Daily interviews-logo

Daily interviews

RFI

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

Location:

France

Networks:

RFI

Description:

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

Language:

Khmer


Episodes
Ask host to enable sharing for playback control

លោក សឿ វណ្ណៈ ៖ការ​ប្រ​កួត​នៅ​បារាំង​ជា​ការ​បង្ហាញ​«គុនខ្មែរ»​ទៅ​កាន់​ពិភព​លោក

5/22/2024
កីឡាករ​ប្រ​ដាល់ «គុនខ្មែរ» របស់​កម្ពុជា​ជិត​១០​រូប​នឹង​ចេញ​ដំ​ណើរ​ទៅ​បារាំង​ដើម្បី​ប្រកួត​ប្រដាល់ «គុនខ្មែរ» មិត្តភាព​អន្តរ​ជាតិ ​និង​ដណ្តើម​ខ្សែ​ក្រ​វាត់​ពិភព​គុន​ខ្មែរ​ (WKF)​ នៅថ្ងៃ​ទី​២ ខែ​មិថុនា ក្នុង​ទី​ក្រុង​ប័រ​ដូ​។ ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ ​RFI ​លោក ​សឿ ​វណ្ណៈ អ្នក​រៀប​ចំព្រឹត្តិ​ការណ៍​គុន​ខ្មែរ​បាន​ដាក់​ក្តី​រំពឹង​ថា ​ការ​ប្រកួត​លើក​នេះ​អាច​នឹង​ទទួល​បាន​លទ្ធផល​ល្អ ​ព្រោះ​កីឡាករ​ដែល​បញ្ជូន​ទៅ​សុទ្ធ​តែ​ជើង​ខ្លាំង​។​ កីឡាករ ​ដែល​បញ្ជូន​ទៅ​មាន​ ឈឿង ល្វៃ ត្រូវ​ប្រកួត​ជា​មួយ ​Omar Samb ​ក្នុង​តំណែង​គូ​ឯក​, លន បញ្ញា ប៉ះ Omar Bathily, ទួន ស្រីពិន ប៉ះ Marika Orel, និងកីឡាករ សៀង ហៃ ដែល​កំពុង​ហ្វិក​ហាត់​នៅ​បារាំង ​ប៉ះជា​មួយ Mazouz​។​ លោក ​សឿ វណ្ណៈ បាន​បន្ថែម​ថា ការ​ប្រកួត​នេះ​លើស​ពី​មិត្ត​ភាព​ទៅ​ទៀត​ ព្រោះ​ជាឱកាស​ដែល​កម្ពុជា​អាច​បង្ហាញ «គុនខ្មែរ» ទៅ​កាន់​ពិភព​លោក​។

Duration:00:11:38

Ask host to enable sharing for playback control

លោកយង់ គិមអេង៖កម្ពុជាត្រូវតែមានច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹងជាបន្ទាន់

5/21/2024
នៅថ្ងៃអង្គារ ទី២១ ខែឧសភានេះ មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានរៀបចំសន្និសីទមួយស្តីពីគោលនយោបាយគ្រប់គ្រងគ្រឿងស្រវឹងដោយមានការចូលរួមពីអ្នកជំនាញបរទេស និងស្ថាប័នពាក់ព័ន្ធនានារបស់រដ្ឋាភិបាលកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានបញ្ជាក់ថា នៅក្នុងស្ថានភាពបច្ចុប្បន្នទាក់ទងនឹងមហន្តរាយដែលបណ្តាលមកពីគ្រឿងស្រវឹង ប្រទេសកម្ពុជាចាំបាច់ត្រូវមានច្បាប់ និងគោលនយោបាយគ្រប់គ្រងគ្រឿងស្រវឹងជាបន្ទាន់៕

Duration:00:09:15

Ask host to enable sharing for playback control

លោក មាស សុខសេនសាន៖ រដ្ឋាភិបាលអាណត្តិនេះមិនខ្ជះខ្ជាយថវិកាទេ

5/20/2024
ការ​ព្យួរ​ការ​ចំណាយ​ថវិកា​សម្រាប់​ផ្នែក​ខ្លះ​នៅ​ថ្នាក់​ក្រោម​ជាតិ​មិន​មែន​ដោយ​សារ​រដ្ឋាភិ​បាល​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ទេ​ តែ​ជា​ការ​ធ្វើ​វិចារណ​កម្ម​ដោយ​គិត​គូរ​ល្អិត​ល្អន់​ពីការ​ប្រើ​ប្រាស់​ថវិកា​ជាតិ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​។​ នេះ​ជាការ​បក​ស្រាយ​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច​លោក​មាស សុខសេនសាន​នៅក្នុង​បទ​សម្ភាស​ជា​មួយ​វិទ្យុបារាំង​អន្តរ​ជាតិ​ RFI​។​ តាម​លោក​មាស សុខសេនសាន ​ទោះមាន​ការ​វាយ​តម្លៃ​លើ​វិបត្តិ​ហិរញ្ញ​វត្ថុ​របស់​រដ្ឋាភិបាល​ពី​សំណាក់​ក្រុម​នៅ​ក្រៅរដ្ឋាភិបាល​ច្រើន​លើក​ក៏​រដ្ឋាភិបាល​នៅ​តែ​ដើរ​ទៅ​មុខ​។​ ជា​មួយ​គ្នា​នេះ ​លោកមាស ​សុខ​សេនសាន​ក៏បាន​បញ្ជាក់​ថា ​លុយ​ដែល​កម្ពុជា​បាន​ខ្ចី​ពី​កូរ៉េ​ចំនួន​ ៣​ពាន់​លាន​ដុល្លារ​មិន​មែន​ដើម្បី​បង្រ្គប់​ការ​ចំណាយ​ថវិកា​ជាតិ​ទេ​ តែ​ដើម្បី​វិនិយោគ​លើ​វិស័យ​មួយ​ចំនួន​នៅ​កម្ពុជា​​៕

Duration:00:13:38

Ask host to enable sharing for playback control

បោះឆ្នោត​ក្រុមប្រឹក្សា​៖​បក្ស​ឆន្ទៈខ្មែរ​រំពឹង​យក​សំឡេង​បាត់​មកវិញ ​តែ​បក្ស​ប្រជាជន​រំពឹង​កើន​សំឡេងដដែល

5/17/2024
ថ្ងៃទី​១៧ ​ឧសភា ​ឆ្នាំ​២០២៤​ នេះ​ជាថ្ងៃ​ដំបូង​ដែល​គណបក្ស​នយោបាយ​ចំនួន​៥​ បានចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ​ខេត្ត ​ក្រុង ​ស្រុក​ ខណ្ឌ​ អាណត្តិទី​៤ ដែល​នឹងប្រព្រឹត្តទៅ​នៅថ្ងៃទី​២៦ ​ខែឧសភា ឆ្នាំ​២០២៤​។ នៅក្នុង​កិច្ចសម្ភាស​ជាមួយ​វិទ្យុបារាំង ​RFI នាថ្ងៃ​សុក្រ ​ទី១៧ ​ឧសភានេះ ​លោក ​គង់ មុនីកា ​អគ្គលេខាធិការ​គណបក្ស​ឆន្ទៈខ្មែរ​បានគូសបញ្ជាក់​ដោយ​ដាក់ក្តី​សង្ឃឹម​ថា ​សំឡេងគាំទ្រ​ដែលបាន​បាត់បង់​ទៅលើ​គណបក្ស​ប្រជាជន​នៅក្នុង​ការបោះឆ្នោត​ព្រឹទ្ធសភា​កន្លងទៅ​ នឹងត្រូវ​គណបក្ស​ឆន្ទៈខ្មែរ​យក​មកវិញ។ ​ផ្ទុយពី​លោក ​គង់ មុនីកា ​លោក ​ឈឹម ផលវរុណ ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​បានដាក់​ក្តីរំពឹងថា ​សំឡេងគាំទ្រ​ដែល​បក្ស​ប្រជាជន​ទទួល​បាន​កំណើន​នៅក្នុង​ការបោះឆ្នោត​ព្រឹទ្ធសភា​នឹងបន្ត​កើនឡើង​ដដែល​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ថ្នាក់ក្រោមជាតិ​អាណត្តិទី​៤​នេះ​។

Duration:00:12:29

Ask host to enable sharing for playback control

លោកថោង សូលីម៉ូ៖សមយុទ្ធកម្ពុជា-ចិនឆ្នាំ ២០២៤ ផ្តោតលើការប្រឆាំងភេវកម្ម

5/16/2024
សមយុទ្ធនាគមាសកម្ពុជា-ចិនឆ្នាំ២០២៤ បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ទី១៦ឧសភានេះនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សមយុទ្ធរវាងកម្ពុជា-ចិនលើកទី៦នឹងធ្វើឡើងរយៈពេល១៥ថ្ងៃដោយផ្តោតលើ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»។ គួររម្លឹកថា នៅមុនសមយុទ្ធចាប់ផ្តើម មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា កម្ពុជាធ្វើសមយុទ្ធជាមួយចិនមិនមានបំណងប្រឆាំងប្រទេសណាមួយទេ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃទី១៦ ឧសភានេះ លោក ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរភូមិន្ទបានអះអាងថា ការផ្តោតសំខាន់លើការប្រឆាំងភេវកម្ម ព្រោះវាជាបញ្ហាដែលរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ និងមិនអាចមើលស្រាលបាន។ សូមស្តាប់បទសម្ភាសទាំងស្រុងរវាង ជួប នរក្សា និងលោក ថោង សូលីម៉ូ៖

Duration:00:07:45

Ask host to enable sharing for playback control

លោក ហេង គឹមហុង៖ការជិះកង់មានឧបសគ្គទាំងបញ្ហាធម្មជាតិ និងការតាមដានរបស់អាជ្ញាធរ

5/15/2024
ក្រុម​យុវ​ជន​ជិត​៣០នាក់​ជិះ​កង់​បាន​រយៈ​ចម្ងាយ​៧០០​គីឡូ​ម៉ែត្រ​ហើយ​ដើម្បី​បរិស្ថាន​ ខណៈ​គោល​ដៅ​ចុងក្រោយ​របស់​ពួក​គេ ​គឺ​ជិះ​កង់​ឲ្យបាន​ចម្ងាយ​មួយ​ពាន់​គីឡូ​ម៉ែត្រ​។​ ក្នុង​បទ​សម្ភាស​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI លោក ហេង គឹមហុង ប្រធាន​ប្រតិបត្តិ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​បាន​កត់​សម្គាល់​ពីឧបសគ្គ​ចំនួន​ពីរ​ គឺ​ឧបសគ្គ​ដែល​កើត​ឡើង​ធម្មជាតិ ​និង​ឧបសគ្គកើត​ឡើង​ដោយ​អាជ្ញាធរ​។​ តែ​ទោះជា​យ៉ាង​ណា លោក និង​ក្រុម​លោក​នឹង​បន្ត​ជិះ​កង់​ឲ្យ​ដល់​គោលដៅក្នុង​ន័យ​ជំរុញ​ឲ្យ​ភាគី​ពាក់​ព័ន្ធ​យក​ចិត្តទុក​ដាក់​ពី​បញ្ហា​បរិស្ថាន​។​

Duration:00:10:09

Ask host to enable sharing for playback control

លោក​ កត្តា អ៊ន​៖​ពលការិនី​៥២​រូប​ក្នុងចំណោម​៩០​រូប​ ត្រូវបាន​សង្គ្រោះ​ពី​អារ៉ាប៊ី ​សាអូឌីត

5/14/2024
គិតត្រឹម​ថ្ងៃទី​១៤ ​ខែ​ឧសភា ​ឆ្នាំ​២០២៤​នេះ ​ក្រសួងការងារ​បាន​បញ្ចូន​ពលការិនី​ខ្មែរ​ចំនួន ​៥២រូប​ក្នុងចំណោម​ពលការិនី​សរុប ​៩០រូប​ ដែលចាញ់បោក​មេខ្យល់​នាំទៅ​ធ្វើការ​នៅ​ប្រទេស​អារ៉ាប៊ី សាអូឌីត​។ ​នៅក្នុងកិច្ចសម្ភាសន៍​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ ​RFI ​នៅថ្ងៃ​អង្គារ ​ទី​១៤ ​ខែ​ឧសភានេះ ​លោក ​កត្តា អ៊ន​ ប្រធានក្រុម​អ្នក​នាំពាក្យ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានបញ្ជាក់ថា ​ពលការិនី​ខ្មែរ​ទាំង​៩០នាក់​នឹងត្រូវ​ធ្វើមាតុភូមិនិវត្តន៍​មកកម្ពុជា​ទាំងអស់​នៅពេល​ឆាប់ៗ​ខាងមុខនេះ​។ តាម​ លោក​ កត្តា អ៊ន ​ក្រសួង​ការងារ​ក៏កំពុង​ដំណើរការ​នីតិវិធី​ស៊ើបអង្កេត​ដំណាលគ្នា​ដែរ​លើ​ក្រុមហ៊ុន ​និង​បុគ្គល​ដែល​ជាមេខ្យល់​បោកប្រាស់​នាំ​ពលការិនី​ទៅធ្វើការ​នៅ​អារ៉ាបី សាអូឌីត​។

Duration:00:06:17

Ask host to enable sharing for playback control

លោក ​ហង្ស ពុទ្ធា​៖​ការចាប់ខ្លួន​លោក ​ស៊ុន ចន្ធី ​មិន​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ទេ

5/10/2024
នៅថ្ងៃ​អាទិត្យ​ទី​២៦​ ខែ​ឧសភា ​ឆ្នាំ​២០២៤ ​ខាងមុខ ​ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​អសកល​ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ​ខេត្ត ​ក្រុង ​ស្រុក ​ខណ្ឌ ​អាណត្តិ​ទី​៤​។ ​គណបក្ស​ចំនួន​៥​ បាន​ចុះឈ្មោះ​ប្រកួតប្រជែង​ រួមមាន​គណបក្ស​ប្រជាជន​កម្ពុជា ​គណបក្ស​ឆន្ទៈខ្មែរ ​គណបក្ស​កម្លាំងជាតិ ​គណបក្ស​ហ្វុនស៊ិនប៉ិច ​និង​គណបក្ស​ខ្មែរ​រួបរួមជាតិ​។ នៅក្នុង​កិច្ចសម្ភាស​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ ​RFI​ នៅថ្ងៃ​សុក្រ​ទី១០ ​ខែ​ឧសភា ឆ្នាំ​២០២៤នេះ​ លោក ​ហង្ស ពុទ្ធា ​ប្រធានក្រុម​អ្នក​នាំពាក្យ​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​បាន​បញ្ជាក់​ថា​ ការចាប់ខ្លួន​លោក​ ស៊ុន ចន្ធី ​ប្រធាន​គណបក្ស​កម្លាំងជាតិ​កាលពី​ថ្ងៃទី​០៩​ ខែឧសភា ​មិន​ប៉ះពាល់​ដល់​ការបោះឆ្នោត​អសកល​មួយនេះ​ទេ​។

Duration:00:08:58

Ask host to enable sharing for playback control

លោក ជា មុនី៖ ការចាប់ខ្លួនលោក ស៊ុន ចន្ធី មានបង្កប់​រឿង​នយោបាយ​ច្រើន​ជាង

5/9/2024
លោក ​ស៊ុន ចន្ធី ប្រធាន​គណបក្ស​កម្លាំងជាតិ​ត្រូវបាន​អាជ្ញាធរចាប់ខ្លួន​ភ្លាមៗ​ បន្ទាប់ពី​លោក​មកដល់ព្រលាន​យន្តហោះ​ភ្នំពេញ​នៅព្រឹក​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០២៤​នេះ ក្នុងដំណើរ​ត្រលប់​មកពី​ប្រទេស​ជប៉ុន​ដែលលោក​ធ្វើទស្សនកិច្ច ​និង​ប្រកាសសុពលភាព​តំណាង​គណបក្ស​កម្លាំងជាតិ​ប្រចាំ​ប្រទេសជប៉ុន​។ តាមរយៈ​កិច្ចសម្ភាស​ខ្លី​ជាមួយ​វិទ្យុបារាំង ​RFI នៅថ្ងៃ​ព្រហស្បតិ៍ ទី​០៩ ខែ​ឧសភានេះ​ដែរ លោក ​ជា មុនី អនុប្រធាន ​និងជា​អ្នកនាំពាក្យ​គណបក្សកម្លាំងជាតិ​ដែលបាន​រួមដំណើរ​ជាមួយ​លោក ស៊ុន ចន្ធី ទៅប្រទេស​ជប៉ុន បាន​បញ្ជាក់ថា​ ការចាប់ខ្លួន​លោក ស៊ុន​ ចន្ធី បាន​ធ្វើឡើងដោយ​សមត្ថកិច្ច​មិនបាន​បង្ហាញដីកា ​និង​ប្រាប់ពីបទល្មើស​អ្វីទាំងអស់​។ តាមលោក ​ជា មុនី ​ការចាប់​ប្រធានគណបក្ស​កម្លាំងជាតិ​រូបនេះមានជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ច្រើនជាង​បញ្ហាផ្សេង​ៗ​ទៀត​។

Duration:00:05:45

Ask host to enable sharing for playback control

លោក អំ សំអាត៖ អង្គការសហប្រជាជាតិគួររំឭករដ្ឋាភិបាលកម្ពុជាពីបញ្ហាបំណុល

5/6/2024
លោក ​អំ សំអាត នាយក​ប្រតិ​បត្តិ​អង្គការ​លីកាដូ ​បានលើក​ឡើង​ថា​ មាន​ពលរដ្ឋ​ខ្មែរ​ចំនួន ​១៦​ម៉ឺន​នាក់​បានលក់​ដី​ដើម្បី​ដោះ​បំណុល​នៅ​ក្នុង​ចំណោម​កម្ចី​ជាង​២លាន​ករណី​។​ នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បា​រាំងអន្តរ​ជាតិ​ RFI លោក ​អំ សំអាត​ ចាត់​ទុក​បញ្ហា​នេះ​ថា​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ​ដោយសារ​តែ​កូន​បំណុល​ខ្លះត្រូវ​បង្ខំ​ចិត្ត​ឈប់​រៀន​ទៅ​ធ្វើការ​ដើម្បី​ដោះ​បំណុល​ និង​កាត់​បន្ថយ​របប​អាហារ​ប្រ​ចាំ​ថ្ងៃ​។​ នៅ​ក្នុង​ន័យ​នេះ អង្គការ​លីកាដូ ​ទទូច​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​រំឭក​រដ្ឋាភិបាល​កម្ពុជា​ពី​បញ្ហា​បំណុល​នេះ ​ខណៈ​ស្ថាន​ភាពសិទិ្ធ​មនុស្ស​នៅ​កម្ពុជា​នឹង​ត្រូវ​លើក​ទៅ​ត្រួត​ពិនិត្យ​នៅ​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ២០២៤ ​ដោយ​ក្រុម​ប្រឹក្សាសិទិ្ធមនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​។

Duration:00:12:38

Ask host to enable sharing for playback control

លោក ចាន់ យុត្ថា៖សីតុណ្ហភាពនឹងធ្លាក់ចុះ៥អង្សារសេពីកំដៅបច្ចុប្បន្នដែលមានជាង ៤០អង្សារសេ

5/3/2024
បន្ទាប់ពីខកខានឃើញទឹកភ្លៀងសូម្បីតែភ្លៀងកក់ខែអស់រយៈពេល៦ខែមក ទឹកភ្លៀងបានចាប់ផ្តើមធ្លាក់បណ្តើរៗនៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ នេះទៅ។ តែវាគ្រាន់ជាភ្លៀងកក់ខែប៉ុណ្ណោះ ខណៈរដូវវស្សាពិតប្រាកដនឹងឈានមកដល់នៅសប្តាហ៍ទី៤ នៃខែឧសភានេះ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី០៣ ខែឧសភានេះ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយមបានបញ្ជាក់ថា ដោយសារភ្លៀងចាប់ផ្តើមធ្លាក់រាយប៉ាយ សីតុណ្ហភាពអតិប្បរមានឹងធ្លាក់ចុះមកនៅចន្លោះពី៣៦ ទៅ ៣៨អង្សារសេ ចាប់ពីថ្ងៃទី០៥ ខែឧសភាខាងមុខ។

Duration:00:10:44

Ask host to enable sharing for playback control

លោកប៉ាទ្រីក ម័រហ្វី៖ខ្ញុំគិតថាពលរដ្ឋខ្មែរនឹកដល់ស្ថាប័នព័ត៌មានឯករាជ្យដែលបានបិទចោលព្រោះជាប្រភពដ៏ល្អ

5/2/2024
ថ្ងៃទី ០៣ ឧសភាជាខួបលើកទី៣១នៃទិវាសេរីភាពសារព័ត៌មានពិភពលោក។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ លោក ប៉ាទ្រីក ម័រហ្វី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាបានលើកឡើងពីសារៈសំខាន់ និងបញ្ហាប្រឈមនៃការប្រកបអាជីពសារព័ត៌មាន។ តែលោកកត់សម្គាល់ឃើញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា និងនៅលើពិភពលោកកំពុងធ្លាក់ចុះ និងស្ថិតក្រោមការឡោមព័ទ្ធ។ សម្រាប់កម្ពុជា លោកប៉ាទ្រីក ម័រហ្វីបានមើលឃើញថា ការបិទស្ថាប័នសារព័ត៌មានឯករាជ្យមួយចំនួន ដូចជាសំឡេងប្រជាធិបតេយ្យ ឌឹខេមបូឌាដេលី និងវិទ្យុអាស៊ីសេរីបានឲ្យធ្វើឲ្យពលរដ្ឋមានការនឹកនា ព្រោះជាប្រភពព័ត៌មានដ៏ល្អ។ តាមលោកប៉ាទ្រីក ម័រហ្វី ការបើកលំហសេរីភាពសារព័ត៌មានជារឿងល្អសម្រាប់លទ្ធិប្រជាធិបតេយ្យដើម្បីឆ្លុះបញ្ចាំងពីទំនួលខុសត្រូវរបស់រដ្ឋាភិបាល។

Duration:00:09:20

Ask host to enable sharing for playback control

លោកស្រី ឃួន វិច្ឆិកា៖ កម្ពុជាមិនទាន់ឈានដល់ការបិទសាលារៀនដោយសារតែការឡើងកម្តៅ

4/29/2024
ប្រឈម​នឹង​អាកាស​ធាតុ​ដែល​កំពុង​ឡើង​កម្តៅ​ខ្លាំង​ មាន​ប្រទេស​អាស៊ី​មួយ​ចំនួន​បាន​សម្រេច​បិទ​សា​លារៀន​។ ​នៅ​កម្ពុជា ក្រសួង​អប់រំ​តាម​រយៈ​អ្នក​នាំ​ពាក្យ ​លោកស្រី ​ឃួន វិច្ឆិកា ​បាន​បញ្ជាក់ពី​ការ​ពិចារណាលើ​វិធាន​ការ​ដូច​គ្នា​នេះ​ តែ​ថា​ស្ថាន​ភាព​នៅ​កម្ពុជា​មិន​ទាន់​ឈាន​ដល់​កម្រិត​នៃ​ការ​បិទ​សា​លារៀន​នៅ​ឡើយ​ទេ​។​ តាម លោកស្រី ឃួន វិច្ឆិកា ក្រសួង​អប់រំ បាន​ដាក់​ចេញ​នូវ​វិធាន​ការ​ចាំបាច់​ដូចជា​ឲ្យ​អ្នក​ពាក់​ព័ន្ធ​រាយការណ៍​ជា​ប្រចាំ​ដើម្បី​ដឹង​ពី​ស្ថានភាព​សិស្ស​នៅតាម​សាលា​រៀន​ក្នុង​គ្រាដែល​អាកាស​ធាតុ​កំពុង​តែ​ឡើង​កម្តៅ​។​ អ្នក​នាំពាក្យ​ក្រសួង​អប់រំ​រូប​នេះ ដដែល​បាន​បន្ថែម​ថា ​ក្នុង​ករណី​ដែល​សាលារៀន​មិន​អាច​ទប់​ទល់​នឹងស្ថាន​ភាព​កម្តៅ​បាន​ គឺ​ត្រូវ​រាយការណ៍​ជា​បន្ទាន់​ទៅ​មន្ទីរ​អប់រំ​នៅ​តាម រាជ​ធានី និង​ខេត្ត​។

Duration:00:08:03

Ask host to enable sharing for playback control

លោក ​សុទ្ធ គឹមកុលមុនី​៖​ ប្រមុខ​រដ្ឋាភិបាល​បញ្ជាឲ្យ​អង្គភាព​គ្រោះមហន្តរាយ​អន្តរាគមន៍​ទឹក​ដល់​ពលរដ្ឋ​បន្ទាន់

4/26/2024
សីតុណ្ហភាព​នៅក្នុង​ប្រទេស​កម្ពុជា​នៅតែ​បន្តឡើង​កំដៅខ្លាំង​ខុសពីឆ្នាំមុនៗ​។​ ស្ថានភាពនេះ​ធ្វើឲ្យ​តំបន់មួយចំនួន​ប្រឈមនឹង​គ្រោះរាំងស្ងួត ​និង​កង្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់​ជាបណ្តើរៗ​។ នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ ​RFI​ នៅថ្ងៃទី​២៦​ ខែ​មេសា ឆ្នាំ​២០២៤​នេះ លោក​ សុទ្ធ គឹមកុលមុនី ​អ្នកនាំពាក្យ​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បានឲ្យដឹងថា​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​បានចេញ​បទបញ្ជា​នៅក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​នាព្រឹក​ថ្ងៃសុក្រ​នេះ ឲ្យ​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដឹកនាំ​អន្តរាគមន៍​ចំពោះ​ការខ្វះខាត​ទឹក​របស់​ប្រជាពលរដ្ឋ​ជាបន្ទាន់​។

Duration:00:09:37

Ask host to enable sharing for playback control

លោក ស៊ុន ចន្ធី៖ ការរំសាយបាតុកម្ម គឺដោយសារតែអាកាសធាតុក្តៅខ្លាំងពេក

4/22/2024
គណបក្សកម្លាំងជាតិបានធ្វើបាតុកម្មតែមួយព្រឹកថ្ងៃទី២២ ខែមេសានេះ រួចក៏រំសាយទៅវិញ ខណៈតាមគម្រោងត្រូវធ្វើចំនួន៣ថ្ងៃជាប់ៗគ្នាចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក ស៊ុន ចន្ធី បានអះអាងថា ការរំសាយបាតុកម្មគឺដោយសារតែអាកាសធាតុក្តៅខ្លាំងពេក។ ទោះជាយ៉ាងណា ប្រធានគណបក្សកម្លាំងជាតិរូបនេះ នៅតែរក្សាជំហរទាមទារឲ្យដោះលែងសមាជិកជាន់ខ្ពស់២រូប គឺ លោក អ៊ុំ វីរ:រដ្ឋ និងលោក មឺ សេងហ៊ និងចង់ឃើញរដ្ឋាភិបាលមានយន្តការសម្របសម្រួលវិវាទនយោបាយនៅក្រៅប្រព័ន្ធតុលាការ៕

Duration:00:08:17

Ask host to enable sharing for playback control

លោក ​ប៉ាត មុន្នី​៖ ​គណបក្ស​ជំនាន់ថ្មី​នឹង​គិតគូរ​អំពី​លទ្ធិ​ប្រជាធិបតេយ្យ ​និង​ការ​បង្រួបបង្រួម

4/19/2024
កាលពី​ថ្ងៃ​ទី​១២ ខែ​មេសា​កន្លងទៅ ​ក្រសួង​មហាផ្ទៃ​បានសម្រេច​ចុះឈ្មោះ ​«គណបក្ស​ជំនាន់ថ្មី​» នៅក្នុងបញ្ជី​គណបក្ស​នយោបាយ។ ​នៅក្នុង​កិច្ច​សម្ភាសជាមួយ​វិទ្យុបារាំង​អន្តរជាតិ ​RFI ​ក្នុងថ្ងៃ​សុក្រ ​ទី​១៩ ខែ​មេសានេះ​ លោក ​ប៉ាត មុន្នី ​ស្ថាបនិក​គណបក្ស​ជំនាន់ថ្មី​បាន​អះអាងថា ​ការ​បង្កើត​គណបក្ស​ជំនាន់ថ្មី​នេះឡើង​ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​បំណង​របស់​ប្រជាពលរដ្ឋ​ដែលចង់បាន​នូវ​លទ្ធិ​ប្រជាធិបតេយ្យ ​និង​ការ​បង្រួបបង្រួម​ពិតប្រាកដ​។ ​តាមស្ថាបនិក​គណបក្ស​រូបនេះ​ដដែល ​ធនធាន​សម្រាប់​ដំណើរការ​គណបក្ស​គឺ​បានមកពី​ការចូលរួម​ពី​សំណាក់​សមាជិក ​និង​ការ​គាំទ្រពី​ប្រជាពលរដ្ឋ​៕

Duration:00:10:56

Ask host to enable sharing for playback control

លោក ​ចាន់ យុត្ថា​៖​ អាកាសធាតុ​បន្ត​ឡើង​កម្តៅ​ខ្លាំង​អំឡុង​ចូលឆ្នាំ​ខ្មែរ​ខាងមុខ

4/9/2024
សីតុណ្ហភាព​អតិបរមា​ក្នុង​ប្រទេសកម្ពុជា​នៅ​រដូវប្រាំង​នេះ បាន​កើនឡើង​ពី​៣៩ ​រហូតដល់​ជាង​៤០​អង្សារសេ​។ ​អាកាសធាតុក្តៅ​បែបនេះ ​នៅតែ​បន្តកើតមាន​រហូតដល់​បុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ ដែលនឹងប្រព្រឹត្តទៅ ​នៅ​ចុងសប្តាហ៍​នេះ ​និង​ដើមសប្តាហ៍​ក្រោយ​។ ​ទោះយ៉ាងណា ​នៅមិនទាន់មាន​នរណាម្នាក់​រងគ្រោះ ​ឬការ​ប្រឈមនឹង​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ ​ដោយសារតែ​រលកកំដៅ​ដ៏ខ្ពស់​នៅខែ​មេសានេះ​នៅឡើយ​។ ​នៅក្នុង​បទសម្ភាស​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ ​RFI​ នាថ្ងៃ​អង្គារ ​ទី​០៩ ខែ​មេសានេះ ​លោក ​ចាន់ យុត្ថា​ អ្នកនាំពាក្យក្រសួង​ធនធានទឹក ​និង​ឧត្តុនិយម​បានថ្លែងថា​ការទទួលរង​ឥទ្ធិពលនៃ​រលកកំដៅ​ដ៏ខ្ពស់​នេះ ​មិនមែនមានតែ​កម្ពុជាទេ ​ពោល​ប្រទេសជាច្រើន​នៅក្នុង​តំបន់អាស៊ី ​និង​អឺរ៉ុប​ក៏កំពុង​រងការឡើង​កម្តៅ​ផងដែរ​។

Duration:00:13:16

Ask host to enable sharing for playback control

លោក វិចទ័រ ហ្សូនា៖ កម្ពុជាមានលទ្ធភាពផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់នៅរដូវក្តៅនេះ

4/8/2024
អ្នក​ជំនាញ​ខាង​ថាមពល ​អះ​អាង​ថា ​នៅ​រដូវ​ក្តៅ​នេះ​ កម្ពុជា​មាន​លទ្ធភាព​ផ្គត់​ផ្គង់​អគ្គិសនី​បាន​គ្រប់​គ្រាន់​ ខណៈ​តម្រូវ​ការ​ប្រើ​ប្រាស់​កើន​ឡើង​៣០%​។​ ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ​ RFI អនុរដ្ឋ​លេខាធិ​ការ​ ក្រសួង​រ៉ែ​ និង​ថាមពល ​លោក​ វិចទ័រ ​ហ្សូនា ​បញ្ជាក់​ថា ​រោង​ចក្រ​ផលិត​អគ្គិសនី​ដោយ​ប្រើ​ប្រេង​ខ្មៅ ​នៅ​ខេត្ត​កណ្តាល​នឹង​ផលិត​អគ្គិសនី​ដើម្បី​បំពេញ​ចន្លោះ​ខ្វះ​ខាត​។​ បើ​តាម​អនុរដ្ឋ​លេខាធិ​ការ​ ក្រសួង​រ៉ែ​ និង​ថាមពល ​កម្ពុជា​មាន​លទ្ធភាព​ផលិត​អគ្គិសនី​ខ្លួន​ឯង​បាន​៧៥% ​ពោល​គឺត្រូវ​ការ​ទិញ​ពី​ប្រទេស​ជិត​ខាង​តែ​២៥%​ប៉ុណ្ណោះ ​ខណៈ​កម្ពុជា​ក៏​មាន​គម្រោង​លក់​អគ្គិសនី​ទៅ​ឲ្យ​សិង្ហ​បុរី​នៅ​ពេល​ខាង​មុខ​។

Duration:00:09:07

Ask host to enable sharing for playback control

លោកគង់ មុនីកា៖បោះឆ្នោតឲ្យលោក ហ៊ុន សែនធ្វើប្រធានព្រឹទ្ធសភាជាការបត់បែនតាមស្ថានការណ៍នយោបាយ

4/5/2024
ភ្ញៀវរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី០៥ មេសានេះ គឺលោកគង់ មុនីកា សមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរដែលទទួលបាន ៣អសនៈនៅក្នុងព្រឹទ្ធសភានីតិកាលទី៥។ នៅក្នុងសម័យប្រជុំដំបូង កាលពីថ្ងៃទី០៣ មេសា សមាជិកព្រឹទ្ធសភាទាំង៦២រូបបានបោះឆ្នោតគាំទ្រជាឯកច្ឆ័នឲ្យលោកហ៊ុន សែនធ្វើជាប្រធានព្រឹទ្ធសភា។ ក្នុងសំឡេងគាំទ្រក៏មាន ៣សំឡេងជារបស់គណបក្សឆន្ទៈខ្មែរ។ ការណ៍នេះបានញ៉ាំងឲ្យអ្នកគាំទ្រគណបក្សឆន្ទៈខ្មែរសម្តែងការមិនពេញចិត្ត ពិសេសអង្គបោះឆ្នោត។ លោកគង់ មុនីកាបានទទួលស្គាល់ពីក្តីបារម្ភរបស់អង្គបោះឆ្នោត និងថា ការបោះឆ្នោតគាំទ្រលោក ហ៊ុន សែនជាការបត់បែនតាមស្ថានការណ៍នយោបាយជាក់ស្តែង។ តាមលោក គង់ មុនីកា វាគ្រាន់ជាការផ្លាស់ប្តូរយុទ្ធវិធីរបស់បក្សឆន្ទៈខ្មែរប៉ុណ្ណោះ។

Duration:00:10:24

Ask host to enable sharing for playback control

លោក ចាន់ សារិន៖កុមារអូទីស្សឹមកម្ពុជាយ៉ាងតិច២០០នាក់កំពុងរង់ចាំទទួលការអប់រំពិសេស

4/3/2024
ថ្ងៃទី២មេសាជាទិវាយល់ដឹងពីអូទីស្សឹមពិភពលោកដែលត្រូវបានប្រារព្ធធ្វើឡើងនៅប្រទេសកម្ពុជាចាប់ពីឆ្នាំ២០១៥មក។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី៣មេសានេះ លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ និងជាប្រធានបណ្តាញអូទីស្សឹមកម្ពុជាសង្កេតឃើញថា បញ្ហាអូទីហ្សឹមត្រូវបានបញ្ច្រាបឱ្យពលរដ្ឋខ្មែរបានយល់ដឹងយ៉ាងទូលំទូលាយ ក្នុងរយៈពេលចុងក្រោយនេះ។ យ៉ាងណាមិញ ចំពោះលោក ចាន់ សារិន បញ្ហាអូទីស្សឹមនៅកម្ពុជានៅតែជាក្តីបារម្ភ ព្រោះថាកម្ពុជាមិនមាន អ្នកជំនាញខាងវិភាគវិនិច្ឆ័យនិងព្យាបាលអូទីស្សឹមគ្រប់គ្រាន់។ បើតាមលោក ចាន់ សារិន គ្រឹះស្ថានអប់រំពិសេសសម្រាប់កុមារមានអូទីស្សឹមនៅមិនទាន់គ្រប់គ្រាន់តាមតម្រូវការ ខណៈនៅកម្ពុជា កុមារអូទីស្សឹមយ៉ាងហោច២០០នាក់ កំពុងរង់ចាំទទួលបានការអប់រំពិសេស៕

Duration:00:13:48