
Daily International Events
RFI
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍អន្តរជាតិក្តៅគគុកជាងគេបង្អស់មួយ មកពង្រីក ពន្យល់ និងវិភាគ ដោយមានអន្តរាគមន៍ពីអ្នកកាសែតរបស់យើង នៅប្រទេសបារាំង ឬពីអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង។
Location:
Paris, France
Networks:
RFI
Description:
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍អន្តរជាតិក្តៅគគុកជាងគេបង្អស់មួយ មកពង្រីក ពន្យល់ និងវិភាគ ដោយមានអន្តរាគមន៍ពីអ្នកកាសែតរបស់យើង នៅប្រទេសបារាំង ឬពីអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង។
Language:
Khmer
Episodes
ផ្ទុះអាវុធទ្រង់ទ្រាយធំ រវាងកងទ័ពឥណ្ឌានិងប៉ាគីស្ថាន នៅតំបន់កាស្មៀរ
5/7/2025
ដូចអ្វីដែលគេបានព្រួយបារម្ភប៉ុន្មានថ្ងៃមកនេះ ទីបំផុតកងទ័ពឥណ្ឌា និងប៉ាគីស្ថាន បានផ្ទុះអាវុធវាយប្រយុទ្ធគ្នានៅតំបន់កាស្មៀរ កាលពីយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធទី៧ឧសភានេះ។ គិតត្រឹមពេលនេះ យ៉ាងហោចណាស់ មានមនុស្សស្លាប់ជាង៣០នាក់ និងរបួសជិត១០០នាក់ ដែលភាគច្រើនសុទ្ធសឹងតែជាប្រជាជនស៊ីវីល។ សហគមន៍អន្តរជាតិ បានចេញមុខអំពាវនាវជាបន្តបន្ទាប់ ឲ្យភាគីជម្លោះទាំង២ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែររៀងៗខ្លួន ថាត្រូវតែខំអត់ធ្មត់ រំងាប់កំហឹងរៀងៗខ្លួន កុំបញ្ឆេះសង្គ្រាមថែមមួយទៀត ព្រោះថាពិភពលោកបច្ចុប្បន្ននេះ មានភាពវឹកវរដោយសារសង្គ្រាមច្រើនរួចទៅហើយ។
នៅវេលាយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធនេះ កងទ័ពឥណ្ឌាបានចាប់ផ្តើមបើកការវាយប្រហារ ដោយបានបាញ់ប្លោងគ្រាប់មីស៊ីល ជាច្រើនគ្រាប់ ទៅលើទីក្រុងចំនួន៦របស់ប៉ាគីស្ថាន ស្ថិតនៅតំបន់កាស្មៀរ និងខេត្តពិនចាប់ផងដែរ។ គិតត្រឹមព័ត៌មានចុងក្រោយព្រឹកថ្ងៃពុធទី៧ឧសភា គ្រាប់មីស៊ីលរបស់ឥណ្ឌាទាំងនេះ បានបណ្តាលឲ្យស្លាប់ប្រជាជនស៊ីវីលប៉ាគីស្ថានចំនួន២៦នាក់ ក្នុងនោះមានកុមារអាយុ ៣-៤ឆ្នាំ៣នាក់ដែរ ហើយនិងរបួសមនុស្សយ៉ាងហោច៤៦នាក់។ នេះបើផ្អែកតាមប្រភពពីអ្នកនាំពាក្យកងទ័ពប៉ាគីស្ថាន។
ខាងឥណ្ឌា គេបានអះអាងថា គេបើកការវាយប្រហារនេះប្រកបដោយការទទួលខុសត្រូវ និងប្រុងប្រយ័ត្នបំផុត ដោយគេវាយតែទៅលើទីទាំងរបស់ក្រុមភេរវកម្មប៉ាគីស្ថានប៉ុណ្ណោះ មិនបានវាយទៅលើទីតាំងរបស់កងទ័ពប៉ាគីស្ថាន។ ក្នុងសន្និសីទកាសែតព្រឹកមិញនេះ អ្នកនាំពាក្យកងទ័ពឥណ្ឌាបានបញ្ជាក់ថា ប្រតិបត្តិការវាយប្រហាររបស់ឥណ្ឌា គឺបានសំដៅទៅលើទីតាំងលាក់ខ្លួន ជំរំហ្វឹកហាត់ របស់ក្រុមជីហាតប៉ាគីស្ថាន២ក្រុម គឺក្រុម Jaish-e-Mohammed និងក្រុម Laskhar-e-Taiban។
តែយ៉ាងណា អាជ្ញាធប៉ាគីស្ថានអះអាងថា គ្រាប់មីស៊ីលរបស់ឥណ្ឌាបានធ្វើឲ្យខូចខាតយ៉ាងដំណំ ទៅលើទំនប់វារីអគ្គិសនីមួយកន្លែងនៅតំបន់កាស្មៀរប៉ាគីស្ថាន។ ខាងកងទ័ពប៉ាគីស្ថានគេបានអះអាងថា គេសូមរក្សាសិទ្ធិឆ្លើយតបវិញ ទល់ការវាយប្រហារឈ្លានពានរបស់ឥណ្ឌានេះ។
មិនបង្អង់យូរ កងទ័ពប៉ាគីស្ថានបានបាញ់ប្លោងគ្រាប់ ទម្លាក់យន្តហោះចម្បាំងរបស់ឥណ្ឌាចំនួន៥គ្រឿង។ កងទ័ពឥណ្ឌាអះអាងថា ប៉ាគីស្ថានបានប្រើកាំភ្លើងធំ បាញ់ប្លោងគ្រាប់ចូលមកខាងតំបន់កាស្មៀររបស់ឥណ្ឌា។ មន្ត្រីមូលដ្ឋានឥណ្ឌានៅកាស្មៀរ បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថាមានស្លាប់មនុស្សយ៉ាងហោច៨នាក់ និងរបួសប្រមាណ៣០នាក់ទៀត។
របួសដំបៅចាស់ “កាស្មៀរ”
ការផ្ទុះអាវុធលើកនេះ គឺមានលក្ខណៈធ្ងន់ធ្ងរ អាចក្លាយជាសង្គ្រាមយ៉ាងចំហរ រវាងប៉ាគីស្ថាននិងឥណ្ឌា ដែលសុទ្ធតែជាមហាអំណាចនុយក្លេអ៊ែរ។ ជម្លោះរវាងឥណ្ឌានិងប៉ាគីស្ថាន មិនទៅណាឆ្ងាយពីតំបន់កាស្មៀរនោះទេ។ ដូចយើងបានដឹងខ្លះៗហើយ ថាឥណ្ឌានិងប៉ាគីស្ថាន ពីមុនជាប្រទេសតែមួយស្ថិតក្រោមនឹមអាណានិគមចក្រភពអង់គ្លេស។ លុះដល់ឆ្នាំ១៩៤៧ ទើបអង់គ្លេសចាកចេញទៅ ហើយក៏បានសម្រេចពុះផ្តាច់ដែនដីខាងលិច បង្កើតជាប្រទេសប៉ាគីស្ថាន ប្រមូលផ្តុំអ្នកកាន់សាសនាឥស្លាមទាំងអស់ទៅរស់នៅទីនោះ។ ធ្វើបែបនេះ គឺគេជឿថានឹងបញ្ចៀសបញ្ហាជម្លោះសាសនា រវាងពួកហិណ្ឌូនិងពួកឥស្លាម។
តែដោយឡែក តំបន់កាស្មៀរមានលក្ខណៈពិសេស ព្រោះកាលនោះសំបូរអ្នកកាន់សាសនាឥស្លាមរស់នៅមែន តែមានមេដឹកនាំជាអ្នកកាន់សាសនាហិណ្ឌូ។ ម្លោះហើយក៏សម្រេចមិនចេញ កើតជាជម្លោះដណ្តើមគ្នាតែម្តងទៅ។ តំបន់កាស្មៀរដែលជាតំបន់ភ្នំខ្ពស់នៃជួរភ្នំហិមាល័យ ត្រូវពុះចែកជា២ជាមួយនឹងបន្ទាត់ព្រំដែនប្រវែង៧៧០គីឡូម៉ែត្រ ដីទំហំ៣៥%បានទៅខាងប៉ាគីស្ថាន និង៦៣%បានមកខាងឥណ្ឌា។ ខាងឥណ្ឌាតែងតែចោទថា ប៉ាគីស្ថានបានទំនុកបម្រុងក្រុមភេរវកម្ម ឬក្រុមឯករាជ្យនិយមឲ្យបះបោរ បង្ករអស្ថិរភាពនៅខាងតំបន់កាស្មៀររបស់ឥណ្ឌា។
ការវាយប្រហារភេរវកម្ម នាំអុជឲ្យផ្ទុះជម្លោះ
ទាក់ទិននឹងប្រភពបញ្ហា បណ្តាលឲ្យផ្ទុះការប្រយុទ្ធគ្នានៅពេលនេះ គឺដោយសារកាលពីថ្ងៃទី២២មេសា មានក្រុមភេរកម្មមួយក្រុម បានចូលមកវាយប្រហារនៅខាងឥណ្ឌា សម្លាប់មនុស្ស២៦នាក់ ភាគច្រើនសុទ្ធតែមនុស្សប្រុសកាន់សាសនាហិណ្ឌូ។ ឥណ្ឌាបានចោទភ្លាមថាជាស្នាដៃរបស់ក្រុមភេរវកម្ម ក្រោមការផ្ចុងផ្តើមជួយពីរដ្ឋាភិបាលប៉ាគីស្ថាន ។ ឥណ្ឌាបានដាក់ការសង្ស័យទៅលើក្រុមជីហាតឥស្លាម Lashkar-e-Taiba ដែលធ្លាប់វាយប្រហារម្តងហើយ នៅទីក្រុងបុមបៃឥណ្ឌា ស្លាប់មនុស្ស១៦៦នៅឆ្នាំ២០០៨។
ប៉ាគីស្ថានបានបដិសេធ ថាគេមិនបានដឹងឮ ឬនៅពីក្រោយក្រុមភេរវកម្មនេះទេ។ តែបញ្ហានេះបានឈានក្លាយជាវិបត្តិការទូត ប្រទេសទាំង២បានសម្រេចបិទព្រំដែនគោកនៅតំបន់កាស្មៀរ បិទដែនអាកាសរៀងៗខ្លួន និងបានព្យួរសន្ធិសញ្ញាគ្រប់គ្រងដងទន្លេហិណ្ឌូសថែមទៀតផង។ នៅព្រឹកនេះ លោក Vikram Misri រដ្ឋមន្ត្រីការបរទេសឥណ្ឌាបានអះអាងថា ផ្អែកតាមព័ត៌មានចារកិច្ច គឺក្រុមជីហាតប៉ាគីស្ថានមានកម្រោងវាយប្រហារឆាប់ៗនេះ មកលើឥណ្ឌាទៀត ដូច្នេះវាជារឿងចាំបាច់ដែលឥណ្ឌាត្រូវតែវាយកម្ទេចដើម្បីបង្ការការពារខ្លួននៅពេលនេះ។
អ្វីដែលយើងសង្កេតឃើញ...
Duration:00:05:52
បន្ទាប់ពីវៀតណាម និងម៉ាឡេស៊ី ប្រមុខរដ្ឋចិន លោកស៊ី ជីងពីនផ្តើមទស្សនកិច្ចរយៈពេល ២ថ្ងៃនៅកម្ពុជា
4/17/2025
ប្រធានាធិបតីចិន លោក ស៊ី ជីងពីនបានផ្តើមទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់១៨ មេសា ឆ្នាំ២០២៥។ ទស្សនកិច្ចរបស់លោកស៊ីនៅកម្ពុជាពេលនេះធ្វើឡើងក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចរបស់លោកនេះនៅក្នុងប្រទេសអាស៊ានចំនួន ៣ គឺវៀតណាម ម៉ាឡេស៊ី និងកម្ពុជាដែលជាប្រទេសចុងក្រោយ។ អ្វីជាការកត់សម្គាល់ វត្តមានរបស់លោកស៊ីនៅវៀតណាម ម៉ាឡេស៊ី និងកម្ពុជាធ្វើឡើងចំពេលដែលប្រទេសអាស៊ីទាំង ៣ កំពុងប្រឈមនឹងការដំឡើងពន្ធពីសហរដ្ឋអាមេរិក។ មួយវិញទៀត កម្ពុជាកំពុងស្វះស្វែងរកការចរចាជាមួយអាមេរិកដើម្បីសម្រួលការដំឡើងពន្ធនេះ។ ជុំវិញសំណុំរឿងនេះ យើងមានបទអន្តរាគមន៍ផ្ទាល់របស់ ស៊ឹម ចាន់សំណាង៖
Duration:00:08:12
តើក្រោយពីសម្ពោធជាផ្លូវការហើយ ភាពមន្ទិលនៅមូលដ្ឋានកងទ័ពសមុទ្ររាមអាចត្រូវបិទបញ្ចប់ដែរទេ?
4/6/2025
មូលដ្ឋានកងទ័ពសមុទ្ររាមរបស់កម្ពុជាដែលសាងសង់ឡើងវិញនៅក្រោមជំនួយរបស់ចិន ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី៥ខែមេសាឆ្នាំ២០២៥។ ប្រមុខរដ្ឋាភិបាលកម្ពុជា បានអះអាងថា ពិធីសម្ពោធដែលមានការផ្សាយផ្ទាល់ផងនោះ គឺចង់ឲ្យប្រជាជនកម្ពុជា និងមនុស្សនៅជុំវិញពិភពលោកឈប់សង្ស័យអំពីទីតាំងនេះ។ គឺជាទីតាំងដែលត្រូវបានសហរដ្ឋអាមេរិកកន្លងមក និងជាបន្តបន្ទាប់ លើកឡើងថា អាចត្រូវផ្តល់ទៅឲ្យកងទ័ពជើងទឹកចិន។ តើក្រោយពីសម្ពោធជាផ្លូវការហើយ ភាពមន្ទិលនៅមូលដ្ឋានកងទ័ពសមុទ្ររាមរបស់កម្ពុជាអាចត្រូវបិទបញ្ចប់ដែរឬទេ?
Duration:00:10:51
តើចលនាជាតិតស៊ូរបស់ លោក សម រង្ស៊ី នឹងមានឥទ្ធិពលលើរដ្ឋាភិបាលកម្ពុជាដែរឬទេ?
3/23/2025
ចលនាជាតិតស៊ូត្រូវបានបង្កើតឡើងតាមរយៈសមាជប្រជាជនដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំងនាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។ ចលនានេះមាន លោក សម រង្ស៊ី ជាប្រធាន លោក គឹម សុខ ជាអ្នកនាំពាក្យ និងលោក ឆាំ ឆានី ជាប្រធានក្រុមជំនួយការ។ សេចក្តីប្រកាសព័ត៌មានបានអះអាងថា ចលនានេះត្រូវបានបង្កើតឡើងស្របតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដើម្បីបញ្ចប់នយោបាយ «សន្តិភាពងើប១វ៉ៃ១» ជំនួសមកវិញដោយ «សន្តិភាពមានទុក្ខម្នាក់ ដោះស្រាយជូនម្នាក់» និងទាមទារយុត្តិធម៌ឲ្យបានជោគជ័យ។ តើចលនាជាតិតស៊ូរបស់ លោក សម រង្ស៊ី នឹងមានឥទ្ធិពលលើរដ្ឋាភិបាលកម្ពុជាដែរឬទេ?
Duration:00:09:07
លោកពូទីនឆ្លើយថា មិនជំទាស់នឹងបទឈប់បាញ់៣០ថ្ងៃទេ តែត្រូវតែនិយាយលក្ខខណ្ឌលម្អិតសិន
3/14/2025
២ថ្ងៃបន្ទាប់ពីអ៊ុយក្រែនបានយល់ព្រមតាមសំណើរបស់អាមេរិក ក្នុងការផ្អាកការប្រយុទ្ធបណ្តោះអាសន្ន៣០ថ្ងៃដើម្បីបើកផ្លូវចរចាជាមួយរុស្ស៊ី នៅទីបំផុតលោកពូទីនបានឆ្លើយហើយ កាលពីថ្ងៃព្រហស្បតិ៍ទី១៣មីនា។ លោកពូទីនឆ្លើយថា លោកមិនជំទាស់នឹងការផ្អាកការប្រយុទ្ធបណ្តោះអាសន្ននេះទេ តែត្រូវតែកំណត់លក្ខខណ្ឌឲ្យបានច្បាស់ជាមុនសិន។ តើចម្លើយរបស់លោកពូទីន ដែលថាមិនជំទាស់ទេ តែត្រូវមានលក្ខខណ្ឌនេះ វាមានន័យធាតុពិតទៅ ជាចម្លើយបដិសេធនឹងសំណើររបស់ភាគីអាមេរិកឬយ៉ាងណា?
ចម្លើយដែលលាក់បំពួនដោយពាក្យបដិសេធ
នៅទីបំផុត លោកពូទីនបានឆ្លើយហើយ ចំពោះសំណើរបស់អាមេរិកឲ្យមានបទឈប់បាញ់បណ្តោះអាសន្ន៣០ថ្ងៃ។ តែចម្លើយរបស់ពូទីន វាហាក់ដូចជាមិនច្បាស់លាស់ទាល់តែសោះ យល់ព្រមក៏មិនច្បាស់ បដិសេធក៏មិនច្បាស់។ ដូចយើងបានដឹងហើយ កាលពីថ្ងៃទី១១មីនា រដ្ឋមន្ត្រីការបរទេសអាមេរិកនិងអ៊ុយក្រែន បានជួបប្រជុំគ្នានៅទីក្រុងចេដដា ប្រទេសអារ៉ាប៊ីសាអូឌីត។ ជាលទ្ធផលនៃការប្រជុំនេះ គឺអ៊ុយក្រែនបានសុខចិត្ត ធ្វើតាមការស្នើរបស់ភាគីអាមេរិក ថាផ្អាកការប្រយុទ្ធបណ្តោះអាសន្ន៣០ថ្ងៃ ដើម្បីឈានទៅបើកផ្លូវចរចាជាមួយរុស្ស៊ី។
ភាគីអាមេរិកក៏បានបញ្ជូនតំណាងម្នាក់ទៅម៉ូស្គូភ្លាម ដើម្បីប្រាប់ដំណឹងនេះទៅកាន់ភាគីរុស្ស៊ី ហើយឲ្យរុស្ស៊ីឆ្លើយថាព្រមឬមិនព្រម។ គ្រាន់តែលោក Steve Witkoff ប្រេសិតរបស់លោកដូណាល់ ត្រាំ ចុះពីយន្តហោះបានប៉ុន្មានម៉ោង មិនទាន់ទាំងបានជួបតំណាងណាម្នាក់នៃវិមានក្រេមឡាំងផង ស្រាប់តែលោកពូទីនបានធ្វើសន្និសីទកាសែតមួយ នៅរសៀលថ្ងៃទី១៣មីនា ហើយឆ្លើយថា លោកមិនជំទាស់ទេនឹងបទឈប់បាញ់បណ្តោះអាសន្ន តែត្រូវតែពិនិត្យមើលលក្ខខណ្ឌឲ្យបានច្បាស់លាស់សិន។ លោកពូទីនបន្ថែមទៀតថា លោកចង់ទូរស័ព្ទនិយាយរឿងនេះ ជាមួយនឹងលោកដូណាល់ ត្រាំឲ្យបានច្បាស់លាស់។
ពីសេតវិមានក្នុងពេលទទួលជួបលោកអគ្គលេខាធិការអង្គការអូតង់ Mark Rutt លោកដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកកាសែតថា ចម្លើយរបស់លោកពូទីននេះ មានលក្ខណៈគួរឲ្យសង្ឃឹម តែជាចម្លើយដែលមិនទាន់គ្រប់គ្រាន់ពេញលេញទេ។ លោកត្រាំបានបន្ថែមទៀតដែរ ប្រសិនបើរុស្ស៊ីបដិសេធមិនព្រមទទួលយកបទឈប់បាញ់បណ្តោះអាសន្ន នោះជារឿងមួយគួរឲ្យខកចិត្តខ្លាំងណាស់សម្រាប់ពិភពលោក។
នៅព្រឹកថ្ងៃសុក្រទី១៤មីនា វិមានក្រេមឡាំងបានឲ្យដឹងថា កាលពីល្ងាចម្សិលមិញ លោកពូទីនផ្ញើសារលិខិតទៅកាន់ដូណាល់ ត្រាំតាមរយៈលោកប្រេសិត Steve Witkoff ហើយ។ ភាគីទាំងសងខាងនឹងកំណត់ពេលវេលា ដើម្បីរៀបចំការជួបនិយាយជជែកគ្នា រវាងប្រធានាធិបតីទាំង២។ នេះបើផ្អែកតាមការបញ្ជាក់ ពីលោក ឌីមីទ្រី ប៉េសកូវ អ្នកនាំពាក្យវិមានក្រេមឡាំង។
លក្ខខណ្ឌដដែល ដែលលោកពូទីនទាមទារយូរមកហើយ
ក្នុងពេលធ្វើសន្និសីទកាសែត ដែលមានលោកលូកាឆិនកូ ប្រធានធិបតីបេឡារុសអង្គុយក្បែរ លោកពូទីនបានលើកឡើងថា មានចំណុចជាច្រើនដែលត្រូវតែនិយាយគ្នាឲ្យបានដាច់ស្រលះមុនសិន មុននឹងមានបទឈប់បាញ់បណ្តោះអាសន្ន។ លោកបន្តថា លោកមិនជំទាស់ទេ រឿងបទឈប់បាញ់បណ្តោះអាសន្ន ក៏ប៉ុន្តែសម្រាប់រុស្ស៊ីបទឈប់បាញ់នេះ ត្រូវតែនាំទៅកាន់សន្តិភាពយូរអង្វែង ហើយត្រូវតែដោះស្រាយឲ្យជ្រះស្រលះ នូវមូលហេតុស៊ីជម្រៅទាំងអស់ ដែលនាំឲ្យកើតមានវិបត្តិនេះ។
គឺឃ្លាចុងក្រោយនេះហើយដែលលោកពូទីនចង់បានន័យថា ត្រូវតែធ្វើតាមអ្វីដែលគាត់ទាមទារចង់បាន តាំងតែពីមុននិងក្រោយពេលផ្ទុះសង្គ្រាមភ្លាមៗ។ នៅក្នុងជម្រៅខួរក្បាលរបស់លោកពូទីន មូលហេតុដែលនាំឲ្យកើតវិបត្តិ ដែលនាំឲ្យរុស្ស៊ីបើកប្រតិបត្តិការយោធាចូលទៅអ៊ុយក្រែន គឺព្រោះតែអ៊ុយក្រែន អឺរ៉ុប និងអូតង់ រករឿងគំរាមសន្តិសុខរុស្ស៊ី។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហានេះឲ្យជ្រះស្រលះ អ្វីដែលលោកពូទីនទាមទារ គឺទីមួយអ៊ុយក្រែនត្រូវតែក្លាយជាប្រទេសអព្យាក្រិត្យ ហាមចូលបក្សសម្ព័ន្ធលោកខាងលិចណាទាំងអស់ មិនថាចូលសហភាពអឺរ៉ុប ឬចូលអូតង់។ បន្ទាប់មកទៀត អ៊ុយក្រែនត្រូវតែសុខចិត្តកាត់ទឹកដីតំបន់ទាំង៤ ដែលរុស្ស៊ីគ្រប់គ្រងបាននាពេលបច្ចុប្បន្ននេះ បូកថែមទាំងតំបន់គ្រីម៉េមួយទៀត ដែលរុស្ស៊ីចូលទៅកាន់កាប់កាលពីឆ្នាំ២០១៤។
មិនត្រឹមប៉ុណ្ណោះទេ លោកពូទីនធ្លាប់បានទាមទារទៀត ថាត្រូវតែប្តូររបបនយោបាយនៅអ៊ុយក្រែនចោល។ វាមានន័យថា លោកពូទីនមិនចង់ឃើញអ៊ុយក្រែនកាន់លទ្ធិប្រជាធិបតេយ្យសេរីទេ។ អ្វីដែលលោកពូទីនចង់បានជាយូរមកហើយនោះ គឺចង់ឲ្យអ៊ុយក្រែនមានរដ្ឋាភិបាលទន់ខ្សោយមួយ ចាំតែធ្វើតាមខ្សែញាក់របស់ម៉ូស្គូ ដូចរដ្ឋាភិបាលបេឡារុសរាស់ថ្ងៃនេះ ទើបលោកពូទីនស្ងប់ចិត្ត។
យ៉ាងណាមិញ លោក Iouri Ouchakov ទីប្រឹក្សាការទូតរបស់លោកពូទីន បានបញ្ជាក់ហើយ ថារុស្ស៊ីបានប្រាប់ទៅភាគីអាមេរិក នូវគោលជំហរទាមទារទាំងអស់នេះ នៅរៀងរាល់លើក ឲ្យតែមានការនិយាយទាក់ទងគ្នា រវាងម៉ូស្គូនិងវ៉ាស៊ីនតោន។ មន្ត្រីរុស្ស៊ីរូបនេះ បានលើកឡើងទៀតថា ការធ្វើបទបាញ់បណ្តោះអាសន្នមិនត្រូវធ្វើដោយតក់ក្រហល់ឡើយ ហើយជាងនេះទៀត ការស្រុះស្រួលគ្នារវាងអាមេរិកនិងអ៊ុយក្រែនក្នុងពេលប្រជុំនៅចេដដា...
Duration:00:07:12
លោកដូណាល់ ត្រាំ ថ្លែងសុន្ទរកថានៅសភាខុនហ្ក្រេស អួតអំពីជោគជ័យដ៏អស្ចារ្យនៃរដ្ឋបាលលោក
3/5/2025
លោកដូណាល់ ត្រាំ បានឡើងថ្លែងសុន្ទរកថាជាលើកទី១ នៅសភាខុនហ្ក្រេស បន្ទាប់ពីបានចូលកាន់អំណាចសាជាថ្មី កាលពីថ្ងៃទី២០មករា។ ជាសុន្ទរកថា ដែលពោរពេញទៅដោយអំនួត អួតសរសើរពីខ្លួនលោកផ្ទាល់ និងការដឹកនាំរបស់លោក ដែលត្រឹមតែជាង១ខែ តែបានលទ្ធផលដ៏ល្អអស្ចារ្យ ធ្វើឲ្យសហរដ្ឋអាមេរិកត្រលប់មកខ្លាំងក្លាឡើងវិញ។ សុន្ទរកថាដែលបានផ្តោតខ្លាំងតែទៅលើបញ្ហាផ្ទៃក្នុង ជាជាងនយោបាយការបរទេស។ តែទន្ទឹមនឹងនេះ សុន្ទរកថាលោកដូណាល់ ហាក់ដូចជាគ្មានកំណត់ទស្សនវិស័យនយោបាយក្នុងការដឹកនាំប្រទេសឡើយ។
ដូចយើងធ្លាប់ស្គាល់លោកដូណាល់ ត្រាំ ហើយ គឺថាគ្មាននរណាសរសើរគាត់បានល្អ ជាងគាត់ខ្លួនឯងនោះទេ។ នៅក្នុងសុន្ទរកថាដល់ទៅ១ម៉ោង៤០នាទី នៅចំពោះមុខអង្គសភាខុនហ្រ្កេស កាលពីថ្ងៃទី៤មីនា លោកដូណាល់ ត្រាំ បានអួតសរសើរអំពីលទ្ធផលធំៗដ៏លឿនរហ័ស នៃការដឹកនាំត្រឹមតែ៦សប្តាហ៍នៃរដ្ឋបាលរបស់លោក។
“អាមេរិកត្រលប់មកវិញហើយ!”
លោកត្រាំ បានចាប់ផ្តើមសុន្ទរថា ដោយបានថ្លែងថា “អាមេរិកត្រលប់មកវិញហើយ”។ ពោលគឺត្រលប់មកវិញលើកនេះ មកដ៏ខ្លាំងក្លា ដែលពិភពលោកមិនធ្លាប់បានឃើញ ឬក៏នឹងគ្មានថ្ងៃឃើញបែបនេះទៀតទេ។ លោកបានអួតថា លោកឮគេនិយាយច្រើននាក់ណាស់ថា មិនដែលមានប្រធានាធិបតីណា ធ្វើការបានជោគជ័យធំនិងរហ័សដូចរដ្ឋបាលលោកទេ ជាប្រវត្តិសាស្ត្រហើយ។ ៦សប្តាហ៍កន្លងមកនេះ លោកបានចុះហត្ថលេខាលើក្រិត្យប្រធានាធិបតីចំនួនជិត១០០ និងបានចេញវិធានការប្រតិបត្តិចំនួនជាង៤០០ ដើម្បីឈានទៅស្តារប្រទេសឡើងវិញ។ ការស្តារឡើងវិញនេះ ដែលលោកត្រាំអះអាងថា គឺស្តារប្រទេសឲ្យមកដើរផ្លូវត្រូវ មានសុវត្ថិភាព មានសុទិដ្ឋិនិយម និងការរីកចម្រើនមានបាន នៅទូទាំងទឹកដីអាមេរិក។
ដោយមិនភ្លេចឆ្លៀតនិយាយសង្កត់ រិះគន់ចំអកទៅដល់ការដឹកនាំរបស់លោកចូ បៃដិន និងបក្សប្រជាធិបតេយ្យ លោកត្រាំ បានអះអាងថាដោយសារតែលោក គឺអាមេរិកបានតម្រង់ទិស ឈប់នៅក្រោមអំណាចផ្តាច់ការ នៃគោលនយោបាយចម្រុះនិយម សមធម៌និយម និងការរាប់បញ្ចូល តទៅហើយ។ ក្នុនន័យនេះ គឺលោកដូណាល់ ត្រាំចង់សំដៅថា រដ្ឋបាលលោកបានចាត់វិធានកម្ទេចចោល នូវទ្រឹស្តីនយោបាយបែប Wok ដែលសំដៅលើកកំពស់សិទ្ធិស្ត្រី សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា ឬអ្នកប្តូរភេទអីជាដើម
លោកដូណាល់ ត្រាំ បានឆ្លៀតសរសើរផងដែរ ថាលោក Elon Musk បានជួយលោកច្រើនណាស់ នៅក្នុងការងារធ្វើឲ្យស្ថាប័នរដ្ឋសហព័ន្ធមានប្រសិទ្ធិភាពឡើងវិញ។ តាមរយៈប្រតិបត្តិការរបស់លោកElon Musk លោកដូណាល់ ត្រាំ បានអួតថា អាមេរិកបានរកឃើញថាស្ថាប័នរដ្ឋសហព័ន្ធ បានសំងំចាយប្រាក់ខ្ជះខ្ជាយណាស់ ទាំងនៅក្នុងស្រុកតាមរយៈការប្រើបុគ្គលិកច្រើនឥតប្រយោជន៍ ហើយនៅក្រៅស្រុកវិញ គឺចំណាយទៅជួយនៅប្រទេសផ្សេងៗ ដែលវាគ្មានបានប្រយោជន៍អីសោះមកឲ្យអាមេរិក។ លោកត្រាំអួតទៀតថា ក្នុងការងារកំចាត់ការចំណាយឥតប្រយោជន៍នេះ គឺរដ្ឋបាលលោក បានបញ្ឈប់បុគ្គលិករដ្ឋសហព័ន្ធច្រើនពាន់នាក់ណាស់ ហើយជួយឲ្យអាមេរិកសន្សំលុយបានមិនចេះតិចទេ។
ជីវភាពប្រជាជនអាមេរិកនឹងជួបការលំបាក?
គ្រប់គ្នាចង់ដឹងខ្លាំងណាស់ ថាលោកដូណាល់ ត្រាំនឹងនិយាយអ្វីខ្លះអំពីបញ្ហាសេដ្ឋកិច្ចពាណិជ្ជកម្មអាមេរិក ដែលហាក់កំពុងតែរំជើបរំជួលខ្លាំង ដោយសារវិធានការសង្គ្រាមពាណិជ្ជកម្ម ដែលលោកត្រាំកំពុងតែអនុវត្តទៅលើប្រទេសជាច្រើន។ ចាប់ពីថ្ងៃទី៣មីនា អត្រាពន្ធថ្មីលើទំនិញនាំចូលពីកាណាដា ពីមិកស៊ិកមានឡើងដល់ទៅ២៥% ហើយទំនិញចិនវិញឡើងដល់២០%។ កាណាដានិងចិនបានចេញវិធានការឆ្លើយបតវិញភ្លាមដែរ ដោយមិនបង្អង់ទេ ដោយបានដំឡើងពន្ធលើទំនិញនាំចូលពីអាមេរិក។
សង្គ្រាមពាណិជ្ជកម្មដែលលោកដូណាល់ ត្រាំ កំពុងតែដើរដុតគ្រប់កន្លែងនេះ បានធ្វើឲ្យទីផ្សារហិរញ្ញវត្ថុអាមេរិកមានការព្រួយបារម្ភខ្លាំងណាស់ ព្រោះទំនិញនិងឡើងថ្លៃ អត្រាផរណានឹងកាន់តែកើន ដែលនឹងមកធ្វើបានជីវភាពប្រជាជនអាមេរិកខ្លួនឯង។ កាសែត The Wall Street Journal បានចុះផ្សាយអត្ថបទវិចារណកថា ថារដ្ឋបាលលោកដូណាល់ ត្រាំ កំពុងតែធ្វើឲ្យសេដ្ឋកិច្ចអាមេរិកដាំក្បាលចុះហើយ។
តែយ៉ាងណានៅក្នុងសុន្ទរកថា លោកដូណាល់ ត្រាំ បានអះអាងប្រាប់ប្រជាជនអាមេរិកអាមេរិក ថាកុំភ័យអី ផលប៉ះពាល់ទៅលើសេដ្ឋកិច្ចគឺមានតែបន្តិចបន្តួចប៉ុណ្ណោះ។ លោកត្រាំបានប្រកាសថា គោលការណ៍នៃអត្រាពន្ធឆ្លើយតបវិញ នឹងចូលជាធរមាននៅថ្ងៃទី២មេសា ឲ្យតែប្រទេសណាហ៊ានដំឡើងពន្ធមកលើទំនិញអាមេរិក។ លោកដូណាល់ ត្រាំ បានអះអាងថា អត្រាអតិផរណាខ្ពស់រាល់ថ្ងៃនេះ មិនមែនកំហុសលោកទេ គឺកំហុសរដ្ឋបាលមុនរបស់លោកចូ បៃដិន ដែលបានធ្វើឲ្យជីវភាពប្រជាជនអាមេរិក លំបាកយកតែមែនទែន។ ដើម្បីស្តារបញ្ហានេះ លោកត្រាំមានដំណោះស្រាយថា លោកនឹងកាត់បន្ថយការយកពន្ធទាំងអស់ ពីប្រជាពលរដ្ឋ។
តែដោយឡែក ផ្អែកតាមការស្ទាបស្ទង់មតិមួយ របស់ CBS-YouGov មុនពេលលោកត្រាំឡើងថ្លែងសុន្ទរកថា គឺជិត៣ភាគ៤នៃប្រជាជនអាមេរិក រំពឹងថាអត្រាពន្ធថ្មីរបស់ដូណាល់ត្រាំនេះ នឹងធ្វើឲ្យការចំណាយរស់នៅប្រចាំថ្ងៃ កាន់តែឡើងថ្លែ។...
Duration:00:07:25
ខួប៣ឆ្នាំនៃសង្គ្រាមអ៊ុយក្រែន ក្នុងបរិបទដែលរដ្ឋបាលថ្មីអាមេរិក បែរក្បាលទៅខាងរុស្ស៊ី
2/24/2025
ថ្ងៃទី២៤កុម្ភៈ២០២២ កងទ័ពរុស្ស៊ីបានសំរុកវាយចូលឈ្លានពានអ៊ុយក្រែន។ គិតមកទល់ថ្ងៃនេះ គឺជាថ្ងៃខួបគម្រប់៣ឆ្នាំហើយ ដែលអ៊ុយក្រែនខិតខំប្រយុទ្ធដើម្បីការពារទឹកដី។ បណ្តាថ្នាក់ដឹកនាំប្រទេសអឺរ៉ុប និងកាណាដាជាដើម បានធ្វើដំណើរទៅរដ្ឋធានីកៀវ នៅព្រឹកថ្ងៃចន្ទនេះ ដើម្បីបង្ហាញការសាមគ្គី គាំទ្រអ៊ុយក្រែន ស្របពេលដែលសហរដ្ឋអាមេរិកដឹកនាំដោយរដ្ឋបាលថ្មីរបស់លោកដូណាល់ ត្រាំ ហាក់កំពុងតែបែរក្បាលទៅខាងរុស្ស៊ី។
ខួប៣ឆ្នាំនៃសង្គ្រាមអ៊ុយក្រែននាពេលនេះ គឺអ៊ុយក្រែនកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយដ៏លំបាក ទាំងនៅលើសមរភូមិ ទាំងនៅលើផ្នែកជួយគាំទ្រពីសម្ព័ន្ធមិត្ត។ ដូចយើងដឹងហើយ ថាលោកដូណាល់ ត្រាំ ដែលចូលកាន់អំណាចទើបតែបាន១ខែ បានធ្វើឲ្យប្រែប្រួលក្រឡាប់ចាក់ទាំងស្រុង ដល់ស្ថានការណ៍នៅអ៊ុយក្រែន។ លោកដូណាល់ ត្រាំ បានបង្ហាញជំហរបោះបង់ចោលអ៊ុយក្រែន ហើយងាកទៅចរចាតែ២នាក់ជាមួយរុស្ស៊ី។ លោកដូណាល់ ត្រាំ បានចោទថាលោកហ្សេលេនស្គី ជាជនផ្តាច់ការ ហើយថាសង្គ្រាមនេះ គឺអ៊ុយក្រែនជាអ្នកចាប់ផ្តើមមុន។ លោកត្រាំ ថែមទាំងបានគំរាមឲ្យអ៊ុយក្រែន ត្រូវតែចុះហត្ថលេខាបើកផ្លូវឲ្យអាមេរិក ចូលទៅកកាយបូមយកធនធានរ៉ែទាំងស្រុង របស់អ៊ុយក្រែនថែមទៀតផង។
“៣ឆ្នាំនៃការតស៊ូការពារជាតិ”
អ៊ុយក្រែនស្ថិតនៅក្រោមសំពាធមួយធ្ងន់ណាស់ ព្រោះបាត់បង់សម្ព័ន្ធមិត្តអាមេរិក ដែលជាម្ចាស់ជំនួយយោធាដ៏ធំបំផុត។ តែយ៉ាងណាក៏ដោយ គេសង្កេតឃើញថា លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេឡេនស្គី បានប្រមូលអារម្មណ៍ ងើបមុខបន្តបោះជំហាន ដើម្បីការពារកិត្តិយសខ្លួននិងកិតិ្តយសជាតិ។ ក្នុងឱកាសខួប៣ឆ្នាំនៃសង្គ្រាមនេះ លោកហ្សេឡេនស្គី បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយលោកសរសេរថា “៣ឆ្នាំនៃការតស៊ូ ៣ឆ្នាំនៃភាពអង់អាចក្លាហានដ៏ម៉ឺងម៉ាត់ របស់ប្រជាជនអ៊ុយក្រែនគ្រប់រូបក្នុងការប្រយុទ្ធការពារទឹកដី”។
ដើម្បីបង្ហាញជំហរជួយសាមគ្គីជាមួយអ៊ុយក្រែន បណ្តាថ្នាក់ដឹកនាំចំនួន១៣នាក់ បានធ្វើដំណើរទៅរដ្ឋធានីកៀវ ក្នុងនោះមានលោកស្រីប្រធានគណៈកម្មកាអឺរ៉ុប ប្រមុខរដ្ឋាភិបាលក្រុមប្រទេសស្កង់ឌីណាវ ក្រុមប្រទេសបាល់ទិក លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញ និងលោកនាយករដ្ឋមន្ត្រីកាណាដាយូស្តាំង ទ្រុយដូ ជាដើម។ ថ្នាក់ដឹកនាំទាំងនេះ ទៅជួបលោកហ្សេឡេនស្គី នៅក្នុងជំនួបកំពូលពិសេសមួយនៅព្រឹកថ្ងៃចន្ទនេះ ជាមួយនឹងថ្នាក់ដឹកនាំ២៤នាក់ទៀត ដែលចូលរួមពីចម្ងាយតាមប្រព័ន្ធវីដេអូខុនហ្វឺរិនស៍។ តាមទីក្រុងធំៗប្រទេសជាច្រើន ក៏មានការដង្ហែរក្បួនបង្ហាញការសាមគ្គីចំពោះអ៊ុយក្រែន និងបានថ្កោលទោសរុស្ស៊ីថាជាចោរឈ្លានពាន។
“ជនផ្តាច់ការពិតទើបរអៀសខ្លួន”
កាលពីល្ងាចថ្ងៃអាទិត្យទី២៣កុម្ភៈ លោកហ្សេឡេនស្គី បានធ្វើសន្និសីទកាសែតមួយ។ ឆ្លើយទៅនឹងសំណួរបស់អ្នកកាសែត លោកហ្សេឡេនស្គីបានអះអាងថា លោកមិនខឹងមិនតូចចិត្តអ្វីទេ ដែលលោកដូណាល់ ត្រាំ ដៀលត្មេះថាលោកជាមេដឹកនាំផ្តាច់ការ។ លោកហ្សេឡេនស្គី បន្ថែមថា បើមេដឹកនាំផ្តាច់ការពិតមែន ទើបខ្មាសនិងរអៀសខ្លួន ចំណែកលោក លោកដឹងច្បាស់ថាខ្លួនលោកជានរណា។ លោកហ្សេឡេនស្គីបានឆ្លើយទៀតថា លោកមិនដែលគិតចង់ក្រាញអំណាចអ្វីឡើយ ហើយលោកត្រៀមខ្លួនចុះពីតំណែងប្រសិនបើវាជាដំណោះស្រាយ នាំប្រទេសឲ្យមានសន្តិភាព និងបានទឹកដីមកវិញ។
ហើយចំពោះសំដីគំរាមពីខាងវ៉ាស៊ីនតោន ប្រាប់ឲ្យលោកត្រូវតែចុះហត្ថលេខា បើកផ្លូវឲ្យអាមេរិកចូលមកជីកកកាយយករ៉ែអ៊ុយក្រែនទាំងស្រុង ដើម្បីជាការសងប្រាក់ដែលអាមេរិកបានជួយអ៊ុយក្រែនកន្លងមកនោះ លោកហ្សេឡេនស្គីបានលើកឡើងថា លោកមិនចុះហត្ថលេខាជាដាច់ខាតនូវកិច្ចព្រមព្រៀងណាមួយ ដែលនឹងដាក់បន្ទុកទៅលើកូនចៅអ៊ុយក្រែន១០ជំនាន់ទៅមុខ។ លោកថារឿងនេះធំខ្លាំងណាស់ ដូច្នេះគឺទាល់តែសភាអ៊ុយក្រែន ជាអ្នកបោះឆ្នោតអនុម័ត។ ចម្លើយរបស់លោកហ្សេឡេនស្គី ហាក់មានន័យជាការខោកដោយប្រយោលទៅលើលោកដូណាល់ ត្រាំ ដែលចោទថាលោកហ្សេឡេនស្គីជាជនផ្តាច់ការ តែខ្លួនលោកត្រាំវិញ ក្នុងនាមប្រធានាធិបតីមហាអំណាចប្រជាធិបតេយ្យ បែរជាមកបង្ខំឲ្យគេចុះហត្ថលេខាប្រគល់ធនធានរ៉ែទាំងអស់ ដោយមិនចាំបាច់ឆ្លងកាត់ ការបោះឆ្នោតពីសភាអ៊ុយក្រែនទៅវិញ។
“ការប្រយុទ្ធដើម្បីការពារអាយុជីវិតអឺរ៉ុបទាំងមូល”
តែយ៉ាងណា យើងឃើញថាអ៊ុយក្រែនកំពុងតែលតោលខ្លាំងណាស់ ក្នុងពេលនេះ ព្រោះថាលែងមានជំនួយយោធារបស់អាមេរិកតទៅទៀត។ នៅសល់តែអឺរ៉ុបនិងកាណាដាទេ ដែលនៅតែប្តេជ្ញាជួយអ៊ុយក្រែន។ ជាការប្តេជ្ញាជួយ ដែលត្រូវតែជាក់ស្តែង មិនមែនត្រឹមតែមាត់ទេ។ ជំនួបកំពូលនៅទីក្រុងកៀវនៅព្រឹកថ្ងៃទី២៤កុម្ភៈ គឺគេនឹងពិភាក្សារកមធ្យោបាយ ដើម្បីជួយអ៊ុយក្រែន។ ហើយក្រុមប្រទេសសមាជិកអឺរ៉ុបទាំង២៧ នឹងបើកជំនួបកំពូលពិសេសមួយទៀត នៅប្រ៊ុចសែល ថ្ងៃទី៦មីនា។
លោកស្រីអួរស៊ូឡា វ៉ុនឌែរ ឡេយែន ប្រធានគណៈកម្មការអឺរ៉ុប បានបង្ហោះសារពីទីក្រុងកៀវថា “ការតស៊ូរបស់អ៊ុយក្រែន ដែលប្រយុទ្ធដើម្បីការពារទឹកដីនិងអាយុជីវិតនេះ វាមិនមែនជាការប្រយុទ្ធរបស់អ៊ុយក្រែនតែមួយទេ...
Duration:00:06:04
ចូលឆ្នាំថ្មីភ្លាម អាមេរិករងឧប្បត្តិហេតុបែបភេរវកម្មពីរបន្តបន្ទាប់គ្នា
1/2/2025
នៅសហរដ្ឋអាមេរិក ក្រោយភេរវកម្ម ឡានបើកបុកហ្វូងមនុស្ស ក្នុងសង្កាត់ទេសចរណ៍នៃក្រុងនូវែលអរឡេអង់ ក្នុងយប់ឆ្លងឆ្នាំ នៅថ្ងៃពុធទី១មករាដដែលនេះ មានករណីបំផ្ទុះរថយន្តមួយគ្រឿងស្លាប់មនុស្សម្នាក់នៅមុខសណ្ឋាគារTrump នៅក្រុងLas Vegas។ អាជ្ញាធរអាមេរិកកំពុងអង្កេតថាតើហេតុការណ៍ទាំងពីរនេះមានទំនាក់ទំនងនឹងគ្នាដែរឬអត់។
គ្រាន់តែចូលឆ្នាំថ្មី ឆ្នាំ២០២៥ភ្លាម អាមេរិករងឧប្បត្តិហេតុបែបភេរវកម្មពីរបន្តបន្ទាប់គ្នា គឺការបើកឡានបុកហ្វូងមនុស្សក្នុងពេលបុណ្យឆ្លងឆ្នាំ និង ការផ្ទុះរថយន្តមួយគ្រឿងទៀតនៅមុខសណ្ឋាគារTrump នៅក្រុងLas Vegas។
តើហេតុការណ៍ទាំងពីរមានពាក់ព័ន្ធគ្នា?
នេះជាសំណួរដែលពុំទាន់មានចម្លើយទេ! ភ្នាក់ងារអាមេរិកកំពុងចោទសួរដូចគ្នា។ ប្រធានាធិបតីអាមេរិកចូបៃដិនបានបញ្ជាក់ ដោយផ្ទាល់ នៅក្នុងសន្ទរកថាខ្លីយប់មិញថា គិតត្រឹមល្ងាចថ្ងៃពុធទី១មករា គ្មានអ្វីបង្ហាញពីទំនាក់ទំនងនៃឧប្បត្តិហេតុទាំងពីរទេ។ តែអាជ្ញាធរបានបើកអង្កេត ក្រែងរកឃើញចំណងជាយថាហេតុរវាងហេតុការណ៍ផ្ទុះរថយន្តនិងការបើកឡានបុកហ្វូងមនុស្សនៅនូវែលអរឡេអង់។
នៅមុនសុន្ទរកថារបស់លោកប្រធានាធិបតីបៃដិន លោក Elon Musk ដែលជាមិត្តរបស់លោកត្រាំ បានសរសេរនៅបណ្តាញសង្គមX ថាការផ្ទុះរថយន្ត ម៉ាកតេស្លាដែលលោកជាម្ចាស់ក្រុមហ៊ុន បណ្តាលមកពីកាំជ្រួច ឬ គ្រាប់បែកផ្ទុកនៅក្នុងឡាន មិនទាក់ទងនឹងតួគ្រឿងឡានទេ។
បើតាមរូបភាពផ្សព្វផ្សាយនៅតាមបណ្តាញសង្គម ឡានអាគុយម៉ាកតេស្លា ប្រភេទ Cybertruck ពណ៌ប្រផេះ បានមកចតនៅចំពីមុខទ្វារចូលសណ្ឋាគារ “Trump” ហើយផ្ទុះយ៉ាងខ្លាំង ដោយបញ្ចេញផ្សែងខ្មៅយ៉ាងសម្បើម។ មនុស្សម្នាក់នៅក្នុងឡានបានស្លាប់ និង៧នាក់ផ្សេងទៀតនៅខាងក្រៅបានរងរបួស។ ហេតុការណ៍នេះបានកើតឡើងតែប៉ុន្មានម៉ោងក្រោយពីFBI បានបញ្ចេញអត្តសញ្ញាណភេរវជនជនសង្ស័យ Shamsud-Din Jabbar អ្នកបង្កហេតុនៅនូវែលអរឡេអង់។
សម្រាប់ពេលនេះ FBI គិតថាជាឧប្បត្តិហេតុទោល។ ប៉ុន្តែទោះគ្មានអ្វីជាភស្តុតាងអាចភ្ជាប់ហេតុការណ៍ផ្ទុះទៅនឹងក្រុមអ៊ីស្លាមជ្រុលនិយមអង្គការរដ្ឋអ៊ីស្លាមក៏ដោយ ក៏អាមេរិកចាត់គ្រប់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសន្តិសុខជាតិ ព្រោះការផ្ទុះនេះស្ថិតនៅចំមហាវិថីដ៏ល្បីផង នៅមុខសណ្ឋាគារឈ្មោះត្រាំផង។ ហើយលោក ដូណាល់ ត្រាំ ក៏នឹងចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃ ទី២០មករាខាងមុខទៀត។
ឡានបើកបុកហ្វូងមនុស្សជាភេរវកម្ម
ចំពោះករណីបើកឡានបុកហ្វូងមនុស្ស អាជ្ញាធរអាមេរិកបានចាត់ទុកជាទង្វើភេរវកម្ម និងបើកអង្កេតភេរវកម្ម។ ហេតុការណ៍ បានកើតឡើងនៅវេលាម៉ោង ៣និង១៥នាទីទៀបភ្លឺ ត្រង់សង្កាត់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីល្បាញបំផុតមួយរបស់អាមេរិក។ ចំនួនមនុស្សស្លាប់បានឡើងដល់យ៉ាងហោចណាស់១៥នាក់ និងរបួស៣៥នាក់ ក្នុងនោះពីរនាក់ជាប៉ូលិស។ ចំណែកជនល្មើស ត្រូវបានប៉ូលិសបាញ់សម្លាប់ភ្លាម បន្ទាប់ពីប៉ុនប៉ងរត់គេចខ្លួនបានបន្តិច។
ពេលនេះអាជ្ញាធរបានប្រគល់ភារកិច្ចអង្កេតភេរវកម្មទៅឱ្យទីភ្នាក់ងារចារកិច្ចអាមេរិកFBI។ នៅក្នុងសន្និសីទកាសែត នាល្ងាចថ្ងៃពុធទី១មករា FBI បានបញ្ជាក់ថា ក្រៅពីរកឃើញមានទង់ជាតិអង្គការរដ្ឋអ៊ីស្លាម នៅក្នុងឡាន ជនល្មើសពិតជាមានគ្រាប់បែកច្នៃភ្លាមៗពីរគ្រាប់ទៀត ដែលភ្នាក់ងារកម្ទេចចោលភ្លាម បើទោះបីជាមិនប្រាកដថាគ្រាប់នោះអាចផ្ទុះបានឬមិនបានក៏ដោយ។ ជាងនេះទៅទៀត ជនល្មើសទំនងមិនមែន ជាជនទោលធ្វើសកម្មភាពតែម្នាក់ឯងទេ។ ប៉ូលិសកំពុងតាមអង្កេតរកអ្នកផ្សំគំនិត។
អត្តសញ្ញាណជនល្មើស
មានអាយុ៤២ឆ្នាំភេរវជនសង្ស័យឈ្មោះ Shamsud-Din Jabbar ជាអតីតទាហានអាមេរិក បំរើការក្នុងជួរកងទ័ពពីឆ្នាំ២០០៧ដល់ឆ្នាំ២០១៥ ដោយធ្លាប់បានទៅបំពេញបេសកកម្មនៅក្នុងប្រទេសអាហ្វហ្កានិស្ថាន រយៈពេលពីរឆ្នាំ (២០០៩-២០១០) និងធ្លាប់មានឋានៈជាពលបាលទោ។ នេះបើតាមព័ត៌មានផ្តល់ដោយក្រសួងការពារជាតិអាមេរិកដែលបញ្ជាក់ទៀតថា ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ Shamsud-Din Jabbar ជាទាហានបម្រុង។ បើតាមNew York Times ជនល្មើសរូបនេះ ក៏ធ្លាប់ជាប់ទោស ទាក់ទងនឹងបទល្មើសតូចតាចមួយចំនួនដូចជា ធ្លាប់ជាចោរលួច នៅឆ្នាំ២០០២ និងបើកបរដោយគ្មានបណ្ណបើកបរត្រឹមត្រូវ (គ្មានសុពលភាព) នៅឆ្នាំ២០០៥។
នៅមុនការទម្លាយអត្តសញ្ញាណជនល្មើសដោយចំហ សារព័ត៌មានអាមេរិកជាច្រើន បានព្រលយថាក្រុមអ្នកអង្កេតកំពុងប្រមូលព័ត៌មានបន្ថែមទាក់ទងនឹងប្រវត្តិរូប Shamsud-Din Jabbar ពីមុនផង និងទង់ជាតិខ្មៅ នៅក្នុងឡានភេរវកម្មផង...
Duration:00:06:35
តើមានព្រឹត្តិការណ៍ធំៗអ្វីខ្លះកើតឡើងនៅលើពិភពលោក ក្នុងឆ្នាំ២០២៤?
12/31/2024
ឆ្នាំ២០២៤ បានបិទបញ្ចប់ទៅ ជាមួយនឹងព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់មួយចំនួន នៅលើពិភពលោក។ ពីដើមបូព៌ា ទៅអាមេរិក សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស បានរាលដាលដល់លីបង់។ ពីការដួលរលំរបបបាស្ហារអាល់អាសាដ ទៅការវិលត្រលប់មកកាន់តំណែងជាថ្មីរបស់លោកដូណាល់ត្រាំ។ នៅអឺរ៉ុប សង្គ្រាមអ៊ុយក្រែនរុស្ស៊ីបានការលូកដៃពីកូរ៉េខាងជើង។ ឯកូរ៉េខាងត្បូងធ្លាក់ក្នុងវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរ ក្រោយការទម្លាក់ប្រធានាធិបតី យូន សុកយោល។ ។ល។ និង ។ល។
នៅថ្ងៃទី៥វិច្ឆិកា ដូណាល់ត្រាំ បានជាប់ឆ្នោតជាថ្មី ជាប្រធានាធិបតីអាមេរិកទី៤៧ បន្ទាប់ពីបានឆ្លងកាត់យុទ្ធនាការឃោសនាបោះឆ្នោតដែលបង្កប់ភាពមិនជាក់លាក់និងឧប្បត្តិហេតុជាច្រើន។ ជាដំបូង បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋត្រូវប្រកួតប្រជែងជាមួយប្រធានាធិបតីផុតអាណត្តិ ចូ បៃដិន។ ប៉ុន្តែដោយមូលហេតុសុខភាព ទ្រុឌទ្រោមនិងភ្លេចភ្លាំងស្មារតីខ្លាំង លោកចូបៃដិន បានប្រកាសដកបេក្ខភាពជាប្រធានាធិបតីវិញ នៅថ្ងៃ ទី២១កក្កដា២០២៤ ហើយលោកស្រីអនុប្រធានាធិបតី ខាម៉ាឡា ហារីស បានក្លាយជាបេក្ខនាតីប្រធានាធិបតីជំនួសវិញ។
ការប្រកួតប្រជែងយកតំណែងប្រធានាធិបតីអាមេរិកលើកនេះ សម្គាល់ដោយការប្រើពាក្យវាយប្រហារយ៉ាងអសុរសផង អំពើហិង្សាផង។ ក្នុងពេលកំពុងឃោសនា ខ្មាន់កាំភ្លើងម្នាក់បានបាញ់តម្រង់ធ្វើឃាតលោកត្រាំ តែសំណាងល្អ លោកបានត្រូវរបួសតែបន្តិចឆិតចំស្លឹកត្រចៀកស្តាំ។ លោកដូណាល់ត្រាំបានរងការប៉ុនប៉ងធ្វើឃាត ចំនួនពីរលើក និងធ្វើឱ្យលោកដួលដល់ដី តែមិនអាចរារាំងបំណងក្លាយជាប្រធានាធិបតីនៃប្រទេសដ៏មានអំណាចបំផុតនៅលើពិភពលោកជាលើកទីពីរបានទេ។
អាមេរិកនឹងមានប្រធានាធិបតីថ្មី ជាលោកដូណាល់ត្រាំ ស្ថានភាពនយោបាយពិភពលោកក៏អាចប្រែប្រួល មានជាអាទិ៍ និងដំបូងគេ គឺសង្គ្រាមនៅអ៊ុយក្រែន។
ឆ្នាំនេះ បើគិតទៅ សង្គ្រាមអ៊ុយក្រែននិងរុស្ស៊ីអូសបន្លាយរយៈពេលលើសពី១ពាន់ថ្ងៃហើយ។ ហើយសង្គ្រាមកាន់តែផុងជ្រៅ និងខ្លាំងឡើងៗ។ ខាងអ៊ុយក្រែន ជាលើកទីមួយ ក្នុងឆ្នាំនេះ យោធាបានទទួលជំនួយមីស៊ីលរយៈឆ្ងាយពីបស្ចិមលោក និងបានទទួលការអនុញ្ញាតឱ្យបាញ់មីស៊ីលនោះចូលក្នុងទឹកដីរុស្ស៊ីទៀត។ អ៊ុយក្រែនស្តួចកម្លាំង តែបំបែរយុទ្ធសាស្ត្រចូលកាន់កាប់តំបន់គួស្ក៍របស់រុស្ស៊ី។ លោកប្រធានាធិបតីអ៊ុយក្រែនហ្សេឡេស្គី បានប្រកាសថាជាយុទ្ធសាស្ត្រលើកសមរភូមិប្រយុទ្ធទៅក្នុងទឹកដីរុស្ស៊ីវិញ។ ខាងរុស្ស៊ី ម៉ូស្គូបានទទួលជំនួយជាកងទ័ពជាច្រើនពាន់នាក់មកពីកូរ៉េខាងជើង មកជួយច្បាំងនៅសមរភូមិ ជាមួយអ៊ុយក្រែន។ ទោះមានស្លាប់អស់យ៉ាងហោចមួយពាន់នាក់បាត់ទៅក៏ដោយ ក៏ព្យុងយ៉ាងនឹងបន្តផ្តល់អាវុធនិងបញ្ជូនទ័ពមករុស្ស៊ីទៀត ដើម្បីសាមគ្គីភាព ក្នុងក្របខ័ណ្ឌនៃការរឹតសម្ព័ន្ធភាពយោធាជួយគ្នាទៅវិញទៅមក។ សង្គ្រាមជាមួយអ៊ុយក្រែន គ្មានឥទ្ធិពលលើនយោបាយផ្ទៃក្នុងរុស្ស៊ីទេ។ ដោយគ្មានការភ្ញាក់ផ្អើលលោកពូទីន បានជាប់ឆ្នោតជាប្រធានាធិបតីជាថ្មី ជាលើកទី៥ សម្រាប់ដឹកនាំរុស្ស៊ី៦ឆ្នាំទៀត។ ចំណែកប្រមុខបក្ស
ប្រឆាំងដ៏ល្បីល្បាញ អាឡិចសី ណាល់វ៉ានី ដែលជាគូប្រជែងចម្បងរបស់លោកពូទីន ស្រាប់តែបានស្លាប់ ក្នុងបរិបទដ៏ចម្លែក នៅក្នុងពន្ធនាគារ។
នៅដើមបូព៌ា សង្គ្រាមរវាងអ៊ីស្រាអែល និងចលនាហាម៉ាសក្នុងតំបន់ហ្កាហ្សា កាន់តែហិង្សាខ្លាំងឡើងៗ។ មានស្លាប់យ៉ាងហោចណាស់៤ម៉ឺននាក់។ នេះបើតាមតួលេខប្រកាសដោយក្រសួងសុខាភិបាលហាម៉ាស។ ចំណាប់ថ្នូរជាច្រើននាក់បន្តជាប់ក្នុងកណ្តាប់ដៃចលនាហាម៉ាស។ តុលាការព្រហ្មទណ្ឌអន្តរជាតិបានចេញដីកា តាមចាប់ខ្លួនលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នេតាន់យ៉ាហ៊ូ និងអតីតរដ្ឋមន្ត្រីការពារជាតិ ដែលត្រូវខ្ទាតពី តំណែង នៅខែវិច្ឆិកា ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ មេក្លោងចលនាហាម៉ាសក៏ត្រូវបានតុលាការក្រុងឡាអេចេញដីកា ដាច់ឡែកមួយទៀត តាមចាប់ខ្លួនក្នុងបទឧក្រិដ្ឋដូចគ្នា។
តែគ្មានប្រសិទ្ធភាព។ សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស បានរាលដាលដល់លីបង់។ យោធាអ៊ីស្រាអែលបានវាយប្រហារផ្លោងចូលក្នុងទឹកដីលីបង់ ដល់ក្រុងបេរ៉ូត។ បន្ទាប់ពីបានបញ្ជាបំផ្ទុះឧបករណ៍ផ្ញើសារ (វិទ្យុទាក់ទងគ្នា) ពីចម្ងាយក្នុងពេលតែមួយធ្វើឱ្យស្លាប់មនុស្សជាច្រើននាក់ នៅលីបង់ សំដៅប្រឆាំងនឹងចលនាភេរវនិយមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ អ៊ីស្រាអែលបានកម្ចាត់មេកើយជាប្រវត្តិសាស្ត្ររបស់ចលនាហេសបូឡា ហាសាន់ ណាស្រាឡា។
អស់ការគាំទ្រពីរុស្ស៊ីនិងអ៊ីរ៉ង់ របបផ្តាច់ការ បាស្ហា អាល់អាសាដ ដែលដឹកនាំស៊ីរីអស់ពេលជាងកន្លះសតវត្ស៍ (៥៤ឆ្នាំ) បានដួលរំលំ។ ប្រជាពលរដ្ឋស៊ីរី...
Duration:00:08:25
ស៊ីរី៖ ក្រុមឧទ្ទាមសំរុកចូលដល់រដ្ឋធានីដាម៉ាស ខណៈលោកបាស្ហា អាល់អាសាដ រត់គេចខ្លួនបាត់
12/8/2024
នៅស៊ីរី ក្រុមឧទ្ទាមដែលបានវាយសំរុកយ៉ាងខ្លាំងនិងដ៏លឿនរហ័សប្រមាណ១០ថ្ងៃមកនេះ ពេលនេះបានចូលទៅដល់រដ្ឋធានីដាម៉ាសហើយ នៅថ្ងៃទី៨ធ្នូ។ ក្រុមឧទ្ទាម បានប្រកាសថា របបដឹកនាំរបស់លោកបាស្ហា អាល់អាសាដ បានដួលរលំ។ គួរបញ្ជាក់ថា នេះគឺជាការដួលរលំនៃរបបផ្តាច់ការត្រកូស អាសាដ ដែលបានដឹកនាំប្រទេសស៊ីរី តាំងតែពីឆ្នាំ១៩៧១ តពីជំនាន់ឪពុក រហូតដល់កូន។
“របបផ្តាច់ការបាស្ហាដួលរលំហើយ!”
យោងតាមព័ត៌មានចុងក្រោយដែលយើងទទួលបាន នៅព្រឹកថ្ងៃអាទិត្យទី៨ធ្នូ គឺក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលស៊ីរី បានសំរុកចូលដល់ក្នុងរដ្ឋធានីដាម៉ាសហើយ គឺចូលសឹងតែដោយគ្មានការប្រយុទ្ធតែម្តង ព្រោះថាកងទ័ពស៊ីរីបាននាំគ្នាដកថយ ខ្លះរត់គេច ខ្លះទៀតបានទម្លាក់អាវុធមិនប្រយុទ្ធ។ ប្រជាជនស៊ីរីជាច្រើនរយនាក់ បាននាំគ្នាមកជួបជុំនៅតាមផ្លូវ តាមទីសាធារណៈ ស្រែកហ៊ោរកញ្ជ្រៀវអបអរសាទរ អមដោយសំឡេងកំាំភ្លើងបាញ់រះទៅលើ បន្លឺពីជោគជ័យនេះផង។
រូបសំណាករបស់ លោក Hafez al Assad អតីតមេដឹកនាំស៊ីរី នឹងដែលជាឪពុលលោកបាស្ហា អាល់អាសាដ ត្រូវបានប្រជាជនស៊ីរី វាយផ្តួលរំលំ នៅទីលានអូម៉ាយ៉ាដ កណ្តាកក្រុងដាម៉ាស។ ក្រុមឧទ្ទាម បានថែមទាំងចូលទៅវាយកម្ទេច ស្ថានទូតអ៊ីរ៉ង់ ប្រចាំនៅទីក្រុងដាម៉ាសថែមទៀតផង ព្រោះថាគឺអ៊ីរ៉ង់ដែលជាអ្នកជួយការពាររបបផ្តាច់ការបាស្ហា អាល់អាសាដ ជាច្រើនឆ្នាំមកនេះ។
ក្រុមឧទ្ទាម បានប្រកាសផ្សាយតាមបណ្តាញទូរទស្សន៍ជាតិស៊ីរី ថាពេលនេះ របបដឹកនាំផ្តាច់ការ បាស្ហា អាល់អាសាដ បានដួលរលំជាស្ថាពរហើយ ហើយទីក្រុងដាម៉ាស ត្រូវបានរំដោះបានទាំងស្រុង។ ក្រុមឧទ្ទាមបានអះអាងទៀតថា មុននឹងចូលដល់កណ្តាលក្រុងដាម៉ាស គេបានចូលទៅបើកទ្វារគុកជាច្រើនកន្លែង ដើម្បីដោះលែងអ្នកទោសនយោបាយ ជាច្រើនពាន់នាក់ ដែលពួកគេសុទ្ធតែត្រូវបានរបបផ្តាច់ការបាស្ហា អាល់អាសាដ ចាប់ដាក់គុកយ៉ាងអយុត្តិធម៌បំផុត អ្នកខ្លះជាប់ឃុំ៣០-៤០ឆ្នាំហើយ។
លោកបាស្ហា អាល់អាសាដ រត់គេចខ្លួន
បើផ្អែកតាមលោក Rami Abdel Rahmane អគ្គនាយកអង្គការឃ្លាំមើលស៊ីរី ដែលមានបណ្តាញយ៉ាងច្រើនប្រចាំនៅស៊ីរីផ្ទាល់ គឺ លោកបាស្ហា អាល់អាសាដ បានរត់គេចខ្លួនហើយ ដោយបានប្រញេបប្រញាប់ឡើងយន្តហោះ ចេញពីអាកាសយានដ្ឋានទីក្រុងដាម៉ាស មុនពេលក្រុមឧទ្ទាមចូលទៅដល់បន្តិច។ ប្រភពដដែលនេះ អះអាងថា គ្រាន់តែយន្តហោះចេញផុតភ្លាម ក្រុមសន្តិសុខអង្គរក្ស និងក្រុមទាហានដែលការពាររបបបាស្ហា អាល់អាសាដ ក៏បាននាំគ្នាបែកជើងគ្នារត់គេចអស់រលីងដែរ។
ដូចគ្នាដែរ មន្ត្រីទាហានជាន់ខ្ពស់ស៊ីរី២នាក់ បានប្រាប់ទីភ្នាក់ងារព័ត៌មានReuters ថាលោកបាស្ហា អាល់អាសាដ ពិតជាបានចាកចេញពីទីក្រុងដាម៉ាស តាមយន្តហោះពិតមែន នៅព្រឹកថ្ងៃអាទិត្យនេះ។ តែប្រភពនេះ លើកឡើងថា គ្មាននរណាដឹងថា លោកបាស្ហា អាល់អាសាដ រត់ទៅជ្រកនៅទីកន្លែងណា ប្រទេសណាទេ។
ដួលរលំ ដោយសារលែងមានរុស្ស៊ីនិងអ៊ីរ៉ង់ជួយ
ថ្ងៃ៨ធ្នូ២០២៤ ជាថ្ងៃប្រវត្តិសាស្ត្រហើយ សម្រាប់ប្រជាជនស៊ីរី ព្រោះថារបបផ្តាច់ការស៊ីរី ដឹកនាំតពូជត្រកូលអាសាដ ពីជំនាន់ឪពុករហូតដល់កូន តាំងតែពីឆ្នាំ១៩៧១មក ពោលគឺជាង៥០ឆ្នាំហើយ ស្រាប់តែមកដួលរលំយ៉ាងងាយនៅពេលនេះ។ ប្រជាជនស៊ីរីខំធ្វើបាតុកម្មប្រឆាំងកាលពីឆ្នាំ២០១១ ហើយឈានក្លាយផ្ទុះជាសង្គ្រាមស៊ីវីលមហាវិនាសកម្ម តែរបបនេះនៅតែឈរមាំដដែល។ តែស្រាប់តែពេលនេះ ត្រឹមតែ១០ថ្ងៃសោះ ក្រុមឧទ្ទាមបានបើកប្រតិបត្តិការវាយសំរុក ដណ្តើមបានទីក្រុងធំៗជាបន្តបន្ទាប់ រហូតចូលដល់រដ្ឋធានីដាម៉ាស ហើយទៅបំផុតលោកបាស្ហា រត់ប្រាសអាយុបាត់។
បើនិយាយឲ្យងាយស្តាប់ទៅ ធាតុពិត គឺរបបដឹកនាំរបស់បាស្ហា អាល់អាសាដ ក្រោយចប់សង្គ្រាមស៊ីវីល នៅសល់តែស្បែកដណ្តប់ឆ្អឹងប៉ុណ្ណោះ។ កន្លងមក របបនេះបានបង្ក្រាបចលនាប្រឆាំងបះបោរបាន គឺដោយសារតែមានរុស្ស៊ី និងអ៊ីរ៉ង់ជាអ្នកជួយ។ អ៊ីរ៉ង់បញ្ជូនកម្លាំងកូនចៅខ្លួន ដោយមានទាំងក្រុមហេសបូឡាលីបង់ផង ចូលទៅជួយទប់ការពារបាស្ហា អាល់អាសាដ។ រុស្ស៊ីវិញ បានប្រើយន្តហោះចម្បាំង បាញ់ទម្លាក់គ្រប់ទៅលើផ្ទះប្រជាជនស៊ីរី ទៅលើទីតាំងរបស់ក្រុមឧទ្ទាម ធ្វើឲ្យចលនាបះបោរ ត្រូវបាក់ស្រុតងើបលែងរួច។
ដូច្នេះគ្មានអ្វីឆ្ងល់ទេ របបផ្តាច់ការបាស្ហា ដួលរលំនៅពេលនេះ គឺដោយសារតែលែងមានអ៊ីរ៉ង់ និងរុស្ស៊ីជួយទេ។ រុស្ស៊ីកំពុងរវល់សំរុកប្រយុទ្ធនៅអ៊ុយក្រែន ចំណែកអ៊ីរ៉ង់វិញ ដូចយើងដឹងហើយ ត្រូវបាក់ធ្មុងសឹងទាំងស្រុង ដោយសារតែអ៊ីស្រាអែល។ ក្រុមហេសបូឡា កូនចៅអ៊ីរ៉ង់ដែលធ្លាប់តែចាំជួយកងទ័ពស៊ីរី ពេលនេះកំពុងតែបាក់កម្លាំងខ្លាំងណាស់ ស្លាប់សមាជិកអស់រាប់ពាន់នាក់ មិនអាចមកជួយលោកបាស្ហាបានទេ។ លោកបាស្ហា និងទាហានខ្លួន នៅឯកោទាំងស្រុងតែម្តង ប្រឈមនឹងកម្លាំងស្ទុះឡើងរបស់ក្រុមឧទ្ទាម។ យ៉ាងណាមិញ ប៉ុន្មានថ្ងៃចុងក្រោយនេះ កងទ័ពស៊ីរីច្រើនពាន់នាក់ណាស់ ដែលបានបាក់ទ័ពនាំគ្នារត់ប្រាសអាយុទៅអ៊ីរ៉ាក់ ហើយខ្លះទៀត សុខចិត្តទម្លាក់អាវុធលើកទង់ជ័យសតែម្តង។
ក្រុមឧទ្ទាមមានច្រើនក្រុម ដឹកនាំដោយក្រុម Hayat Tahrir al Cham
ក្រុមឧទ្ទាមដែលបានបើកការវាយប្រហារសំរុកប្រមាណ១០ថ្ងៃមកនេះ គឺមានច្រើនក្រុមធាតុពិតទៅនោះ...
Duration:00:08:38
លោកដូណាល់ ត្រាំជាប់ឆ្នោតជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក
11/6/2024
លោក ដូណាល់ ត្រាំ នឹងត្រឡប់ទៅកាន់អំណាចសេតវិមានអាមេរិក ជាថ្មី។ ដ្បិតថា បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ រូបនេះ មានសំឡេងឆ្នោតនាំមុខ ច្រើនជាង បេក្ខនារីបក្សប្រជាធិបតេយ្យ លោកស្រី ខាម៉ាឡា ហារីស។ លោក ត្រាំ ទទួលបានសន្លឹកឆ្នោតច្រើនជាង ទាំងសំឡេងបោះឆ្នោតទូទៅ និងទាំងប្រតិភូតំណាង។ មកទល់ម៉ោងផ្សាយនេះ លោក ត្រាំ ទទួលបានអង្គប្រតិភូ រហូតដល់ ២៧៧ ហើយចំណែកឯ លោកស្រី ហារីស បានត្រឹមតែ ជាង ២២៤ អង្គបោះឆ្នោត តែប៉ុណ្ណោះ។ ក៏ប៉ុន្តែ លទ្ធផលផ្លូវការ នៅមិនទាន់បញ្ជាក់នៅឡើយទេ។
បណ្តាញព័ត៌មានកាន់ជើងលោក ត្រាំ ប្រកាសជ័យជម្នះ
លទ្ធផលបោះឆ្នោតជ្រើសប្រធានាធិបតីអាមេរិក ជំនាន់ទី៤៧ មិនទាន់សម្រេចចេញផ្លូវការនិងត្រូវទទួលស្គាល់ ជាផ្លូវការនោះទេ។ មុនដំបូងគេបំផុត ប្រព័ន្ធផ្សព្វផ្សាយ Fox News ១គត់ ដែលទំនោរគាំទ្រលោក ដូណាល់ ត្រាំ និងលោក ត្រាំ ខ្លួនឯងតែប៉ុណ្ណោះ ដែលហ៊ានប្រកាសអួតអំពីជ័យជម្នះរបស់បេក្ខជនបក្សសាធារណរដ្ឋ នៅពេលនេះ។ ទោះបីជាលទ្ធផលបោះឆ្នោតមិនទាន់ផ្លូវការក៏ពិតមែន ប៉ុន្តែ ទាំងអ្នកនយោបាយអាមេរិក និង ថ្នាក់ដឹកនាំបរទេស គ្រប់គ្នាមើល៍ទៅ ឃើញថា លទ្ធផលច្បាស់ជាគ្មានអ្វីប្រែប្រួលក្រឡាប់ចក្រត្រឡប់ផ្សេងពីនេះឡើយ។ ដ្បិតថា សំឡេងគ្រាំចំពោះបេក្ខជន ដូណាល់ ត្រាំ ឋិតនៅឈាននាំមុខ លោកស្រី ខាម៉ាឡា ហារីស ហើយនិងមានប្រៀបជាងឆ្ងាយខ្លាំងណាស់។ ជាក់ស្តែង មកទល់ម៉ោងផ្សាយនេះ លោក ត្រាំ ទទួលបានអង្គប្រតិភូ រហូតដល់ ២៧៧ ហើយចំណែកឯ លោកស្រី ហារីស បានត្រឹមតែ ជាង ២២៤ អង្គបោះឆ្នោត តែប៉ុណ្ណោះ។ ចំពោះ សំឡេងឆ្នោតជាទូទៅ ក៏លោក ត្រាំ បាននាំមុខដែរ។ ពោលគឺលោកបានសំឡេងនាំមុខ ទាំងខាងសំឡេងឆ្នោតរបស់ប្រជាជនទូទៅ និងនាំមុខទាំង ប្រតិភូតំណាង អង្គបោះឆ្នោត។
ផ្ទុយទៅវិញ លទ្ធផលផ្លូវការ មិនទាន់បានបញ្ជាក់ជាផ្លូវនោះឡើយទេ ហើយគូប្រជែង លោកស្រី ហារីស ក៏មិនទាន់ប្រកាសទទួលស្គាល់ចុះចាញ់នោះដែរ។ ដោយឡែក ទីភ្នាក់ងារសារព័ត៌មាន AP ដែលសហគមអន្តរជាតិទុកចិត្តខ្លាំង បានប្រកាសទទួលស្គាល់ជ័យជម្នះរបស់លោក ត្រាំ ។
ការបោះឆ្នោតនៅអាមេរិកគ្រានេះ ពុំមែនជាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ដោយផ្ទាល់ នោះឡើយ។ ពលរដ្ឋអាមេរិកទៅបោះឆ្នោត ដើម្បីជ្រើសរើសប្រតិភូតំណាង ដែលគេហៅថា អង្គបោះឆ្នោត។ អង្គបោះឆ្នោត នេះ ជាបុគ្គល ៥៣៨រូប ដែលជាអ្នកមានភារៈជ្រើសរើសប្រធានាធិបតី និងអនុប្រធានាធិបតី។ ហើយប្រសិនបើ បេក្ខជនប្រធានាធិបតីរូបណាម្នាក់ ទទួលសំឡេង បានត្រឹម ២៧០ សំឡេង ពីអង្គបោះឆ្នោតទាំង ៥៣៨ រូប ពេលនោះ បានសេចក្តីថា ឈ្នះឆ្នោតហើយ។ គ្រានេះ លោក ត្រាំ ទទួលបានអង្គបោះឆ្នោត ចំនួនច្រើនជាង ២៧០ ទៅហើយ។ អាស្រ័យហេតុនេះ ទើបប្រព័ន្ធផ្សព្វផ្សាយ Fox News និងលោក ត្រាំ ខ្លួនឯង ប្រកាសជ័យជម្នះយកតែម្តង។
ថ្នាក់ដឹកនាំបរទេសចេញសារប្រតិកម្ម អបអរជ័យជម្នះលោក ត្រាំ
លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ចេញមុខ មុនគេ អបអរសាទរលោក ដូណាល់ ត្រាំ។ លោក ម៉ាក្រុង ថាត្រៀមខ្លួនរួចស្រេចដើម្បីធ្វើការជាមួយលោក ត្រាំ ក្នុងរយៈពេល៤ឆ្នាំទៅមុខ ដោយឈរលើគោលការណ៍គោរពគ្នា ជាមួយនឹងជំនឿនយោបាយ និងមហិច្ចតា ដើម្បីជំរុញសន្តិភាព និងភាពរុងរឿង។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមិន នេតាន់យ៉ាហ៊ូ បានស្វាគមន៍ការវិលត្រឡប់មកកាន់អំណាចជាថ្មីរបស់ លោកត្រាំ ដោយចាត់ទុកថាជាជ័យជម្នះធំសម្បើមណាស់ក្នុងប្រវត្តិសាស្ត្រ។ ការត្រឡប់ទៅកាន់សេតវិមានជាថ្មី របស់លោកត្រាំ នឹងបើកទំព័រអាមេរិកថ្មី ហើយនិងផ្តល់សន្ទុះដល់ការប្តេជ្ញាចិត្តកាន់តែខ្លាំងចំពោះទំនាក់ទំនងជាតិទាំង២។
ចំពោះនាយករដ្ឋមន្ត្រីអង់គ្លេស, ក្រៅពីចាត់ទុកថាជ័យជម្នះរបស់លោកត្រាំ គឺជាប្រវត្តិសាស្ត្រ, ថ្នាក់ដឹកនាំអង់គ្លេស ឡោក គៀស ស្តារមឺ បញ្ជាក់ថា អាមេរិកនិងអង់គ្លេសជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេច និងចាប់ដៃប្រកៀកស្មាគ្នាដើម្បីការពារតម្លៃសេរីភាព ប្រជាធិបតេយ្យ និងជំនួញ។ ប្រទេសទាំង២ធ្វើការរួមគ្នា ដើម្បីទំនាក់ទំនងទ្វេភាគីអាមេរិក-អង់គ្លេស ឈានទៅកាន់វិបុលភាព និងរីកចម្រើនវិស័យគ្រប់វិស័យ ចាប់ពីសន្តិសុខ រហូតដល់ បច្ចេកវិទ្យា នវានុវត្តន៍។
ប្រទេសឥណ្ឌាវិញ, នាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី បានសាទរកោតសរសើរដោយស្មោះអស់ពីក្រអៅបេះដូង និងថាលោក ត្រាំ ជាមិត្តសម្លាញ់របស់គាត់ ឈ្នះឆ្នោតជាប្រវត្តិសាស្ត្រ។ លោក ម៉ូឌី ថែមទាំងថ្លែងក្តីសប្បាយរីករាយថានឹងសហការធ្វើរួមគ្នា ដើម្បីពង្រឹងចំណងមេត្រីភាពជាយុទ្ធសាស្ត្ររវាងអាមេរិកនិងឥណ្ឌា, កែលម្អលក្ខខណ្ឌជីវិតពលរដ្ឋឲ្យប្រសើរ និងពួតដៃគ្នាផ្សព្វផ្សាយសន្តិភាព ស្ថិរភាព និងចម្រើនក្តីសុខក្នុងពិភពលោក។
មហាយក្សចិន...
Duration:00:08:56
ឈ្វេងយល់ប្រព័ន្ធបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ការរាប់សន្លឹកឆ្នោត និងលទ្ធផល
11/5/2024
ថ្ងៃអង្គារ ទី៥វិច្ឆិកា ប្រជាពលរដ្ឋអាមេរិក អញ្ជើញទៅបោះឆ្នោតដើម្បីជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី។ បេក្ខជន ២ នាក់ ដែលគេស្គាល់ស្រាប់ គឺអតីតប្រធានាធិបតី ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ និង អនុប្រធានាធិបតីផុតអាណត្តិ លោកស្រី ខាម៉ាឡា ហារីស។ នេះជាការបោះឆ្នោតដែលពិភពលោកកំពុងតែទន្ទឹងរង់ចាំតាមដានយ៉ាងប្រកៀកប្រកិត ដ្បិតថា នរណាម្នាក់ ដែលឡើងទៅកាន់ក្តាប់អំណាចសេតវិមានអាមេរិក នឹងជះឥទ្ធិពលទៅដល់ដំណើរការរបស់ពិភពលោក នាអំលុង ៤ ឆ្នាំទៅមុខទៀត។
ប្រព័ន្ធបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក មានភាពស្មុកស្មាញខ្លាំង តែប្រសិនបើសម្រាយឲ្យខ្លីងាយយល់ គេត្រូវចាំជាដំបូងសិន ថា ការបោះឆ្នោតនៅអាមេរិកថ្ងៃអង្គារ ទី៥វិច្ឆិកា ឆ្នាំ២០២៤នេះ ពុំមែនជាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ដោយផ្ទាល់ នោះទេ។ ពលរដ្ឋអាមេរិកទៅបោះឆ្នោតថ្ងៃនេះដើម្បីជ្រើសរើសប្រតិភូតំណាង ពោលគឺ អង្គបោះឆ្នោត ។ អង្គបោះឆ្នោតនេះ គឺជាបុគ្គល ៥៣៨រូប ដែលជាអ្នកមានភារៈជ្រើសរើសប្រធានាធិបតី និងអនុប្រធានាធិបតី ហើយគឺ អង្គបោះឆ្នោតទាំងនោះ ត្រូវជួបប្រជុំគ្នាដើម្បីបោះឆ្នោតជ្រើសរើស នៅថ្ងៃទី ១៧ ធ្នូ ២០២៤ ខាងមុខ ។
ចំណុចពិសេសដែលត្រូវកត់សម្គាល់ខ្លាំងដែរ ប្រសិនបើ បេក្ខជនប្រធានាធិបតីរូបណាម្នាក់ ទទួលសំឡេង បានត្រឹម ២៧០សំឡេង ពីអង្គបោះឆ្នោតនោះ បានសេចក្តីថា ឈ្នះឆ្នោតគ្រប់គ្រងសេតវិមានហើយ។ ត្រង់ចំណុចនេះ គេត្រូវរំឭកទៅដល់ករណីពិសេស កាលពីឆ្នាំ២០១៦ រវាងលោក ដូណាល់ ត្រាំ និងអ្នកស្រី Hillary Clinton។ កាលណោះ អ្នកស្រី Hillary Clinton បានទទួលសំឡេងគាំទ្រច្រើនជាងលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតជាទូទៅ ទូទាំងប្រទេស ក៏ពិតមែន ប៉ុន្តែ ថា លោក ដូណាល់ ត្រាំ បែរជា ទទួលបានជ័យជម្នះទៅវិញ ព្រោះរូបលោកបានទទួលសំឡេងគាំទ្រពីប្រតិភូតំណាង ចំនួនច្រើនជាង អ្នកស្រី Hillary Clinton។ កាលពីឆ្នាំ២០០០ ក៏ដូច្នោះដែរ។ គ្រានោះ លោក Al Gore ទទួលបានសំឡេងឆ្នោតពីប្រជាពលរដ្ឋអាមេរិក ចំនួនច្រើនជាងលោក Goerge W. Bush រហូតដល់ទៅជាង ៥០ម៉ឺនសំឡេង ប្រសិនបើគិតជាសន្លឹកឆ្នោតសរុបនៅទូទាំងប្រទេស។ ផ្ទុយទៅវិញ បែរជាលោក Goerge W. Bush ឯណោះទេ ដែលជាអ្នកឈ្នះបានធ្វើជាប្រធានាធិបតីអាមេរិក។ នេះក៏ព្រោះតែលោក Goerge W. Bush ទទួលបានអង្គបោះឆ្នោតច្រើនជាងលោក Al Gore ។ ករណីពិសេសៗបែបនេះ ធ្លាប់កើតឡើង ៤-៥ លើក រួចមកហើយ។ បញ្ហានេះក៏ពីព្រោះតែប្រព័ន្ធអង្គបោះឆ្នោតផង និងព្រោះតែប្រព័ន្ធ «Winner Takes All»ផង។
គួរបញ្ជាក់ថា អង្គបោះឆ្នោត ឬប្រតិភូតំណាងនៅអាមេរិក ត្រូវបែងចែកទៅតាមបណ្តារដ្ឋ និងរដ្ឋធានីវ៉ាស៊ីងតោន។ បណ្តារដ្ឋនីមួយៗ ត្រូវមានសមាជិកក្នុងអង្គបោះឆ្នោត ស្មើនឹងចំនួនតំណាងរបស់ខ្លួនក្នុងសភាសហព័ន្ធ (សភាជាន់ទាប Congress និងសភាជាន់ខ្ពស់ រួមបញ្ចូលគ្នា)។ ពោលគឺ សមាជិកព្រឹទ្ធសភា ដែលរដ្ឋនីមួយៗមាន ២រូបស្មើៗគ្នា បូកជាមួយនឹងសមាជិករដ្ឋសភា។ ចំនួនសមាជិករដ្ឋសភាព ទីនេះ វាអាស្រ័យនឹងចំនួនកំណត់ទៅតាមចំនួនប្រជាជន ក្នុងរដ្ឋនីមួយៗ។ ចំណែកចំពោះ វ៉ាស៊ីនតោន ជារដ្ឋធានីមិនមែនជារដ្ឋ និងគ្មានតំណាងក្នុងសភាសហព័ន្ធ ក៏ទេដែរ តែត្រូវគេបានសម្រេចឲ្យមានអង្គបោះឆ្នោត ចំនួន ៣ នាក់។
ការរាប់សន្លឹកឆ្នោត
ដើម្បីរាប់សន្លឹកឆ្នោតបាន ទាល់តែរង់ចាំបិទទ្វារការិយាល័យបោះឆ្នោតសិន។ សហរដ្ឋអាមេរិក មានផ្ទៃដីលាតសន្ធឹងធំទូលាយ ពេលវេលាម៉ោងពេលដើរខុសគ្នា ហើយ រដ្ឋខ្លះ ត្រូវបិទកាល័យនៅម៉ោង ១១យប់ ឯរដ្ឋខ្លះត្រូវបិទនៅម៉ោងជិតភ្លឺស្អែកឡើង ក៏មាន។
ម្យ៉ាងទៀត ត្រូវចាំថា គេអាចបោះឆ្នោតពីចម្ងាយតាមប្រអប់ប្រៃសណីយ៍ បានដែរ។ ក៏ប៉ុន្តែ ចំពោះពលរដ្ឋអាមេរិករស់នៅក្រៅបរទេស ពុំអាចទៅបោះឆ្នោតនៅស្ថានទូតរបស់ខ្លួនបាន (ដូចករណីប្រទេសបារាំងបានទេ) គឺចាំបាច់ត្រូវផ្ញើសន្លឹកឆ្នោតរបស់ខ្លួន តាមរយៈប្រៃសណីយ៍ ផ្ញើទៅមណ្ឌលបោះឆ្នោតរបស់ខ្លួន នៅសហរដ្ឋអាមេរិក។ តាំងពីមុនថ្ងៃបោះឆ្នោតមកម្ល៉េះ ដែលពលរដ្ឋអាមេរិក ប្រមាណជា ៨០លាននាក់ បានបោះឆ្នោតរួចទៅហើយ តាមរយៈការបោះឆ្នោតពីចម្ងាយយ៉ាងដូច្នេះ។
គួរឲ្យកត់សម្គាល់ ចំពោះការរាប់សន្លឹកឆ្នោត ក្នុងបណ្តាញរដ្ឋភាគច្រើន មាន២ដំណាក់កាល។ លើកទី១ គេរាប់តាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានស្កែនកូដ Code ដើម្បីដឹងលទ្ធផលបឋមសិន ហើយគេនឹងរាប់ផ្ទៀងផ្ទាត់ម្តងទៀត ដោយដៃផ្តល់ ដើម្បីបញ្ជាក់ឲ្យដឹងកាន់តែច្បាស់។ រួចហើយ លទ្ធផលនោះ ត្រូវបញ្ជាក់ទទួលស្គាល់ពីអ្នកទទួលខុសត្រូវការិយាល័យ មុននឹងបញ្ជូនទៅអាជ្ញាធររៀបចំការបោះឆ្នោត, បញ្ជូនទៅរដ្ឋ...
Duration:00:06:52
ហេតុអ្វីការដក CLV-DTA មិនចាំបាច់ឆ្លងរដ្ឋសភា និងព្រះមហាក្សត្រកម្ពុជា?
10/30/2024
សំណុំរឿងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ឬ CLV-DTA កំពុងបន្តជាបច្ចុប្បន្នភាពក្តៅគគុកដែលបានជំរុញឲ្យអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាចេញសេចក្ដីថ្លែងការណ៍បញ្ជាក់នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ថា ការដកខ្លួនចេញពីតំបន់អភិវឌ្ឍន៍រួមជាមួយឡាវ និងវៀតណាមហៅកាត់ CLV-DTA មិនចាំបាច់ឆ្លងរដ្ឋសភា និងឡាយព្រះហស្ថលេខាពីព្រះមហាក្សត្រទេ។ មិនបាច់ឆ្លងកាត់ ព្រោះ CLV-DTA ជា កិច្ចសហប្រតិបត្តិការធម្មតារវាងរដ្ឋាភិបាលនៃប្រទេស ទាំង៣។ តែអ្នកនយោបាយប្រឆាំងចាត់ទុកការលើកឡើងរបស់ក្រុមអ្នកនាំពាក្យរដ្ឋាភិបាលថាជាការបំពានអំណាចរដ្ឋសភា និងថា ព្រះមហាក្សត្របានឡាយព្រះហត្ថលេខាលើច្បាប់ស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មក្នុងតំបន់ CLV DTA កាលពីឆ្នាំ ២០១៨។ ដូច្នេះសួរថា តើការដកCLV-DTA ចាំបាច់ត្រូវឆ្លងរដ្ឋសភា និងព្រះមហាក្សត្រដែរឬទេ?
Duration:00:11:18
ប្រធានាធិបតីបារាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅម៉ារ៉ុកដើម្បីបញ្ជាក់ពីការផ្សះផ្សាគ្នា
10/29/2024
លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសម៉ារ៉ុក ចាប់ពីថ្ងៃចន្ទទី ដល់ថ្ងៃពុធទី៣០តុលា អមដោយរដ្ឋមន្ត្រី៩រូប និងប្រតិភូសំខាន់ៗជាច្រើននាក់។ ព្រះមហាក្សត្រម៉ារ៉ុក មូហាម៉េដទី៦ បានយាងមកទទួលស្វាគមន៍ប្រធានាធិបតីបារាំង ដោយផ្ទាល់ព្រះអង្គដល់អាកាសយានដ្ឋានតែម្តង។ នេះជានិម្មិតរូបបញ្ជាក់អំពីឆន្ទៈរបស់ប្រទេសទាំងពីរក្នុងការផ្សះផ្សាគ្នាឡើងវិញបន្ទាប់ពីល្អក់កករនឹងគ្នាអស់រយៈពេលបីឆ្នាំ។
ម៉ារ៉ុកបានប្រែមុខមាត់មាត់ថ្មី មានទង់ជាតិបារាំងបក់រវិចតាមដងផ្លូវរដ្ឋធានី។ ព្រះមហាក្សត្រម៉ារ៉ុក ម៉ូហាម៉េដទី៦ និងរាជវង្សានុវង្សបានយាងមកទទួលស្វាគមន៍ ប្រធានាធិបតីបារាំងនិងភរិយាដល់ជើងយន្តហោះតែម្តង។ ម៉ារ៉ុកបានបាញ់កាំភ្លើងធំ២១គ្រាប់ កិច្ចស្វាគមន៍ផង។ បន្ទាប់មកទើបព្រះមហាក្សត្រ និងលោកម៉ាក្រុង គោរពភ្លេងជាតិ និងធ្វើដំណើររួមគ្នាតាំងពីព្រលានយន្តហោះចូលរដ្ឋធានីតាមរាជរថបើកដំបូល ស្វាគមន៍ប្រជាពលរដ្ឋតាមដងផ្លូវ។
ទស្សនកិច្ចផ្លូវរដ្ឋបីថ្ងៃរបស់លោកប្រធានាធិបតី ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលមានអមដំណើរដោយប្រតិភូគ្រាក់ៗនិងសំខាន់ៗ របស់រដ្ឋាភិបាលមានអាទិ៍រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច វប្បធម៌ ព្រមទាំងតំណាងសហគ្រាស ក្រុមហ៊ុន អ្នកជំនួញ អ្នកសិល្បៈ កីឡា ... ជាច្រើនរូប ដើម្បីឱ្យសក្តិសមនឹងមហិច្ឆតាផ្សះផ្សាទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យបានល្អប្រសើរឡើងវិញ។
កិច្ចសន្យា១០ពាន់លានអឺរ៉ូ
រហូតដល់ថ្ងៃពុធ លោកម៉ាក្រុង ត្រូវធ្វើជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសេដ្ឋកិច្ច ថ្លែងសុន្ទរកថានៅចំពោះសភាម៉ារ៉ុក ទទួលទានភោជនីអាហារផ្លូវរដ្ឋ និងកម្មវិធីជាច្រើនផ្សេងទៀត។ ជាសរុប ក្នុងដំណើរទស្សនកិច្ចនេះ បារាំងនិងម៉ារ៉ុកអាចនឹងចុះកិច្ចសន្យាវិនិយោគទំហំដល់ទៅ១០ពាន់លានអឺរ៉ូ រាប់តាំងពីវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ថាមពលបៃតង ឬមជ្ឈមណ្ឌលជួសជុលយន្តហោះ ។ល។ និង។ល។ និយាយជារួម ទស្សនកិច្ចនេះប្រៀបដូចជាម៉ាស៊ីនពន្លឿនរាល់គ្រប់កិច្ចចរចានានាផង និងវែកបំភ្លឺឱ្យឃើញថាអ្វីជាឧបសគ្គ។
ប្រធានាធិបតីបារាំង និងព្រះមហាក្សត្រម៉ារ៉ុក នឹងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមប្រកាស ថាបារាំងនិងម៉ារ៉ុក ជាដៃគូពង្រឹងពិសេស បិទបញ្ចប់ដំណាក់កាលល្អក់កករគ្នាអស់ជាងបីឆ្នាំ។
បារាំងនិងម៉ារ៉ុកមើលមុខគ្នាមិនចំអស់បីឆ្នាំ
ក្រៅអំពីមានប្រវត្តិជាប្រទេសម្ចាស់អាណានិគម និងប្រទេសក្រោមអាណានិគម ម្តងល្អម្តងអាក្រក់នឹងគ្នា ហើយប្រទេសទាំងពីរបានខិតខំស្តារ ឱ្យជានាគ្នាឡើងវិញក៏ដោយ ក៏បារាំងនិងម៉ារ៉ុកបន្តល្អក់កករនឹងគ្នាក្នុងសំណុំរឿងជាច្រើនទៀត នារយៈពេលបីឆ្នាំចុងក្រោយមកនេះ មានអាទិ៍រឿងអាស្រូវPegasusសង្ស័យថាម៉ារ៉ុកឈ្លបការណ៍ប្រទេសបារាំង។ ក្រោយមកបារាំងបានសម្រេចកាត់បន្ថយការផ្តល់ទិដ្ឋការដល់ម៉ារ៉ុក ក្នុងអំឡុងឆ្នាំ២០២១-២០២២ ដើម្បីដាក់គំនាបឱ្យម៉ារ៉ុកទទួលយកពលរដ្ឋខុសច្បាប់ម៉ារ៉ុកដែលបារាំងបណ្តេញចេញឱ្យត្រលប់ទៅស្រុកកំណើតវិញ។ ជាចុងក្រោយ ការផ្តល់អាទិភាពដល់ប្រទេសអាល់ហ្សេរី ក្រោយពេលប្រធានាធិបតីបារាំងជាប់ឆ្នោតអាណត្តិទីពីរឆ្នាំ២០២២ បានធ្វើឱ្យម៉ារ៉ុកអាក់អន់ចិត្តកាន់តែខ្លាំង ព្រោះម៉ារ៉ុកនិងអាល់ហ្សេរីជាមហាអំណាចក្នុងតំបន់ដែលប្រកួតប្រជែងឥទ្ធិពលគ្នាខ្លាំងណាស់ និងមានជម្លោះតាំងតឹងនឹងគ្នា តាំងពីជិត៥០ឆ្នាំមកហើយ ជុំវិញដែនដីវាលសាហារ៉ាខាងលិច។
សាហារ៉ាខាងលិចរឹតចំណងបារាំងម៉ារ៉ុក
តំបន់សាហារ៉ាខាងលិច ត្រូវបានម៉ារ៉ុកចាត់ទុកជាដែនដីដ៏ពិសិទ្ធ។ តំបន់នេះធ្លាប់ស្ថិតនៅក្រោមអាណានិគមអេស្ប៉ាញ រហូតដល់ឆ្នាំ១៩៧៥ និងស្ថិតនៅក្រោមការគ្រប់គ្រងរដ្ឋបាលមួយភាគធំដោយម៉ារ៉ុក តែមានជម្លោះទាមទារផ្តាច់ទឹកដីតាំងពីកន្លះសតវត្សរ៍ ដោយក្រុមឯករាជ្យនិយម Front Polisario គាំទ្រដោយអាល់ហ្សេរី។ អង្គការសហប្រជាជាតិចាត់ទុកតំបន់នេះជាដែនដីគ្មានស្វ័យភាព ដែលម៉ារ៉ុកមិនអាចប្រកាសថាជាបូរណភាពដែនដីរបស់ខ្លួនបានទេ។ មានផ្ទៃដី ២៦៦ពាន់គីឡូម៉ែត្រការ៉េ ពោលគឺធំជាងប្រទេសអង់គ្លេសផង សាហារ៉ាខាងលិច មានរបងខាងជើងជាប់ម៉ារ៉ុក ឦសានជាប់អាល់ហ្សេរី ខាងកើតនិងខាងត្បូងជាប់ប្រទេសម៉ូរីរានី។
សហរដ្ឋអាមេរិក អាល្លឺម៉ង់ អេស្ប៉ាញ ... បានប្រកាសទទួលរួចហើយ ថាដែនដីមួយចំណិតធំនេះជាដែនអធិបតេយ្យភាពរបស់ម៉ារ៉ុក ដែលក៏ទទូចទាមទារម្តងហើយម្តងទៀតឱ្យបារាំងប្រកាសជំហរដូចអាមេរិកដែរ។...
Duration:00:04:53
មេហាម៉ាសយ៉ាហយ៉ា ស៊ីនវ៉ា ស្លាប់ ជារបត់ថ្មីនៃសង្គ្រាមនៅហ្កាហ្សា?
10/18/2024
មេកើយចលនាហាម៉ាស យ៉ាហយ៉ា ស៊ីនវ៉ា (Yahya Sinwar) ស្លាប់នៅថ្ងៃទី ១៧ តុលា ក្នុងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កហ្សា។ ប្រតិកម្មលោកខាងលិចបានធ្លាក់មកជាបន្តបន្ទាប់។ ប្រមុខដឹកនាំខ្លះយល់ថាការកម្ចាត់មេកើយហាម៉ាសបាន ជាឱកាសនាំដល់ការបិទបញ្ចប់សង្គ្រាមនៅហ្កាហ្សា តែលោកនេតាន់យ៉ាហ៊ូ បានព្រមានភ្លាមថាសង្គ្រាមមិនទាន់បញ្ចប់ទេ។ ចំណែកអ៊ីរ៉ង់ចាត់ទុកការស្លាប់របស់យ៉ាហយ៉ា ស៊ីនវ៉ារ ថាជាការពង្រឹងស្មារតីតស៊ូ។ ចលនាហេសបូឡាបានប្រកាសបើកប្រតិបត្តិការវាយប្រហារដំណាក់កាលថ្មីលើអ៊ីស្រាអែល។
មេកើយចលនាហាម៉ាស យ៉ាហយ៉ា ស៊ីនវ៉ា ត្រូវបានយោធាអ៊ីស្រាអែលសម្លាប់នៅថ្ងៃទី ១៧ តុលា ក្នុងប្រតិបត្តិការនៅតំបន់ហ្កហ្សា។ នេះបើតាមការជូនដំណឹងរបស់អ៊ីស្រាអែល។
តើយ៉ាហយ៉ា ស៊ីនវ៉ា ជានរណា ?
ជាសមាជិកក្រុមភេរវកម្មហាម៉ាស ដ៏ប្តូរផ្តាច់ម្នាក់ តាំងតែពីវ័យក្មេង បច្ចុប្បន្នមានអាយុ៦១ឆ្នាំ យ៉ាហយ៉ា ស៊ីនវ៉ា (Yahya Sinwar) បានឡើងបុណ្យស័ក្តិបន្តិចម្តងៗ រហូតក្លាយជាមេចលនាហាម៉ាសប្រចាំតំបន់ហ្កាហ្សា នៅឆ្នាំ២០១៧ និងក្លាយជាមេដឹកនាំនយោបាយចលនាហាម៉ាស នៅថ្ងៃ៧សីហា ក្រោយពីប្រមុខចលនាអ៊ីស្មាយ ហានីយ៉េ បានត្រូវគេសម្លាប់នៅតេអេរ៉ង់ កាលពីថ្ងៃទី៣១កក្កដា។
ងប់ក្នុងគំនិតស្អប់អ៊ីស្រាអែល ចង់កំទេចអ៊ីស្រាអែល យ៉ាហយ៉ា ស៊ីនវ៉ា ត្រូវបានអ៊ីស្រាអែលចាត់ទុកជាមេគំនិតធំ (ជាមួយមេកើយពីរនាក់ផ្សេងទៀតដែលអ៊ីស្រាអែលសម្លាប់បានហើយ) ក្នុងការរៀបចំផែនការវាយឆ្មក់ទ្រង់ទ្រាយធំសម្រុកចូលដីអ៊ីស្រាអែល កាលពីថ្ងៃទី៧តុលា២០២៣ សម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃចំនួនប្រមាណ១២០០នាក់ និងបង្កឲ្យឆេះក្លាយជាសង្គ្រាមនៅហ្កាហ្សា។
ហេតុដូច្នេះហើយបានជា កងទ័ពអ៊ីស្រាអែល កំណត់កម្មវត្ថុតាមសម្លាប់ យ៉ាហយ៉ា ស៊ីនវ៉ា នេះឲ្យបាន។ អ៊ីស្រាអែលតាមកម្ចាត់ យ៉ាហយ៉ា ស៊ីនវ៉ា ដោយប្រើពេលអស់ជាងមួយឆ្នាំ។ គឺយូរខ្លាំងណាស់! ហើយជោគជ័យទើបសម្រេចបាននៅថ្ងៃព្រហស្បតិ៍ទី ១៧តុលា។
តើអ៊ីស្រាអែលកម្ចាត់យ៉ាហយ៉ាស៊ីវ៉ាបាន ដោយវិធីណា?
យោធាអ៊ីស្រាអែលមិនសម្លាប់មេកើយហាម៉ាសនេះបាន ដោយសារជំនួយពីប្រព័ន្ធរ៉ាដា តាមដៅរកទីតាំងលាក់ខ្លួនក្រោមដីទេ ហើយក៏មិនមែនដោយសារប្រតិបត្តិការរបស់កងកម្មង់ដូរពិសេស តាមរយៈសកម្មភាពចារកិច្ចដែរ។ សត្រូវជួរជាតិអ៊ីស្រាអែលដែលតែងធ្វើបម្លាស់ទីក្នុងរូងដី ដោយមានជនស៊ីវិល ឬចំណាប់ខ្មាំងអូសតាមជាមួយ ដើម្បីធ្វើជាខែលការពារ បានស្លាប់ក្នុងបាញ់ប្រយុទ្ធគ្នាពេលទ័ពអ៊ីស្រាអែលដើរល្បាតនៅតំបន់រ៉ាហ្វាភាគខាងត្បូងហ្កាហ្សា។ ទាហានអ៊ីស្រាអែលបាញ់សម្លាប់ដោយមិនទាំងដឹងថាចំណុចស៊ីបនេះជាមនុស្សដែលអ៊ីស្រាអែលតាមស្វែងបំផុតទេ។ នៅយប់មិញ អាជ្ញាធរអ៊ីស្រាអែល បានផ្សព្វផ្សាយរូបភាពវីដេអូថតដោយដ្រូន បង្ហាញពីសកម្មភាពចុងក្រោយរបស់យ៉ាហយ៉ា ស៊ីនវ៉ា ត្រូវរបួស អង្គុយលើកៅអីក្នុងផ្ទះបែកបាក់ និងលើកដំបងគប់ម៉ាស៊ីនដែលតាមថតខ្លួន។បន្ទាប់មកទើបយោធាបំផ្ទុះផ្ទះនោះ ហើយចូលទៅឃើញមានសាកសពបីកំណាត់។ ការវិភាគDNA ធ្មេញនិងក្រយៅ បញ្ជាក់ថាពិតជា យ៉ាហយ៉ា ស៊ីនវ៉ាមែន។
អ៊ីស្រាអែលសម្រេចបំណងសម្លាប់ យ៉ាហយា ស៊ីនវ៉ា សង្គ្រាមនៅតំបន់ហ្កាហ្សាក៏នឹងអាចបញ្ចប់?
ថ្វីបើប្រមុខដឹកនាំក្រុមប្រទេសបស្ចិមលោកមួយចំនួន យល់ថាជាឱកាសបិទបញ្ចប់សង្គ្រាមនៅហ្កាហ្សាមែន ហើយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក នេតាន់យ៉ាហ៊ូ បានអបអរមែន តែលោកអះអាងភ្លាមដែរថា សង្គ្រាមនៅតែបន្ត ! ស្ថានភាពសង្គ្រាមនៅហ្កាហ្សាកំពុងប្តូរផ្លាស់។ អ៊ីស្រាអែលបានសម្រេចបំណងសងសឹក កម្ចាត់មេរៀបចំផែនការវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧តុលាបាន តែអ៊ីស្រាអែលត្រូវសម្រេចកម្មវត្ថុធំមួយទៀត គឺនាំចំណាប់ខ្មាំងត្រលប់មកវិញ។ លោកនាយករដ្ឋមន្ត្រីបានប្រកាសថាការកម្ចាត់មេកើយហាម៉ាស យ៉ាហយ៉ាស៊ីនវ៉ា បាន ប្រើកម្លាំង និងគ្រប់មធ្យោបាយដែលមាន ពោលគឺបន្តវាយប្រហារលើហ្កាហ្សារហូតទាល់តែអាចនាំជនរួមជាតិជាប់ជាចំណាប់ថ្នូរទាំង១០១នាក់ អាចវិលមកផ្ទះវិញដោយសុខសាន្តទាំងអស់គ្នា។
ចំណែកខាងហាម៉ាស មិនទាន់មានប្រតិកម្មអ្វីទាំងអស់រហូតមកទល់ម៉ោងនេះ។ តែយ៉ាងណាក៏ដោយ ក៏ការស្លាប់មេកើយប្រកបដោយនិម្មិត្តរូបបំផុតនេះ បានបំបាក់ធ្មុងចលនាហាម៉ាសឱ្យស្រពាប់ចុះទន់ខ្សោយដោយមិនអាចប្រកែកបានទេ។ សហរដ្ឋអាមេរិក បានបង្ហាញចេតនាចង់ចាប់ផ្តើមបើកឱ្យមានកិច្ចចរចាផ្អាកបាញ់និងដោះលែងចំណាប់ថ្នូរ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក គឺយ៉ាហយ៉ា ស៊ីនវ៉ានេះហើយដែលជាឧបសគ្គដ៏ចម្បងរារាំងការបិទបញ្ចប់សង្គ្រាមនៅហ្កាហ្សា...
Duration:00:08:10
កម្ពុជាត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំង នៅឆ្នាំ ២០២៦
10/6/2024
នៅទីក្រុងប៉ារីស កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ក្រុមប្រទេសនិយាយភាសាបារាំងបានសម្រេចកាលពីថ្ងៃយប់ថ្ងៃសៅរ៍ម្សិលមិញ ជ្រើសរើសកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំង លើកទី២០ នៅ២ឆ្នាំខាងមុខទៀត ឆ្នាំ ២០២៦។ នៅក្នុងសន្និសីទកាសែតនៅក្រោយកិច្ចប្រជុំបិទទ្វារដែលមានការចូលរួមពីប្រមុខរដ្ឋ និងថ្នាក់ដឹកនាំរដ្ឋាភិបាលមកពីបណ្តាប្រទេសសមាជិកហ្រ្វង់កូហ្វូនី លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុងបានប្រកាសដំណឹងនេះជាផ្លូវការនៅមុខលោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា និងសហប្រតិបត្តិការអន្តរជាតិ។ នេះជាដំណឹងដ៏ល្អមួយចំពោះកម្ពុជា ?
កម្ពុជាត្រូវបានជ្រើសរើសឲ្យធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំង ដែលហៅថា ហ្រ្វង់កូហ្វូនីលើកទី២០ នៅក្រុងសៀមរាបអង្គរ នៅឆ្នាំ ២០២៦។ នៅលើវេទិកាសន្និសីទកាសែតជាមួយប្រធានអង្គការហ្រ្វង់កូហ្វូនី និងលោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបទេស និងសហប្រតិបត្តិការអន្តរជាតិ លោកប្រធានាធិបតីបារាំង អេម៉ានុយអែលម៉ាក្រុងបានថ្លែងអបអរកម្ពុជា។ ប្រមុខការបរទេសកម្ពុជាវិញបានបង្ហាញការរីករាយ រំជួលចិត្ត និងមោទនភាព ដែលកម្ពុជាត្រូវបានជ្រើសរើសឲ្យធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលក្រុមប្រទេសនិយាយភាសាបារាំងនៅ ២ឆ្នាំខាងមុខ។
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលហ្វ្រង់កូហ្វូនី ជាដំណឹងដ៏ប្រពៃ ប៉ុន្តែ វាមិនមែនជារឿងថ្មីភ្ញាក់ផ្អើលខ្លាំងនោះទេ។ នៅប៉ុន្មានឆ្នាំមកនេះ ក្នុងនាមជាប្រទេសសមាជិកពេញសិទ្ធិ និងមាន ព្រះបរមរតនកោដ សម្តេចព្រះនរោត្តមសីហនុជាស្ថាបនិកមួយអង្គដែលបានចូលរួមបង្កើតអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនៅ ទសវត្សរ៍ឆ្នាំ ១៩៧០ កម្ពុជាបានប្រឹងប្រែងធ្វើយុទ្ធនាការទូតច្រើនណាស់ ដើម្បីបានសិទ្ធិរៀបចំកិច្ចប្រជុំកំពូលរបស់អង្គការដែលមានប្រទេសចំនួន ៩៣ជាសមាជិក។ ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលបានយាងចូលរួមនៅក្នុងជំនួបកំពូលនៅទីក្រុងប៉ារីស កាលពីថ្ងៃសៅរ៍ម្សិលមិញបានមានព្រះបន្ទូលបញ្ជាក់ថា កម្ពុជានៅតែភ្ជាប់ខ្លួនជាមួយហ្វ្រង់កូហ្វូនី និងថា ជាមួយនឹងការរៀបចំជំនួបកំពូលហ្វ្រង់កូហ្វូនីនៅខេត្តសៀមរាប កម្ពុជាសង្ឃឹមចែករំលែកជាមួយសហគមន៍អ្នកនិយាយភាសាបារាំងនូវចំណុចពិសេសប្លែករបស់ហ្វ្រង់កូហ្វូនីនៅអាស៊ីប៉ាស៊ីហ្វិក។
ហេតុអ្វីបានជាកម្ពុជាចង់ធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលក្រុមប្រទេសនិយាយភាសាបារាំង?
កន្លងមកគេច្រើនតែដឹងថា ហ្វ្រង់កូហ្វូនី ឬក្រុមប្រទេសនិយាយភាសាបារាំង ផ្តោតច្រើនទៅលើការអប់រំ ភាសា និងវិប្បធម៌។ ប៉ុន្តែ ចំពោះ រដ្ឋមន្រ្តីការបរទេសកម្ពុជា ហ្វ្រង់កូហ្វូនីមិនមែនត្រឹមតែភាសា វប្បធម៌ ប៉ុន្តែ គេអាចនិយាយពីសេដ្ឋកិច្ច។ ដូច្នេះ បានធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលក្រុមប្រទេសនិយាយភាសាបារាំង ដែលមានប្រទេសចំនួន៩៣ជាសមាជិក មកពីទ្វីបចំនួន ៥ កម្ពុជានឹងទទួលបានឱកាសដ៏វិសេសវិសាលដើម្បីទាញផលប្រយោជន៍សេដ្ឋកិច្ច។
ហេតុអ្វីបានជាហ្វ្រង់កូហ្វូនី ពង្រីកខ្លួន ទៅកាន់ប្រទេសដែលមិននិយាយភាសាបារាំង ដូចជាAngola ជាដើមដែលជាប្រទេសនិយាយភាសាព័រទុយហ្កាល់ ហើយហ្កាណាជាប្រទេសនិយាយភាសាអង់គ្លេស?
នៅក្នុងកិច្ចប្រជុំបិទទ្វារកាលពីថ្ងៃសៅរ៍ម្សិលមិញ គេបានបោះឆ្នោតទទួលយកប្រទេស៥ទៀត ឲ្យធ្វើជាសមាជិកសង្កេតការណ៍របស់ហ្រ្វង់កូហ្វូនី។ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីបានរីកធំធាត់សមាជិក ពី ៨៨ ទៅ៩៣ នៅគ្រប់ទ្វីបទាំង៥។ សមាជិកច្រើនមែន ប៉ុន្តែ ប្រទេសមួយចំនួនធំមិនមែនជាប្រទេសដែលប្រើភាសាបារាំងជាផ្លូវការ ឬច្រើន ដូចតាមលក្ខខណ្ឌចងជាសមាជិករបស់ហ្វ្រង់កូហ្វូនី។ Chypre មានអ្នកនិយាយភាសាបារាំងតែ៦% ហ្កាហានៅអាហ្វ្រិកមានអ្នកប្រើភាសាបារាំង ប្រមាណ ១%។ ចំណែកកម្ពុជាវិញ បើតាមលោកលីម ប៊ុនហុក មានអ្នកនិយាយភាសាបារាំងប្រមាណកន្លះលាននាក់ប៉ុណ្ណោះ។ សួរថា បើថា មានអ្នកប្រជាជននិយាយភាសាបារាំងតិចតួច ឬក៏គ្មានសោះតែម្តងដូច កាតា ហេតុអ្វីបានជាហ្រ្វង់កូហ្វូនីអនុញ្ញាតឲ្យគេចូលជាសមាជិកធ្វើអ្វី។ ហេតុផលគឺផលប្រយោជន៍សេដ្ឋកិច្ច និងសមាហរណកម្មក្នុងតំបន់ ដូចក្នុងករណីរបស់ប្រទេសហ្កាណា និយាយភាសាអង់គ្លេស ប៉ុន្តែ ប្រទេសនេះ ឡោមព័ទ្ធដោយក្រុមប្រទេសនិយាយភាសាបារាំង។ ពីចំណែកខាងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ការពង្រីកចំនួនសមាជិកកាន់តែច្រើន ដើម្បីបង្កើនកម្លាំងទម្ងន់ ទឹកមាត់ប្រៃ ជាពិសេសនៅក្នុងគោលដៅជំរុញការរៀន ប្រើប្រាស់ភាសាបារាំងកាន់តែទូលំទូលាយនៅក្នុងពិភពលោក៕
Duration:00:09:43
លោកចូបៃដិនដកខ្លួនចេញពីការបោះឆ្នោតប្រធានាធិបតី តើនរណានឹងអាចក្លាយជាបេក្ខជនជំនួស?
7/22/2024
នៅទីបំផុត ក្រោមសម្ពាធរបស់ក្រុម និងដើម្បីប្រយោជន៍ជាតិព្រមទាំងបក្សលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាស នៅរសៀលថ្ងៃអាទិត្យទី២១កក្កដា ដកខ្លួនចេញពីការប្រកួត។ ការបោះបង់បេក្ខភាពប្រធានាធិបតីរបស់លោកចូបៃដិន បាននិងកំពុងធ្វើឱ្យការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិក មានភាពកាន់តែមិនជាក់លាក់ ព្រោះ នៅបីខែមុនសម័យបោះឆ្នោត គណបក្សប្រជាធិបតេយ្យបែរជាគ្មានបេក្ខជនប្រធានាធិបតីសម្រាប់ប្រកួតប្រជែងជាមួយលោកដូណាល់ត្រាំនៃបក្សសាធារណរដ្ឋ។ ចំណែកគណបក្សសាធារណរដ្ឋក៏ត្រូវប្តូរផ្លាស់យុទ្ធសាស្ត្រឃោសនាដែរ។
តាំងពីបរាជ័យនៅក្នុងការតស៊ូមតិតាមកញ្ចក់ទូរទស្សន៍ជាមួយលោកត្រាំមក សំឡេងទាមទារឱ្យលោកចូបៃដិន ប្តូរចិត្តឈប់ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាណត្តិទីពីរ បានចាប់លាន់ឮឡើងយ៉ាងរងំ។ ហើយបើទោះបីជាលោកចាស់ ភ្លេចភ្លាំង និយាយខុសច្រើន ដើរដួល ... ក៏លោកនៅតែបន្តអះអាងថាលោកជាបេក្ខជនតែម្នាក់ដែលអាចយកឈ្នះលើលោកត្រាំ។ តែនាប៉ុន្មានថ្ងៃចុងក្រោយនេះ សុខភាពលោកបៃដិនចុះខ្សោយកាន់តែខ្លាំង ឥស្សរជនគ្រាក់ៗរបស់បក្ស ដូចយ៉ាងលោកស្រីប្រធានសភា ណាន់ស៊ី ប៉េឡូស៊ី ឬអតីតប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា ក៏លែងគាំទ្របេក្ខភាពលោកបៃដិន។ ម្ចាស់ឧបត្ថម្ភកម្មវិធីឃោសនាធំៗ មានជាអាទិ៍ម្ចាស់ក្រុមហ៊ុនDisney លែងផ្តល់ប្រាក់វិភាគទាន។ លទ្ធផលនៃការស្ទង់មតិក៏បង្ហាញថាលោកធ្លាក់ប្រជាប្រិយភាពខ្លាំង ទើបលោកព្រមពិចារណាជាថ្មីនិងសម្រេចចិត្តភ្លាមតែម្តងថា ដកខ្លួនចេញពីការប្រកួត។
ដំណើរការជ្រើសរើសបេក្ខជនប្រធានាធិបតីជំនួសនឹងប្រព្រឹត្តទៅយ៉ាងដូចម្តេច?
ប្រមុខគណបក្សប្រជាធិបតេយ្យ បានសន្យាថាដំណើរការជ្រើសរើសបេក្ខជនមកជំនួសលោក ចូ បៃដិននឹងប្រព្រឹត្តទៅប្រកបដោយតម្លាភាពនិងតាមវិន័យ ឱ្យសមជាបក្សប្រជាធិបតេយ្យមានសាមគ្គីជាធ្លុងមួយ និងបេក្ខជនម្នាក់ដែលមានសមត្ថភាពយកឈ្នះលោកដូណាល់ត្រាំ។
ទោះបីជាមានការព្រមព្រៀងលើរូបបេក្ខជនណាម្នាក់រួចហើយក៏ដោយ ក៏ដំណើរការតែងតាំងបេក្ខជនប្រធានាធិបតីថ្មីមកជំនួសលោកចូបៃដិន ត្រូវឆ្លងកាត់បែបបទបច្ចេកទេសខ្លាំងបន្តិចដោយចៀសមិនរួចទេ។ ព្រោះ ប្រធានាធិបតីដែលត្រូវបានជ្រើសរើសឱ្យឈរឈ្មោះជាថ្មី បានឆ្លងកាត់ការបោះឆ្នោតតាមរដ្ឋជាបន្ទាប់តាំងពីខែមករាដល់ខែមិថុនា២០២៤ និងត្រូវប្រកាសតែងតែងជាផ្លូវការនៅថ្ងៃទី១៩សីហាខាងមុខ។ ឥលូវលោកបានដកខ្លួនចេញ ប្រតិភូបក្សទាំង៣៩០០រូប ត្រូវសម្រេចចិត្តជាថ្មី និងមានសេរីភាពពេញលេញក្នុងការជ្រើសរើសបេក្ខជនដែលខ្លួនពេញចិត្ត។ ដូច្នេះចរន្តនីមួយៗរបស់បក្សអាចស្នើ និងជំរុញបេក្ខជនរបស់ខ្លួនឱ្យបានក្លាយបេក្ខជនរបស់បក្ស ដែលគេពិបាកនឹងស្មានដឹងជាមុនណាស់។
វិធានច្បាប់ផ្ទៃក្នុងរបស់បក្សប្រជាធិបតេយ្យ បានចែងថា ក្នុងករណីបេក្ខជនជ្រើសរើរួច ស្លាប់ លាលែង ឬបាត់បង់សមត្ថភាព ប្រធានគណបក្សនឹងពិគ្រោះជាមួយមេដឹកនាំបក្សប្រចាំសភា និងប្រចាំសមាគមអភិបាល មុននឹងជ្រើសតាំងបេក្ខជនម្នាក់ ដែលនឹងត្រូវតែងតាំងជាផ្លូវការនៅខែសីហា។ សម្រាប់ពេលនេះ មានការគាំទ្រច្រើនកំពុងស្រោចទៅលើរូបលោកស្រី ខាម៉ាឡា ហារីស។ តែលោកស្រីអនុប្រធានាធិបតី ខាម៉ាឡា ហារីស ដែលលោកចូបៃដិន ជ្រើសរើសជាបេក្ខជនអនុប្រធានាធិបតី សម្រាប់អាណត្តិថ្មី មិនប្រាកដថានឹងក្លាយជាបេក្ខជនប្រធានាធិបតីទេ។
តើនរណាអាចនឹងមកជំនួសបេក្ខភាពលោកចូបៃដិន?
គ្មានក្បួនច្បាប់ណា កំណត់ថា បេក្ខជនអនុប្រធានាធិបតី ត្រូវក្លាយជាបេក្ខជនប្រធានាធិបតីជាស្វ័យប្រវត្តិនោះទេ។ ដូច្នេះ លោកស្រីខាម៉ាឡា ហារីស មិនប្រាកដជាប់ឈ្មោះជាបេក្ខជនប្រធានាធិបតី ជំនួសលោកបៃដិនឡើយ។ ប៉ុន្តែលោកស្រីបានដាក់បេក្ខភាពឱ្យគណបក្សជ្រើសរើសហើយ។ ហើយលោកស្រីអាចមានប្រៀបជាងគេ លេចឈ្មោះលឿនជាងគេ ព្រោះលោកស្រីធ្លាប់ជាអនុប្រធានាធិបតី និងបានចេញឃោសនាច្រើន មួយរយៈនេះ។ លោកស្រី ខាម៉ាឡា ហារីស ជាស្ត្រីទីមួយ ជាស្ត្រីអាមេរិកស្បែកខ្មៅកាត់អាហ្វ្រិក និងជាស្ត្រីដើមកំណើតអាស៊ីដំបូងគេបង្អស់ ដែលបានក្លាយជាអនុប្រធានាធិបតីអាមេរិក។ លោកស្រី ហារីស ក៏ជាស្ត្រីអាមេរិក និងជាស្ត្រីអាមេរិកស្បែកខ្មៅទីមួយដែលបានទទួលតួនាទីជារដ្ឋអាជ្ញានៅរដ្ឋកាលីហ្វ័រញ៉ា និងជាសមាជិកព្រឹទ្ធសភាអាមេរិកស្បែកខ្មៅស្រីទីពីរប៉ុណ្ណោះក្នុងប្រវត្តិអាមេរិក។ លោកស្រី ហារីស មានឪពុកដើមកំណើតហ្សាម៉ាអ៊ីក ម្តាយជាជនជាតិឥណ្ឌា។
ក្នុងវ័យ៥៩ឆ្នាំ លោកខាម៉ាឡា ហារីស នឹងក្លាយជាបេក្ខនារីប្រធានាធិបតីអាមេរិកទីមួយ...
Duration:00:07:00
ដោយរំលាយសភាបារាំង ក្រោយបរាជ័យក្នុងការបោះឆ្នោតសភាអឺរ៉ុប លោកម៉ាក្រុងកំពុងលេងល្បែងដ៏គ្រោះថ្នាក់
6/10/2024
នៅប្រទេសបារាំង លោកប្រធានាធិបតី លោកអេម៉ានុយអែល ម៉ាក្រុងបានធ្វើមជ្ឈដ្ឋានអ្នកនយោបាយភ្ញាក់ផ្អើលគ្រប់គ្នា នៅពេលលោកសម្រេចចិត្តរំលាយសភាបារាំង និងរៀបចំការបោះឆ្នោតមុនកាលកំណត់។ ការសម្រេចចិត្តរបស់លោកម៉ាក្រុងធ្វើឡើង នៅមួយម៉ោងក្រោយការប្រកាសលទ្ធផលបោះឆ្នោតសភាអឺរ៉ុបដែលបង្ហាញថា គណបក្សរបស់លោកម៉ាក្រុងបរាជ័យ ចាញ់ដាច់គណបក្សស្តាំនិយមជ្រុល ដែលបានទទួលសំឡេងឆ្នោត ដល់ទៅ ៣១% នៅក្នុងការបោះឆ្នោតសភាអឺរ៉ុប កាលពីថ្ងៃអាទិត្យទី៩មិថុនា។
គណបក្សស្តាំនិយមជ្រុលកំពុងមានសន្ទុះគាំទ្រច្រើន សឹងនៅគ្រប់ប្រទេសនៅអឺរ៉ុប មិនមែនមានតែនៅបារាំងនោះទេ ប៉ុន្តែ ហេតុអ្វីបានជាប្រធានាធិបតីបារាំង លោកម៉ាក្រុងចាំបាច់ប្រកាសរំលាយសភា និងរៀបចំការបោះឆ្នោតមុនកាលកំណត់?
កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុងបានធ្វើគ្រប់គ្នាភ្ញាក់ផ្អើលមែនទែន។ ភ្ញាក់ផ្អើលនៅត្រង់ថា នៅតែមួយម៉ោងក្រោយ លទ្ធផលនៃការបោះឆ្នោតសភាអឺរ៉ុបបង្ហាញថា គណបក្សកណ្តាលនិយមរបស់លោកបរាជ័យ ចាញ់ដាច់គណបក្សស្តាំនិយមជ្រុល ដែលទទួលបានសំឡេងគាំទ្រ ជាង៣១% លោកប្រធានាធិបតីបារាំង បានចេញមុខប្រកាសនៅកញ្ចក់ទូរទស្សន៍ជាតិ រំលាយសភាចោលតែម្តង និងប្រកាសរៀបចំការបោះឆ្នោតមុនកាលកំណត់ នៅចុងខែមិថុនានេះ (ដោយការបោះឆ្នោតជុំទី១ ធ្វើឡើងនៅថ្ងៃទី ៣០ មិថុនា និងជុំទី២ នៅថ្ងៃទី៧កក្កដា)។
បើតាមការពន្យល់របស់លោកម៉ាក្រុង នៅចំពោះមុខសន្ទុះកើនឡើងរបស់ក្រុមបក្សស្តាំនិយមជ្រុល ជាពិសេសនៅក្នុងការបោះឆ្នោតសភាអឺរ៉ុប លោកបានសម្រចចិត្តរំលាយសភាបារាំងដើម្បីផ្តល់ឱកាសឲ្យប្រជាជនបារាំងអាចសម្រេចចិត្តសាជាថ្មី ជ្រើសរើសអ្នកតំណាងរបស់ខ្លួននៅក្នុងសភា។ នៅលើបណ្តាញសង្គមX លោកម៉ាក្រុងបានសរសេរបន្ថែមថា លោកមានជំនឿទុកចិត្តថា ប្រជាជនបារាំងមានសមត្ថភាពជ្រើសរើសដ៏ត្រឹមត្រូវដើម្បីខ្លួនឯង និងដើម្បីអនាគតជំនាន់ក្រោយ។
បើតាមអ្នកវិភាគមួយចំនួន ដោយសម្រេចចិត្តរំលាយសភាបារាំង និងរៀបចំការបោះឆ្នោតនៅមុនកាលកំណត់នៅពេលនេះ លោកម៉ាក្រុងចង់ទម្លាក់ការទទួលខុសត្រូវទាំងស្រុងទៅលើប្រជាជនបារាំង ដើម្បីឲ្យពួកគេជ្រើសរើសថា តើបន្តគាំទ្រនយោបាយរបស់គណបក្សកាន់អំណាច ឬជ្រើសរើសក្រុមស្តាំនិយមជ្រុលឲ្យចូលដឹកនាំរដ្ឋាភិបាល។
លោកម៉ាក្រុងដឹងថា មានប្រជាជនបារាំងច្រើនដែលមិនចង់ឃើញគណបក្សស្តាំនិយមជ្រុលដែលស្អប់អឺរ៉ុប និងស្អប់រើសអើង ប្រឆាំងជនអន្តោប្រវេសន៍ ចូលកាន់អំណាចនៅបារាំង។ ដូច្នេះ ដោយរំលាយសភា និងរៀបចំការបោះឆ្នោតមុនកាលកំណត់ លោកម៉ាក្រុងសង្ឃឹមថា គណបក្សRenaissanceរបស់លោកនឹងអាចទទួលសំឡេងឆ្នោតច្រើនមកវិញ ដើម្បីចូលគ្រប់គ្រងសំឡេងភាគច្រើន នៅសភាបារាំង។ គួរបញ្ជាក់ថា ដោយសារតែបរាជ័យនៅក្នុងការបោះឆ្នោតសភា កាលពីឆ្នាំ ២០២២ គណបក្សកាន់អំណាចរបស់លោកម៉ាក្រុងចុះខ្សោយ គ្មានសំឡេងភាគច្រើននៅសភា។ អាចថា ជាជាងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ គ្មានអំណាចនៅសភា លោកម៉ាក្រុងចង់ឆ្លៀតឱកាសរំលាយសភាលើកនេះ ដើម្បីផ្តល់សន្ទុះដល់គណបក្សរបស់លោកដើម្បីចូលគ្រប់គ្រងសំឡេងភាគច្រើននៅសភា។
បើតាមអ្នកជំនាញ ការរំលាយសភានេះអាចជាយុទ្ធសាស្រ្តមួយរបស់លោកម៉ាក្រុង ដើម្បីទាក់ទាញប្រជាជនបារាំងឲ្យបោះឆ្នោត ផ្តល់ទំនុកចិត្តសាជាថ្មីដល់គណបក្សកាន់អំណាចរបស់លោក។ ទោះនេះ ជាលើកទី១នៅក្នុងរយៈពេល២៧ឆ្នាំ ដែលប្រធានាធិបតីបារាំង ប្រកាសរំលាយសភា ប៉ុន្តែ និន្នាការរំលាយសភា រៀបចំការបោះឆ្នោតមុនកាលកំណត់ដើម្បីផ្តល់សន្ទុះគាំទ្រដល់គណបក្សកាន់អំណាចនៅសភាបារាំង មិនមែនជារឿងថ្មីនោះទេ។ នៅអតីតកាល មានប្រធានាធិបតីបារាំងពីររូបធ្លាប់សម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលបែបនេះ ដូចលោកម៉ាក្រុង។ បញ្ហានៅត្រង់ថា នៅសម័យកាលលោក ហ្រ្វង់ស័រ មីទែររ៉ង់ ការរំលាយសភា និងការបោះឆ្នោតមុនកាលកំណត់បានជួយឲ្យលោកប្រធានាធិបតីមីទែរ៉ង់ប្រមូល គ្រប់គ្រងសំឡេងភាគច្រើននៅសភាឡើងវិញ។ ប៉ុន្តែ នៅជំនាន់លោកហ្សាក់ ស៊្ហីរ៉ាក់ ការរំលាយសភា ដើម្បីរៀបចំការបោះឆ្នោតមុនកាលកំណត់នៅឆ្នាំ ១៩៩៧ បាននាំមកនូវបរាជ័យដ៏ធ្ងន់ធ្ងរដល់គណបក្សរបស់លោកប្រធានាធិបតី និងវិបត្តិនយោបាយជាប់គាំងគ្មានច្រកចេញនៅបារាំង ព្រោះថា ការបោះឆ្នោតនៅពេលនោះ បានបើកផ្លូវឲ្យបក្សប្រឆាំង គឺគណបក្សឆ្វេងនិយមជ្រុលទទួលបានសំឡេងភាគច្រើននៅសភា ដែលជាហេតុធ្វើឲ្យលោកប្រធានាធិបតីស្ហ៊ីរ៉ាក់ ត្រូវបង្ខំចិត្តចាប់ដៃធ្វើការជាមួយបក្សប្រឆាំងដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។
លោកម៉ាក្រុងកំពុងតែលេងល្បែងដ៏គ្រោះថ្នាក់ យកអនាគតរបស់ប្រទេសជាតិទៅប្រថុយលេង ព្រោះថា មើលមិនត្រូវទេ បក្សស្តាំនិយមជ្រុលអាចទទួលជ័យជំនះនៅក្នុងការបោះឆ្នោតសភាបារាំង និងចូលគ្រប់គ្រងសំឡេងភាគច្រើននៅសភា ដើម្បីដឹកនាំរដ្ឋាភិបាលថ្មី
ការភ្នាល់ដ៏ឆ្កួតលីលា ការប្រថុយប្រថាន ឬជាការផ្គើនដ៏គ្រោះថ្នាក់។ នេះជាការវាយតម្លៃរបស់គណបក្សនយោបាយ និងអ្នកជំនាញ...
Duration:00:08:47
ខួប៨០ឆ្នាំ ព្រឹត្តិការណ៍រំដោះសមរភូមិណរម៉ង់ឌី ផ្តួលអាល្លឺម៉ង់ណាហ្ស៊ី និងបញ្ចប់សង្គ្រាមលោកលើកទី២
6/6/2024
ថ្ងៃទី៦មិថុនា ជាខួប៨០ឆ្នាំ នៃព្រឹត្តិការណ៍វាយរំដោះប្រទេសបារាំង ពីក្រញាំដៃទាហានណាហ្ស៊ីអាល្លឺម៉ង់។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ ដែលឈានទៅផ្តួលរំលំរបបណាស៊ី ហើយនិងបិទបញ្ចប់សង្គ្រាមលោកលើកទី២។ រដ្ឋាភិបាលបារាំង រៀបចំពិធីដ៏គគ្រឹកគគ្រេងសម្បើមណាស់ ដើម្បីរំឭកខួប៨ទសវត្សរ៍ នៃមហាព្រឹត្តិការណ៍វាយបំបែកបន្ទាយណាហ្ស៊ីអាល្លឺម៉ង់ នៅខេត្តណរម៉ង់ឌី។
ភាសាបារាំង ហៅថា Débarquement ឬខាងភាសាអង់គ្លេស ថា D-Day។ ឆ្នាំ១៩៤៤ ទាហានសម្ព័ន្ធមិត្ត សរុបប្រមាណជាង ១៥០ ០០០ នាក់ រួមព្រួតដៃគ្នា វាយបំបែកកងទ័ពអាល្លឺម៉ង់ណាហ្ស៊ី នៅបន្ទាយសមរភូមិខេត្តណរម៉ង់ឌី។ ប្រតិបត្តិកាយវាយសម្រុកនេះ ត្រូវរៀបចំយ៉ាងល្អិតល្អន់ និងយ៉ាងសម្ងាត់បំផុត ស៊ីពេលជាច្រើនខែ ដើម្បីបើកការវាយប្រហារក្នុងពេលតែ១រួមគ្នា និងត្រូវធ្វើឡើងនៅច្រើនចំណុចគោលដៅ តាមផ្លូវទឹកនិងផ្លូវអាកាស។ ទាហានចម្រុះជាតិសាសន៍ ចុះពីនាវានិងទូកឡើងគោកប្រយុទ្ធ និងក្រុមផ្សេងទៀត ត្រូវលោតឆត្រយោងពីលើយន្តហោះ ដើម្បីចូលច្បាំងលោមព័ទ្ធកម្ទេចបន្ទាយអាល្លឺម៉ង់ណាហ្ស៊ី។ នាយករដ្ឋមន្ត្រីបារាំង ហ្កាប៊្រីយែល អាតតាល់ រំឭកពីវីរភាពរបស់កងទ័ពរំដោះជំនាន់នោះ ថា មានកងទ័ពចម្រុះច្រើនជាតិសាសន៍ មានទាហានអាមេរិក អង់គ្លេស កាណាដា អូស្ត្រាលី ប៊ែលហ្ស៊ិក ដាណឺម៉ាក់ ហូឡង់ ន័រវែស្ស ប៉ូឡូញ និងប្រទេសជាមិត្តច្រើនទៀតទៀត។ ថ្នាក់ដឹកនាំបារាំងថា យុទ្ធជនទាំងនោះ ខ្លះ ប្រយុទ្ធមិនមែនដើម្បីប្រទេសកំណើតរបស់ពួកគេទេ ប៉ុន្តែ ពួកគេប្រកៀកស្មាគ្នាតស៊ូប្រយុទ្ធ ដើម្បីឧត្តមគតិរួមមួយ និងប្រយុទ្ធដើម្បីសេរីភាព។
កាលនោះ កងទ័ពទាហានសម្ព័ន្ធមិត្ត ចំនួនជាង ១៣ ០០០ នាក់ត្រូវពលីបាត់បង់ជីវិត នៅសមរភូមិខេត្តណរម៉ង់ឌី។ ថ្ងៃទី៦មិថុនាឆ្នាំនេះ នៅឆ្នេរ Omaha Beach និងឆ្នេរផ្សេងៗទៀត ក្នុងខេត្តណរម៉ង់ឌី ប្រទេសបារាំង មានទាហានសម្ព័ន្ធមិត្តជាច្រើនក្រុម រៀបចំក្បួនរំឭកខួប និងដាក់ទង់ជាតិតែរៀងៗខ្លួន។ អតីតយុទ្ធជន ចាស់ៗជរា អាយុសុទ្ធតែប្រមាណ១០០ឆ្នាំ ត្រូវគេអញ្ជើញមកចូលរួមពិធីរំឭកខួបឆ្នាំនេះ។ ក្នុងនោះ មានអតីតយុទ្ធជនអាមេរិកនិងអង់គ្លេស ប្រមាណ ២០០ នាក់។
ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល ប្រមាណ ៣០ ប្រទេសចូលរួម តួយ៉ាង ប្រធានាធិបតីអាមេរិក ចូ បៃដិន និងភរិយា អញ្ជើញមកដល់បារាំង តាំងពីល្ងាច ថ្ងៃទី៥មិថុនា។ ថ្ងៃទី៥មិថុនា ប្រទេសអង់គ្លេសបានប្រារព្ធខួបម្តងហើយ។ ថ្នាក់ដឹកនាំអង់គ្លេស ព្រះមហាក្សត្រ ឆាលស៍ ទី៣ និងរាជបុត្រ វីល្លៀម ព្រមទាំងនាយករដ្ឋមន្ត្រី រីស៊ី ស៊ូណាក់ បន្តមកប្រារព្ធរំឭកខួបថែមទៀត នៅបារាំង ដើម្បីរំឭកដឹងគុណដ៏ជ្រាលជ្រៅចំពោះយុទ្ធជនដែលបានពលីកម្ម។
ភ្ញៀវសំខាន់ៗផ្សេងទៀត មាន អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍ នាយករដ្ឋមន្ត្រីដាណាដា លោក ហ្សូសស្តាំង ទ្រុយដូ និង ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ។ល។ ចំពោះមុខអតីតយុទ្ធជននិងភ្ញៀវបរទេស ប្រធានាធិបតីបារាំង បានបំពាក់មេដាយកិត្តិយសថ្នាក់ជាតិបារាំង Chevalier de la Légion d’honneur ចំពោះយុទ្ធជន១១នាក់។ លោក ម៉ាក្រុង ក៏បានរំឭកគុណអតីតយុវជនស្លាប់ទៅហើយនិងនៅរស់រាននៅឡើយ ដោយថ្លែងថា ពួកគេបានលះបង់អ្វីៗគ្រប់យ៉ាង និងប្រឈមមុខនឹងគ្រោះថ្នាក់គ្រប់ជំពូក ដើម្បីឯករាជ្យនិងសេរីភាពរបស់យើងនៅថ្ងៃនេះ។ វីរភាពនេះ ដិតជាប់ក្នុងដួងចិត្តយើងជានិច្ច មិនអាចបំភ្លេចបាន។
នៅឆ្នេរខេត្តណរម៉ង់ឌី វត្តមានថ្នាក់ដឹកនាំសំខាន់ៗជាច្រើនប្រទេសអញ្ជើញមកចូលរួម ហើយនិងរៀបចំកម្មវិធីនៅឆ្នេរផ្សេងៗគ្នាដែលធ្លាប់មានទ័ពរបស់ខ្លួនឈរជើងនៅជំនាន់នោះ។ ក៏ប៉ុន្តែ គ្មានវត្តមានរបស់ថ្នាក់ដឹកនាំរុស្ស៊ីទេ។
៨ទសវត្សរ៍មុន ទន្ទឹមនឹងកងទ័ពសម្ព័ន្ធមិត្តបច្ចិមលោក បើកការវាយស្រុកបំបែកបន្ទាយអាល្លឺម៉ង់នៅស្រុកបារាំង, កងទ័ពសហភាពសូវៀត ក៏សម្រុកប្រយុទ្ធចូលពួតដៃគ្នាផ្តួលរំលំកម្ចាត់របបផ្តាច់ការណាស៊ី។ សូម្បីតែ លលាដ៏ក្បាលរបស់មេផ្តាច់ការ ហ៊ីត្លែ នៅរក្សាទុកនៅរុស្ស៊ី រហូតមកដល់សព្វថ្ងៃ។ ដូច្នេះ ពីជំនាន់នោះ ការរំដោះអឺរ៉ុប ចេញពីកណ្តាប់ដៃរបបណាហ្ស៊ីអាល្លឺម៉ង់ គេមិនអាចនឹងបំភ្លេចតួនាទីចូលរួមដ៏សកម្មរបស់ កងទ័ពសហភាពសូវៀត បានឡើយ។
កាលពី១០ឆ្នាំមុខ ក្នុងពិធីរំឭកខួប៧០ឆ្នាំ នៃការវាយរំដោះនេះ គឺឆ្នាំ២០១២ បារាំងបានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ឲ្យមកចូលរួម។ បើទោះបីជាគ្រានោះ រុស្ស៊ីបានលេបត្របាក់យកដែនដីគ្រីមេ ដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួនក្តី ក៏អតីតថ្នាក់ដឹកនាំបារាំង លោក ហ្វ្រង់ស័រ ហូឡង់ និងអតីតអធិការបតីអាល្លឺម៉ង លោកស្រី អង់ហ្គេឡា មែរគែល...
Duration:00:05:43
វត្តមាននាវាចិននៅកំពង់ផែរាមកម្ពុជាជាង៤ខែ កំពុងបង្កើនភាពតានតឹងរវាងកម្ពុជា អាមេរិក?
5/6/2024
នាវាចម្បាំងចិនចំនួន២គ្រឿងកំពុងបន្តមានវត្តមាននៅទឹកដីកំពង់ផែរាមកម្ពុជា។ ព្រឹត្តិការណ៍មួយនេះត្រូវបានអាមេរិកដាក់ក្តីសង្ស័យពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា។ គួរបញ្ជាក់ថា រូបភាពពីប្រព័ន្ធផ្កាយរណបរបស់វិទ្យាស្ថានស្រាវជ្រាវអាមេរិកបានបង្ហាញឲ្យឃើញនូវនាវាចម្បាំងចិនចំនួន២គ្រឿងដែលមានវត្តមាននៅកំពង់ផែរាមកម្ពុជាតាំងពីអំឡុងខែធ្នូ ឆ្នាំ ២០២៣។ អ្នកតាមដានបញ្ហាភូមិសាស្ត្រនយោបាយបានបង្ហាញក្តីកង្វល់ និងយល់ថា រដ្ឋាភិបាលកម្ពុជាត្រូវតែបន្តមានជំហរតម្លាភាពទាក់ទងនឹងកំពង់ផែរាម។
Duration:00:13:18