Daily interviews-logo

Daily interviews

RFI

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

Location:

France

Networks:

RFI

Description:

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

Language:

Khmer


Episodes
Ask host to enable sharing for playback control

លោក លី សុវណ្ណារិទ្ធ៖ ជនភៀសសឹកភាគច្រើនសប្បាយចិត្តក្នុងការចូលរួមលេងល្បែងប្រជាប្រិយ

4/15/2026
ដើម្បីអបអរថ្ងៃបុណ្យចូលឆ្នាំថ្មី រដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំពិធីកម្សាន្តសប្បាយរយៈពេល ៣ថ្ងៃសម្រាប់ជនភៀសសឹកជិត ៣ ០០០គ្រួសារនៅជម្រកបណ្តោះអាសន្នស្ថិតក្នុងភូមិ និងឃុំស្លក្រាម នៃស្រុកស្វាយចេក។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦នេះ លោក លី សុវណ្ណារិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យបាន​កត់សម្គាល់ថា ភាគច្រើននៃជនភៀសសឹកសប្បាយចិត្ត ដែលបានចូលរួមលេងល្បែងប្រជាប្រិយផ្សេងៗ។ តែអ្នកនាំពាក្យរូបនេះដដែលក៏បានមើលឃើញថា អាចមានអ្នកខ្លះ ដែលមិនបានចូលរួម មិនសូវសប្បាយចិត្តដែរ ដោយសារតែមានអារម្មណ៍ដិតដាមដោយការបាត់បង់ផ្ទះសម្បែង៕

Duration:00:07:46

Ask host to enable sharing for playback control

លោក ធួន ស៊ីណាន៖ ការលក់សំបុត្រចូលទស្សនាអង្គរធ្លាក់ចុះ ៣០% ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា

4/2/2026
សង្រ្គាមនៅមជ្ឈិមបូព៌ាបាន និងកំពុងជះផលវិបាកលើវិស័យជាច្រើននៅសឹងគ្រប់ប្រទេសក្នុងលោក។ ក្រៅពីវិស័យប្រេងឥន្ធនៈ និងឧស្ម័ន វិស័យទេសចរណ៍ក៏កំពុងរងផលប៉ះពាល់ខ្លាំងមួយដែរ។ នៅកម្ពុជា សេវាកម្មផ្សេងៗដែលបំរើឲ្យវិស័យទេសចរណ៍នៅមិនទាន់មានការតម្លើងថ្លៃនៅឡើយទេ។ ផ្ទុយទៅវិញ សេវាកម្មស្នាក់នៅមួយចំនួនក្នុងខេត្តសៀមរាបនៅតែបន្តបញ្ចុះតម្លៃ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាកត់សម្គាល់ថា ការរក្សាតម្លៃសេវាក្នុងវិស័យទេសចរណ៍ឲ្យនៅដដែល ពិសេសក្នុងខេត្ត សៀមរាបដោយសារតែចំនួនភ្ញៀវទេសចរបានធ្លាក់ចុះ៕

Duration:00:13:30

Ask host to enable sharing for playback control

លោក ប៉ែន សុវិជាតិ៖ ការអន្តរាគមន៍របស់រដ្ឋបានជួយទប់ស្កាត់តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារ

3/20/2026
ក្រសួងពាណិជ្ជកម្មបានចេញផ្សាយតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ចាប់ពីថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦។ ប្រេងសាំងធម្មតាតម្លៃ ៥៤០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតតម្លៃ ៦ ៧០០រៀលក្នុងមួយលីត្រ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានពន្យល់ថា រដ្ឋាភិបាលបានដាក់ចេញនូវវិធានការទម្លាក់ពន្ធគយ និងអាករបន្ថែមមក សូន្យដុល្លារ រួមទាំងទទួលបន្ទុកបង់ជំនួសពន្ធអាករលើតម្លៃបន្ថែមចំនួន ៦%។ បើតាមលោក ប៉ែន សុវិជាតិ អន្តរាគមន៍របស់រដ្ឋាភិបាលពេលនេះបានជួយទប់តម្លៃប្រេងនៅលើទីផ្សារក្នុងគោលដៅជួយសម្រាលជីវភាពរបសើពលរដ្ឋ។

Duration:00:13:49

Ask host to enable sharing for playback control

លោក សោម រតនា៖ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ឆ្នាំ ២០២៦ផ្តោតសំខាន់លើកម្មវិធីកម្សាន្តប្រពៃណី

3/19/2026
នៅថ្ងៃទី១៩ ខែមីនានេះ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំពិធីសែនប្រុងពលីដើម្បីត្រៀមបើកដំណើរការតុបតែងលំអតាមដងផ្លូវ និងតំបន់សម្រាប់ត្រៀមព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញដែលនឹងឈានចូលមកដល់នៅជាង ២០ថ្ងៃទៀត។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នារសៀលថ្ងៃទី១៩ ខែមីនានេះ លោក សោម រតនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាបានអះអាងថា ក្រុមការងាររៀបចំព្រឹត្តិការណ៍បាន​បែងចែកក្រុមការងារតាមផ្នែកនីមួយៗរួចហើយ តែដំណើរការរៀបចំតុបតែងលម្អនៅតាមតំបន់ដែលត្រូវរៀបចំព្រឹត្តិការណ៍នៅពុំទាន់មានលទ្ធផលធំដុំអ្វីនៅឡើយទេ។

Duration:00:09:08

Ask host to enable sharing for playback control

ឧកញ៉ា ស៊ិន ចន្ធី៖ វិស័យដឹកជញ្ជូនប៉ះពាល់ពី ២០ ទៅ២៥ភាគរយពីការឡើងថ្លៃប្រេងម៉ាស៊ូត

3/11/2026
គិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នេះ តម្លៃប្រេងឥន្ធនៈនៅកម្ពុជាបានហក់ឡើងកាន់តែខ្ពស់ ដោយសាំងធម្មតាមានតម្លៃ ៥ ២០០រៀល និងម៉ាស៊ូត ៦ ០៥០រៀលក្នុង ១លីត្រ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នេះ លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានឲ្យដឹងថា ប្រេងម៉ាស៊ូតឡើងថ្លៃខ្ពស់នឹងប៉ះពាល់វិស័យដឹកជញ្ជូនធុនធ្ងន់ពី ២០ ទៅ ២៥ភាគរយ។ តែលោកឧកញ៉ាមិនភ្លេចបញ្ជាក់ថា ទោះតម្លៃប្រេងឡើងខ្លាំងកម្រិតនេះក៏នៅមិនទាន់អាចធ្វើឲ្យអាក់ខានដល់ការដឹងជញ្ជូនរបស់រថយន្តធុនធំបាននៅឡើយដែរ៕

Duration:00:11:56

Ask host to enable sharing for playback control

អ្នកឧកញ៉ា ហ៊ុន ឡាក់៖ មានម៉ាស៊ីនធ្វើតេស្តស្តង់ដារអាចជួយសន្សំពេលវេលា និងចំណាយថ្លៃដើមតិច

2/12/2026
កាលពីពេលថ្មីៗនេះ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានប្រកាសពង្រីកសេវាធ្វើតេស្តសុវត្ថិភាពចំណីអាហារ ដោយបំពាក់ឧបករណ៍ដែលមានសមត្ថភាពខ្ពស់អាចរកឃើញសំណល់ថ្នាំកសិកម្ម និងប្រកបដោយភាពជាក់លាក់។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា និងជានាយកក្រុមហ៊ុន Tropicam បានថ្លែងថា វត្តមានឧបករណ៍ធ្វើតេស្តដ៏ទំនើបរកសារធាតុគីមីពិតជាមានអត្ថប្រយោជន៍ច្រើនសម្រាប់ប្រតិបត្តិករនាំចេញផលិតផលអាហារកម្ពុជា៕

Duration:00:16:52

Ask host to enable sharing for playback control

លោក មឿន តុលា៖ Job Scam Detector អាចជួយអ្នករកការងារធ្វើកុំឲ្យធ្លាក់ក្នុងការងារឆបោកអនឡាញ

2/6/2026
កាលពីពេលថ្មីៗនេះ អង្គការសង់ត្រាល់បានដាក់ឲ្យដំណើរការនូវកម្មវិធីប្រព័ន្ធត្រួតពិនិត្យការងារឆបោកនៅលើបណ្តាញសង្គមតេឡេក្រាមរបស់ខ្លួន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោក មឿន តុលា នាយកប្រតិបត្តិអង្គការសង់ត្រាល់បានឲ្យដឹងថា ប្រព័ន្ធត្រួតពិនិត្យការងារឆបោក ឬហៅជាភាសាអង់គ្លេស Job Scam Detector អាចវាយតម្លៃហានិភ័យការងារនៅកម្ពុជា ពិសេសជួយពលករខ្មែរដែលត្រឡប់ពីប្រទេសថៃកុំឲ្យធ្លាក់ក្នុងការងារឆបោកអនឡាញ។ តែលោក មឿន តុលា មិនភ្លេចបញ្ជាក់ថា Job Scam Detector មានតួនាទីត្រឹមជាអ្នកផ្តល់ព័ត៌មានប៉ុណ្ណោះ ពោលមិនអាចជាអ្នកសម្រេចចិត្តជំនួសពលរដ្ឋ ឬពលករដែលកំពុងស្វែងរកការងារធ្វើបានឡើយ។

Duration:00:12:19

Ask host to enable sharing for playback control

លោក ឡុង សំណាង៖ តម្លៃមាសឆ្នាំ២០២៦អាចប្រែប្រួលខ្លាំងដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់

2/5/2026
ក្រោយពីបានឡើងថ្លៃកប់ពពក ១តម្លឹងជិត ៧ ០០០ដុល្លារកាលពីចុងខែមករា ឆ្នាំ២០២៦ មក មាសបានធ្លាក់ថ្លៃបន្តិចវិញនាដើមខែកុម្ភៈ ឆ្នាំ២០២៦នេះដោយមានតម្លៃប្រមាណ ៦ ០០០ដុល្លារក្នុង ១តម្លឹង។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៥ ខែកុម្ភៈ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន PP Link Securities បានទទួលស្គាល់ថា ហាងឆេងមាសនាដើមឆ្នាំ២០២៦ នេះ មានការប្រែប្រួលខ្លាំងជាងពេលណាៗទាំងអស់។ តែសម្រាប់លោក ឡុង សំណាង ទោះបីជាមាសបានធ្លាក់ថ្លៃបន្តិចវិញក៏ដោយក៏មាសនៅតែជាទ្រព្យដែលសុវត្ថិភាពបំផុត ហើយតម្លៃរបស់វានឹងកើនឡើងនាពេលអនាគត។

Duration:00:14:57

Ask host to enable sharing for playback control

លោក ប៉ាន់ខែម ប៊ុនថន៖ អាជីវករក្រុងប៉ោយប៉ែតនៅតែដក់អារម្មណ៍ពីការបំពានរបស់ថៃ

2/4/2026
នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររដ្ឋាភិបាលប្រចាំក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានជួបប្រជុំជាមួយក្រុមពាណិជ្ជករ និងក្រុមអាជីវករក្រុងប៉ោយប៉ែត។ កម្មវត្ថុ គឺដើម្បីពិភាក្សាជុំវិញគម្រោងផែនការអភិវឌ្ឍក្រុងប៉ោយប៉ែត។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៤ ខែកុម្ភៈនេះ លោក ប៉ាន់ខែម ប៊ុនថន បានប្រាប់ឲ្យដឹងថា ស្ថានភាពរស់នៅ និងការរកស៊ីនៅក្រុងប៉ោយប៉ែតបានវិលត្រលប់មកភាពប្រក្រតីឡើងវិញហើយ។ តែលោកមិនភ្លេចបន្ថែមថា ពលរដ្ឋ និងអាជីវករនៅតែដក់ក្នុងអារម្មណ៍ចំពោះការបំពានរបស់ភាគីថៃមកលើតំបន់សេដ្ឋកិច្ចចម្រុះជាតិសាសន៍មួយនេះ។

Duration:00:12:10

Ask host to enable sharing for playback control

ឧកញ៉ា សន សៀប៖ការបំបែកសម្បុកអនឡាញ និងចាប់ខ្លួន ចេន ហ្ស៊ី ប្រៀបដូចសម្អាតកករចេញពីពាង

1/22/2026
នៅក្នុងខែមករា ដើមឆ្នាំ២០២៦ នេះ ការបង្ក្រាបសម្បុកឆបោក​អនឡាញ និងការចាប់ខ្លួនមេខ្លោងឧក្រិដ្ឋជន ចេន ហ្ស៊ី បញ្ជូនទៅចិនបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីវិនិយោគិនក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២២ ខែមករា ឆ្នាំ​២០២៦នេះ ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាមើលឃើញថា ការបង្ក្រាបបទល្មើសឆបោកអនឡាញ និងការចាប់ខ្លួនមេបណ្តាញឧក្រិដ្ឋជន ចេន ហ្ស៊ី បញ្ជូនទៅចិន គឺជាសញ្ញាដ៏វិជ្ជមានសម្រាប់វិស័យអចលនទ្រព្យកម្ពុជា។ លោក សន សៀប ប្រៀបប្រដូចការចាប់ខ្លួន ចេន ហ្ស៊ី និងការបំបែកសម្បុកឆបោកអនឡាញទៅនឹងការសម្អាតកករនៅក្នុងពាង៕

Duration:00:13:50

Ask host to enable sharing for playback control

លោក ហង្ស ពុទ្ធា៖ គ.ជ​.ប ត្រៀមផែនការ «ខ» ក្នុងករណីមានបញ្ហាកើតឡើងជាយថាហេតុ

1/21/2026
កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ប្រមុខរដ្ឋាភិបាលកម្ពុជាបានសម្រេចជ្រើសយកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានថ្លែងថា គ.ជ.ប បានត្រៀមខ្លួនអនុវត្តការងារតាមសេចក្តីសម្រេចរបស់នាយករដ្ឋមន្រ្តី តែក៏បានត្រៀមផែនការ «ខ» មួយទៀត ក្នុងករណីមានបញ្ហាណាមួយកើតឡើងជាយថាហេតុ។ ក្នុងន័យនេះ បញ្ហាជាយថាហេតុ ដែលអាចបណ្តាលមកពីការអូសបន្លាយនៃជម្លោះព្រំដែនកម្ពុជា-ថៃ៕

Duration:00:10:22

Ask host to enable sharing for playback control

លោក ម៉ៃ ទិត្យថារ៉ា៖ អ្នកនយោបាយខ្មែរគ្រប់និន្នាការគួរអានសៀវភៅ «ភ្នំមួយមិនអាចមានខ្លាពីរ»

1/15/2026
សៀវភៅ «ភ្នំមួយមិនអាចមានខ្លាពីរ» នឹងសម្ពោធជា​ទម្រង់​ភាសាខ្មែរ​ ​នៅថ្ងៃអាទិត្យទី១៨មករាខាងមុខ។ សរសេរដោយលោក Gordon Conochie​ ដែលជា​ជនជាតិអូស្ត្រាលី សៀវភៅ «ភ្នំមួយមិនអាចមានខ្លាពីរ» ឬ​ «A Tiger Rules the Mountain» បានរំលេចពីទិដ្ឋភាពនយោបាយនៅស្រុកខ្មែរក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ រាប់ចាប់តាំងពីឆ្នាំ២០១៣។ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ Rfi នាថ្ងៃព្រហស្បតិ៍ទី១៥ ខែមករានេះ លោក ម៉ៃ ទិត្យថារ៉ា ដែលបានចូលរួម​ប្រែសម្រួលសៀវភៅ ​«ភ្នំមួយមិនអាចមានខ្លាពីរ» ​ជាភាសាខ្មែរ​ឲ្យដឹងថា សៀវភៅនេះ​បានបង្ហាញពី​​តថភាពនយោបាយស្រុកខ្មែរ នៅពេលបក្សប្រឆាំងមួយមានសំឡេងគាំទ្រប្រកៀកប្រកិតទៅនឹងបក្សកាន់អំណាច។ ចំពោះ​​លោក ម៉ៃ ទិត្យថារ៉ា អ្នកនយោបាយខ្មែរគ្រប់និន្នាការគួរតែអានសៀវភៅ«ភ្នំមួយមិនអាចមានខ្លាពីរ»។

Duration:00:10:06

Ask host to enable sharing for playback control

លោក លី ធុជ៖ គ្មានពលរដ្ឋណាម្នាក់រងគ្រោះដោយគ្រាប់មិនទាន់ផ្ទុះរបស់ថៃក្រោយសង្គ្រាមលើកទី២

1/14/2026
សង្គ្រាមព្រំដែនរវាងកម្ពុជា និងថៃអស់រយៈពេល ២១ថ្ងៃកាលពីខែធ្នូ ឆ្នាំ២០២៥ បានបន្សល់ទុកគ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនក្នុងទឹកដីកម្ពុជា ពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីនបានថ្លែងថា អាជ្ញាធរមីន រួមនឹងស្ថាប័នពាក់ព័ន្ធបានចាប់ផ្តើមផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋនៅតាមជំរំជនភៀសសឹក ការដាក់សញ្ញាសម្គាល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការវាយតម្លៃលើទីតាំងគ្រាប់មិនទាន់ផ្ទុះ។ លោក លី ធុជ សន្និដ្ឋានថា ការផ្សព្វផ្សាយរបស់អាជ្ញាធរពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះមានប្រសិទ្ធភាព និងថា គ្មានពលរដ្ឋណាម្នាក់បានរងគ្រោះនៅឡើយទេ៕

Duration:00:13:35

Ask host to enable sharing for playback control

លោក ចន ណារិទ្ធ៖ ការងារបន្ទាន់គឺការវាយតម្លៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធដែលថៃបានបាញ់បំផ្លាញ

12/31/2025
រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតដោយសារការវាយប្រហាររបស់កងទ័ពថៃនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្រុមការងារនេះ មានសមាសភាពចម្រុះចំនួន ២៥រូប ក្នុងនោះក៏មានអភិបាលខេត្តជាប់ព្រំដែនទាំង៧ ជាសមាជិក។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជាប្រធានក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ បានបញ្ជាក់ថា ការងារអាទិភាពរបស់ក្រុមការងារនេះ គឺវាយតម្លៃពីផលប៉ះពាល់ទៅលើហេដ្ឋារចនាសម្ព័ន្ធឯកជន និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលបម្រើឲ្យជីវភាពរស់នៅរបស់ពលរដ្ឋ៕

Duration:00:12:33

Ask host to enable sharing for playback control

លោក គឹម រតនា៖ ថៃបានប្រែក្លាយសង្គ្រាមព្រំដែនទៅជាសង្គ្រាមឈ្លានពានកម្ពុជា

12/24/2025
អស់រយៈពេលជាង ២សប្តាហ៍ហើយ ដែលថៃបានបើកការវាយប្រហារមកលើប្រទេសកម្ពុជា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ​ការវាយប្រហារនេះបង្កឲ្យកងទ័ព និងជនស៊ីវិលបាត់បង់ជីវិត​ និងរងរបួស ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញ រួមនឹងជំរុញឲ្យមានជនភៀសសឹកយ៉ាងច្រើនសន្ធឹកសន្ធាប់។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ លោក គឹម រតនា នាយកប្រតិបត្តិអង្គការការីតាសកម្ពុជា (Caritas Cambodia) បានថ្លែងថា អង្គការរបស់លោក កំពុងផ្តល់ជំនួយបន្ទាន់ដល់ជនភៀសសឹកនៅតាមបណ្តាខេត្តចំនួន៧ រួមមានស្បៀង ជំរកបណ្តោះអាសន្ន សម្ភារៈប្រើប្រាស់ ទឹកស្អាត ​និងផ្តល់ការសិក្សាបណ្តោះអាសន្នដល់កុមារផងដែរ។​ នាយកអង្គការមនុស្សធម៌កាតូលិកមួយនេះ បានហៅព្រឹត្តិការណ៍ផ្ទុះអាវុធនេះថា ជាសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា។

Duration:00:09:01

Ask host to enable sharing for playback control

កញ្ញា កឹម មនោវិទ្យា៖ បើមានសេរីភាព លោក កឹម សុខា អាចស្នើអន្តរជាតិជួយបញ្ឈប់ទង្វើរបស់ថៃ

12/18/2025
គម្រោង​សវនាការ​សំណុំ​រឿង​ លោក កឹម សុខា ​អតីត​ប្រធាន​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ នា​ថ្ងៃ​ទី​១៨​ ខែ​ធ្នូ​ឆ្នាំ​២០២៥​នេះ​ ត្រូវ​បាន​លើក​ពេល​ ដោយ​មិន​កំណត់​។​ កញ្ញា កឹម មនោវិទ្យា កូនស្រី​របស់​លោក កឹម សុខា បានទទូច​ជាថ្មី​ឲ្យ​តុលា​ការ​ពន្លឿន​បញ្ចប់​សំណុំ​រឿង​និង​ទម្លាក់​ចោល​​បទ​ចោទ​ប្រកាន់​លើ​ឪពុក​ គឺ​​លោក​ កឹម សុខា ពី​បទ​ «ក្បត់ជាតិ»​។ ​កញ្ញា កឹម ​មនោវិទ្យា ​ជឿ​ជាក់​ថា​ ប្រសិន​បើ​លោក ​កឹម សុខា ​មាន​សេរី​ភាព ​​លោក​អាចជួយ​កម្ពុជា ​ក្នុង​ការ​តស៊ូ​មតិ​ផ្នែក​ការ​ទូត​ ដើម្បី​ឲ្យ​អន្តរ​ជាតិ​ជួយ​បញ្ឈប់​ការ​ឈ្លានពាន​របស់​ថៃ​មក​លើ​កម្ពុជា​៕

Duration:00:12:30

Ask host to enable sharing for playback control

លោកស្រី ឆាយ ស៊ីវលីន៖ កម្ពុជាងាកទៅពង្រឹងវិស័យទេសចរណ៍ជាមួយឡាវ និងវៀតណាម

12/17/2025
ក្រសួងទេសចរណ៍កម្ពុជា និងឡាវបានឯកភាពគ្នាជំរុញការផ្សព្វផ្សាយទីផ្សារទេសចរណ៍រួមគ្នាតាមរយៈយុទ្ធនាការ «ប្រទេសពីរ គោលដៅតែមួយ»។ អ្នកជំនាញផ្នែកទេសចរណ៍មើលឃើញថា កម្ពុជាកំពុងងាករកច្រកយុទ្ធសាស្ត្រផ្សេងទៀតក្រៅពីថៃ ដើម្បីពង្រឹងវិស័យទេសចរណ៍ក្នុងអំឡុងពេលដែលខ្លួនកំពុងមានជម្លោះព្រំដែនជាមួយថៃ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាបានថ្លែងថា ការពង្រឹងវិស័យទេសចរណ៍ជាមួយឡាវ និងវៀតណាម គឺជាយុទ្ធសាស្ត្រ​បត់បែនទៅតាមកាលៈទេសៈ ខណៈយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍រួមគ្នាជាមួយថៃត្រូវបានផ្អាក៕

Duration:00:10:25

Ask host to enable sharing for playback control

លោក វ៉ាត់ ចំរើន៖ អាស៊ានគោរពការសម្រេចរបស់កម្ពុជាក្នុងការដកខ្លួនពីស៊ីហ្គេមនៅថៃ

12/10/2025
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ប្រទេសកម្ពុជាបានសម្រេចដកខ្លួនជាផ្លូវការពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ក្រោយសាច់ញាតិរបស់កីឡាករ កីឡាការិនីសម្តែងនូវការព្រួយបារម្ភពីសុវត្ថិភាព។ ជាការព្រួយបារម្ភ ខណៈកម្ពុជា និងថៃកំពុងប្រយុទ្ធគ្នា ដោយប្រដាប់អាវុធនៅតាមព្រំដែននៃប្រទេសទាំងពីរ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ពីទីក្រុងបាងកកប្រទេសថៃ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ និងជាប្រធានប្រតិភូកីឡាកម្ពុជាបានបញ្ជាក់ថា ក្រៅពីហេតុផលសុវត្ថិភាព អត្តពលិកកម្ពុជាមិនបានរងនូវការគម្រាមកំហែងអ្វីផ្សេងទៀតទេ ខណៈកម្ពុជាបានបំពេញកាតព្វកិច្ចការទូតកីឡា តាមរយៈការចូលរួមកិច្ចប្រជុំនានា និងពិធីបើកកីឡាស៊ីហ្គេមលើកទី៣៣៕

Duration:00:07:06

Ask host to enable sharing for playback control

លោក ធួន ស៊ីណាន៖ ដើម្បីទាក់ទាញទេសចរ កម្ពុជាត្រូវបំបាត់អំពើឆបោកអនឡាញ និងផ្សព្វផ្សាយពីទេសចរណ៍សុវត្ថិភាព

12/3/2025
កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ ផ្តល់ការលើកលែងទិដ្ឋាការសាកល្បងចំពោះពលរដ្ឋចិន ដែលធ្វើដំណើរចេញពីប្រទេសចិន ដោយផ្តល់រយៈពេលស្នាក់នៅកម្ពុជាចំនួន ១៤ថ្ងៃ។ គម្រោងសាកល្បងមានរយៈពេល៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលាឆ្នាំ២០២៦ ដោយនៅក្នុងនោះ ជនជាតិចិនគ្រាន់តែបំពេញ E-Arrival Card។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកបានចាត់ទុកថា គម្រោងសាកល្បង លើកលែងទិដ្ឋាការចំពោះអ្នកទេសចរចិន គឺជាកាដូដ៏ធំ ដែលរដ្ឋាភិបាលផ្តល់ដល់វិស័យទេសចរណ៍។ ប៉ុន្តែ ដើម្បីសម្រេចគោលដៅនេះ លោក ធួន ស៊ីណាន បញ្ជាក់ដែរថា រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធត្រូវរួមគ្នាដោះស្រាយបញ្ហាចម្បង ២ចំណុច គឺបំបាត់អំពើឆបោកតាមអនឡាញ និងបង្កើនការផ្សព្វផ្សាយពីគោលដៅទេសចរណ៍សុវត្ថិភាព៕

Duration:00:13:11

Ask host to enable sharing for playback control

លោក សឺន យឿង៖ វៀតណាមត្រូវតែស៊ើបអង្កេតករណីស្លាកស្នាមលើផ្ទៃមុខពលរដ្ឋខ្មែរក្រោម

11/27/2025
តុលាការវៀតណាម នៅថ្ងៃទី១៨វិច្ឆិកា បានកាត់ទោសពលរដ្ឋ និងព្រះសង្ឃ ៣អង្គ/នាក់ដាក់ពន្ធនាគារម្នាក់ៗចំនួន៣ឆ្នាំ​កន្លះ​​​។ ការសម្រេចនេះបានរងស្រោចដោយប្រតិកម្ម និងការថ្កោលទោសពីសំណាក់សមាគមខ្មែរកម្ពុជាក្រោម រួមទាំងសហគមន៍អន្តរជាតិមួយចំនួន​។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ នាថ្ងៃព្រហស្បតិ៍ទី២៧ ខែវិច្ឆិកានេះ លោក សឺន យឿង ប្រធានសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានឲ្យដឹងថា ពលរដ្ឋខ្មែរក្រោមនៅតែបន្តរងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរវៀតណាមតាមផ្លូវច្បាប់។ បន្ថែមពីនេះ លោក សឺន យឿង បានស្នើឲ្យរដ្ឋាភិបាលវៀតណាម បើកការស៊ើបអង្កេតដោយឯករាជ្យ ចំពោះករណីស្លាកស្នាមលើផ្ទៃមុខពលរដ្ឋខ្មែរក្រោមមួយរូប ដែលស្តែងឱ្យឃើញ​នា​​គ្រាដែលអាជ្ញាធរវៀតណាម​នាំទៅ​កាត់ទោសកាលពីថ្ងៃទី១៨ខែវិច្ឆិកា​។

Duration:00:10:40