួយ​លោក​ប្រធានាធិបតីចូ បៃដិន។ កម្មវត្ថុនៃ​ការពង្រឹងកម្លាំងរបស់អាមេរិកនេះ គឺដើម្បី​ចូលរួម​កំញើញ​សំឡុត កុំ​ឲ្យ​ភាគីផ្សេងទៀតបើកសមរភូមិ​ថ្មី ធ្វើ​ឲ្យតំបន់ដើមបូព៌ាត្រូវផ្ទុះឆេះក្នុងភ្លើងសង្គ្រាមទាំងស្រុង។ លោក​បានបន្ថែមទៀតថា អាមេរិកនឹងតាមដានពិនិត្យស្ថានការណ៍ជានិច្ច ដើម្បី​វាយតម្លៃការប្រឈម ហើយ​អាចដាក់​បន្ថែកកម្លាំងថែមទៀត ប្រសិនបើចាំបាច់ ដើម្បីការពារអ៊ីស្រាអែលផង និងដើម្បី​ការពារ​តំបន់ដើម​បូព៌ាទាំងមូល​។ ​ជំនួបកំពូល “ដើម្បីសន្តិភាព”...

Duration:00:10:15