Focus on the world-logo

Focus on the world

RFI

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។

Location:

Paris, France

Networks:

RFI

Description:

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។

Language:

Khmer


Episodes
Ask host to enable sharing for playback control

សង្រ្គាមហ្កាហ្សា៖ កាតាជា​តួអង្គមិនអាចខ្វះបាន នៅក្នុង​ការចរចា​បទឈប់បាញ់ និង​ដោះដូរ​ចំណាប់ខ្មាំង

2/27/2024
ប្រមុខរដ្ឋកាតា អេមៀ តាមីម បិន ហាម៉ាដ អាល់ ថានី​ផ្តើមទស្សនកិច្ច​ផ្លូវរដ្ឋ រយៈពេល​២​ថ្ងៃ នៅ​ប្រទេស​បារាំង។ ក្រៅតែពីជំរុញ​ទំនាក់ទំនង​បារាំង និងកាតា ដែលជា​ប្រទេស​មហា​សេដ្ឋីប្រេង ទស្សនកិច្ច​ជាលើកទី១​របស់​ព្រះចៅកាតា នៅ​ទីក្រុង​ប៉ារីស នឹង​ផ្តោតសំខាន់​លើ​ការចរចា​បទឈប់បាញ់ និង​ការដោះលែង​ចំណាប់ខ្មាំង។ ខណៈដែលនាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ត្រៀមលក្ខណៈ​វាយប្រហារ​ជើងគោក​ចូល​ទីក្រុង​រ៉ាហ្វា ដែលជា​ជំរកចុងក្រោយ​របស់​ប្រជាជន​ប៉ាឡេស្ទីន នៅ​ហ្កាហ្សា បារាំង អេហ្ស៊ីប និងអាមេរិក​ងាកទៅ​ជំនួយ​ពីកាតា ដែលជាអន្តរការី ធ្លាប់ដើរតួសំខាន់ នៅ​ក្នុង​ការចរចា​ឲ្យមានការផ្អាកបាញ់ នៅហ្កាហ្សា ជាថ្នូរនឹង​ការដោះលែង​ចំណាប់ខ្មាំងជាង ១០០នាក់​ កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំមុន។ ហេតុអ្វីបានជា​កាតា​ជាតួអង្គមិនអាច​ខ្វះបាន នៅក្នុងការចរចា​ស្តីការដោះដូរ​ចំណាប់ខ្មាំង ឬបទឈប់បាញ់​នៅ ហ្កាហ្សា? នៅប៉ុន្មានថ្ងៃ​មកនេះ យុទ្ធនាការចរចាដើម្បី​ជំរុញ​ឲ្យ​មាន​បទឈប់បាញ់​នៅហ្កាហ្សា ជាថ្នូរ​នឹង​ការដោះលែង​ចំណាប់ខ្មាំង​អ៊ីស្រាអែល មាន​កាន់​តែ​ច្រើន ជាពិសេស នៅចំពោះមុខ​វិបត្តិមនុស្សធម៌​ដ៏អាក្រក់ក្រៃលែងនៅហ្កាហ្សា និងការគំរាម​របស់​នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ដើម្បី​បើកសមរភូមិជើងគោកសម្រុកចូលក្រុង​រ៉ាហ្វា ដែលជា​ជំរកចុងក្រោយ​របស់​ប្រជាជន​ប៉ាឡេស្ទីន។ នៅចំពោះមុខស្ថានការណ៍បន្ទាន់ ​ប្រធានាធិបតីអាមេរិក លោក​ចូ បៃដិន​ប្រកាសនៅថ្ងៃចន្ទថា អ៊ីស្រាអែល​យល់ព្រម​បទឈប់បាញ់នៅហ្កាហ្សា ​នៅអំឡុងបុណ្យតមអាហារ​របស់​អ្នកកាន់សាសនាអ៊ីស្លាម។ មួយថ្ងៃក្រោយ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​កាតា​វិញបាន​និយាយ​ថា កាតា​សង្ឃឹម​ ជំរុញ​ឲ្យមានបទឈប់បាញ់ឲ្យបាន ​នៅមុន​ពិធីបុណ្យតមអាហារ ឬ រ៉ាម៉ាដង់ ដែលត្រូវចាប់ផ្តើម​នៅថ្ងៃទី​១១​មីនាខាងមុខ។ កាតាមិនទាន់ប្រាកដក្នុងចិត្ត​ថា​នឹងអាច​មានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ ព្រោះថា អ្វីៗ​អាច​ប្រែប្រួលគ្រប់ពេលវេលាទៅតាម​ការសម្រេចចិត្តរបស់ភាគីជម្លោះជាពិសេស អ៊ីស្រាអែល ដែលធ្លាប់​ប្តេជ្ញាចិត្ត​បិទផ្លូវ លែងចរចាជាមួយក្រុមហាម៉ាស។ ក្រុមហាម៉ាសផ្ទាល់ដែលជា​ភាគីជម្លោះ​នៅក្នុង​សង្រ្គាមហ្កាហ្សា​ក៏បាន​ពន្លយ​ដែរថា ការដោះលែង ឬ​មិន​ដោះលែងចំណាប់ខ្មាំង អាស្រ័យទៅលើលទ្ធផលចរចា​នៅទីក្រុង​ប៉ារីស។ ក្រុមហាម៉ាស​ចង់សំដៅ​ដល់​វត្តមាន​របស់​អេមៀររបស់កាតា លោកតាមីម បិន ហាម៉ាដ អាល់ ថានី នៅទីក្រុង​ប៉ារីស ជាទីដែល​ប្រមុខរដ្ឋ​របស់​មហាសេដ្ឋីប្រេងមួយនេះ​ត្រូវ​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតីបារាំងស្តីពីការដោះដូរចំណាប់ខ្មាំង។ ការដោះដូរចំណាប់ខ្មាំង​ជា​បញ្ហាអាទិភាព​សម្រាប់បារាំង ដែលមានជនជាតិ​របស់ខ្លួន​៣នាក់កំពុងជាប់ក្នុងដៃ​របស់​ក្រុមហាម៉ាស។ ជាមួយអាមេរិក អេហ្ស៊ីប​ និង​បារាំង កាតា​បានដើរតួជាអន្តរការីដ៏សំខាន់នៅក្នុងការចរចា​រវាងភាគីជម្លោះអ៊ីស្រាអែល និង​ក្រុមហាម៉ាស​ប៉ាឡេស្ទីន។ គិតចាប់តាំងពី​ផ្ទុះសង្រ្គាម​ហ្កាហ្សា កាលពី​ដើម​ខែ​តុលា កាតា​ធ្លាប់​បង្ហាញ​ស្នាដៃ​ដែលគេ​មិនអាច​មិនកោតសរសើរបាន នោះ​គឺការ​ជួយសម្របសម្រួល បញ្ចុះបញ្ចូល​រហូតដល់​មាន​បទឈប់បាញ់មនុស្សធម៌នៅ​ហ្កាហ្សា និង​​ឈានទៅដល់​ការដោះលែង​ចំណាប់ខ្មាំង​ប្រមាណ​១០០នាក់ ដែល​ក្រុមហាម៉ាស​ចាប់អូសយកទៅ​លាក់​ទុកនៅហ្កាហ្សា​នៅ​ថ្ងៃ​ធ្វើភេរវកម្ម​ ៧តុលា។ ជោគជ័យ​របស់​កាតា​ក្នុងនាមជា​អន្តរការី​នៅក្នុង​ការចរចារវាង​ភាគីជម្លោះអ៊ីស្រាអែល និង​ក្រុមហាម៉ាស​បាន​រំលេច​ឲ្យឃើញពីភាពប៉ិនប្រសប់​នយោបាយការទូត​របស់​ប្រទេសកូនរដ្ឋ​ដ៏តូចមួយនេះ​នៅ​ឈូងសមុទ្រ​ពែរ្ស៍។ ជា​មហាសេដ្ឋីឧស្ម័ន​ធម្មជាតិ លំដាប់លេខ៣ នៅក្នុងពិភពលោក កាតាចេះប្រកាន់ជំហរពិសេស​ នោះគឺចុះសម្រុងជាមួយគ្រប់គ្នា។ នៅដៃម្ខាង កាតាចាប់ដៃល្អូកល្អឺនជាមួយ​មហាអំណាច​លោកខាងលិច ប៉ុន្តែ នៅដៃម្ខាងទៀត កាតានៅតែ​ចាប់ក្រសោប​ រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមជ្រុលនិយម ដូចជា​ក្រុមប្រដាប់អាវុធហាម៉ាស ឬអ៊ីរ៉ង់ដែលជារដ្ឋ​សំអប់របស់​សម្ព័ន្ធមិត្តអាមេរិក​របស់កាតា។ សម្រាប់អ្នកជំនាញ នៅក្នុង​ការចរចា​ស្តីពីវិបត្តិនៅហ្កាហ្សា កាតា​មាន​សមត្ថភាពពិសេស​ដែលគ្មានអន្តរការីណា​មានដូចខ្លួន។ កាតា​ផ្តល់ទីតាំងសម្រាប់ឲ្យក្រុមហាម៉ាសមានទីស្នាក់ការផ្លូវការរបស់ខ្លួននៅទីក្រុង​ដូហា ក្រោមភ្លើងខៀវរបស់អាមេរិកដែលចង់មានខ្សែទាក់ទងចរចាជាមួយក្រុមនេះម្តងម្កាល។ តាមមន្រ្តីកាតា ការិយាល័យនយោបាយរបស់ក្រុមហាម៉ាស​នៅ ទីក្រុង​ដូហា ធ្លាប់​ទាក់ទង​ជាមួយរដ្ឋបាលអាមេរិកជាច្រើនដើម្បីធានា​ស្ថានភាពនៅហ្កាហ្សា និង​នៅអ៊ីស្រាអែល។ ម្យ៉ាង ដោយសារ​តែកាតាជាអ្នកឧបត្ថម្ភយ៉ាងទៀងទាត់​ទឹកប្រាក់​៣០លាន​ដុល្លារសម្រាប់​បើកប្រាក់ខែ​ឲ្យ​មន្រ្តីហាម៉ាស​នៅហ្កាហ្សា​ជាង ១០ឆ្នាំមកនេះ ចង់ឬមិនចង់កាតា ដែលជាអ្នកចិញ្ចឹមចលនាហាម៉ាសនៅហ្កាហ្សា មានទំនាក់ទំនងពិសេស មាន​ទឹកមាត់ប្រៃ​នៅក្នុងរឿងចរចា​​ជំរុញឲ្យក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំង។ ដោយសារតែកាតាមានទំនាក់ទំនង និងឧបត្ថម្ភក្រុមប្រដាប់អាវុធហាម៉ាសដែលអាមេរិកចាត់ចូលក្នុងបញ្ជីភេរវនិយម និងមានទំនាក់ទំនងល្អជាមួយអ៊ីរ៉ង់ដែលជា​សត្រូវស៊ូពូជរបស់ អាមេរិក និងអ៊ីស្រាអែល...

Duration:00:07:17

Ask host to enable sharing for playback control

មានស៊ុយអែតជាសមាជិកមួយទៀត​ តើតំបន់សមុទ្របាល់ទិក នឹងក្លាយជា “បឹង​របស់អូតង់”?

2/26/2024
កាលពីថ្ងៃចន្ទ ទី២៦កុម្ភៈ សភាហុងគ្រីបានបោះឆ្នោតយល់ព្រម ឲ្យ​ប្រទេសស៊ុយអែត ក្លាយ​ជាសមាជិក​ថ្មី​នៃអង្គការសម្ព័ន្ធមិត្តអូតង់។ វត្តមាន​របស់ស៊ុយអែត ក្នុងនាមជា​សមាជិក​ទី​៣២របស់អូតង់​នេះ នឹង​ហុចអត្ថប្រយោជន៍​​​ជាច្រើន ដល់សមត្ថភាព​ការពារ របស់​អូតង់នៅក្នុងតំបន់សមុទ្រ​​បាល់ទិក ទល់នឹងការគំរាមរបស់រុស្ស៊ី។ ចាប់ពីថ្ងៃនេះទៅ ប្រទេសទាំងអស់​នៅ​ជុំវិញ​សមុទ្រ​បាល់ទិក លើកលែងតែរុស្ស៊ីមួយ គឺសុទ្ធតែជា​សមាជិក​អូតង់។​ តើមានន័យថា ចាប់ពីពេលនេះទៅ តំបន់សមុទ្របាល់ទិកនឹងក្លាយ ប្រៀបបីដូច​​​ជាបឹងមួយ ស្ថិតក្រោមការគ្រប់គ្រងរបស់អូតង់ ឬមួយក៏រុស្ស៊ីនៅតែអាច​ មានលទ្ធភាព​​គំរាម​បាន​? ជាមួយនឹង​​​ការចូលជាសមាជិក ពីសំណាក់ហ្វាំងឡង់​កាលពីឆ្នាំមុន និង​​ពេល​នេះ​ថែម​​ស៊ុយអែតមួយទៀត មានន័យថា ប្រទេសទាំងអស់​ដែល​នៅព័ទ្ធសងខាងសមុទ្របាល់ទិក លើកលែងតែរុស្ស៊ីមួយ គឺសុទ្ធតែ​​ជាសមាជិក​របស់អង្គការសម្ព័ន្ធមិត្ត​អូតង់។ អ្នកវិភាគខ្លះ បានសំឡឹងឃើញថា ចាប់ពីពេលនេះទៅ សមុទ្របាល់ទិក ប្រៀបបីដូចជា​ បឹងមួយរបស់អូតង់ ដែល​អង្គការសម្ព័ន្ធមិត្តនេះ អាចមានលទ្ធភាព​ធំ ក្នុង​ការ​ត្រួតត្រា រារាំង​​ទៅលើចរាចរណ៍​របស់នាវា​​ចម្បាំង​រុស្ស៊ី​​​ ក្នុងករណី​មាន​បញ្ហាវិវាទណាមួយ​កើតឡើង​។​ តែទន្ទឹមគ្នា​នេះ អ្នកវិភាគខ្លះ បាន​រំឭកថា មិនត្រូវប្រមើលមើលនិងវិភាគ ដោយសាមញ្ញបែបនេះ​ទេ ព្រោះថា​អ្វីៗអាចមិនស្រួល​​ដូចការគិត​។ ស៊ុយអែតចូលជាសមាជិកអូតង់ អាចធ្វើឲ្យអូតង់មានលទ្ធភាព​ការពារ​​បណ្តា​ប្រទេសបាល់ទិក​​បាន​​កាន់តែច្រើន​​ក៏ពិតមែន ក៏ប៉ុន្តែមិនមែនមានន័យថា ​រុស្ស៊ី​នឹងឈប់​ធ្វើសកម្មភាព​គំរាមតទៅទៀតនោះដែរ។ រុស្ស៊ី​នៅតែ​អាច​គំរាមមកលើសន្តិសុខតំបន់បាល់ទិក បានជានិច្ច តួយ៉ាងតាមរយៈការប្រើប្រាស់តំបន់ កាលី​នីនហ្ក្រាដ ដែលរុស្ស៊ីបានដាក់បញ្ឈរអាវុធ​យ៉ាងសន្ធឹកនៅទីនោះ។ លោកស្រី Minna Alander អ្នកស្រាវជ្រាវនៅ​វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ​​​ហ្វាំងឡង់ បាន​លើកឡើងថា បើយើងក្រឡេកមើលភូមិសាស្ត្រតំបន់​សមុទ្រ​បាល់ទិក គឺយើងអាចយល់ថា តំបន់​នេះ​នឹងក្លាយ​ជាបឹងមួយ ក្រោមការគ្រប់គ្រង​​​​របស់​​អូតង់​ផ្តាច់មុខ​។ តែធាតុពិត វាមិនស្រួល​ប៉ុន្មានទេ សម្រាប់អូតង់។ បើរាប់ចាប់​ពី​ថ្ងៃដែល​រុស្ស៊ី​ បានលើកទ័ពចូលទៅធ្វើសង្គ្រាមឈ្លានពាន​អ៊ុយក្រែន ថ្ងៃទី២៤កុម្ភៈ ២០២២​ គេបាន​សង្កេតឃើញ​នូវ ហេតុការណ៍ជាច្រើនករណី។ ជាក់ស្តែង ករណីផ្ទុះ​បំពង់បង្ហូរឧស្ម័ន ​នៅ​ក្រោម​បាតសមុទ្របាល់ទិក និង​ករណី​​ដាច់ខ្សែកាបអុបទិក បាតសមុទ្រជាដើម ដែលបញ្ជាក់ថាអូតង់មានចំណុចខ្សោយ ឬមានការខ្វះខាតក្នុងការ​គ្រប់គ្រងតំបន់​នេះ​។ កាលពីខែ​ កញ្ញា​ឆ្នាំ​២០២២ បំពង់បង្ហូរឧស្ម័ន​ Nord Stream ដែលភ្ជាប់ពីរុស្ស៊ីទៅ​កាន់អឺរ៉ុប ត្រូវបាន​ជនមិនស្គាល់​មុខ វាយ​ប្រហារ​ឲ្យ​ផ្ទុះ​បែកធ្លាយ។ ជាង​មួយឆ្នាំហើយ គេនៅរកមុខអ្នកធ្វើអំពើនេះ​ មិនទាន់​ឃើញផងទេ​។ ហើយ​កាលពីខែ​តុលាឆ្នាំ​២០២៣ បំពង់បង្ហូរឧស្ម័ន និង​ខ្សែកាបអុបទិកបាតសមុទ្រ ដែលតភ្ជាប់​រវាវ​ ហ្វាំង​ឡង់ ស៊ុយអែត និងអេស្តូនី ក៏បានរងការខូចខាតដែរ។ ផ្អែកតាមសមត្ថកិច្ចហ្វាំងឡង់ ករណី​ខូចខាតនេះ គឺដោយ​សារ​នាវាដឹកទំនិញមួយ របស់ចិន។​ ក្រោយករណី​គ្រោះថ្នាក់​ផ្ទួនៗនេះ អូតង់បាន​ព្យាយាម​បង្កើនសមត្ថភាព និង​មធ្យោបាយ​នាវា ដើម្បីធ្វើយ៉ាងណា តាមដានការពារសន្តិសុខ សុវត្ថិភាព ក្នុងតំបន់បាល់ទិកឲ្យ​ម៉ដ្ឋចត់ជាងមុន។ តែយ៉ាងណា ការ​​តាមដាន​សកម្ម​ភាព​នៅក្រោម​បាតសមុទ្រ វាមិនមែន​ជារឿងងាយនោះឡើយ​។ លោក​ Julian Pawlak អ្នក​ស្រាវជ្រាវម្នាក់​នៅសកលវិទ្យាល័យ​កងទ័ពអាល្លឺម៉ង់ បាន​លើកឡើងថា ករណីវាយ​ប្រហារ​នៅ​បំពង់បង្ហូរឧស្ម័ន​ Nord Stream បានបង្ហាញថា វាជារឿងលំបាក​ខ្លាំងណាស់ ក្នុង​ការតាមដានការពារសុវត្ថិភាពបាតសមុទ្រ​។ បើយើងក្រឡេកទៅមើលមួយ​ផ្នែកទៀត វត្តមានជាសមាជិកអូតង់ របស់ស៊ុយអែត គឺមិនត្រឹមតែនឹង​ផ្តល់ឆ្នេរឡោមព័ទ្ធសមុទ្របាល់ទិក​ប៉ុណ្ណោះទេ គឺអូតង់​អាចមាន​លទ្ធភាព​ឈរជើង ខិតមកក្នុងកណ្តាល​សមុទ្រតែម្តង តាមរយៈកោះ Gotland របស់ស៊ុយអែត។ កោះនេះ គឺជា​ទីតាំងយុទ្ធសាស្ត្រ​ជួរមុខ រវាង​ស៊ុយអែត និង​ឡេតូនី ហើយ​ប្រការនេះ នឹងអនុញ្ញាតឲ្យ​ អូតង់អាចបិទផ្លូវ​ឆ្លងកាត់ ឬរាំងខ្ទប់ត្រង់ចំនុចនេះតែម្តង​។ តែ​ទន្ទឹមនឹងនេះ រុស្ស៊ី នៅ​មិនទាន់អស់ក្រឡាដើរនោះទេ។ រុស្ស៊ីនៅមាន​មូលដ្ឋាន​យុទ្ធសាស្ត្រមួយ គឺតំបន់កាលីនីនហ្ក្រាដ។ តំបន់​ដែលស្ថិតនៅ​ចំងាយ​ជាង​១០០០គីឡូម៉ែត្រ ដាច់ពីទីក្រុងម៉ូស្គូ​នេះ គឺ​ជាទីតាំង​ជួរមុខ​លយចូលជ្រៅមកខាងអឺរ៉ុប សម្រាប់ឲ្យកងទ័ពរុស្ស៊ីអាចបើ​កប្រតិបត្តិការវាយប្រហារបាន​។ តំបន់កាលីនីនហ្ក្រាដ ដែល​ស្ថិតនៅចន្លោះ រវាងប៉ូឡូញ និង​លីទុយអានីនេះ គឺជាដែនដី​ដែល​មាន​វត្តមានយោធា និងគ្រឿងសព្វាវុធដ៏ច្រើនជាង​តំបន់ណាៗ ទាំងអស់ទូទាំងអឺរ៉ុប ក្នុងនោះរុស្ស៊ីបាន​ដាក់បញ្ឈរកម្លាំងប្រ​ព័ន្ធ​នុយក្លេអ៊ែរថែមទៀតផង​។ ផ្អែកតាម​លោក John Deni អ្នកស្រាវជ្រាវនៅ​សាលាសិកសង្គ្រាម​អាមេរិក គឺធាតុពិតទៅ បើនិយាយពី​នាវាចម្បាំងរបស់រុស្ស៊ី​ប្រចាំការនៅ​តំបន់​សមុទ្របាល់ទិក គឺ​តិចតួច និងចាស់ៗ​ណាស់ បើ​ប្រៀប​ធៀបទៅសម័យសង្គ្រាមត្រជាក់​។...

Duration:00:06:30

Ask host to enable sharing for playback control

អាឡិចសី ណាវ៉ាល់នី៖ ជីវិត​មួយ​ដែល​​បូជា​​ដើម្បី​យុត្តិធម៌ ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិសេរីភាព

2/16/2024
លោកអាឡិចសី ណាវ៉ាល់នី សកម្មជននយោបា​យ​រុស្ស៊ីដ៏ល្បីឈ្មោះ ដែល​ជាប់ពន្ធនាគារ​ជាង​៣ឆ្នាំមកហើយនោះ បានស្លាប់​នៅក្នុងពន្ធនាគារ​ នៅតំបន់អាកទិក​ភាគខាងជើងរុស្ស៊ី កាលពីថ្ងៃទី​១៦កុម្ភៈ​ម្សិលមិញ។ នេះបើផ្អែក​តាម​ការផ្សាយ​ របស់បណ្តាញព័ត៌មាន​ផ្លូវការរដ្ឋរុស្ស៊ី។ ក្រោយដំណឹងនៃការស្លាប់នេះ ប្រតិកម្ម​បានចេញមកជាបន្តបន្ទាប់ ពីបណ្តាថ្នាក់ដឹកនាំ​ប្រទេសលោកខាងលិច​ ដែល​បាន​លើកឡើងថា លោកពូទីន​ គឺជា​អ្នក​ទទួលខុសត្រូវតែម្នាក់គត់​ ​ចំពោះ​ការស្លាប់របស់​លោក​ណាវ៉ាល់នី​។ ស្លាប់​ក្នុងវ័យ​៤៧ឆ្នាំ លោកអាឡិចសី ណាវ៉ាល់នី បានបូជាជីវិត ដើម្បី​​ប្រយុទ្ធប្រឆាំងនឹង​អំពើពុករលួយ​ ដើម្បី​​ទាមទារលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពនៅរុស្ស៊ី​ ដែលស្ថិតក្នុងគំនៀប​ដឹកនាំផ្តាច់ការ​​​ របស់​លោកពូទីន​។ លោកអាឡិចសី ណាវ៉ាល់នី ដែលគេស្គាល់ថាគឺជាសត្រូវលេខរៀងទី១របស់​លោកពូទីន បានស្លាប់​ហើយ នៅថ្ងៃទី​១៦​កុម្ភៈ ក្នុងជន្មាយុ​៤៧ឆ្នាំ​។ បណ្តាញព័ត៌មានផ្លូវការរដ្ឋរុស្ស៊ី បានចុះផ្សាយ​លិខិតប្រកាសយ៉ាង​ខ្លីមួយ របស់​នាយកដ្ឋានពន្ធនាគារ​រុស្ស៊ី ប្រចាំតំបន់ Iamal ដែលស្ថិតនៅតំបន់អាកទិក ជាទី​ដែល​លោក​ណាវ៉ាល់នី ត្រូវគេបញ្ជូន​យកទៅ​ឃុំទុក កាលពី​ចុងឆ្នាំ​២០២៣។ ​លិខិតនេះបាន​សរសេរ​ថា​ ទណ្ឌិតឈ្មោះណាវ៉ាល់នី បានដួលសន្លប់បាត់ស្មារតី នៅក្នុងមន្ទីរឃុំឃាំង​លេខ​៣ បន្ទាប់ពីបានចេញដើរ​ក្នុងបរិវេណខាងក្រៅ​បន្ទប់ឃុំឃាំង​។ ក្រុមគ្រូពេទ្យ​ប្រចាំពន្ធនាគារបានព្យាយាម​សង្រ្គោះ បន្ទាប់​មក​ក្រុមគ្រូពេទ្យ​សង្គ្រោះបន្ទាន់​ ដែល​មកពីមន្ទីរពេទ្យ​នៅក្បែរនោះ ក៏បានព្យាយាមជួយ​រយៈពេលប្រមាណ​៣០នាទី តែមិនអាចជួយបាន​។ អាជ្ញាធររុស្ស៊ីបញ្ជាក់ថា គេកំពុងពិនិត្យ​លំអិត ដើម្បីដឹងច្បាស់អំពីមូលហេតុពិតប្រាកដបណ្តាល​ឲ្យស្លាប់ទណ្ឌិតឈ្មោះ ណាវ៉ាល់នី​។ តើជារឿងចៃដន្យឬយ៉ាងណា!​ សត្រូវរបស់​លោកពូទីន មានអាយុមិនសូវវែងទេ។ បើមិនត្រូវជនមិនស្គាល់មុខបាញ់សម្លាប់​កណ្តាលក្រុងម៉ូស្គូ ដូចលោក Boris Nemtsov កាលពីខែកុម្ភៈឆ្នាំឆ្នាំ​២០១៥ ក៏​ស្លាប់ដោយធ្លាក់យន្តហោះ​ដូចមេក្លោងក្រុម​Wagner ឈ្មោះ​ Evgueni Prigojine កាលពីខែ​សីហា​ឆ្នាំ​មុនដែរ​។ តើលោកអាឡិចសី ណាវ៉ាល់នី ស្លាប់​ដោយ​សារអ្វី? ដោយសារបញ្ហាសុខភាពចុះទ្រុឌទ្រោមខ្លាំង ឬដោយសារ​គេសម្លាប់​? បង្ហាញមុខតាមវីដេអូ ក្នុង​សវនាការច្រើ​នដង ប៉ុន្មានខែចុងក្រោយនេះ គេ​​ឃើញ​លោកអាឡិចសី ណាវ៉ាល់នី មានរូបរាង្គចុះស្គម​ ស្លេកស្លាំង និងហាក់មានវ័យចាស់ទ្រុឌទ្រោមខ្លាំង​ជាងអាយុ។ ដោយឡែក ផ្អែកតាម​លោក Leonid Soloviev ជំនួយការស្និទ្ធម្នាក់របស់​លោកណាវ៉ាល់នី ដែលបានទៅជួបលោក​នៅឯមន្ទីរឃុំឃាំង កាលពីថ្ងៃពុធទី​១៤កុម្ភៈ បានអះអាងថា លោកណាវ៉ាល់នី ហាក់ដូចជាមាន​សុខភាពធម្មតា មិនមានអ្វីគួរឲ្យកត់សំគាល់ឬបារម្ភឡើយ​។​ យ៉ាងណាក៏ដោយ ប្រតិកម្ម​ពីបណ្តាប្រទេសលោកខាងលិច បាន​ទំលាក់ការស្លាប់​របស់​លោក អាឡិចសី ណាវ៉ាល់នី ថាជា​ការទទួលខុសត្រូវរបស់​លោកពូទីនតែមួយគត់។ ​លោកប្រមុខការទូតអាមេរិក អង់តូនី ប្លិងកិន ​បាន​លើកឡើងថា របបរុស្ស៊ី​ដឹកនាំដោយពូទីន គឺជាអ្នកទទួលខុសត្រូវតែមួយគត់​ ​ចំពោះស្ថានភាព​ដែល​នាំឲ្យដល់សេចក្តី​ស្លាប់ របស់​លោក​អាឡិចសី ណាវ៉ាល់នី​។ លោកប្រធានាធិបតីម៉ាក្រុងវិញ បាន​លើកឡើងថា របបដឹកនាំផ្តាច់ការរុស្ស៊ីដឹកនាំដោយពូទីន បានចាប់​បង្ឃាំង​​សំឡេងប្រឆាំងតវ៉ា យកទៅដាក់ឃុំរហូតទាល់តែដល់សេចក្តីស្លាប់។ លោកនាយករដ្ឋមន្ត្រីកាណាដា យូស្តាំង ទ្រុយដូ បានចាត់ទុក លោកពូទីន ថាជា “បិសាចនរក” ដែលប្រហារដោយ​មិនរើសមុខ នូវ​រាល់សំឡេង​ប្រឆាំងតវ៉ាដើម្បីសិទ្ធិ​សេរីភាព។ លោកស្រី Ioulia Navalnaïa ភរិយារបស់​លោកណាវ៉ាល់នី ដែលបច្ចុប្បន្ន​ភៀសខ្លួននៅអាល្លឺម៉ង់ បាន​អះអាងថា ពូទីនត្រូវតែទទួលទោសឲ្យសក្តិសម​នឹង​ភាពសាហាវព្រៃផ្សៃ ដែល​បានធ្វើទៅ​លើស្វាមីលោកស្រី​។​ គួរកត់សំគាល់ថា ដំណឹងមរណភាពរបស់​សកម្មជននយោបាយប្រឆាំងរុស្ស៊ី​ដ៏ល្បីឈ្មោះនេះ បាន​បង្ករ​ឲ្យ​មាន​ការតក់ស្លុតរំជួលចិត្តជាខ្លាំង ពីសំណាក់ថ្នាក់ដឹកនាំ​ប្រទេស​លោកខាងលិច ដែលសុទ្ធតែបានលើកឡើង អំពីភាពក្លាហាននិងទឹកចិត្តមោះមុត របស់​លោកណាវ៉ាល់នី​​។​ លោកCharles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានលើកឡើងថា​ អាឡិចសី ណាវ៉ាល់នី បាន​ប្រើអស់ទាំងកម្លាំងកាយ​កម្លាំងចិត្ត នៅក្នុង​ការតស៊ូ​ប្រយុទ្ធប្រឆាំង ដើម្បី​ការពារតម្លៃនៃសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។ ដើម្បី​តម្លៃមនសិការទាំងនេះ គឺលោក​បាន​បូជាជីវិត រហូតដល់​សេចក្តី​ស្លាប់​នាពេលនេះ​។ សូមរំលឹកថា លោកអាឡិចសី ណាវ៉ាល់នី គឺជាអតីតមេធាវី មានទំនោរនយោបាយជាតិនិយម។ លោក​បានចាប់ផ្តើម​​​​សរសេរ​ទំព័រBlog បង្ហាញអំពីការស៊ើបអង្កេតស៊ីជម្រៅ​ ទាក់ទិន​​អំពើពុករលួយរបស់​​​ក្រុមអ្នកមានអំណាច​នៅរុស្ស៊ី​។ បន្តិចម្តងៗ លោក​បានក្លាយ​ជាសកម្មជននយោបាយ ដែលហ៊ានរិះ​គន់ខ្លាំងដៃជាងគេ ទៅលើរបបដឹកនាំរុស្ស៊ី​និង​លោកពូទីន។ នៅរវាងឆ្នាំ​២០១១ ២០១២​ ក្នុងចលនា​បាតុកម្ម​ប្រឆាំងលទ្ធផលបោះឆ្នោតនៅរុស្ស៊ី មហាជនបានស្គាល់ និង​បានស្តាប់​វោហារសាសន៍​របស់​លោកណាវ៉ាល់នី ដែល​បានស្រែក​ហៅ​ឈ្មោះ គណបក្ស​របស់​លោក​ពូទីន ថាជា...

Duration:00:07:02

Ask host to enable sharing for playback control

ចិន៖ ប្រតិបត្តិការ​បង្ក្រាបអំពើពុករលួយ វាយសង្គ្រុប​វិស័យ​ហិរញ្ញវត្ថុ​ ដែលកំពុងខ្សោយរួចទៅហើយ

1/25/2024
នៅចិន បន្ទាប់ពី​លោក​ស៊ី ជីនពីង បានបើកប្រតិបត្តិ​ការ​បោសសំអាតអំពើពុករលួយ នៅក្នុងជួរមន្ត្រីបក្ស​​កុម្មុយនិស្ត ពេលនេះ គឺដល់វេនវិស័យធនាគារ ​ហិរញ្ញវត្ថុម្តង ដែលកំពុងតែប្រឈមខ្លាំង​។ គិតចាប់ពីដើម​ឆ្នាំ​២០២៤​នេះ​មក ថ្នាក់ដឹកនាំក្នុង​វិស័យ​ធនាគារ និង​​ហិរញ្ញវត្ថុ​​ចិន​ជាច្រើននាក់ ត្រូវបានគេចាប់ខ្លួន ដោយចោទ​ពីបទប្រព្រឹត្តិអំពើរលួយ។​ បញ្ហានេះ បានមកបន្ថែមធ្វើ​ឲ្យ​បរិយាកាស កាន់តែភ័យ​បារម្ភ ខណៈវិស័យហិរញ្ញវត្ថុ​ចិនពេលនេះ កំពុងជួបវិបត្តិទន់ខ្សោយរួចទៅហើយ​។​ ចាប់តាំងពីឡើងកាន់អំណាចមក លោកស៊ី ជីនពីង បានយកការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ជាអាទិភាព។ អំពើពុករលួយ ដែលចាក់ឫសយ៉ាងជ្រៅ មិនថាក្នុងស្ថាប័នរដ្ឋបាលសាធារណៈ និងនៅតាមសហគ្រាសរដ្ឋ​។ ផ្អែកតាមការចុះ​ផ្សាយ​របស់កាសែត Global Times នៅឆ្នាំ​២០២២ យ៉ាងហោចណាស់ មានមនុស្ស​៤លាន​៨សែននាក់ ដែលត្រូវ​បានគេផ្តន្ទាទោស ពីបទប្រព្រឹត្តិអំពើពុករលួយនៅចិន​។ បន្ថែមពីនេះទៀត ចំនួន​នីតិវិធីស៊ើបអង្កេត ដែលគេបានធ្វើទៅលើមន្ត្រី​រដ្ឋការ​ធំៗ បានកើនឡើង ៤០% ក្នុងឆ្នាំ​២០២៣ បើប្រៀបធៀបទៅឆ្នាំ​២០២២។ នេះបើផ្អែកតាមការចុះផ្សាយ របស់កាសែតហុងកុង South China Morning Post។ ហើយ​ថ្មីៗនេះ លោក​ប្រធានាធិបតីចិន​ស៊ី ជីនពីង បានប្រកាសថារដ្ឋាភិបាល​លោក នឹងប្រឹងប្រែងបោសសំអាតអំពើពុករលួយស៊ីសំណូក នៅ​ក្នុង​វិស័យហិរញ្ញវត្ថ ធនាគារ និងនៅតាម​ក្រុមហ៊ុន​សហគ្រាស​រដ្ឋចិន​។​ គួរកត់សំគាល់ថា ចាប់តាំងពីក្រោយ​វិបត្តិកូវីដ​១៩មក គឺសេដ្ឋកិច្ចចិនបានជួបបញ្ហាជាបន្តបន្ទាប់។ វិស័យ​ធនាគារហិរញ្ញវត្ថុចុះទន់ខ្សោយ​ខ្លាំង វិបត្តិក្នុងវិស័យអចលនទ្រព្យ បំណុលសាធារណៈឡើងប៉ោង ចំណែក​ការចំណាយ​វាយវាយ​​របស់ប្រជាជន ក៏កាន់តែ​ចុះថយ ដែលធ្វើ​ឲ្យសេដ្ឋកិច្ចនៅទ្រឹង​។​ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ វាគឺជារឿងត្រឹមត្រូវណាស់។ ក៏ប៉ុន្តែនៅចិន តម្លាភាពនៅក្នុងនីតិវិធីនីមួយៗ វា​ពុំមានឡើយ។ ហេតុផលនយោបាយ អាចនៅពីក្រោយ​ពាក្យ​ស្លោក “ប្រយុទ្ធនឹងអំពើពុករលួយ​” ក៏ថាបាន​។ លោក Alex Payette អគ្គនាយក​ ការិយ​ល័យប្រឹក្សាយោបល់​ Celsius Group នៅកាណាដា បាន​លើកឡើងថា ធាតុពិត​ទៅ រឿងស្ថិរភាពសេដ្ឋកិច្ច គឺវាមិនមែនជា​អាទិភាពធំរបស់​លោក​ ស៊ី ជីនពីងប៉ុន្មានទេ​។ ​បើទោះបីជាបក្សកុម្មុយនិស្តចិន ផ្អែកខ្លាំង​លើ​កត្តាសេដ្ឋកិច្ច ដើម្បី​បំបិតមាត់​ប្រជាជនចិនឲ្យសំងំនៅស្ងៀមកុំតវ៉ា តែលោកស៊ី ជីនពីង ចង់សង្កត់ផ្នែកខ្លះនៃសេដ្ឋកិច្ចឲ្យជាប់ កុំឲ្យ​របូតពី​កណ្តាប់អំណាចរបស់​បក្ស​។ សូមបញ្ជាក់ថា កាលពីដើមខែមករានេះ លោកស៊ី ជីនពីងបានអំពាវនាវ ឲ្យ​មន្ត្រីចិនគ្រប់ជាន់ថ្នាក់ ត្រូវតែប្រឹងប្រែងឲ្យ​បានទ្វេដង ដើម្បី​ប្រយុទ្ធប្រឆាំងនឹង​អំពើពុករលួយ ក្នុងវិស័យធនាគារហិរញ្ញវត្ថុ​។ អ្នកដែលគាំទ្រ​ លោកស៊ី ជីនពីង បាន​អះអាងថា ប្រតិបត្តិការនេះចាំបាច់ណាស់ ព្រោះវានឹង​ធ្វើឲ្យ​អភិបាលកិច្ចនៃវិស័យនេះមានភាពស្អាតស្អំ​។ តែទន្ទឹមនឹងនេះ អ្នកដែលរិះគន់វិញ បាន​លើកឡើងថា លោកស៊ី ជីនពីងកំពុងតែចង់​បោសសំអាត​អ្នក​ដែលប្រឆាំងនឹងគោលនយោបាយលោក នៅក្នុងវិស័យ​សេដ្ឋកិច្ចហិរញ្ញវត្ថុ​។ យោងតាមការចុះផ្សាយ​របស់​បណ្តាញព័ត៌មានចិន ប៉ុន្មានសប្តាហ៍​ចុងក្រោយនេះ មានមនុស្សជាច្រើននាក់ ដែលត្រូវគេចាប់ខ្លួន ដោយ​ចោទពីបទពុករលួយ ក្នុងនោះមានដូចជា អតីតមន្ត្រីទទួលខុសត្រូវនៅតាមធនាគាររដ្ឋចិន នៅអាជ្ញាធរ​គ្រប់គ្រងប្រតិបត្តិការធនាគារ​ ឬនៅ​សហគ្រាសរដ្ឋផ្នែក​នាំប្រេងចូល ឬផ្នែកថ្នាំជក់ជាដើម។ ជាក់​ស្តែង​ ​អតីតអគ្គនាយកធនាគាររដ្ឋចិន Everbright ឈ្មោះ Tang Shuangning ដែលត្រូវបាន​គេចាប់ខ្លួន នៅ​​ដើមខែនេះ ហើយ​ដែលត្រូវ​បាន​បណ្តាញ​ព័ត៌មានចិន ទំលាយរឿងរ៉ាវ ស្តីពី​អំពើ​រំលោភអំណាច ស៊ីសំណូក ចាយប្រាក់ក្រុមហ៊ុន​ដើម្បីដើរកម្សាន្ត​ជាដើម​ល។ល។ ចំណែកទូរទស្សន៍ CCTV បានផ្សាយ​ អត្ថបទសារភាព​ទទួលកំហុស របស់​អតីតគ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើស​​ជាតិ​ចិន ឈ្មោះ Li Tie។ ជននេះ បានសារភាពទទួលស្គាល់ថា ខ្លួន​ធ្លាប់បានរៀបចំការប្រកួតក្លែងក្លាយ ទទួលប្រាក់សំណូក និង​​បាន​សូកប៉ាន់ប្រាក់រាប់សែនដុល្លារ ដើម្បីទទួលបានមុខតំណែង​។ លោកស្រី Vivienne Shue សាស្ត្រាចារ្យ​នៅសកលវិទ្យា​ល័យ Oxford ដែលតាមដានការចុះផ្សាយ​មិនលោះថ្ងៃ ស្តីពី​ការចាប់វែកមុខ មនុស្សពុករលួយនៅចិនប៉ុន្មានសប្តាហ៍​មកនេះ បាន​លើកឡើងថា ​​​មតិសាធារណៈចិនពេញចិត្តខ្លាំងនឹងប្រតិបត្តិការនេះ ព្រោះវាមកបញ្ជាក់ថា​ ការយល់ឃើញរបស់ពួកគេគឺមិនខុសទេ។ ពោលគឺមន្ត្រី​ករិយាល័យធិបតេយ្យរបស់ចិន​ សុទ្ធិតែពុករលួយ គិតតែពី​លាភសក្ការៈខ្លួនឯង។ ប្រការនេះ នឹង​ហុចផលវិជ្ជមាន​ទៅលើមុខមាត់លោកស៊ី ជីនពីង​។​ ដោយឡែក លោក Andrew Wedeman សាស្ត្រាចារ្យ​ជំនាញ​ចិន នៅសកលវិទ្យាល័យរដ្ឋ Géorgie បាន​លើកឡើងថា អាចមានហេតុផលពីរ​នៅពីក្រោយ​ប្រតិបត្តិការបង្ក្រាបនេះ។ ទី១ គឺវិស័យហិរញ្ញវត្ថុ ធានាគារ មានដិតដាមដោយ​អំពើស៊ីសំណូក​សូក​ប៉ាន់មែន ឬទី២ គឺមក​ពី​លោកស៊ី ជីនពីង មើលឃើញថាវិស័យនេះ កាន់តែឯករាជ្យខ្លាំងឡើង ហើយដែលអាចបង្កហានិភ័យ​ ដល់​អំណាចរបស់​លោក ទៅថ្ងៃខាងមុខ​។ លោក​សាស្ត្រាចារ្យ Andrew Wedeman...

Duration:00:04:47

Ask host to enable sharing for playback control

លោក ពូទីន បន្តបង្ហាញមុខលើឆាកអន្តរជាតិ ទោះបីរងទណ្ឌកម្មពីប្រទេសបស្ចិមលោក

12/6/2023
ថ្ងៃពុធទី ៦ ធ្នូនេះ លោក វ៉្លាឌីមៀរ ពូទីន ធ្វើដំណើរទស្សនកិច្ចទៅកាន់ អេមីរ៉ាតអារ៉ាប់រួម និង អារ៉ាប៊ីសាអូឌីត។ មួយថ្ងៃក្រោយមក ពោលគឺថ្ងៃព្រហស្បតិ៍ទី ៧ ធ្នូ លោក ពូទីន នឹងទទួលជួបប្រធានាធីបតីអ៊ីរ៉ង់លោក អេប្រាហ៊ីម រ៉ៃស៊ី នៅទីក្រុងមូស្គូ។ នេះបើតាមការឲ្យដឹងពីសំណាក់វិមានក្រេមឡាំង។ គួរបញ្ជាក់ថា លោកពូទីន បន្តជួបប្រជុំជាមួយថ្នាក់ដឹកនាំសំខាន់ៗ បើទោះបីជាបណ្តាប្រទេសបស្ចិមលោក ព្យាយាមដាក់ទណ្ឌកម្មលើរុស្ស៊ី ដោយធ្វើយ៉ាងណាឲ្យប្រទេសនេះឯកោតែឯង លើឆាកអន្តរជាតិ។ យោងតាមសម្តីរបស់អ្នកនាំពាក្យនៃវិមានក្រេមឡាំងលោក ឌីមីទ្រី ប៉េស្កូវ លោកពូទីន ត្រូវជួបជាមួយប្រធានាធីបតីអេមីរ៉ាតអារ៉ាប់រួម លោក ម៉ូហាម៉េដ បិន ហ្សាយ៉េដ អាលណាយ៉ាន ដើម្បីពិភាក្សាអំពីទស្សនវិស័យសហប្រតិបត្តិការនានារវាងប្រទេសទាំង២ និង ស្ថានការណ៍ទូទៅ ក្នុងតំបន់មជ្ឈិមបូព៌ា។ បន្ទាប់មក នៅទីក្រុង រីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត លោកពូទីន នឹងជួបជាមួយក្សត្ររជ្ជទាយាទព្រះអង្គម្ចាស់ ម៉ូហាម៉េដ បេនសាលម៉ាន។ ប្រមុខរដ្ឋទាំងពីរ នឹងពិភាក្សាគ្នាអំពីវិស័យ ពាណិជ្ជកម្ម ការវិនិយោគ និង នយោបាយអន្តរជាតិ។ ជុំវិញស្ថានការណ៍អន្តរជាតិ លោកពូទីន នឹងលើកឡើងអំពីជំលោះដ៏ក្តៅគគុករវាង អ៊ីស្រាអែល​ និង ប៉ាឡេស្ទីន។ ជុំវិញប្រធានបទនេះ លោក ពូទីន បានទិតៀន និងបរិហារ អ៊ីស្រាលអែល ថាបានបង្កមហន្តរាយមនុស្សជាតិនៅតំបន់ហ្កាហ្សា ថែមទាំងអំពាវនាវឲ្យបង្កើតរដ្ឋប៉ាឡេស្ទីន ដែលឯករាជ្យ ។ ក្នុងជំនួបតាមអនឡាញ នៃកិច្ចប្រជុំកំពូល ហ្សេ២០ កាលពីចុងខែវិច្ឆិកាលោកពូទីន ធ្លាប់បានលើកយកប្រធានបទហ្កាហ្សា ដើម្បីវាយបកទៅកាន់ក្រុមប្រទេសបស្ចិមលោកវិញ ថាពុំប្រកាន់គោលជំហរស្មើភាព ដោយព្រួតគ្នាថ្កោលទោសរុស្ស៊ីពីបទវាយលុកចូលអ៊ុយក្រែន តែបែរជាឈរឱបដៃមើល ទង្វើសម្លាប់រង្គាលលើប្រជាជនស៊ីវិលប៉ាឡេស្ទីន។ ក្នុងជំនួបជាមួយមេដឹកនាំនៅមជ្ឈិមបូព៌ានេះ លោកពូទីន ក៏បានលើកឡើងពីគោលជំហររបស់រុស្ស៊ី ក្នុងការកាត់បន្ថយការផលិតប្រេងឆៅ យ៉ាងហោចណាស់រហូតដល់ចុងខែមីនាឆ្នាំ ២០២៤។ លោកពូទីន អះអាងថាការកាត់បន្ថយនេះ គឺដើម្បីរក្សាលំនឹងនៃតម្លៃប្រេងឆៅ ក្នុងពិភពលោក ពោលគឺ ស្របជាមួយគោលនជំហររបស់អារ៉ាប៊ីសាអូឌីត ដែលជាសមាជិកសំខាន់មួយទៀតរបស់ Opep+ ដែលជាអង្គការប្រមូលផ្តុំបណ្តាប្រទេសផលិតប្រេងកាតធំៗ នៅលើសកលលោក។ បន្ទាប់ពីទស្សនកិច្ចនៅមជ្ឈិមបូព៌ា លោក វ៉្លាឌីមៀរ ពូទីន នឹងទទួលជួបចរចាជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក អេប្រាហ៊ីម រ៉ៃស៊ី នៅទីក្រុងមូស្គូ ក្នុងថ្ងៃព្រហស្បតិ៍ទី៧ធ្នូ​។ នេះបើតាមអ្នកនាំពាក្យនៃវិមានក្រេមឡាំង លោក ឌីមីទ្រី ព៉ស្កូវ។ គួររំឭកថា កាលពីខែកក្កដា ឆ្នាំ២០២២កន្លងទៅ លោកពូទីន បានទៅធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈពេលដែលប្រមុខការទូតរុស្ស៊ីលោក ស៊ែរហ្គៃ ឡាវ្រូវ ក៏មានវត្តមានដែរនៅទីក្រុងតេអេរ៉ង់ ក្នុងខែតុលាឆ្នាំ ២០២៣។ នៅក្នុងកិច្ចជំនួបថ្មីនេះ ប្រទេសទាំងពីរគ្រោងនិយាយពិភាក្សាគ្នាលើសំណុំរឿងសំខាន់ៗទ្វេភាគីដូចជា ទំនាក់ទំនងសេដ្ឋកិច្ច បញ្ហានានាក្នុងតំបន់និងក្នុងពិភពលោក ដោយផ្តោតជាពិសេសលើស្ថានការណ៍នៅហ្កាហ្សា។ នេះបើតាមការឲ្យដឹងពីភ្នាក់ងារព័ត៌មានរបស់អ៊ីរ៉ង់ IRNA ។ គួរបញ្ជាក់ដែរថា បណ្តាប្រទេសបស្ចិមលោក ចោទប្រកាន់អ៊ីរ៉ង់ថាបានចូលដៃចូលជើងជាមួយរុស្ស៊ីក្នុងបរិបទសង្គ្រាមអ៊ុយក្រែន ដោយបញ្ជូនដ្រូនបំពាក់គ្រាប់ផ្ទុះឈ្មោះ Shahed រាប់សិនគ្រឿងទៅឲ្យរុស្ស៊ី យកទៅវាយប្រហារ ដ៏សង្គ្រប់លើទឹកដីអ៊ុយក្រែន។ មកទល់បច្ចុប្បន្ន លោក វ៉្លាឌីមៀរ ពូទីន កម្រធ្វើដំណើរចេញពីប្រទេសរុស្ស៊ីណាស់ ពោលគឺលោកទៅកាន់បណ្តាប្រទេសណា ដែលជាសម្ព័ន្ធមិត្តជំនិតៗរបស់រុស្ស៊ីតែប៉ុណ្ណោះ។ ការណ៍នេះ បណ្តាលមកពីលោកពូទីន គ្មានគេទទួលស្វាគមន៍ និងរាប់រក នៅតាមប្រទេសបស្ចិមលោក ហើយលោកមាន ឈ្មោះក្នុងដីការចាប់ខ្លួន​របស់តុលាការអន្តរជាតិ ពីបទចាប់ជម្លៀសកុមារ អ៊ុយក្រែន យកមកប្រទេសរុស្ស៊ី ។ ជាក់ស្តែង លោកពូទីន ពុំមានវត្តមានទេនៅក្នុងកិច្ចប្រជុំអន្តរជាតិសំខាន់ៗក្នុងពេលថ្មីៗនេះ មានជាអាទិ៍ ជំនួបកំពូលរវាងប្រទេសសេដ្ឋកិច្ចជឿនលឿនហៅកាត់ថាហ្សេ២០ នៅឥណ្ឌា កាលពីខែកញ្ញាកន្លងទៅ និង ជំនួប ប្រ៊ីក (ប្រស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង អាហ្វ្រិកខាងត្បូង) ដែលប្រព្រឹត្តទៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង កាលពីខែសីហា។ លោកពូទីន ធ្លាប់បានពោលថា លោកពុំចូលរួមក្នុងកិច្ចជំនួបទាំងនេះ ដើម្បីជៀសវាងបង្កអំពុលទុក្ខ ដល់ប្រទេសម្ចាស់ផ្ទះ។ ចំពោះជំនួបកំពូលអំពីកាអាសធាតុ COP28 ដែលកំពុងដំណើរទៅក្នុងប្រទេស អេមីរ៉ាតអារ៉ាប់រួម ក៏វិមានក្រេមឡាំងពុំបាន បញ្ជាក់ពីវត្តមានរបស់លោកពូទីនដែរ៕

Duration:00:06:27

Ask host to enable sharing for playback control

អាស៊ីកណ្តាល ក្លាយជា « តំបន់យុទ្ធសាស្ត្រថ្មី » ដែលប្រទេសធំៗ កំពុងលួងលោមភ្ជាប់ស្ពានមេត្រី

11/10/2023
ថ្ងៃព្រហស្បតិ៍ទី ៩ វិច្ឆិកា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានបំពេញទស្សនកិច្ចនៅ ប្រទេសកាហ្សាក់ស្ថាន ខណៈពេលដែលមេដឹកនាំតួកគី លោក អ៊ែរដូហ្ហាន និងមេដឹកនាំអ៊ីរ៉ង់ លោក អេប្រាហ៊ីម រ៉ៃស៊ី ទៅកាន់ប្រទេស អ៊ូសបេគីស្ថាន។ ប្រទេសទាំងពីរ ដែលស្ថិតក្នុងតំបន់អាស៊ីកណ្តាល កំពុងក្លាយជាឆាកប្រកួតប្រជែងគ្នា កាន់តែខ្លាំងឡើងៗ រវាងក្រុមប្រទេសមហាអំណាចធំៗ។ ថ្ងៃព្រហស្បតិ៍ទី ៩ វិច្ឆិកា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានបំពេញទស្សនកិច្ចនៅ ប្រទេសកាហ្សាក់ស្ថាន ខណៈពេលដែលមេដឹកនាំតួកគី លោក អ៊ែរដូហ្ហាន និងមេដឹកនាំអ៊ីរ៉ង់ លោក អេប្រាហ៊ីម រ៉ៃស៊ី ទៅកាន់ប្រទេស អ៊ូសបេគីស្ថាន។ ប្រទេសទាំងពីរ ដែលស្ថិតក្នុងតំបន់អាស៊ីកណ្តាល កំពុងក្លាយជាឆាកប្រកួតប្រជែងគ្នា កាន់តែខ្លាំងឡើងៗ រវាងក្រុមប្រទេសមហាអំណាចធំៗ។ នៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន លោក ពូទីន ត្រូវបានទទួលស្វាគមន៍ដោយ សមភាគី លោក កាស៊ីម ជូម៉ាត តូកាយ៉េវ ប្រធានាធិបតីកាហ្សាក់ស្ថាន និង ជាសម្ព័ន្ធមិត្តចាស់វស្សា របស់លោកពូទីន។ ដំណើរទស្សនកិច្ចថ្មីនេះ គឺធ្វើឡើង មួយសប្តាហ៍ក្រោយទស្សនកិច្ច របស់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុងប្រទេសតែមួយ។ ក្នុងពេលតែមួយ នៅទីក្រុង Tachkent រដ្ឋធានី អ៊ូសបេគីស្ថាន ដែលស្ថិតនៅភាគខាងត្បូង ពុំឆ្ងាយប៉ុន្មាន ពីកាហ្សាក់ស្ថាន មានជំនួបកំពូលមួយទៀត ស្តីពីសេដ្ឋកិច្ចតំបន់ ដែលមានវត្តមានជាអាទិ៍ ពីសំណាក់ លោកប្រធានាធិបតី តួកគី និង អ៊ីរ៉ង់។ គួរបញ្ជាក់ថា តាំងពីខ្លួនបានផ្តើមការវាយលុកទន្ទ្រានលើ អ៊ុយក្រែន ក្នុងពេលជាងមួយឆ្នាំមកនេះ រុស្ស៊ី កំពុងបាត់បង់ឥទ្ធិពលក្នុងតំបន់អាស៊ីកណ្តាល ដែលខ្លួនធ្លាប់ក្តោបក្តាប់ពីដើមរៀងមក។ ចំណែក ប្រទេសចិន ដែលមានព្រំប្រទលជាប់គ្នានឹងរុស្ស៊ី ក៏សំឡឹងឃើញឱកាសនេះ ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន នៅអាស៊ីកណ្តាល ក្រោមបរិបទនៃមហាគម្រោងផ្លូវសូត្រថ្មី ដែលទាញស្រូបប្រទេសដ៏ច្រើនក្នុងតំបន់។ ដោយខ្លាចបាត់បង់ឱកាសល្អ ប្រទេសធំៗផ្សេងទៀតមាន សហភាពអឺរ៉ុប អាមេរិក អ៊ីរ៉ង់ និង តួកគី បានស្វះស្វែង ពង្រឹងវត្តមានខ្លួន និង រឹតចំណងសាមគ្គីភាពជាមួយ ប្រទេសនានានៅអាស៊ីកណ្តាល ដូចមានសកម្មភាពការទូតដ៏មមាញឹក នាប៉ុន្មានខែចុងក្រោយនេះ​ ជាតឹកតាងស្រាប់។ គួររំឭកដែរថាអំឡុងពេលជាង​ ៣ ទសវត្សរ៍ក្រោយពីសហភាពសូវៀតបានដួលរលំទៅ បណ្តាប្រទេស នៅអាស៊ីកណ្តាល បានធ្លាក់ក្នុងវិបត្តិតានតឹង ដែលបណ្តាលមកពីជម្លោះផ្ទៃក្នុងរ៉ាំរ៉ៃ។ ដូច្នេះ ដំណើរទស្សនកិច្ចថ្មីៗពីសំណាក់ប្រទេសមហាអំណាចធំៗ គឺជាដំណើរវិជ្ជមានមួយ ដែលប្រទេសអាស៊ី កណ្តាល ចាំបាច់ត្រូវទាញយកប្រយោជន៍ ដើម្បីពង្រីកវិសាលភាពរបស់ខ្លួន ក្នុងទំនាក់ទំនងការទូត និង ពាណិជ្ជកម្ម។ ជំនួបរវាងលោក ពូទីនង និង កាស៊ីម ជូម៉ាត តូកាយ៉េវ ប្រធានាធិបតីកាហ្សាក់ស្ថាន ប្រព្រឹត្តទៅក្នុងទម្រង់ ស្ងប់ស្ងាត់ ដោយពុំមានបញ្ចេញខ្លឹមសារនៃកិច្ចចរចានេះឲ្យដឹងឮជាសាធារណៈឡើយ។ គួររំឭកថា លោក តូកាយេវ គឺជាអ្នកការទូតដ៏ប៉ិនប្រសប់ម្នាក់ ពោលគឺលោកចង់រក្សាទំនាក់ទំនង និង កិច្ចសន្ទនា ជាអចិន្ត្រៃយ៍ ជាមួយគ្រប់បណ្តាប្រទេសទូទៅ មិនថាបស្ចិមលោក ឬ មេដឹកនាំ រុស្ស៊ី ចិន និង តួកគី។ នេះគឺជាលើកទី​២ ដែលលោកពូទីន មកធ្វើទស្សនកិច្ចនៅអាស៊ីកណ្តាល ក្នុងពេលមួយខែចុងក្រោយ នេះ។ កាលពីដើមខែតុលា លោកពូទីន បានទៅប្រទេសកៀរហ្ស៊ីស៊ីស្ថាន ដែលជាដំណើរទស្សនកិច្ច ក្រៅប្រទេសលើកទី១ បន្ទាប់ពីតុលាការព្រហ្មទណ្ឌអន្តរជាតិ បានចេញដីកាឲ្យចាប់ខ្លួនរូបគាត់ពីបទ «ចាប់ជម្លាសកុមារាអ៊ុយក្រែន មកកាន់ប្រទេសរុស្ស៊ី »។ លោក អ៊ែរដូហ្កាន លេចមុខជាថ្មី នៅឯទីក្រុង Tachkent ប្រទេសអ៊ូសបេគីស្ថាន ឯណោះវិញ មេដឹកនាំ ៩ ប្រទេស បានរួមប្រជុំក្នុងជំនួបកំពូល ដែលរៀបចំឡើងដោយ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច OCE ។ ប្រធានាធិបតីតួកគី លោកអ៊ែរដូហ្កាន ដែលមានវត្តមានម្តងហើយនៅអាស៊ីកណ្តាល កាលពីសប្តាហ៍មុន បានជួបជាថ្មីជាមួយសមភាគី ដែលមកពីបណ្តាប្រទេសអតីតសាធារណរដ្ឋសូវៀតក្នុងតំបន់ ព្រមទាំង នាយករដ្ឋមន្ត្រី ប៉ាគីស្ថាន និង ប្រធានាធិបតីអ៊ីរ៉ង់ លោក អេប្រាហ៊ីម រ៉ៃស៊ី។ ប្រទេសជាម្ចាស់ផ្ទះនៃជំនួបកំពូលនេះ បានប្រកាសជាមុនថា បញ្ហាសង្គ្រាមរវាង ពួកហាម៉ាសប៉ាឡេស្ទីន និង អ៊ីស្រាអែល នឹងពុំត្រូវលើកយកមកជជែកគ្នាឡើយ។ តែ បើតាមទីភ្នាក់ងារព័ត៌មាន ផ្លូវការអ៊ីរ៉ង់ IRNA បានឲ្យដឹងថា អ៊ឺរ៉ង់បានឆក់យកឱកាសនេះ ដើម្បីលើកយកប្រធានបទសង្គ្រាម ហាម៉ាស-អ៊ីស្រាអែល មកដាក់លើតុពិភាក្សា ឲ្យខានតែបាន។ ប្រធានបទសំខាន់ៗ ដែលត្រូវបានលើកយកនិយាយគ្នាដែរ គឺកិច្ចសហប្រតិបត្តិការមនុស្សធម៏ និង វិស័យដឹកជញ្ជូន ដ្បិតប្រទេសនៅអាស៊ីកណ្តាល ស្ថិតក្នុងទីតាំងភូមិសាស្ត្រមួយ ដែលគ្មានច្រកសមុទ្រ ចេញចូល។ ស្ថិតក្នុងស្ថានភាពបែបនេះ ប្រទេសអាស៊ីកណ្តាល ព្យាយាមរកផ្លូវ ធ្វើយ៉ាងណាដើម្បី ភ្ជាប់បណ្តាញគមនាគមន៍ទៅកាន់សមុទ្រ ដោយត្រូវឆ្លងកាត់តាមប្រទេសប៉ាគីស្ថាន ជាឧទាហរណ៍។ ថ្វីបើបច្ចុប្បន្ន រុស្ស៊ី កំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបស្ចិមលោក ក៏រុស្ស៊ីនៅតែបន្តធ្វើជាដៃគូខានពុំបាន សម្រាប់អាស៊ីកណ្តាល។ យ៉ាងណាមិញ រុស្ស៊ី...

Duration:00:05:57

Ask host to enable sharing for playback control

ទស្សនាវដ្តីអាមេរិក ៖ កម្លាំងយោធារុស្ស៊ីជាប់លេខ១ ខ្លាំងដាច់គេក្នុងលោក ខណៈអាមេរិកជាប់លេខ ២

11/3/2023
ទស្សនាវដ្តីអាមេរិកាំង The US News & World Report ចុះផ្សាយថ្ងៃទី ៣០ តុលា ដោយយោងលើ ការស្ទង់មតិ​ក្រុមអ្នកជំនាញចំនួន ១៧.០០០ នាក់ មកពីទូទាំងពិភពលោក បានទាញសេចក្តីសន្និដ្ឋានថា កងទ័ពរុស្ស៊ីឈានមុខគេលំដាប់លេខ ១ ក្នុងលោក ពោលគឺខ្លាំងជាងកងទ័ព សហរដ្ឋអាមេរិក ដែលឈរនៅលេខរៀងទី២។ រីឯ ប្រទេសទាំង ៨ ដែលមានកងទ័ពខ្លាំងៗ បន្ទាប់ពីរុស្ស៊ី និង អាមេរិក រួមមាន៖ កងទ័ពចិន អ៊ីស្រាអែល កូរ៉េខាងត្បូង អ៊ុយក្រែន អ៊ីរ៉ង់ អង់គ្លេស អាល្លឺម៉ង់ និង តួកគី។ ប្រទេសដែលមានកម្លាំងកងទ័ព ជាប់លេខចុងក្រោយគេ គឺមាន ប្រទេស លុចសំបួរ សិង្ហបុរី អេស្តូនី ហូឡង់ និង នូវែលហ្សេឡង់។ ក្នុងបញ្ជីចំណាត់ថ្នាក់ « កងទ័ពដែលឈានមុខគេ » រុស្ស៊ីបានទទួលពិន្ទុ ៩៤,៣ លើ១០០ ពិន្ទុ ។ តែបើគិតលើកត្តា « ឥទ្ធិពលមេដឹកនាំ » និង « ឥទ្ធិពលនយោបាយ » ទស្សនាវដ្តី The US News & World Report ផ្តល់ឲ្យរុស្ស៊ី ពិន្ទុ ១០០ លើ ១០០ តែម្តង។ ក្នុងដំណើរចាត់ថ្នាក់ដូចមានខាងលើ ក្រុមអ្នកស្រាវជ្រាវ ចាប់អារម្មណ៍ជាបឋម ទៅលើ ចំនួនយន្ដហោះចម្បាំង ចំនួនសព្វាវុធមីស៊ីល បូករួមទាំងមីស៊ីល Hypersonique ដែលជាប្រភេទអាវុធ មានល្បឿនលឿនជាងសម្លេងដល់ទៅរាប់សិបដង ហើយដែលគេចាត់ទុកថាគឺជា អានុភាពយោធាសំខាន់ មួយរបស់រុស្ស៊ី។ ដោយឡែក The US News & World Report ក៏ចង្អុលឲ្យឃើញថា បើយោងទៅលើតក្តាដាក់ពិន្ទុទាំង ៧៣ ពោលគឺផ្សេងពីបរិបទយោធា និង ឥទ្ធិពលនយោបាយ ក្នុងចំណោមប្រទេសឆ្នើមៗដាច់គេនៅលើ ផែនដី រុស្ស៊ី ជាប់ត្រឹមលេខ ៣៧ ប៉ុណ្ណោះ ខណៈពេលដែល អ៊ុយក្រែន ជាប់លេខ ៦៨។ ឯប្រទេស នាំមុខគេ ក្នុងបណ្តាប្រទេសទាំង ៨៧ ដែលមានឈ្មោះក្នុងបញ្ជី គឺមាន ស្វីស កាណាដា និង ស៊ុយអែត។ ផ្សេងពីនេះ ចំណាត់ថ្នាក់ប្រទេសខ្លាំងជាងគេ ក្នុងក្របខណ្ឌសម្ព័ន្ធអន្តរជាតិ គឺអាមេរិកឈរនៅលេខរៀទី១ បន្ទាប់មកមាន អង់គ្លេស អាល្លឺម៉ង់ និង បារាំង។ រុស្ស៊ី ជាប់លេខ ៥។ ឆ្លើយតបទៅនឹងលទ្ធផលនៃការស្រាវជ្រាវខាងលើ អ្នកជំនាញយោធារុស្ស៊ីដ៏ល្បីឈ្មោះម្នាក់ គឺលោក Alexandre Mikhailovski បានបញ្ចេញយោបល់ដូចតទៅ៖ ពាក្យថា « រុស្ស៊ី » និង « អានុភាពយោធា » គឺថា ពុំអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ ហេតុដូចម្តេច បានជា The US News & World Report ដាក់អានុភាពយោធារុស្ស៊ីក្នុងចំណាត់ថ្នាក់ទី ១ លើកម្លាំងទ័ពអាមេរិក? ចម្លើយគឺស្ថិត ក្នុងរបៀបវិនិច្ឆយ របស់ទស្សនាវដ្តីនេះផ្ទាល់។ យ៉ាងណាម៉ិញ គួររំឭកថា ជាងមួយឆ្នាំចុងក្រោយនេះ រុស្ស៊ីបានដក់ជាប់ក្នុងផ្នត់គំនិតនៃមហាជនទូទៅ ដែលយល់ថា រុស្ស៊ីជាប្រទេសមួយដែលភ្ជាប់ខ្លួនទៅនិង អានុភាពសឹកសង្គ្រាម ពិតប្រាកដមែន។ ជាក់ស្តែង ក្នុងដំណើរប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន រុស្ស៊ីរមែងប្រើ សព្វាវុធទំនើបៗបំផុត តួយ៉ាង មីស៊ីល Hypersonique ជាដើម។ នេះគឺជាមូលេហតុ ដែលនាំឲ្យ ពួកអ្នកជំនាញយោធាក្នុងលោក ដែលឆ្លើយតបនឹងសំនួរនៃក្រុមអ្នកស្រាវជ្រាវរបស់ The US News & World Report បានផ្សារភ្ជាប់ប្រទេសរុស្ស៊ី ទៅនឹងអានុភាពយោធា ដោយស្វ័យប្រវត្តិ។ អ្នកឯកទេសរុស្ស៊ីរូបនេះ ក៏កត់សម្គាល់ដែរថា ក្នុងបញ្ជីចំណាត់ថ្នាក់ ដែលចុះ ផ្សាយដោយទស្សនាវដ្តីអាមេរិកាំងនោះ គេបានទៅស្ទង់មតិប្រជាជន នៅតាមបណ្តាប្រទេសអារ៉ាប់ ប្រទេសអាហ្វ្រិក អាស៊ី និង អាមេរិកខាងត្បូង ដែលគេដឹងជាទូទៅថា សុទ្ធសឹងជាប្រទេសដែល តែងគាំទ្រ និង សាទរ ចំពោះសកម្មភាពនានារបស់រុស្ស៊ី នៅលើឆាកអន្តរជាតិ។ ជាចុងក្រោយ លោក Alexandre Mikhailovski បានបន្ថែមថា៖ ការដែលកម្លាំងទ័ពរុស្ស៊ី ជាប់លេខរៀងទី១ ឈ្នះលើអាមេរិកដូច្នេះ នឹងអាចជាគុណប្រយោជន៍មួយសម្រាប់ ប្រទេសរុស្ស៊ី។ គួរបញ្ជាក់ថា ជាង ៣ ទសវត្សរ៍ ក្រោយពីសហភាពសូវៀតបានដួលរលំក្នុងឆ្នាំ ១៩៩១ មនុស្សទូទៅ នៅលើផែនដី តែងនាំគ្នាគិតថា អាមេរិក ជាប្រទេសមហាអំណាចទី១ ផ្នែកកងទ័ព។ ក៏ប៉ុន្តែ ការយល់ឃើញនេះ កំពុងផ្លាស់ប្តូរ ដូចមានបង្ហាញនៅក្នុងរបាយការណ៍ The US News & World Report ៕

Duration:00:06:49

Ask host to enable sharing for playback control

រុស្ស៊ី បាញ់សាកល្បងមីស៊ីលបាលីស្ទិក ក្នុងប្រតិបត្តិការសមយុទ្ធ « វាយបកដោយអាវុធនុយក្លេអ៊ែរ »

10/27/2023
ថ្ងៃពុធទី ២៥ តុលា រុស្ស៊ីបានបាញ់សាកល្បងមីស៊ីលបាលីស្ទិកច្រើនគ្រាប់ ក្នុងគោលដៅត្រៀម « ការវាយប្រហារនុយក្លេអ៊ែរចាស់ដៃទៅលើអ៊ុយក្រែន » ។​ គួរបញ្ជាក់ថា ការបាញ់សាកលុ្បងនេះ គឺធ្វើឡើ់ង ចំពេលដែលរុស្ស៊ី កំពុងប្រុងប្រៀបដកខ្លួនចេញពី សន្ធិសញ្ញាអន្តរជាតិ ដែលហាមប្រាមមិនឲ្យមានការសាកល្បងអវុធនុយក្លេអ៊ែរ។ ក្រុមមន្ត្រីជាន់ខ្ពស់រុស្ស៊ី ធ្លាប់បានគម្រាមជាច្រើនលើកថា រុស្ស៊ីនឹងប្រើអាវុធនុយក្លេអ៊ែរ ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ដែលបានផ្ទុះឡើង កាលពីខែកុម្ភៈឆ្នាំ ២០២២។ ផ្ទុយទៅវិញ លោក វ៉្លាឌីមៀរ ពូទីន តែងនិយាយជារឿយៗ ប្រាប់អន្តរជាតិ កុំឲ្យបារម្ភអំពីបញ្ហានេះ។ តែ ក្នុងថ្ងៃពុធទី ២៥ តុលា លោកពូទីន បានចុះត្រួតពិនិត្យការហាត់សមយុទ្ធរបស់ទ័ពរុស្ស៊ី ដែលក្នុងនោះ មានការបាញ់សាកល្បង គ្រាប់មីស៊ីលបាលីស្ទិកអន្តរទ្វីបពីរប្រភេទពោលគឺ ប្រភេទ Yars បាញ់ចេញពីព្រលានអវកាស Plessetsk នៅប៉ែកពាយ័ព្យប្រទេសរុស្ស៊ី និង ប្រភេទ Sineva បាញ់ចេញពី នាវាមុជទឹកក្នុងសមុទ្រ Barentz ។ ជាមួយគ្នានេះ យន្ដហោះទម្លាក់គ្រាប់បែប ប្រភេទ Tu-95 MS ក៏បានបាញ់ចេញគ្រាប់មីស៊ីលបណ្តែតររយៈចម្ងាយខ្លី ដែលអាវុធប្រភេទនេះ ត្រូវបានរុស្ស៊ីប្រើក្នុង ប្រតិបត្តិការវាយប្រហារនៅអ៊ុយក្រែន។ សូមបញ្ជាក់ថា ប្រតិបត្តិការសមយុទ្ធខាងលើ ត្រូវបានចុះផ្សាយ ជាផ្លូវការ ពីសំណាក់វិមានក្រេមឡាំង។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានបំភ្លឺថា ការបាញ់សាកល្បងនេះ គឺធ្វើឡើងដើម្បី ត្រៀមបំរុងការវាយបកទ្រង់ទ្រាយធំ ពីកងកម្លាំងនុយក្លេអ៊ែររុស្ស៊ី ក្នុងករណីដែលមាន ការវាយប្រហារ នុយក្លេអ៊ែរពីសត្រូវ។ ទូរទស្សន៍រដ្ឋរបស់រុស្ស៊ី បានចាក់ផ្សាយវិដេអូខ្លីមួយ ដែលក្នុងនោះគេឃើញ លោក វ៉្លាឌីមៀរ ពូទីន កំពុង ស្តាប់របាយការណ៍​ពីសំណាក់ លោក Sergey Shoigu និង នាយអគ្គសេនាធិការកងទ័ព លោក Valeri Guerassimov ក្រោយពីសមយុទ្ធនេះបានបញ្ចប់ទៅ។ គួររំឭកថា គោលការណ៍នុយក្លេអ៊ែររបស់រុស្ស៊ី បានបញ្ជាក់ច្បាស់ថា ៖ រុស្ស៊ីនឹងប្រើអាវុធបរមាណូ ក្នុងរូបភាពនៃការការពារខ្លួនមួយមុខប៉ុណ្ណោះ ពោលគឺ សម្រាប់តែក្នុងករណីណា ដែលរុស្ស៊ីរងការវាយប្រហារទ្រង់ទ្រាយធំ ដោយអាវុធប្រល័យរង្គាល ឬ ក្នុងករណី ដែលខ្លួនរងការវាយប្រហារ ដោយអាវុធដែលមានចុះក្នុងសទ្ធិសញ្ញាអន្តរជាតិ តែអាចបង្កឲ្យមានមហន្តរាយដល់ប្រទេសរុស្ស៊ី។ ការដកខ្លួនចេញពី សន្ធិសញ្ញាអន្តរជាតិ ប្រតិបត្តិការសមយុទ្ធខាងលើ ត្រូវបានផ្សព្វផ្សាយឲ្យសាធារណជនក្នុងប្រទេសរុស្ស៊ីបានដឹង ជាទូទៅ។ នៅថ្ងៃដដែលនេះ ព្រឹទ្ធសភា និង ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី បានអនុម័តការលុបចោល សច្ចាប័ន ស្តីពី សន្ធិសញ្ញាអន្តរជាតិហាមប្រាមការសាកល្បងនុយក្លេអ៊ែរ ឬ ហៅកាត់ថា TICEN ដែលក្រុងម៉ូស្គូ បានចុះហត្ថលេខាកាលពី ២៣ ឆ្នាំមុន។ គួរបញ្ជាក់ថា ព្រឹទ្ធសភារុស្ស៊ី បានអនុម័តការលុបចោលនេះ ជាឯកច្ឆន្ទ ទៅតាមសំណើរបស់ លោក វ៉្លាឌីមៀរ ពូទីន។ សម្រាប់ម៉ូស្គូ ការបោះបង់សន្ធិសញ្ញានេះ គឺក្នុងគោលដៅ ស្តារឡើងវិញនូវសមភាពផ្នែកយុទ្ធសាស្ត្រ របស់ខ្លួន ជាមួយនឹងសហរដ្ឋអាមេរិក ដែលកន្លងមកតែងបានបដិសេធ ចុះហត្ថលេខាលើសទ្ធិសញ្ញា ខាងលើ។ ការលុបចោលនេះ នាំឲ្យពិភពលោកព្រួយបារម្ភ ចំពោះដំណើរវិលត្រឡប់ជាថ្មី នៃការប្រជែងបំពាក់ គ្រឿងសព្វាវុធ កំញើញដាក់គ្នារវាងរុស្ស៊ី និង អាមេរិក។ គួររំឭកថា ក្រោយពេល សហភាពសូវៀត បានរលំរលាយទៅ រុស្ស៊ីបានសាកល្បងអាវុធនុយក្លេអ៊ែរ ចុងក្រោយបំផុតក្នុងឆ្នាំ ១៩៩០ ខណៈអាមេរិក បានសាកល្បងចុងក្រោយបង្អស់ក្នុងឆ្នាំ ១៩៩២។ កាលពីដើមខែតុលាកន្លងទៅ លោក ពូទីន ធ្លាប់បានអះអាងថា ប្រទេសរុស្ស៊ី ពុំបានកណត់ថា នឹងត្រូវ ចាប់ផ្តើមសាកល្បងអាវុធនុយក្លេអ៊ែរ ឡើងវិញ ឬ យ៉ាងណានោះទេ។ ប៉ុន្តែ គួរកត់សំគាល់ថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រុស្ស៊ី បានដកខ្លួនចេញពីសន្ធិសញ្ញាអន្តរជាតិជាច្រើន ស្តីពីការរំសាយសព្វាវុធ ជាពិសេសគឺ កិច្ចព្រមព្រៀងដែលបានចុះជាមួយអាមេរិក នៅឆ្នាំ ២០១០ ក្រោមឈ្មោះថា New Start ។ នៅពាក់កណ្តាលឆ្នាំ២០២៣ រុស្ស៊ី បានដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក ដែលមានកម្លាំងផ្ទុះ ខ្សោយជាងគ្រាប់នុយក្លេអ៊ែរ នៅក្នុងប្រទេសបេឡារុស ដែលជាសម្ព័ន្ធមិត្តទី១របស់ខ្លួន និង ជាប្រទេសដែលមានព្រំដែនជាប់នឹងសហភាពអឺរ៉ុប។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Riabkov បានថ្លែងនៅថ្ងៃពុធថា ប្រទេសរបស់គាត់សុខចិត្ត ចរចា អំពីការត្រួតពិនិត្យលើសព្វាវុធនុយក្លេអ៊ែរ លុះត្រាតែក្រុងវ៉ាស៊ីនតោន ដែលជាខ្នងបង្អែកយោធា និងហិរញ្ញវត្ថុចម្បងរបស់ អ៊ុយក្រែន ឈប់ប្រកាន់ឥរិយាបថជា « សត្រូវ » ទល់នឹងម៉ូស្គូ។ សូមរំឭកថា រុស្ស៊ី និង អាមេរិក មានផ្ទុកសព្វាវុធនុយក្លេអ៊ែរ ដល់ទៅជាង ៩០% នៃចំនួនអាវុធនុយក្លេអ៊ែរ សរុប ដែលមាននៅលើផែនដីយើង។ នៅចុងបញ្ចប់ លោក វ៉្លាឌីមៀរ ពូទីន ធ្លាប់បានសម្តែងអំណួតថា រុស្ស៊ីកំពុងសាកល្បងមីស៊ីល ប្រភេទ Bourevestnik និង Sarmat ដែលអាចទំលាយប្រព័ន្ធខែលមីស៊ីលនានា ដែលមានប្រើក្នុងលោក នាពេលបច្ចុប្បន្ន៕

Duration:00:06:14

Ask host to enable sharing for playback control

សភាឌូម៉ាលុបចោលការផ្តល់សច្ចាប័នលើសន្ធិសញ្ញាដែលហាមប្រាមការសាកល្បងនុយក្លេអ៊ែរ

10/20/2023
ថ្ងៃអង្គារទី ១៧ តុលា អ្នកតំណាងរាស្ត្រ​រុស្ស៊ីបានអនុម័ត ក្នុង​សម័យប្រជុំពិភាក្សា​លើកទី១ កម្មវត្ថុ​ឆ្ពោះ​ទៅលុបចោល ការផ្តល់​សច្ចាប័ន​ដោយរុស្ស៊ី លើ​សន្ធិសញ្ញា​ដែល​ហាមប្រាម​ទាំងស្រុង ការសាក ល្បង​នុយក្លេអ៊ែរ ហៅកាត់ថា TICEN។ ជាការដកខ្លួន​ចេញជាថ្មី ពី​គន្លង​កម្មវិធី​មិនរីកសាយភាយអាវុធ​ប្រល័យលោក ក្នុង​ផ្ទៃនៃ​ជម្លោះ​នៅអ៊ុយក្រែន និង ក្នុងផ្ទៃនៃវិបត្តិ​ជាមួយ​បស្ចិមលោក។ ការពិភាក្សានេះ ប្រព្រឹត្តទៅសឹងភ្លាមភ្លែត ក្រោយពីលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បាន បញ្ជូនសារ​ទៅសភាឌូម៉ាថា តើប្រទេសរុស្ស៊ី គប្បី​សាកល្បងឡើងវិញឬទេ អាវុធនុយក្លេអ៊ែររបស់ខ្លួន។ ជាលទ្ធផលនៃការបោះឆ្នោត ក្នុងសភាឌូម៉ា ដែលជាសភាជាន់ក្រោមនៃសភារុស្ស៊ី គ្រប់តែពួកអ្នកតំណាង រាស្ត្រ ទាំង ៤១២ នាក់ ដែលវត្តមានក្នុងសម័យប្រជុំនោះ​បានបញ្ចេញសម្លេង​គាំទ្រជាឯកច្ឆ័ន្ទដល់ ការលុបចោលទៅការផ្តល់សច្ចាប័ន កាលឆ្នាំ ២០០០ ដល់ អត្ថបទសន្ធិសញ្ញា​ដោយក្រុងម៉ូស្គូ។ ការលុបចោលនេះ បំបះ​ឲ្យកើតឡើងជា បរិយាកាសភ័យខ្លាចចំពោះ ការងើបឡើងវិញនៃ ការសាក ល្បងនុយក្លេអ៊ែរ និង ចំពោះ ការរត់ប្រណាំងបំពាក់សព្វាវុធជាថ្មី ។ រុស្ស៊ី តាំងពី សហភាពសូវៀត រលំរលាយទៅ មិនដែលធ្វើការសាកល្បងបែបនេះទេ ។ ការសាកល្បងលើកចុងក្រោយធ្វើដោយសហភាពសូវៀត គឺ កាលក្នុងឆ្នាំ ១៩៩០ ចំណែក សហរដ្ឋអាមេរិក គឺ កាលក្នុងឆ្នាំ ១៩៩២។ លោក ពូទីន បានប្រកាស នៅដើមខែតុលាថា រុស្ស៊ីអាច លុបចោលការផ្តល់សច្ចាប័នលើ សន្ធិសញ្ញា ហៅកាត់ថា TICEN ជាចម្លើយតបនឹងសហរដ្ឋអាមេរិក ដែលមិនព្រមផ្តល់សច្ចាប័នលើឯកសារនេះ ឡើយ។ “ ខ្ញុំនៅមិនទាន់ត្រៀមនិយាយឡើយ តើរុស្ស៊ី ត្រូវឬមិនត្រូវ ធ្វើការសាកល្បងឡើងវិញ “ - លោក ពូទីន បន្តមកទៀត ទាំងអួតអាងអំពីការអភិវឌ្ឍន៍មីស៊ីលថ្មីៗ មានកម្លាំងសែនខ្លាំងក្លា ដែលអាចពាំនាំក្បាល​គ្រាប់នុយក្លេអ៊ែរ សម្បូរបែប។ តាំងពីសង្គ្រាមឆាបឆេះ នៅអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ ២០២២ លោក ពូទីន ឧស្សាហ៍និយាយប៉ះលើ ការប្រើជា យថាហេតុ អាវុធនុយក្លេអ៊ែរ។ សន្ធិសញ្ញាហាមប្រាមទាំងស្រុង ការសាកល្បងអាវុធនុយក្លេអ៊ែរ ពោលគឺ នៅលើដី ក្នុងអាកាស និង ក្នុងទឹក ហៅកាត់ថា TICEN ត្រូវបានបើកចំហ សម្រាប់ទទួលការចុះហត្ថលេខា គឺក្នុងឆ្នាំ ១៩៩៦ ប៉ុន្តែ វាមិនបាន ចូលជាធរមានសោះឡើយ ពីព្រោះវាមិនបានទទួលការផ្តល់សច្ចប័ន ដោយចំនួនប្រទេសដែល ត្រូវការ ជាចាំបាច់ ពីក្នុងចំណោម៤៤ ប្រទេសដែលមាននៅលើដែនដីខ្លួន គឺ ទីតាំងនុយក្លេអ៊ែរនានា ពេលដែល សន្ធិសញ្ញានេះបានប្រសូត្រមក។ ការផ្តល់សច្ចាប័ន ជាទង្វើដែលសឲ្យឃើញថា រដ្ឋនោះឯង​យល់ព្រមភ្ជាប់ខ្លួន ទៅនឹងកាតព្វកិច្ចចែងដោយ សន្ធិសញ្ញានោះ។ រុស្ស៊ី បារាំង និង អង់គ្លេស បានផ្តល់សច្ចាប័ន ប៉ុន្តែ សហរដ្ឋអាមេរិក ចិន អ៊ីរ៉ង់ អេហ្ស៊ីប អ៊ីស្រាអែល គ្រាន់តែបានចុះ ហត្ថលេខា ប៉ុន្តែមិនបានផ្តល់សច្ចាប័នទេ ។ ចំណែក ឥណ្ឌា ប៉ាគីស្ថាន កូរ៉េខាងជើង មិនបានចុះហត្ថលេខា ក៏ដូចជាមិនបានផ្តល់សច្ចាប័នឡើយ។ ស្មើគ្នាខាងយុទ្ធសាស្ត្រ នៅថ្ងៃអង្គារទី​១៧​តុលា មុនដល់ការបោះឆ្នោតនៃពួកអ្នកតំណាងរាស្ត្រ ប្រធានសភាឌូម៉ា លោក Viatcheslav Volodine បានថ្លែងថា ត្រូវតែលុបចោល ការផ្តល់សច្ចាប័ននោះ​ដោយក្រុងម៉ូស្គូ កាលពី ២៣ ឆ្នាំមុន ដើម្បី ការពារប្រជាពលរដ្ឋរុស្ស៊ី និង ទ្រទ្រង់ ឲ្យស្មើគ្នា យុទ្ធសាស្ត្រនៅក្នុងលោក។ គាត់សង្កត់ធ្ងន់ដូចតទៅ ៖ ក្រុង វ៉ាស៊ីនតោន ត្រូវតែយល់​ជារៀងរហូតទៅថា អនុត្តរភាព សហរដ្ឋអាមេរិក មិនដែលនាំមកនូវអ្វីដែលល្អសោះឡើយ ។ លោក Volodine ថែមទាំងលំអិតថា ៖ ការលុបចោលការផ្តល់សច្ចប័នលើសន្ធិសញ្ញានេះ គឺ បណ្តាលមកពី សង្គ្រាមដែល តាម យោបល់គាត់បញ្ឆេះឡើង ដោយ ក្រុង វ៉ាស៊ីនតោន និង ព្រុចសែល ទល់នឹងរុស្ស៊ី។ ម៉្លោះហើយ បានជា គំរាមបច្ចុប្បន្ន តម្រូវឲ្យរុស្ស៊ី រកដំណោះស្រាយថ្មី។ តាំងពី ពេលចាប់ផ្តើមប្រតិបត្តិការវាយសម្រុកទៅលើអ៊ុយក្រែន លោក វ៉្លាឌីមៀរ ពូទីន បានចាក់ នឹងកាំបិត ជាច្រើនលើកទៅលើរបបមិនសាយភាយអាវុធនុយក្លេអ៊ែរ។ ពេញមួយរដូវក្តៅកន្លងទៅ លោកពូទីន បាន ចាប់ផ្តើម ពង្រាយអាវុធនុយក្លេអ៊ែរតាកទិក នៅបេឡារុស ប្រទេសដែលជំនិតបំផុតនឹងរុស្ស៊ី និងដែលបម្រើជាស្ពាន សម្រាប់ប្រតិបត្តិការវាយលុករុស្ស៊ី នៅអ៊ុយក្រែន។ កាលពីខែកុម្ភៈ រុស្ស៊ីបានផ្អាកទៅហើយ សមាជិកភាពខ្លួន ក្នុងសន្ធិសញ្ញាស្តីអំពី ការរំសាយសព្វាវុធ នុយក្លេអ៊ែរ ហៅថា New Start ចុះជាមួយ សហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០១០ ដែលជាកិច្ចព្រមព្រៀងទ្វេភាគីចុងក្រោយ រវាង រុស្ស៊ី និង សហរដ្ឋអាមេរិក ។ លោក ពូទីន ថែមទាំង ចោទបស្ចិមលោកថា ចេះតែខំបន់ឲ្យក្រុងម៉ូស្គូ ធ្លាក់ក្នុង បរាជ័យយុទ្ធសាស្ត្រ នៅ អ៊ុយក្រែន តែម្តង។ សេចក្តីសម្រេច​របស់រុស្ស៊ី លុបចោល ការផ្តល់សច្ចាប័នលើ សន្ធិសញ្ញា TICEN ត្រូវបានបរិហារជាឯកច្ឆ័ន្ទ ដោយ រាល់មហាអំណាចខាងលិច ។ ប្រធានាធិបតីអាមេរិកាំង លោក ចូ បៃដិន មើលឃើញ សេចក្តីសម្រេចនេះ ថាជា “ កំហុសធ្ងន់ធ្ងរ"។ រុស្ស៊ីដែលបន្តកេរ្ត៍ ពីមហាអំណាចសូវៀត រួមជាមួយ សហរដ្ឋអាមេរិក ក្តាប់ក្នុងដៃខ្លួន ដល់ទៅ ៩០% នៃរាល់តែអាវុធ នុយក្លេអ៊ែរ ដែលសព្វថ្ងៃ មាននៅក្នុងលោក ៕

Duration:00:05:01

Ask host to enable sharing for playback control

រុស្ស៊ីទាញប្រយោជន៍ ពីការវាយប្រហាររបស់ចលនាហាម៉ាស លើអ៊ីស្រាអែល?

10/13/2023
ចាប់តាំងពីក្រុមហាម៉ាស បានវាយសម្រុកទៅលើអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ទី ៧ តុលា កន្លងទៅ ទីភ្នាក់ងារការទូតរបស់រុស្ស៊ី នៅពុំទាន់បញ្ចេញជំហរច្បាស់លាស់ណាមួយ ចំពោះសង្គ្រាមទ្វេភាគីនេះ នៅឡើយទេ។ តែ គេសង្កេតឃើញ​ មានសញ្ញាខ្លះៗ ដែលបង្ហាញថា រុស្ស៊ី ទំនងជាគាំទ្រភាគី ប៉ាឡេស្ទីន។ រុស្ស៊ី ហាក់កំពុងព្យាយាមទាញយកប្រយោជន៍ពីការផ្ទុះហិង្សា រវាងអ៊ីស្រាអែល និង ប៉ាឡេស្ទីន ដោយដើរតួជាអ្នកកាន់ជំហរកណ្តាល ដែលទង្វើនេះអាចបង្កជាគ្រោះថ្នាក់ ប្រសិនបើរុស្ស៊ី ភ្លាត់ស្នៀត។ ការវាយសម្រុកសម្លាប់រង្គាលនៃក្រុមហាម៉ាស នៅលើទឹកដីអ៊ីស្រាអែល បានចាប់ផ្តើមនៅថ្ងៃសៅរ៍ទី ៧ តុលា ដែលត្រូវនឹងថ្ងៃខួបកំណើតគម្រប់៧១ ឆ្នាំ នៃលោក វ៉្លាឌីមៀរ ពូទីន។ តាមអ្នកជំនាញខ្លះយល់ថា ភ្លើងសង្គ្រាមដែលផ្ទុះឆាបឆេះភ្លាមៗ រវាង អ៊ីស្រាអែល និង ប៉ាឡេស្ទីន គឺជាកាដូធ្លាក់ពីលើមេឃមកដល់ដៃ ប្រធានាធិបតីរុស្ស៊ី ដ្បិតលោកពូទីន យល់ថាសង្គ្រាមថ្មីនេះ នឹងបង្វែរអារម្មណ៍អន្តរជាតិ ឲ្យងាកចេញពីសង្គ្រាមនៅអ៊ុយក្រែន។ ប៉ុន្តែសម្រាប់អ្នកវិភាគឯទៀតវិញ បរិយាកាសហិង្សា រវាងចលនាហាម៉ាស និង អ៊ីស្រាអែល ជម្រុញវិស័យការទូតរុស្ស៊ី ឲ្យធ្លាក់ក្នុងស្ថានការណ៍មួយ ពុំងាយស្រួលឡើយ ព្រោះថារុស្ស៊ី កំពុងជាប់ឈ្មោះជាប្រទេស ដែលឯកោខ្លាំង នៅលើឆាកអន្តរជាតិ ស្រាប់។ ល្បែងតុល្យភាពដ៏លំបាកមួយ ប្រតិកម្មជាផ្លូវការភ្លាមៗ ពីសំណាក់ទីក្រុងម៉ូស្គូ ក្រោយការវាយលុករបស់ក្រុមហាម៉ាស គឺជា​រូបភាពមួយ ដែលពិភពលោក ស្គាល់ថាជា “ ល្បែងរុស្ស៊ី ដើរតួជាអាជ្ញាកណ្តាល ” ។ “យើងកំពុងព្រួយបារម្ភក្រៃលែង​ ​” នេះជា សំដីរបស់អ្នកនាំពាក្យវិមានក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ កាលពីថ្ងៃសៅរ៍មុន។ ចំណែក លោក Mikhail Bogdanov ដែលជាប្រេសិតពិសេស របស់ក្រេមឡាំង ទទួលបន្ទុកតំបន់មជ្ឈឹមបូព៏ា បានអំពាវនាវ ឲ្យភាគីបដិបក្ខទាំងសងខាង “បញ្ឈប់ការបាញ់គ្នា”។ “នេះគឺជាឥរិយាបទ ដែលគេបានទាយទុកមុនស្រាប់។ ជាទម្លាប់ យុទ្ធសាស្ត្រទី១របស់រុស្ស៊ី ក្នុងករណីមានជម្លោះនៅប្រទេសផ្សេង គឺការសំដែងនូវគោលជំហរជាអន្តរការី ក្នុងទម្រង់ នៃការជួយសម្រួលភាពតានតឹង ដើម្បីប្រយោជន៍រួម” នេះជាការពន្យល់ របស់លោក Ivan Klyszcz ដែលជាអ្នកឯកទេសខាងនយោបាយការបរទេសរបស់រុស្ស៊ី ជាពិសេសជាមួយបណ្តាប្រទេសអាហ្វ្រិក នៅមជ្ឈមណ្ឌល International Center for Defence and Security in Estonia ។ ។ តែមិនយូរប៉ុន្មាន ល្បែងតុល្យភាពរបស់រុស្ស៊ី ដូចមាននិយាយពីខាងលើ ចាប់ផ្តើមផ្អៀងទៅ “ការពារផលប្រយោជន៍ប៉ាឡេស្ទីន ទោះបីជារុស្ស៊ីពុំទាន់ប្រកាសឲ្យឃើញ គោលជំហរ ជាផ្លូវការត្រង់ៗរបស់ខ្លួន នៅឡើយ នេះជាការលើកឡើងរបស់លោកDanilo delle Fave អ្នកជំនាញ ផ្នែកប្រទេសរុស្ស៊ីដែលធ្លាប់ធ្វើការនៅ International Team for the Study of Security (ITSS) នៅទីក្រុង Verona ប្រទេសអ៊ីតាលី។ លោក ធ្លាប់បានធ្វើការសិក្សាវិភាគ អំពីទំនាក់ទំនងរវាងម៉ូស្គូ ជាមួយ អ៊ីស្រាអែល និង ប៉ាឡេស្ទីន។ ដំណើរនៃការលំអៀងពីសំណាក់រុស្ស៊ីទៅរក ប៉ាឡេស្ទីន នេះ អាចចែកចេញជា ៣ ដំណាក់កាល។ ទី១ យោងតាមកាសែតបារាំង Le Monde លោក Ramzan Kadyrov មេដឹកនាំខេត្តឆេឆេនីដែលជាដែនដីចំណុះសហព័ន្ធរុស្ស៊ី ដែលភាគច្រើនលើសលប់ នៃប្រជាជនរស់នៅកាន់សាសនាអ៊ីស្លាម បានបង្ហាញជំហរ គាំទ្រប៉ាឡេស្ទីន ដោយត្រង់ៗ តែម្តង។ គួររំឭកថា រុស្ស៊ី តែងប្រើឈ្មោះមេដឹកនាំអ៊ីស្លាមរូបនេះ ដើម្បីបញ្ជូនសារទៅកាន់ បណ្តាប្រទេសអារ៉ាប់។ ទី ២ លោក Ivan Klyszcz បន្តទៀតថា ៖ នៅក្រុមប្រឹក្សាសន្តិសុខ អសប ក្នុងឱកាសនៃកិច្ចប្រជុំវិសាមញ្ញ ក្នុងលក្ខណៈបិទជិត ពោលគឺពុំមានវត្តមានសារព័ត៍មាន ឬ មហាជននានា “ រុស្ស៊ី ត្រូវគេសង្ស័យថា បានរាំងស្ទះ មិនឲ្យការអនុម័តសេចក្តីថ្កោលទោស អំពើវាយប្រហាររបស់ក្រុមហាម៉ាស លើអ៊ីស្រាអែល អាចឈានទៅដល់ការសម្រេចបាន ។ ជំហានទី៣ លោក Ahmed Aboul Gheit រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីព និង ជាអគ្គលេខា នៃ សម្ព័ន្ធប្រទេសអារ៉ាប់ បានអញ្ជើញមកកាន់ក្រុងម៉ូស្គូ កាលពីថ្ងៃចន្ទ កន្លងទៅ ហើយតាមទីភ្នាក់ងារព័ត៌មានផ្លូវការរុស្ស៊ី Tass លោក Mahmoud Abbas ប្រមុខរដ្ឋប៉ាឡេស្ទីន ក៏គ្រោងធ្វើដំណើរមកកាន់រុស្ស៊ី​ ដូចគ្នាដែរ។ ទំនាក់ទំនងកាន់តែជិនស្និត ជាមួយចលនា ហាម៉ាស ផ្ទុយមកវិញ ពុំមានសញ្ញាអ្វីមួយ ដែលសឲ្យឃើញថា ម៉ូស្គូ បានទាក់ទងទៅ អ៊ីស្រាអែល ក្រោយការវាយប្រហារ ពីសំណាក់ក្រុម ហាម៉ាស ឡើយ។ ពុំតែប៉ុណ្ណោះ រុស្ស៊ី ថែមទាំងអវត្តមាន ក្នុងឱកាសដែលបណ្តាប្រជាជាតិនានាដ៏ច្រើនលើសលុប នាំគ្នាសំដែងសាមគ្គីភាពជាមួយ ប្រជាជនអ៊ីស្រាអែលដែលរងគ្រោះ ដោយការវាយប្រហារនោះ។ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នៅថ្ងៃអង្គារទី ១០ តុលា បែរជាបានអំពាវនាវ ឲ្យបង្កើត “ រដ្ឋប៉ាឡេស្ទីន” ទៅវិញ។ លោក Ivan Klyszcz វិភាគបន្តទៀតថា៖ ចំណុចមួយ​ ដែលគួរឲ្យចាប់អារម្មណ៍នោះ គឺជំនួបរវាង រដ្ឋមន្ត្រីការបរទេរសរុស្ស៊ី និង លោក Ahmed Aboul Gheit រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីព ដែលត្រូវបានរៀបចំឡើង ទៅតាមការចង់បានរបស់ ប្រទេសសម្ព័ន្ធអារ៉ាប់។ ការណ៍នេះ បង្ហាញថា រុស្ស៊ីដែលជាប្រទេសសមាជិកអចិន្ត្រៃយមួយ ក្នុងក្រុមប្រឹក្សាសន្តិសុខ អសប...

Duration:00:07:00

Ask host to enable sharing for playback control

តើ​ក្រុម​​ហាម៉ាសប៉ាឡេស្ទីន​ ​ជា​នរណា?

10/12/2023
ថ្ងៃសៅរ៍ ទី​៧តុលា ចលនាអ៊ីស្លាម​ប៉ាឡេស្ទីនហាម៉ាស បាន​បើកការ​វាយ​ប្រហារ​ទ្រង់ទ្រាយធំ និង​ដ៏សាហាវបំផុត​មិនធ្លាប់មានពីមុនមក នៅ​ក្នុងទឹកដីអ៊ីស្រាអែល​ បើគិតចាប់ពីពេលដែលក្រុម​នេះ បានកាន់​កាប់អំណាចទាំងស្រុង នៅតំបន់ហ្កាហ្សា នៅឆ្នាំ​២០០៧។ ការវាយឆ្មក់របស់​ក្រុមហាម៉ាសនេះ បាន​ធ្វើឲ្យផ្ទុះឆេះ​ក្លាយជាសង្គ្រាម​ ដោយអ៊ីស្រាអែលបាន​សន្យាថា​ នឹងកំទេច​​ក្រុមហាម៉ាសឲ្យ​រលាយក្លាយជាផេះ​។ គិតត្រឹមថ្ងៃព្រហស្បតិ៍ទី​១២តុលា ប្រតិបត្តិការវាយឆ្មក់​ទ្រង់ទ្រាយធំរបស់​ក្រុមហាម៉ាស បាន​ផ្តាច់ជីវិតមនុស្ស​ប្រមាណ​១២០០នាក់​នៅអ៊ីស្រាអែល និងរបួសជាច្រើនពាន់នាក់ទៀត។ អ៊ីស្រាអែលបាន​បើកការវាយ​ប្រហារឆ្លើយតបវិញ ទៅលើ​តំបន់​ហ្កាហ្សា ដោយ​បានបាញ់​មីស៊ីល​ជិញ្ជ្រុំ​ ៥ជាប់គ្នា បណ្តាលឲ្យស្លាប់​មនុស្សយ៉ាង​ហោច​១២០០នាក់ ដែលក្នុងនោះមានស្ត្រី​ និង​កុមារប៉ាឡេស្ទីនជាច្រើននាក់ ព្រមទាំងមានរបួសប្រមាណ​៣០០០នាក់។ អាជ្ញាធរអ៊ីស្រាអែលបានអះអាងថា គេបានសម្លាប់​សមាជិក​ក្រុមហាម៉ាស ចំនួនយ៉ាងហោច១៥០០នាក់ ដែលបានសំរុកចូលទឹកដីអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍​។ ជាមួយនឹង​គ្រាប់រ៉ូកែត ចំនួន​ប្រមាណ​៥០០០គ្រាប់ ដែល​ក្រុមនេះបានអះអាងថាបានបាញ់ទៅលើអ៊ីស្រាអែល ក្នុងរវាងប៉ុន្មានថ្ងៃមកនេះ ក្រុមហាម៉ាសកំពុងតែ​មានឈ្មោះល្បីរន្ទឺ ​ត្រូវបាន​គេនិយាយដល់យ៉ាងព្រោងព្រាត សឹងពាសពេញពិភពលោក។ ពីខាងអាល្លឺម៉ង់ លោក​អធិការបតី អូឡាហ្វ ស្ហុលស៍ បាន​ប្រកាស​នៅថ្ងៃព្រហស្បតិ៍​ទី​​១២​តុលា​ថា អាជ្ញាធរអាល្លឺម៉ង់ នឹងបង្កើនការប្រុងប្រយ័ត្ន ដើម្បីហាមឃាត់​សកម្មភាពទាំងអស់នៅលើទឹកដីអាល្លឺម៉ង់ ដែលពាក់ព័ន្ធនឹង​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន។ លោក​ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ ក៏បាន​ថ្លែងអំពាវនាវ ទៅកាន់​លោក ម៉ាសមូដ អាបាស ប្រមុខដឹកនាំអាជ្ញាធរ​ប៉ាឡេស្ទីន​ ថា​ត្រូវដល់ពេល​​ចេញមុខ ថ្កោលទោសអំពើព្រៃផ្សៃរបស់​ក្រុមហាម៉ាស។ ក្រុមហាម៉ាសមានប្រវត្តិបែបណា? ប្រវត្តិរបស់​ក្រុមហាម៉ាស គឺមិនអាចផ្តាច់ចេញបានទេ ពី​តំបន់​ហ្កាហ្សា។ ពាក្យ “ហាម៉ាស” គឺជាពាក្យអក្សរកាត់ បានមកពីពាក្យពេញថា​ Harakat Al Muqawarma Al Islamiya ដែលយើងអាចបក​ប្រែមកថា « ចលនានៃការ​​តស៊ូអ៊ីស្លាម »។ ចលនា​នយោបាយ​និង​​ប្រដាប់​អាវុធ​នេះ ត្រូវ​បាន​បង្កើតឡើង នៅ​ឆ្នាំ​១៩៨៧ ដោយមេដឹកនាំ​ម្នាក់ឈ្មោះ Cheikh Ahmed Yassine។ ចាប់តាំងពីពេល​ដំបូង ចលនាហាម៉ាស មានមនោគមន៍វិជ្ជាស្និទ្ធនឹងក្រុមចលនាភាតរៈអ៊ីស្លាមនៅអេហ្ស៊ីប។ ពោលគឺ ក្រុមហាម៉ាស មានគំនិត​បង្កើតរដ្ឋប៉ាឡេស្ទីន ដោយយក​​សាសនាអ៊ីស្លាមជាច្បាប់កំពូល និងមានឆន្ទៈឈាន​​ទៅកំទេចអ៊ីស្រាអែល។ យ៉ាងណាមិញ នៅក្នុង​អត្ថបទ​គោល​នៃចលនានេះ គឺមានខ្លឹមសារ​រើសអើងស្អប់ខ្ពើមមកលើជនជាតិជ្វីហ្វ។ តាំងតែពីតំបូង ក្រុមហាម៉ាសបាន​រីកដុះដាលចាក់ឬស នៅក្នុងតំបន់ហ្កាហ្សា ដែលប្រមូលផ្តុំទៅដោយ​ជនភៀសខ្លួនប៉ាឡេស្ទីន ដែលបានរត់ភៀសខ្លួន ក្រោយ​ការបង្កើតរដ្ឋអ៊ីស្រាអែល នៅឆ្នាំ​១៩៤៨​។ ពីមុនមក សកម្មភាពយុទ្ធសាស្ត្រ​របស់​ក្រុមហាម៉ាស គឺជាការ​ធ្វើប្រតិបត្តិការវាយ​ប្រហារភេរវកម្មអត្តឃាត ដើម្បីសម្លាប់​ប្រជាជន​ស៊ីវីលអ៊ីស្រាអែល។ ប្រតិបត្តិការភេរវកម្មនេះ គឺទទួលបន្ទុក​ដោយ​ កងកម្លាំង​ Izz al-Din al-Qassam ដែលជាមែកធាងប្រដាប់អាវុធ របស់​ក្រុមហាម៉ាស។ បើនិយាយលើ​ផ្នែក​នយោបាយវិញ ក្រុមហាម៉ាស ប្រឆាំងដាច់ខាត ទៅនឹង​កិច្ចព្រមព្រៀងអូស្លូ ឆ្នាំ​១៩៩៣ ដែល​អាជ្ញាធរប៉ាឡេស្ទីន បានចុះហត្ថលេខាជាមួយអ៊ីស្រាអែល ហើយ​ដែលធ្លាប់ជាក្តីសង្ឃឹមនៃការឈានទៅ​កសាងសនិ្តភាព​ មុននឹងអ្វីៗត្រូវរលាយ​ក្លាយជាផេះ។ ចាប់ពីឆ្នាំ​២០០០ ក្រុមហាម៉ាស បានចាប់​ផ្តើម​ប្តូរយុទ្ធសាស្ត្រ ដោយបាន​បាញ់​គ្រាប់រ៉ូកែតចេញពីតំបន់​ហ្កាហ្សា ឆ្ពោះមកកាន់ទឹកដីអ៊ីស្រាអែល​។​ ក្រុមហាម៉ាស​កាន់តែ​មានសន្ទុះរឹងមាំឡើង នៅក្នុងអំឡុងពេល ចលនា Intifada លើក​ទី​២ នៅរវាង​ដើម​ទសវស្សឆ្នាំ​២០០០។ ធ្វើផ្គរធ្វើភ្លៀងតែម្នាក់ឯងនៅតំបន់ហ្កាហ្សា​ នៅឆ្នាំ​២០០៦ ចលនាហាម៉ាស បាន​ឈាន​ទៅ​ឈ្នះ​ក្នុង​ការ​បោះឆ្នោតសភាប៉ាឡេស្ទីន ជាមួយនឹងសំឡេងឆ្នោត៥៦%។ ជ័យជំនះនេះ បាន​ធ្វើឲ្យ​ក្រុមហាម៉ាសកាន់តែមានមោទនៈភាព ហើយ​បាន​បង្កើតឲ្យ​ការ​ប្រេះឆាកាន់តែខ្លាំងឡើង ជាមួយ​ក្រុមហ្វាតា ដែលជាអង្គភាពនយោបាយ​ដ៏សំខាន់​មួយទៀតរបស់ប៉ាឡេស្ទីន​។ សង្គ្រាម​ស៊ីវីល​ក៏​បានផ្ទុះឡើងរវាងចលនា​ប៉ាឡេស្ទីនទាំង២នេះ ហើយទីបំផុត ក្រុមហ្វាតា បានបង្ខំចិត្ត ចាកចេញ​ពីតំបន់​ហ្កាហ្សានៅឆ្នាំ​២០០៧ ដោយទុក​ឲ្យ​ក្រុមហាម៉ាសធ្វើ​ផ្គរធ្វើភ្លៀង គ្រប់គ្រងយ៉ាងផ្តាច់ការនៅតំបន់ហ្កាហ្សាតែម្នាក់ឯង តាំងតែពីពេលនោះមក​។ គួររំលឹកថា ជម្លោះប្រដាប់អាវុធរវាង​ក្រុមហាម៉ាស និង​អ៊ីស្រាអែល ធ្លាប់​បានកើតឡើងច្រើនដឹងមកហើយ។ នៅឆ្នាំ​២០១៤ ភាគីទាំង​២បាន​ចុះកិច្ចបទឈប់បាញ់ជាមួយគ្នា ហើយ​កាលនោះ អ៊ីស្រាអែលគិតស្មានថា បានវាយ​បំផ្លាញសមត្ថភាពប្រយុទ្ធរបស់ក្រុមហាម៉ាសបានទាំងស្រុង។ តែតំបន់ហ្កាហ្សាទាំងមូល នៅតែស្ថិតក្នុងកណ្តាប់​ដៃរបស់​ក្រុមហាម៉ាសដដែល។ ស្រាប់តែនៅឆ្នាំ​២០២១ ប្រវត្តិសាស្ត្របានជាន់ដានម្តងទៀត ជាមួយនឹងការផ្ទុះសង្គ្រាម​សារជាថ្មី។ ក្រុមហាម៉ាស...

Duration:00:12:00

Ask host to enable sharing for playback control

រុស្ស៊ីផ្ទុះកំហឹងខ្លាំង ខណៈរដ្ឋសភាអាមេនីផ្តល់សច្ចាប័នភ្ជាប់ប្រទេសនេះទៅនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ

10/6/2023
ថ្ងៃអង្គារ ទី ៣ តុលា រដ្ឋសភាអាមេនី បានផ្តល់សច្ចាប័នលើ សេចក្តីសម្រេចភ្ជាប់ប្រទេសនេះ ទៅនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ CPI។ ទង្វើនេះបានបង្កនូវក្តីខឹងសម្បា ពីសំណាក់ក្រុងម៉ូស្គូ ដែលថ្កោលទោសថា នេះជាសេចក្តីសម្រេច ពុំត្រឹមត្រូវ និង វង្វេងវង្វាន់​។ ការណ៍នេះ រំលេចឲ្យឃើញពី ទំនាស់ថ្មី រវាងប្រទេសទាំងពីរ ដែលធ្លាប់ជាសម្ព័ន្ធមិត្តពីដើមមក តែអំណើះតទៅ ប្រែក្លាយជា សត្រូវ មើលមុខគ្នាលែងចំទៅវិញ។ ក្រុមតំណាងរាស្ត្រអាមេនី បានបោះឆ្នោតដើម្បីផ្តល់សច្ចាប័នដល់ លក្ខន្តិកៈក្រុងរ៉ូម ដែលជា សន្ធិសញ្ញាស្ថាបនិក នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ CPI ដោយមានសម្លេងគាំទ្រចំនួន ៦០ ទល់នឹងសម្លេងជំទាស់តែ ២២។ សម្រាប់ប្រទេសរុស្ស៊ី ការភ្ជាប់ខ្លួនរបស់អាមេនី ទៅនឹងតុលាការ CPI គឺជាដំណឹងអាក្រក់មួយ។ គួរំឭកថា កាលពីប៉ុន្មានខែមុន តុលាការ CPI បានចេញដីកាម្តងរួចមកហើយ តម្រូវឲ្យចាប់ខ្លួនលោក ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ចំពោះ “ ការចាប់ជំរិត” កុមារាកុមារីអ៊ុយក្រែន មកប្រទេសរុស្ស៊ី។ អ្នកនាំពាក្យវិមានក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ បានទិតៀន សេចក្តីសម្រេច របស់រដ្ឋសភាអាមេនីថាជា “ ក្កីភាន់ច្រឡំសុទ្ធសាធ” ហើយបន្តថាទង្វើនេះ នឹងបង្កើនភាពល្អក់កករកាន់តែខ្លាំង ក្នុងទំនាក់ទំនងឧភតោភាគីនៃប្រទេសទាំងពីរ ។ អ្នកនាំពេលដដែលនេះ បន្តថា អាមេនី គួរតែរក្សាចំណងសម្ព័ន្ធភាព ជាមួយរុស្ស៊ី ជាជាងបង្កឲ្យកើតមានទំនាស់ រវាងប្រទេសទាំងពីរ។ ប៉ុន្តែ ចំពោះ អាមេនី វិញ ការភ្ជាប់ខ្លួនទៅនឹង តុលាការនេះ គឺជាក្តីសង្ឃឹមមួយ ដើម្បីទទួលបាននូវ ការការពារបន្ថែមទៀត តទល់នឹងប្រទេស អាស៊ែរបែដហ្សន់ ជាប្រទេសជិតខាង ដែលខ្លាំង និង មានអំណាចជាង។ គួរបញ្ជាក់ថា អាស៊ែរបែដហ្សន់ ទើបនឹងដណ្តើមបាន ជ័យជំនះ យោធា រហ័សដូចផ្លេកបន្ទោរ លើពួកឧទ្ទាមជាតិអាមេនី ដែលបានផ្តាច់យកទឹកដី កាលពីជាង ៣០ ឆ្នាំមុន នៅក្នុងតំបន់ ការ៉ាបាក់ ដែលសព្វថ្ងៃស្ថិត នៅក្នុងដែនដីអាស៊ែរបែដហ្សន់។ ភ្ជាប់ខ្លួនទៅនឹង តុលាការ CPI គឺ មានន័យ“ បង្កើតជាការធានាថែមទៀត សម្រាប់អាមេនី តទល់នឹង អាស៊ែរបែដហ្សន់ នេះជាសេចក្តីថ្លែងការរបស់ លោក Eghiche Kirakosian មន្ត្រីអាមេនីទទួលបន្ទុក កិច្ចការ របស់តុលាការអន្តរជាតិ ក្នុងពេលបើកសម័យប្រជុំពិភាក្សា ជុំវិញបញ្ហាផ្តល់សច្ចាប័ននេះ កាលពីនៅថ្ងៃអង្គារកន្លងទៅ។ ថ្លែងនៅពីមុខ ក្រុមតំណាងរាស្ត្រអាមេនី លោក Eghiche Kirakosian បានសង្កត់ធ្ងន់ដូចតទៅ ៖ ការផ្តល់សច្ចាប័នដល់ លក្ខន្តិកៈក្រុងរ៉ូម គឺជាការធានា ទល់នឹង ការលុកលុយជាយថាហេតុ ពីអាស៊ែរបែដហ្សន់ មកលើអាមេនី ហើយដែលការធានានេះ ស្ថិតក្នុង សមត្ថភាព របស់តុលាការ CPI ។ គួររំឭកថា អាមេនី បានចុះហត្ថលេខា លើ លក្ខន្តិកៈក្រុងរ៉ូម ក្នុងឆ្នាំ ១៩៩៩ ដែលកាលនោះ ពុំបានផ្តល់ សច្ចប័នភ្លាមទេ ដោយហេតុថា ចំណុចមួយចំនួនក្នុងសំណុំឯកសារនោះ គឺផ្ទុយនឹង រដ្ឋធម្មនុញ្ញខ្លួន។ តែ ឧបសគ្គនេះ ត្រូវបានដកចេញទៅហើយ។ យ៉ាងណាមិញ បណ្តាគណបក្សប្រឆាំង ដែលក្តាប់បានអាសនៈចំនួន ៣៦ លើ ១០៧ អាសនៈនៅក្នុងរដ្ឋសភាអាមេនី បានប្រឆាំងតវ៉ា នឹងការបើកសម័យប្រជុំពិភាក្សាបញ្ហាផ្តល់សច្ចប័ន បែបទាន់ហន់ ហើយបានដើរចេញពីសាលប្រជុំ។ តាំងពីថ្ងៃព្រហស្បត៏សប្តាហ៍មុន វិមានក្រេមឡាំង បានព្រមានថា រុស្ស៊ីនឹងចាត់ទុក ការភ្ជាប់ខ្លួន របស់អាមេនី ទៅនឹង តុលាការ CPI ថាជាការប្រកាសសត្រូវនឹងគ្នា។ តំណាងផ្លូវការរបស់វិមានក្រេមឡាំង លោក ពេស្កូវ បន្ថែមទៀតថា ៖ ទោះយ៉ាងណា យើងសង្ឃឹមថា សេចក្តីសម្រេចទាំងនេះ នឹងពុំជះឥទ្ធពលអវិជ្ជមានមកលើ ទំនាក់ទំនង រវាងប្រទេសទាំងពីរ។ ភាពល្អកកករថ្មីនេះ កើតឡើង ចំពេលដែលទំនាក់ទំនង រវាង អាមេនី និង រុស្ស៊ី កំពុងឆ្លងកាត់ បរិយាកាសអួរអ័ព្ទ។ ក្រុង Erevan ប្រទេសអាមេនី បានខិតទៅជិតប្រទេសបស្ចិមលោកបន្តិចម្តងៗ ក្នុងប៉ុន្មានខែចុងក្រោយនេះ​ ដ្បិត រុស្ស៊ី ដែលធ្លាប់ជាសម្ព័ន្ធមិត្តពីមុន បានបោះបង់ខ្លួន ក្នុងគ្រាដែល អាស៊ែរបែដហ្សន់ បានវាយលុកកាលពីពេលថ្មីៗនេះ ទៅលើ តំបន់ ការ៉ាបាក់។ តែការយល់ឃើញដូច្នេះ​ ត្រូវ វិមានក្រេមឡាំង បដិសេធច្រានចោលទាំងស្រុង ។ អស់រយៈពេល ៣ ឆ្នាំមកហើយ ដែលរុស្ស៊ី បានដាក់ពង្រាយកងទ័ពមួកខៀវរបស់ខ្លួន ឲ្យឈរជើងថែរក្សាសន្តិភាព នៅលើតំបន់ ការ៉ាបាក់ ពោលគឺក្រោយពីមានការវាយប្រហារពីខាង អាស៊ែរបែដហ្សន់។ ប៉ុន្តែ ផ្ទុយទៅវិញ ក្រុមកងទ័ពមួកខៀវនេះ ត្រឹមតែបានឈរ ឱបដៃមើល ខណៈ អាស៊ែរបែដហ្សន់ បានបើកយុទ្ធនាការវាយលុកដ៏គំហុក មកលើការ៉ាបាក់ លើកចុងក្រោយនេះ។ ចំណែកខាងរុស្ស៊ីឯណោះវិញ នៅថ្ងៃអង្គារ លោករដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Sergey Shoigu បានកោតសរសើរ នូវសកម្មភាពរបស់ក្រុមកងទ័ពមួកខៀវរបស់រុស្ស៊ី ថែមទាំងសំដែងអំណរគុណ ដល់កងទ័ពនេះ ចំពោះ “ការលះបង់ និង ភាពម៉ឺងម៉ាត់ ក្លាហាន” របស់គេ ដោយបានជួយបញ្ចៀស កុំឲ្យជម្លោះនៅតំបន់ ការ៉ាបាក់ កាន់តែធ្លាក់ក្នុងសភាពដុនដាប។ ជាតុល្យាការ ប្រតិបត្តិការវាយលុកពីអាស៊ែរបែដហ្សន់ មកលើ ការ៉ាបាក់ បានបង្កឲ្យមានមនុស្សស្លាប់ ប្រមាណ ៦០០ ។ តាំងពីការវាយប្រហារនេះបានចាប់ផ្តើម ប្រជាជនជនជាតិអាមេនី ដែលរស់នៅក្នុងតំបន់ ការ៉ាបាក់ ប្រមាណ ១សែន ២ ម៉ឺននាក់ បាននាំគ្នាភៀសខ្លួន...

Duration:00:06:37

Ask host to enable sharing for playback control

រុស្ស៊ីចំអកផ្គើន ទៅនឹងទណ្ឌកម្មប្រេងឆៅ ពីសំណាក់ប្រទេសមហាអំណាច G7 ?

9/28/2023
អំណឹះតទៅ រុស្ស៊ីនាំចេញប្រេងឆៅរបស់ខ្លួន​ ក្នុងតម្លៃខ្ពស់ឆ្ងាយ លើសពីកម្រិតតម្លៃអតិបរមា ដែលកំណត់ដោយ ក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង ៧ ឬ ហៅកាត់ថា G7។ ពោលគឺ ក្រុមប្រទេស G7 បានកំណត់តម្លៃអតិបរមា ត្រឹមតែ ៦០ ដុល្លារ ប៉ុណ្ណោះ ក្នុងមួយធុងបារីល។ តើនេះសឲ្យឃើញថា ទណ្ឌកម្មបស្ចិមប្រទេស ទៅលើរុស្ស៊ី ពុំមានប្រសិទ្ធភាពដូចការព្រាងទុកឬ ? គេដឹងថា រុស្ស៊ីបានប្រញាប់ប្រញាល់ ស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗនៅអាស៊ី ជាពិសេស គឺ នៅ ចិន និង ឥណ្ឌា ដែលសុទ្ធសឹងជាប្រទេស បដិសេធមិនគោរពតាម របបទណ្ឌកម្មខាងលើ។ រុស្ស៊ី ទទួលបានផលចំណេញយ៉ាងកាក់កប ដ្បិតប្រេងឆៅរុស្ស៊ីដែលលក់ចេញទៅក្រៅ គឺរួចពន្ធច្រើន បើធៀបនិងតម្លៃផ្លូវការ។ បច្ចុប្បន្ននេះ រុស្ស៊ី កំពុងលក់ប្រេងឆៅរបស់ខ្លួន ក្នុងតម្លៃខ្ពស់ជាងឆ្ងាយពី តម្លៃដែលកម្រិតត្រឹម ៦០ ដុល្លារដូចបញ្ជាក់ពីខាងលើ និង ពុំចាំបាច់មានធានារ៉ាប់រង ពីបណ្តាក្រុមហ៊ុននៃបស្ចិមប្រទេស។ ដ្បិតថា ការតំណត់តម្លៃអតិបរមានេះ គឺ ត្រូវគេអនុវត្តចំពោះតែ នាវារុស្ស៊ីដឹកប្រេង ដែលត្រូវមានធានារ៉ាប់រង។ តាមកាសែតអង់គ្លេស Financial Times ៣ភាគ៤ នៃ ប្រេងឆៅដែលនាំចេញដោយបណ្តាក្រុមហ៊ុនរុស្ស៊ី ក្នុងខែសីហា ត្រូវបានដឹកតាមនាវា ដែលគ្មានការធានារ៉ាប់រងទេ។ លើសពីនេះទៀត ម៉ូស្គូ ទទួលបានផលចំណេញច្រើន ពីសំណាក់បណ្តាប្រទេសជាឈ្មួញកណ្តាលមួយចំនួនមាន តួកគី និង អេមៀរ៉ាតអារ៉ាបរួម ដែលសុទ្ធសឹងជាមិត្តរបស់រុស្ស៊ី និង ជាទីដែលប្រេងឆៅរុស្ស៊ីត្រូវឆ្លងកាត់។ ចាប់ពី ពាក់កណ្តាលឆ្នាំ ២០២៣ នេះមក ម៉ូស្គូ ទទួលផលចំណេញបានពេញទំហឹង ពីស្ថានភាពពាណិជ្ជកម្មមួយ ដែលគេឲ្យឈ្មោះថា“ មេឃស្រឡះ” នៅតាមទីផ្សារប្រេង ដូចអារ៉ាប៊ីសាអ៊ូឌីតដែរ រុស្ស៊ីបន្តរួមចំណែកធ្វើឲ្យប្រេងឡើងថ្លៃ ដោយប្រើវិធីកាត់បន្ថយបរិមាណទំនិញដែលត្រូវនាំចេញ ក្នុងក្របខណ្ឌនៃ អង្គការ OPEP+ ។ មួយវិញទៀត ការលស់ពន្ធដែលអនុវត្តចំពោះ បែបបទនេះនៃប្រេងឆៅ បានរួញខើចទៅ។ អស់ប៉ុន្មានខែ ប្រេងឆៅរុស្ស៊ី ម៉ាក Oural ត្រូវបាននាំចេញដោយមានការធ្វើសម្បទានឲ្យវិញ រហូតដល់ ៤០ ដុល្លារ បើធៀបទៅនឹងតម្លៃនៅទីផ្សារ។ ការលស់ពន្ធនេះ បានធ្លាក់ដល់ ១២ ដុល្លារ ក្រោយមានការចេញ ផ្សាយ ពេលថ្មីៗ ដោយសាលាសេដ្ឋកិច្ចក្រុងគៀវ។ តាមប្រភពដដែល រវាង ខែ កក្កដា និង ខែ សីហា តម្លៃ ប្រេងឆៅរុស្ស៊ីដែលនាំចេញ បានហក់ឡើងពី ៥៥ ដុល្លារ ដល់ ៧៣ ដុល្លារ ក្នុង មួយ បារីល។ ចំណូលបន្ថែម បានមកពីការនាំចេញប្រេង បន្តដើរតួជាកត្តាសំខាន់ នៃកំណើនសេដ្ឋកិច្ចរុស្ស៊ី កំណើនសេដ្ឋកិច្ចនេះ ស្ថិតក្នុងកម្រិតប្រហែល ១,៥% នេះបើផ្អែលតាមអង្គការ មូលនិធិរូបិយវត្ថុអន្តរជាតិ FMI ។ ការណ៍នេះ គឺជាដំណឹងល្អសម្រាប់ វិស័យហិរញ្ញវត្ថុសាធារណៈ​ក្នុងប្រទេសរុស្ស៊ី។ លោក វ៉្លាឌីមៀរ ពូទីន គ្រោងបង្កើនថវិកាសម្រាប់វិស័យការពារជាតិរហូតដល់ ៧០% ក្នុងឆ្នាំ ២០២៤។ ធនាគារ BERD ជា ធនាគារអឺរ៉ុបបង្កើតឡើងសម្រាប់ផ្តល់ជំនួយដល់ បណ្តាអតីតសាធារណរដ្ឋសូវៀត យល់ស្របនឹងការទស្សន៍ទាយនៃកំណើនសេដ្ឋកិច្ចរុស្ស៊ី ពីសំណាក់ FMI ។ ប៉ុន្តែ ធនាគារដដែលនេះ ក៏សំដែងការខកចិត្ត ដោយបន្លឺក្នុងសេចក្តីថ្លែងការណ៍មួយថា៖ យើងសង្ឃឹមថា ទណ្ឌកម្មទាំងអម្បាល់ម៉ាន មុខជានឹងមានប្រសិទ្ធិភាពខ្លាំងជាងនេះ !។ តែដើម្បីឲ្យទណ្ឌកម្មលើរុស្ស៊ីមានប្រសិទ្ធិភាពជាងនេះ អ៊ុយក្រែន ចង់ឃើញការរឹតគំនាបកាន់តែខ្លាំងលើរុស្ស៊ី ដោយបន្ទាបតម្លៃប្រេងឆៅ នាំចេញរបស់រុស្ស៊ី ឲ្យធ្លាក់ក្រោម ៦០ ដុល្លារក្នុងមួយធុងបារីល និង ដោយចាត់វិធានការចាំបាច់ផ្សេងៗទៀត។ ឧទាហរណ៍ ការហាមមិនឲ្យនាំចេញ ត្បូងពេជ្រពីរុស្ស៊ី គឺជាប្រធានបទមួយ ដែលកំពុងស្ថិតក្នុងការពិភាក្សា នៃក្រុមប្រទេស G7។ វិធានការមួយទៀត គឺប្រទេសសមាជិកអឺរ៉ុប ត្រូវព្យាយាមគោរពតាមបម្រាមមួយ ដែលហាមឃាត់មិនឲ្យមានការនាំចេញនៃ គ្រឿងផ្សំនានា ដែលគេប្រើក្នុងវិស័យឧស្សាហកម្មយោធា ហើយដែលត្រូវឆ្លងកាត់តាមបណ្តាប្រទេសទី ៣ ។ នេះក៏ព្រោះតែ គេសង្កេតឃើញថា ការនាំចូលរបស់រុស្ស៊ីនៃ គ្រឿងផ្សំផ្សេងៗដ៏មានតម្លៃ តួយ៉ាង Semi-conducteurs បានកើនឡើងដល់កម្រិតមួយ ស្មើនឹងអំឡុងពេល មុនផ្ទុះសង្គ្រាមនៅអ៊ុយក្រែន។ អ៊ុយក្រែន អំពាវនាវឲ្យអឺរ៉ុប ឈប់នាំចូល ឧស្ម័នធម្មជាតិរុស្ស៊ីដែលបង្ហាប់ជាទឹក ហៅថា GNL អឺរ៉ុបដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី តាមរយៈផលិតផល ប្រេងឆៅ និង ធ្យូងថ្ម។ ប៉ុន្តែ អឺរ៉ុបពុំរាប់បញ្ចូល ឧស្ម័ន ទេ ពោលគឺធ្វើដូច្នេះ ដើម្បីបញ្ចៀសដំណើរខ្វះខាត ក្នុងបណ្តាប្រទេសអឺរ៉ុបមួយចំនួន ដែលត្រូវការធនធានថាមពលនេះ ដោយខានពុំបាន។ ទន្ទឹមនឹងគ្នានេះ គិតតាំងពីពេល ដែលគេកាត់ផ្តាច់បណ្តាញបំពង់បង្ហូរឧស្ម័នរុស្ស៊ីទៅអឺរ៉ុប ប្រទេសទាំង ២៧ ក្នុងសហភាពអឺរ៉ុប បានរកធនធានធម្មជាតិផ្សេងមកជំនួស តួយ៉ាងការបង្កើនការនាំចូល នៃឧស្ម័នធម្មជាតិបង្ហាប់ជាទឹក ហៅថា GNL ពី សហរដ្ឋអាមេរិក ជាឧទាហរណ៍ ។ ប៉ុន្តែ អ្វីដែលគួរឲ្យសោកស្តាយនោះ គឺផ្ទុយពីការរំពឹងទុក ប្រទេសខ្លះទៀតនៃសហគមអឺរ៉ុប បែរជានាំចូល ឧស្ម័ន GNL ក្នុងបរិមាណក្រាស់ក្រែលតែម្តងពី រុស្ស៊ី ដោយមានស្ថិតិអឺរ៉ុបជា តឹក តាងស្រាប់។ ជាក់ស្តែង ក្នុងឆ្នាំ២០២៣នេះ ប្រទេស បែលហ្ស៊ិក និង អេស្ប៉ាញ បាននាំចូលឧស្ម័ន GNL...

Duration:00:05:59

Ask host to enable sharing for playback control

ហេតុអ្វីវិបត្តិស្បៀងអាហារសកលនៅតែមានកម្រិតខ្ពស់?

9/25/2023
របាយការណ៍ស្ដីអំពីវិបត្តិស្បៀងអាហារសកលឆ្នាំ២០២៣បង្ហាញថា ភាពអត់ឃ្លាន កង្វះអាហារូបត្ថម្ភ និងវិបត្តិស្បៀងអាហារនៅតែមានកម្រិតខ្ពស់គួរឲ្យព្រួយបារម្ភនៅឡើយ។ ប្រជាជនជិត ២៤០លាននាក់នៅក្នុង ៤៨ប្រទេសកំពុងប្រឈមមុខនឹង អសន្តិសុខស្បៀងធ្ងន់ធ្ងរ។ របាយការណ៍សកលស្តីពីវិបត្តិស្បៀងអាហារឆ្នាំ២០២៣ របស់កម្មវិធីស្បៀងអាហារពិភពលោក ឬគេស្គាល់ថា អង្គការ WFP បង្ហាញអំពីក្ដីបារម្ភនៅក្នុងកម្រិតខ្ពស់នៅឡើយ ចំពោះវិបត្តិស្បៀងអាហាររបស់ពិភពលោក។ កត្តាផ្សេងៗ រួមមាន បញ្ហាជម្លោះក្នុងតំបន់ វិបត្តិសង្គ្រាម វិបត្ដិសេដ្ឋកិច្ច បញ្ហាអាកាសធាតុប្រែប្រួលខ្លាំង និងការរឹតត្បិតលើការនាំចេញស្បៀងអាហារ នៅតែបន្តបង្កហានិភ័យនៃភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ ដល់មនុស្សរាប់លាននាក់។ នេះ​បើ​យោង​តាមការចេញផ្សាយរបស់ EU Science Hub។ ផ្អែកលើទិន្នន័យចុងក្រោយបំផុតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៣ យើងអាចសង្កេតឃើញថា ប្រជាជនពិភពលោកយ៉ាងហោចណាស់ជិត ២៤០លាននាក់នៅទូទាំង៤៨ប្រទេសដែលវិបត្តិស្បៀងអាហារស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ។ ប្រទេសដែលមានងាយរងគ្រោះបំផុត រួមមាន សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នីហ្សេរីយ៉ា ស៊ូដង់ អេត្យូពី អាហ្វហ្គានីស្ថាន យេម៉ែន បង់ក្លាដែស បាគីស្ថាន ស៊ូដង់ខាងត្បូង និងសូម៉ាលី។ ក្នុងចំណោមប្រទេសទាំងនេះ មីយ៉ាន់ម៉ា ដែលជាប្រទេសមួយនៅតំបន់អាស៊ាន ក៏ធ្លាប់ស្ថិតក្នុងចំណោមប្រទេសទាំង១០ ដែលងាយរងគ្រោះខ្លាំងបំផុតផងដែរ ក្នុងឆ្នាំ ២០២២ ប៉ុន្តែមីយ៉ាន់ម៉ាមិនត្រូវបានរាប់បញ្ចូលក្នុងការធ្វើបច្ចុប្បន្នភាពនោះទេ ដោយសារទិន្នន័យមិនគ្រប់គ្រាន់ស្តីពីអសន្តិសុខស្បៀងធ្ងន់ធ្ងរក្នុងឆ្នាំ២០២៣។ ហេតុអ្វីវិបត្តិស្បៀងអាហារសកលនៅតែមានកម្រិតខ្ពស់? យ៉ាងហោចណាស់មានហេតុផលចម្បងៗបី ដែលបានកើតឡើងដំណាលគ្នា និងមានទំនាក់ទំនងរវាងគ្នាទៅវិញទៅមក ហើយបានរុញច្រានឱ្យវិបត្តិស្បៀងអាហារនៅតែមានកម្រិតខ្ពស់។ ទីមួយ៖ បញ្ហាជម្លោះក្នុងតំបន់ បញ្ហាសង្គ្រាម និងវិបត្ដិសេដ្ឋកិច្ច បញ្ហាជម្លោះក្នុងតំបន់ វិបត្តិសង្គ្រាម និងភាពអសន្តិសុខនៅក្នុងតំបន់នៅតែជាកត្តាឈានមុខគេនៃវិបត្តិអសន្តិសុខស្បៀងអាហារ។ ក្នុងចំណោមប្រទេសទាំង១០ដែលងាយរងគ្រោះបំផុតចំពោះវិបត្តិស្បៀងអាហារ មានប្រទេស៨ទៅហើយដែលស្ថិតនៅក្នុងតំបន់មានជម្លោះ។ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានធ្វើឱ្យតម្លៃស្បៀងអាហារពិភពលោកកើនឡើងខ្លាំង ជាពិសេសនៅឆ្នាំ២០២២ ហើយវាបង្កឱ្យមានហានិភ័យនៅក្នុងប្រទេសទាំងនោះកាន់តែមានភាពផុយស្រួយ។ ក្នុងពេលជាមួយគ្នា វិបត្តិសេដ្ឋកិច្ច និងវិបត្ដិនៃការឡើងថ្លៃទំនិញជាទូទៅ ឬគេស្គាល់ថា វិបត្តិអតិផរណា ក៏បានធ្វើឱ្យតម្លៃស្បៀងអាហារកើនឡើងកាន់តែខ្ពស់ផងដែរនៅក្នុងទីផ្សារនៃប្រទសទាំងនេះ។ វាបង្កផលប៉ះពាល់ខ្លាំងណាស់ដល់ប្រជាជន ជាពិសេសនៅក្នុងបណ្ដាប្រទេសដែលមានចំណូលទាប ហើយមានកម្រិតបំណុលសាធារណៈខ្ពស់។ នៅក្នុងប្រទេសទាំងនោះ រដ្ឋាភិបាលគ្មានថវិកាសម្រាប់នាំចូលស្បៀងអាហារឱ្យបានគ្រប់គ្រាន់នោះទេ។ ទីពីរ៖ បញ្ហាអាកាសធាតុ ក្តៅពេក ស្ងួតពេក និងភ្លៀងពេក នាពេលបច្ចុប្បន្ន ពិភពលោកប្រឈមនឹងការប្រែប្រួលអាកាសធាតុខ្លាំង ពេលខ្លះ ក្ដៅពេក រាំងពេក និងភ្លៀងខ្លាំងពេក។ ជាឧទាហរណ៍ រលកកំដៅខ្លាំងក្នុងឆ្នាំ២០២២ បានបំផ្លាញផលិតកម្មស្រូវសាលីរបស់ប្រទេសឥណ្ឌា។ ឆ្នាំនេះ​​ជា​ឆ្នាំ​ទី​ពីរ​ជាប់​គ្នាៗហើយដែល​ឥណ្ឌា​បាន​ដាក់​កម្រិត​ការ​នាំ​ចេញ​អង្ករ។ ឧទាហរណ៍ផ្សេងទៀត អាហ្សង់ទីនដែលជាប្រទេសនាំចេញសណ្តែកសៀងដ៏ធំបំផុតរបស់ពិភពលោក និងជាប្រទេសផលិតពោតកំពូល បានទទួលរងនូវគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេល ៦០ឆ្នាំ។ ឥណ្ឌូណេស៊ី ដែលជាប្រទេសនាំចេញប្រេងដូងធំជាងគេលើពិភពលោក បានហាមឃាត់ការនាំចេញរបស់ខ្លួនក្នុងរយៈពេលខ្លីកាលពីឆ្នាំមុន។ ទីបី៖ ការទប់ស្កាត់ការនាំចេញស្បៀងអាហារកើនឡើង នៅតំបន់អាស៊ី យោងតាមសារព័ត៌មានសិង្ហបុរី CNA ការរឹតត្បិតការនាំចេញអង្ករ និងការអនុវត្តនយោបាយកំណត់តម្លៃអង្ករ កំពុងបង្កជាហានិភ័យដល់វិបត្តិស្បៀងអាហារសម្រាប់តំបន់អាស៊ី។ កាលពីចុងខែកក្កដា ឆ្នាំ២០២៣ ឥណ្ឌាបានរឹតត្បិតការនាំចេញអង្ករ ដើម្បីគ្រប់គ្រងការកើនឡើងតម្លៃអង្ករក្នុងស្រុក និងការធានាការផ្គត់ផ្គង់គ្រប់គ្រាន់នៅក្នុងប្រទេសឥណ្ឌា។ ឥណ្ឌាជាប្រទេសនាំចេញអង្ករដ៏ធំបំផុតលើពិភពលោក។ កត្តានេះបានបង្កឱ្យមានភ័យស្លន់ស្លោយ៉ាងខ្លាំងនៅទូទាំងទីផ្សារពិភពលោក ហើយវាធ្វើឱ្យប៉ះពាល់ភ្លាមៗដល់ប្រទេសយ៉ាងច្រើន ជាពិសេស បណ្ដាប្រទេសនៅអាស៊ី និងនៅអាហ្រ្វិក ដែលពឹងផ្អែកខ្លាំងលើអង្ករឥណ្ឌា។ នេះ​បើ​តាម​សារព័ត៌មាន Al Jazeera។ អង្ករគឺជាស្បៀងអាហារចម្បងរបស់ប្រជាជនជាងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក ហើយអង្ករជាង ៥០០លានតោនត្រូវបានប្រើប្រាស់ជារៀងរាល់ឆ្នាំ។ ឥណ្ឌា​មាន​ចំណែក​៤០​ភាគរយ​នៃ​ការ​នាំ​ចេញ​អង្ករ​ពិភពលោក ដោយ​មាន​ប្រទេស​សំខាន់​ផ្សេង​ទៀត​គឺ​ថៃ វៀតណាម ប៉ាគីស្ថាន និង​សហរដ្ឋអាមេរិក។ យោងតាមលោក Shirley Mustafa នៅអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) ការរឹតបន្តឹងការនាំចេញបែបនេះធ្វើឱ្យទីផ្សារមានអស្ថិរភាព ហើយវានាំឱ្យតម្លៃស្បៀងកើនឡើងនៅទូទាំងពិភពលោក...

Duration:00:06:04

Ask host to enable sharing for playback control

តើវៀតណាមមើលឃើញយ៉ាងណារវាងអាមេរិក និងចិន?

9/18/2023
អស់រយៈពេលរាប់ទសវត្សរ៍ វៀតណាមដែលជាប្រទេសមានអំណាចមធ្យម តែងតែព្យាយាមរក្សាតុល្យភាពរវាងមហាអំណាចិន និងសហរដ្ឋអាមេរិក ដោយមាននយោបាយអាទិភាពមួយ "ចិនទីមួយ អាមេរិកបន្ទាប់"។ ក៏ប៉ុន្តែ នៅពេលដែលការប្រជែងគ្នារវាងចិន និងអាមេរិកកាន់តែកើនឡើង ស្ថានភាពហាក់បង្ខំឱ្យវៀតណាមត្រូវខ្វល់ខ្វាយពិចារណាកាន់តែខ្លាំងលើនយោបាយការបរទេសរបស់ខ្លួន។ តើវៀតណាមមើលឃើញយ៉ាងណារវាងអាមេរិក និងចិន? ថ្មីៗនេះ លោក Joe Biden ប្រធានាធិបតីអាមេរិក បានមើល​រំលងកិច្ចប្រជុំកំពូលអាស៊ាន នៅ​ទីក្រុង Jakarta ប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែបែរជាបាន​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ទី១០ ខែ​កញ្ញាទៅវិញ។ ផ្អែកតាមការចេញផ្សាយរបស់សារព័ត៌មាន The Economist លោក Joe Biden គឺ​ជា​ប្រធានាធិបតី​អាមេរិក​ទី​ប្រាំ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេសវៀណាម ហើយការធ្វើដំណើរលើកនេះពិតជាមានសារៈសំខាន់បំផុតចាប់តាំងពីជំនាន់លោកស្រី Bill Clinton ក្នុងឆ្នាំ២០០០។ តើវៀតណាមមើលឃើញយ៉ាងណារវាងអាមេរិក និងចិន? ការ​ប្រជែង​គ្នា​រវាង​អាមេរិក និង​ចិន​បានក្លាយជាប្រធានបទ​យ៉ាងសំខាន់ ​សម្រាប់នយោបាយការបរទេស​វៀតណាម។ នេះបើយោងតាមលោក Nguyen Cong Tung សាស្រ្ដាចារ្យនៅសាកលវិទ្យាល័យជាតិតៃវ៉ាន់ ដែលបានចុះផ្សាយអត្ថបទវិភាគមួយនៅគេហទំព័រសកលវិទ្យាល័យជាតិសិង្ហបុរី។ នៅក្នុងបញ្ហាប្រជែងដណ្តើមឥទ្ធិពលគ្នានេះ វៀតណាមគឺជាតួអង្គសំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នាពេលកន្លងមក វៀតណាមបានគ្រប់គ្រងទំនាក់ទំនងរបស់ខ្លួនបានយ៉ាងល្អជាមួយអាមេរិក និងចិន ទោះបីជាត្រូវប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងក៏ដោយ។ គោលនយោបាយការពារជាតិ “ទេបួន” នៅក្នុងនយោបាយវៀតណាម រដ្ឋវៀតណាមតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយយូរយាលរបស់ខ្លួនក្នុងការមិនមានសម្ព័ន្ធភាពយោធា ប៉ុន្តែអាចមានភាពបត់បែន និងអនុវត្តន៍ទៅតាមភាពជាក់ស្តែង នៅក្នុងយុទ្ធសាស្ត្រការទូតរបស់ខ្លួន។ គោលនយោបាយការពារជាតិ “ទេបួន - four-nos” នេះ ត្រូវបានគូសបញ្ជាក់នៅក្នុងសៀវភៅសស្ដីពីការពារជាតិវៀតណាមឆ្នាំ២០១៩។ នយោបាយ “ទេបួន” រួមបញ្ចូល “ទេចំពោះសម្ព័ន្ធភាពយោធា” “ទេចំពោះការចងភាគីជាមួយប្រទេសមួយប្រឆាំងនឹងប្រទេសមួយផ្សេងទៀត” “ទេចំពោះមូលដ្ឋានយោធាបរទេស” និង “ទេចំពោះការប្រើកម្លាំង ឬការគំរាមកំហែងប្រើកម្លាំងក្នុងទំនាក់ទំនងអន្តរជាតិនោះទេ”។ ទោះជាយ៉ាង​ណា នយោបាយនេះបាន​ប្រែប្រួល​បន្តិច​ម្តងៗ។ ចាប់តាំងពីឆ្នាំ២០២១មក មេដឹកនាំវៀតណាម រួមទាំងនាយករដ្ឋមន្ត្រី Pham Minh Chinh បានចាប់ផ្តើមនិយាយថា វៀតណាម "ជ្រើសរើសអ្វីដែលត្រឹមត្រូវ និងយុត្តិធម៌ និងមិនប្រកាន់ភាគីណាទេ"។ នៅក្នុងឃ្លានេះ ពាក្យ​គន្លឹះដូចជា “ត្រឹមត្រូវ និង​យុត្តិធម៌” (lẽ phải, công lý) គឺមានន័យថា វៀតណាម​អាច​បត់​បែន​បាន​ ហើយក៏អាចមានការ​បកស្រាយច្រើនផងដែរលើអត្ថន័យរបស់វា។ នេះ​ជា​សញ្ញា​ដល់រដ្ឋាភិបាលចិន និងអាមេរិក​ថា វៀតណាម​អាចប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ “ទេ​បួន” ក៏ប៉ុន្តែវៀតណាម​ក៏នៅ​តែ​បើក​ចំហ​ចំពោះ​លទ្ធភាព​នៃ​ការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ​ជាមួយ​មហាអំណាច​ខាងក្រៅ​ផ្សេងទៀត ប្រសិនបើ “សិទ្ធិ ​យុត្តិធម៌ និង​ផលប្រយោជន៍​ជាតិ” របស់វៀតណាម​ត្រូវ​បាន​បំពាន​ដោយ​ភាគី​ម្ខាងទៀត។ ប្រវតិ្តសាស្រ្តបង្រៀនវៀតណាមថា វាជារឿងប្រថុយណាស់ក្នុងការពឹងផ្អែកលើមហាអំណាចមួយប្រឆាំងនឹងប្រទេសមួយទៀត ព្រោះវៀតណាមតែងតែខាតបង់ខ្លាំង នៅពេលណាដែលមហាអំណាចទាំងនោះត្រូវគ្នាវិញ។ "ចិនទីមួយ អាមេរិកបន្ទាប់" ទីតាំងភូមិសាស្ត្រ​គឺ​ជា​ផ្នែក​មួយដ៏ចម្បងបំផុត នៅក្នុងនយោបាយការបរទេសរបស់​វៀតណាម​។ ប្រទេស​វៀតណាម​ស្ថិត​នៅ​ជាប់​នឹង​ប្រទេស​ចិន​ដែល​បាន​ធ្វើ​អាណានិគម​លើខ្លួន អស់​រយៈពេល​ជាង ១០០០ឆ្នាំ​។ កត្តានេះធ្វើឱ្យវៀតណាមដឹងច្បាស់ណាស់ ក្នុងការពិចារណាលើប្រតិកម្ម និងផលប្រយោជន៍របស់ចិន មុនពេលដែលវៀតណាមសម្រេចចិត្តត្រូវសហការជាមួយសហរដ្ឋអាមេរិក ឬមហាអំណាចខាងក្រៅផ្សេងទៀត។ ជាឧទាហរណ៍ វៀតណាមមានការស្ទាក់ស្ទើរក្នុងការបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយអាមេរិកដល់កម្រិតយុទ្ធសាស្ត្របន្ថែមទៀតលើវិស័យការពារជាតិ និងសន្តិសុខ ដោយសារតែមានការព្រួយបារម្ភថា ទង្វើបែបអាចជាសញ្ញានៃការប្រឆាំងចិន។ ប្រវត្តិសាស្ត្របង្រៀន​វៀតណាម​ម្ដង​ទៀត នោះគឺ "ចិនទីមួយ អាមេរិកបន្ទាប់"។ នេះប្រហែលជាមូលហេតុដែលមេដឹកនាំវៀតណាមជាច្រើន បានព្យាយាមបង្ហាញថាប្រទេសចិនគឺជារឿង “អាទិភាពកំពូល” នៅក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ ទង្វើសំខាន់ជាងវាចា។ ជាឧទាហរណ៍ ពីមុនវៀតណាមបង្កើនទំនាក់ទំនងជាមួយអាមេរិក ក្នុង “ភាពជាដៃគូយុទ្ធសាស្ត្រ strategic partnership” មេដឹកនាំជាន់ខ្ពស់វៀតណាមជាច្រើនបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន។ អគ្គលេខាធិកា Nguyen Phu Trong បានធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងក្នុងខែតុលា ឆ្នាំ២០២២ ហើយសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Truong Thi Mai បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងក្នុងខែមេសា ឆ្នាំ២០២៣។ អស់រយៈពេលរាប់ទសវត្សរ៍ យុទ្ធសាស្រ្តការទូតរបស់វៀតណាមក្នុងការរក្សាតុលភាពរវាងសហរដ្ឋអាមេរិក និងចិន ហាក់មានប្រសិទ្ធភាព...

Duration:00:05:03

Ask host to enable sharing for playback control

ខួប​១ឆ្នាំ​​៖ ការស្លាប់​ នាង ​អាមីនី បាន​ប្តូរ​ផ្នត់​គំនិត​សង្គម​​អ៊ីរ៉ង់

9/17/2023
១ឆ្នាំក្រោយ​ការ​ស្លាប់​នាង អាមីនី និង​ បាតុកម្ម​ពេញ​១ឆ្នាំដែរ​ ទោះបី​គ្មាន​ផ្លាស់ប្តូរ​របប​ដឹកនាំ​នយោបាយក្តី​ និង​​មិនទាន់​មាន​កំណែទម្រង់ធំដុំ​អ្វីឡើយ​ក្នុងជួររដ្ឋាភិបាលក្តី ​ប៉ុន្តែ ​ទិដ្ឋភាព​​ក្នុងសង្គម​​ មាន​របត់​​ផ្លាស់ប្តូរ​​យ៉ាង​ខ្លាំង។ ​​ពាក្យ​ស្លោកតែបីពាក្យ​យ៉ាងខ្លីដ៏​ល្បីល្បាញ គឺ​ «ស្រី ជីវិត និង​សេរីភាព»​ ត្រូវ​​ផ្សព្វផ្សាយ​ច្រើនទៅៗ ហើយ​នារីអ៊ីរ៉ង់​​ក៏​ច្រើន​ឡើងៗ បដិសេធ​​​ទម្លាប់ចាស់ ហ៊ានងើបឈរ​​ប្រឆាំង​ និង​ហ៊ាន​បោះចោលកំណាត់​ទទូល​ក្បាល។​ ថ្ងៃទី​១៦កញ្ញា ឆ្នាំ២០២២ នាង មាហ្សា អាមីនី ​ Mahsa (Jina) Amini ជាតិ​អ៊ីរ៉ង់​ ដើមកំណើត​គួដ​ ត្រូវ​ប៉ូសិល​ចាប់ឃាត់ខ្លួន ​ព្រោះតែ​មិន​បាន​ពាក់​កំណាត់​ទទូលក្បាល ឲ្យ​ត្រឹមត្រូវ​ ហើយ​នាង​ត្រូវ​ស្លាប់​បាត់​បង់​ជីវិត។​ មរណភាព​យុវតី ២២ ឆ្នាំ​រូបនេះ បាន​ធ្វើ​ឲ្យ​ផ្ទុះ​​​បាតុកម្មពេញ​ផ្ទៃ​ប្រទេស​ ស្ទើរតែ​ពេញ​ ១ ឆ្នាំមកហើយ​។​ ​រ​ដ្ឋអំណាច​អ៊ីរ៉ង់ គំរាម​កំហែង​ និង ​ធ្វើ​ទុក្ខ​បុកម្នេញ​ជាញឹកញយ ទៅលើគ្រួសារនាង។ នៅថ្ងៃខួប​ស្លាប់​កូនស្រី ១ឆ្នាំ ឪពុក​នាង អាមីនី ត្រូវ​នគរបាលអ៊ីរ៉ង់​ ​ហៅ​ទៅ​សាកសួរ​នៅប៉ូស្តិ៍​ប៉ូលិស និងត្រូវ​​ហាម​ឃាត់​ក្រុម​​គ្រួសារ​មិន​ឲ្យ​រៀបចំ​ធ្វើ​ពិធីបុណ្យ​រំលឹកវិញ្ញាណក្ខន្ធ​ ទោះបីជា ​បុណ្យ​តាម​ប្រពៃណី ឬបុណ្យ​បែប​​សាសនា ​ក៏ដោយ​ក្តី ក៏ត្រូវ​​ហាម​ដែរ​។ បាតុកម្មពេញ​ផ្ទៃ​ប្រទេស​ រងការ​បង្ក្រាប​ ស្លាប់​មនុស្ស ជាង​ ៥០០ នាក់​ ចាប់ខ្លួនរាប់ពាន់​នាក់ រយៈ​ពេល​មួយ​ឆ្នាំ នារី​អ៊ីរ៉ង់ ចេញ​មុខ​ច្រើន​ឡើងៗ​ រិះគន់​រដ្ឋអំណាច និងថ្កោលទោស​​ថ្នាក់ដឹកនាំប្រទេស ​ជាចំហ​។ ស្រីៗ​ បដិសេធ មិនពាក់​ក្រណាត់​ទទូល​ក្បាល​​ និង​ថែមទាំង​ នាំគ្នា​កាត់​សក់ បង្ហោះ​ផ្សព្វផ្សាយ​តាម​បណ្តាញសង្គម និង​ទីសាធារណៈ ជាការសម្តែង​មតិ​ប្រឆាំង​នឹង​កម្លាំង​រដ្ឋអំណា​ច​។ ចលនា​បាតុកម្ម​ផុសផុល​ពេញ​ផ្ទៃ​ប្រទេស។​ កម្លាំង​គនរបាល​ឆ្មាំបដិវត្តិ​អ៊ីរ៉ង់ ក៏​បាន​ប្រើ​កម្លាំង​បាយ ​បង្ក្រាប​បាតុករ និង​​បាន​បណ្តាល​ឲ្យ​​ ​ស្លាប់​មនុស្ស​យ៉ាងតិច​ ៥៥០ នាក់។​ ក្នុងចំណោម​អ្ន​កស្លាប់បាត់បង់​ជីវិត​ ក៏មាន​ក្មេងៗ ប្រមាណ​​៧០នាក់ ស្រីៗ​ ជិត​ ៥០ ​នាក់ដែរ​។​ នេះបើយោង​តាម​ អង្គការ​សិទ្ធិម​នុស្ស​អ៊ីរ៉ង់​ IHR។ ក្រៅ​ពីស្លាប់​ គឺត្រូវ​ចាប់ខ្លួន។​ បាតុករ​ ប្រុសស្រី ប្រមាណ ២ម៉ឺន ២ពាន់នាក់ ត្រូវ​ប៉ូលិសរដ្ឋអំណាច អ៊ីរ៉ង់​ចាប់ខ្លួនឃុំ​ខ្លួន​។ ​អង្គការ​ការពារសិទ្ធមនុស្ស Amnesty International ​ បាន​បញ្ជាក់ថា បាតុករ​ប្រុសៗ ៧​ នាក់​ ត្រូវ​កាត់ទោស​ប្រហារ​ជីវិត​។ ចំណែក អ្នក​កាសែត ដែល​តាម​ស៊ើប​​អង្គេត​ករណី​ឃាតកម្ម​លើ​យុវតី អាមីនី ក៏​ត្រូវ​នគរបាល​អ៊ីរ៉ង់​ចាប់ឃុំខ្លួន។ សូម្បីតែ មេធាវី ការពារក្តីឲ្យ​គ្រួសារ​នាង អាមីនី ក៏ត្រូវ​រងបណ្តឹង​ពីការ​ឃោសនា​ប្រឆាំងរដ្ឋាភិបាល​ និង​អាចប្រឈម​មុខ​ជាប់​ពន្ធនាគារ​ យ៉ាង​ហោច ៣ ឆ្នាំ​។ ប្រទេស​លោក​ខាង​លិច​ ផុសផល​គាំទ្រ​បាតុករ តែរដ្ឋអំណាច​អ៊ីរង់​ចាត់ទុក​ជាសត្រូវ​ ខួប​១ឆ្នាំ​ បាតុកម្ម​និងការ​សម្តែង​មតិ​ផ្សេងៗ​ ត្រូវ​រៀបចំ​ធ្វើឡើង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ផ្ទាល់ ហើយ​នៅ​បរទេស។ បាតុកម្ម​គាំទ្របាតុករ​​ មាន​នៅប្រទេស​​កាណាដា អាមេរិក អូស្ត្រាលី អង់គ្លេស និង​បណ្តាល​ប្រទេស​ជាច្រើន​ក្នុង​រង្វង់​សហភាព​អឺរ៉ុប ដែល​ប្រទេស​ទាំងនោះ សុទ្ធតែ​បាន​ចូលរួម​ចំណែក​ដាក់​ទណ្ឌកម្ម​លើពួក​​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់​។ ហើយ​ពេលនេះ បាតុករ​​ក៏​នៅតែ​ស្នើ​ឲ្យ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត ទៅលើ​រដ្ឋាភិបាល​អ៊ីរ៉ង់។ នៅក្នុង​ឱកាស​​ខួប​១ឆ្នាំនេះ ក្រៅពីមិន​ទៅ​យកចិត្ត​គ្រួសារ​ជន​រងគ្រោះ​ ប្រធានាធិបតី​អ៊ីរ៉ង់ Ebrahim Raïssi បែរ​ជា​ជ្រើស​រើស​ទៅ​គោរពវិញ្ញាណក្ខន្ធ​ ខាង​គ្រួសារ​ប៉ូលិស​ ដែល​ធ្លាក់​ខ្លួន​ស្លាប់ ​​​ក្នុងហេតុការណ៍​​បង្ក្រាប​​បាតុករ​។ ប្រមុខរដ្ឋ​អ៊ីរ៉ង់​ថែមទាំង​​ថ្លែង​ចំហក​ទៀត​ថា «គម្រោង​ការ​​​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ ពី​សំណាក់​សត្រូវ​ គឺត្រូវ​បរាជ័យ»។ «ពួក​សត្រូវ​អ៊ីរ៉ង់ ដែល​បាន​ផ្សំ​គំនិត​ ​​បញ្ឆេះ​កម្លាំង​បាតុករ​ មាន​ចេតនា​បង្កអស្ថិរភាពក្នុង​ប្រទេស​​​ តែទីបំផុត ​ត្រូវ​ធ្លាក់​ខ្លួន អស់សង្ឃឹម​ និង​បរាជ័យ​ធ្លាក់​ទឹក​។»​ ​បង្កើន​សាមគ្គីភាព​ជាមួយ​ស្ត្រី​អ៊ីរ៉ង់ ការ​ផុសផុលបាតុកម្ម មិនមែន​តែស្រីៗ​ទេ គឺ ប្រុសៗដែរ ដេល​ចូលរួម​ចលនា​បាតុកម្ម ហើយ​និង​ចូលរួម​ជ្រោម​ជ្រែងកម្លាំង​​ស្រ្តី​។ មួយ​វិញទៀត​ ក្រុមអ្នក​​សិល្បៈ អ្នកចេះ​ដឹង​ មនុស្ស​ជាច្រើន​ស្រទាប់​វណ្ណៈ​សង្គម បាន​ផ្តុំ​គ្នា​នៅលើ​គំនិត​១​ថា «ស្រី​ត្រូវមាន​ជីវិតរស់​នៅ​ក្នុងសេរីភាព​»។ ដូច្នេះហើយ​ ម្នាក់ៗ​ប្រឹង​​សម្តែង​មតិ តស៊ូ​តាម​គ្រប់​មធ្យោបាយ​ដែល​ខ្លួន​អាច​ធ្វើ​ទៅបាន​។ ជាក់ស្តែង​ វិចិត្រករខ្លះ គាំទ្រ​ខាង​បាតុករ​ ​ បាន​បញ្ចេញគំនូរ​​ដែល​បង្កប់​ន័យ​ប្រឆាំង​រដ្ឋអំណាច​ ហើយចំណែក​ ​ផលិតករភាព​យន្ត​ និង​អ្ន​កដឹកនាំ​រឿង ក៏​ផលិតធ្វើ​​កុន​ ដែល​មិនតម្រូវ​ឲ្យ​ នារីៗ ​តួសម្តែង​ ពាក់​ក្រណាត់​ទទូល​ក្បាល​ ទេ។​ ករណីនេះ​ ក៏​មាន​ប៉ូលិស​អ៊ីរ៉ង់...

Duration:00:05:01

Ask host to enable sharing for playback control

ហេតុអ្វីការរឹតត្បិតការនាំចេញអង្ករនៅឥណ្ឌា ធ្វើឱ្យតម្លៃ​​ស្បៀង​អាហារ​កើនឡើង ទូទាំងពិភពលោក​?

9/4/2023
ថ្មីៗនេះ ឥណ្ឌាគឺជាប្រទេសធំមួយដែលបានដាក់កម្រិតលើការនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោក ។ រឿងនេះបានរុញច្រានឱ្យតម្លៃស្បៀងអាហារពិភពលោកកើនឡើង។ មើលឱ្យស៊ីជម្រៅ កត្តាផ្សេងៗ រួមបញ្ចូល លក្ខខណ្ឌអាកាសធាតុប្រែប្រួលខ្លាំង ការរឹតត្បិតការនាំចេញស្បៀងអាហារពីប្រទេសផ្សេងៗ និងវិបត្តិភូមិសាស្ត្រនយោបាយ សុទ្ធតែបានធ្វើឲ្យសន្តិសុខស្បៀងអាហាររបស់ពិភពលោកមានហានិភ័យកាន់តែខ្លាំង។ ការរឹតត្បិតការនាំចេញអង្ករកាលពីចុងខែកក្កដា ឆ្នាំ២០២៣ ដើម្បីគ្រប់គ្រងការកើនឡើងតម្លៃអង្ករក្នុងស្រុក និងការធានាការផ្គត់ផ្គង់គ្រប់គ្រាន់នៅក្នុងប្រទេសឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករដ៏ធំបំផុតលើពិភពលោក បានបង្កឱ្យមានភ័យស្លន់ស្លោនៅទូទាំងទីផ្សារពិភពលោក ហើយវាធ្វើឱ្យប៉ះពាល់ភ្លាមៗដល់ប្រទេសយ៉ាងច្រើន ជាពិសេស បណ្ដាប្រទេសនៅអាស៊ី និងនៅអាហ្រ្វិក ដែលពឹងផ្អែកខ្លាំងលើអង្ករឥណ្ឌា។ នេះ​បើ​តាម​សារព័ត៌មាន Al Jazeera។ ពីរដ្ឋាភិបាលឥណ្ឌា ប្រទេសឥណ្ឌាត្រូវបង្ខំចិត្តធ្វើបែបនេះ ដោយសារតែសេណារីយ៉ូមិនល្អនៃបញ្ហាភូមិសាស្ត្រនយោបាយ និងលក្ខខណ្ឌអាកាសធាតុមិនអំណោយផលនៅក្នុងប្រទេសខ្លួន ដើម្បីផលិតអង្ករ។ ស្ថិតិបង្ហាញថា ការហាមឃាត់ការនាំចេញអង្ករថ្មីៗនេះទំនងប៉ះពាល់ដល់មួយភាគបួននៃការនាំចេញអង្កររបស់ប្រទេសនេះ។ យ៉ាងណាក៏ដោយ មើលជារួម ការប្រែប្រួលអាកាសធាតុ ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការទទួលបានទិន្នផលទាបពីការផលិតស្បៀង កំពុងធ្វើឱ្យតម្លៃស្បៀងអាហារសកលកើនឡើង និងការរំពឹងទុកនៃភាពអត់ឃ្លានក៏កើនឡើងផងដែរ។ ក្តៅពេក ស្ងួតពេក និងភ្លៀងពេក នាពេលបច្ចុប្បន្ន ពិភពលោកប្រឈមនឹងការប្រែប្រួលអាកាសធាតុខ្លាំង ពេលខ្លះ ក្ដៅពេក រាំងពេក និងភ្លៀងខ្លាំងពេក។ ជាឧទាហរណ៍ រលកកំដៅខ្លាំងក្នុងឆ្នាំ២០២២ បានបំផ្លាញផលិតកម្មស្រូវសាលីរបស់ប្រទេសឥណ្ឌា។ ឆ្នាំនេះ​​ជា​ឆ្នាំ​ទី​ពីរ​ជាប់​គ្នាៗហើយដែល​ឥណ្ឌា​បាន​ដាក់​កម្រិត​ការ​នាំ​ចេញ​អង្ករ។ ឧទាហរណ៍ផ្សេងទៀត អាហ្សង់ទីនដែលជាប្រទេសនាំចេញសណ្តែកសៀងដ៏ធំបំផុតរបស់ពិភពលោក និងជាប្រទេសផលិតពោតកំពូល បានទទួលរងនូវគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេល ៦០ឆ្នាំ។ ឥណ្ឌូណេស៊ី ដែលជាប្រទេសនាំចេញប្រេងដូងធំជាងគេលើពិភពលោក បានហាមឃាត់ការនាំចេញរបស់ខ្លួនក្នុងរយៈពេលខ្លីកាលពីឆ្នាំមុន។ ការទប់ស្កាត់ការនាំចេញកើនឡើង អង្ករគឺជាស្បៀងអាហារចម្បងរបស់ប្រជាជនជាងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក ហើយអង្ករជាង ៥០០លានតោនត្រូវបានប្រើប្រាស់ជារៀងរាល់ឆ្នាំ។ ឥណ្ឌា​មាន​ចំណែក​៤០​ភាគរយ​នៃ​ការ​នាំ​ចេញ​អង្ករ​ពិភពលោក ដោយ​មាន​ប្រទេស​សំខាន់​ផ្សេង​ទៀត​គឺ​ថៃ វៀតណាម ប៉ាគីស្ថាន និង​សហរដ្ឋអាមេរិក។ យោងតាមលោក Shirley Mustafa នៅអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) ការរឹតបន្តឹងការនាំចេញបែបនេះធ្វើឱ្យទីផ្សារមានអស្ថិរភាព ហើយវានាំឱ្យតម្លៃស្បៀងកើនឡើងនៅទូទាំងពិភពលោក ជាពិសេសវានឹងប៉ះពាល់ដល់ប្រទេសក្រីក្រដែលស្វែងរកទិញអង្ករបន្ថែមទៀត ដោយខ្លាចថាមានវិបត្តិការផ្គត់ផ្គង់ស្បៀងអាហារ។ នៅខែកញ្ញា ឆ្នាំ២០២២ ដើម្បីធានាការផ្គត់ផ្គង់ក្នុងស្រុកឱ្យបានគ្រប់គ្រាន់ ឥណ្ឌាបានព្យាយាមរឹតត្បិតការនាំចេញអង្ករចេញពីឥណ្ឌា តាមរយៈការតំឡើងពន្ធគយ។ ប៉ុន្តែ​យុទ្ធសាស្ត្រ​នេះបរាជ័យ ព្រោះថា ទោះបីជាមានការតំឡើងពន្ធក៏ដោយ ក៏ការនាំចេញអង្ករពីប្រទេសឥណ្ឌាបានកើនឡើង ២៥ភាគរយនៅចន្លោះខែកញ្ញា និងខែមីនា បើធៀបនឹងឆ្នាំមុន។ ជាលទ្ធផល ដោយសារឥណ្ឌាបានហាមឃាត់ការនាំចេញអង្ករមួយចំនួន នោះតម្លៃអង្ករពិភពលោកបានកើនឡើងបន្ថែមទៀត។ តម្លៃ​អង្ករ​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​ខែ​កក្កដា ឆ្នាំ២០២៣។ វាជាកម្រិតខ្ពស់មិនធ្លាប់មានរាប់ចាប់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ២០១១ នេះ​បើ​យោង​តាមអង្គការ FAO។ លោក Joseph Glauber អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយអាហារអន្តរជាតិបានប្រាប់សារព័ត៌មាន Al Jazeera ថា "តម្លៃអង្ករសថៃដែលជាទូទៅគេប្រើប្រាស់ជាតម្លៃគោលសម្រាប់អង្ករផ្សេងៗ បានកើនឡើងប្រហែល ១៤ភាគរយចាប់តាំងពីការប្រកាសរឹតត្បិតការនាំចេញរបស់ឥណ្ឌា។" ក៏ប៉ុន្តែ ឥណ្ឌាមិនមែនជាប្រទេសតែមួយគត់ដែលដាក់ចេញវិធានការទប់ស្កាត់ការនាំចេញនោះទេ។ សរុបមក ប្រទេសចំនួន២០បានដាក់កំហិតលើការនាំចេញទំនិញស្បៀងអាហារសំខាន់ៗរបស់ពួកគេ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតរបស់ធនាគារពិភពលោកនៅក្នុងខែកក្កដា ឆ្នាំ២០២៣នេះ។ ភាពអត់ឃ្លានកើនឡើង ប្រហែល ៩.២ភាគរយនៃចំនួនប្រជាជនពិភពលោក ចន្លោះពី៦៩១លាននាក់ទៅ ៧៨៣លាននាក់បានប្រឈមនឹងភាពអត់ឃ្លានក្នុងឆ្នាំ២០២២ នេះបើយោងតាមរបាយការណ៍របស់អង្គការ FAO។ ដូច្នេះ គេអាចរំពឹងថា ការរឹតត្បិតការនាំចេញស្បៀងអាហារសកលកាន់តែច្រើន និងការកើនឡើង​តម្លៃស្បៀង​អាហារ​​នឹង​នាំឱ្យ​មាន​ភាពអត់ឃ្លាន​ពិភពលោក​កាន់តែ​ខ្ពស់​៕

Duration:00:05:02

Ask host to enable sharing for playback control

ទីផ្សារ​អចលនទ្រព្យ​នៅវៀតណាមបន្ដប្រឈមវិបត្តិលំហូរសាច់ប្រាក់ និងបំណុល?

8/28/2023
ការធ្លាក់ចុះវិស័យអចលនទ្រព្យនៅក្នុងប្រទេសវៀតណាមបានធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍជាច្រើនកំពុងប្រឈមមុខនឹងវិបត្តិបំណុល និងវិបត្ដិលំហូរសាច់ប្រាក់។ វិបត្តិនេះកំពុងបង្កបញ្ហាយ៉ាងច្រើនដល់ក្រុមហ៊ុនអភិវឌ្ឍ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់ អតិថិជន និងធនាគារ ហើយនិងសេដ្ឋកិច្ចជាតិទាំងមូល។ នៅក្នុងប្រទេសវៀតណាម ចំនួនក្រុមហ៊ុនអចលនទ្រព្យថ្មីបានធ្លាក់ចុះប្រមាណ៦១ភាគរយធៀបនឹងឆ្នាំមុន នៅក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៣នេះ ស្របពេលដែលក្រុមហ៊ុនជាង៥៥០ត្រូវប្រកាសក្ស័យធន។ នេះបើយោងតាមសារព័ត៌មានវៀតណាម The Vietnam News newspaper។ ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដែលកំពុងប្រឈមនឹងវិបត្តិលំហូរសាច់ប្រាក់ បានផ្អាកគម្រោងរាប់ពាន់ ក្នុងតម្លៃទឹកប្រាក់សរុបប្រមាណជិត ៣៤ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាម សមាគមអចលនទ្រព្យជាតិវៀតណាម។ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានប្រាប់រដ្ឋសភាវៀតណាម នាពេលកន្លងមកថា វិស័យអចលនទ្រព្យបានជះឥទ្ធិពលអវិជ្ជមានដល់ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងសកម្មភាពធុរកិច្ចក្នុងវិស័យផ្សេងៗទៀតផងដែរ។ សមាគមអចលនទ្រព្យវៀតណាមបានលើកឡើងនៅក្នុងរបាយការណ៍ថ្មីៗថា "បញ្ហានៅក្នុងវិស័យនេះនៅតែមិនអាចដោះស្រាយបាននៅឡើយ ហើយវាធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍត្រូវប្រឈមបញ្ហា ជាពិសេសវិបត្តិលំហូរសាច់ប្រាក់ និងបញ្ហាមិនអាចទទួលបានប្រភពលុយបន្ថែម។ ប្រសិនបើក្រុមហ៊ុនទាំងនោះត្រូវលង់ក្នុងភាពលំបាកយូរជាងនេះ ការក្ស័យធនដ៏ធំនឹងជៀសមិនរួចទេ។" នាពេលបច្ចុប្បន្ន ក្រុមហ៊ុនអភិវឌ្ឍជាច្រើនកំពុងប្រឈមមុខនឹងវិបត្តិបំណុល និងវិបត្តិលំហូរសាច់ប្រាក់ ហើយវាបានធ្វើឱ្យទាំងធនាគារ និងអ្នកទិញផ្ទះស្ទាក់ស្ទើរក្នុងការផ្ដល់កម្ចីបន្ថែម ហើយប្រជាជនរារែកពន្យារពេលបង់ប្រាក់ និងមិនហ៊ានវិនិយោគលើវិស័យនេះទេ។ យោងតាមសារព័ត៌មាន The Financial Times នាពេលកន្លងមក រដ្ឋាភិបាលវៀតណាមបានអនុវត្តវិធានការរឹតត្បិតលទ្ធភាពទទួលបានកម្ចី និងបានចាប់ខ្លួនមហាសេដ្ឋីអចលនទ្រព្យដោយចោទប្រកាន់លើបទក្លែងបន្លំ។ ក្នុងនោះ រដ្ឋាភិបាលវៀតណាមបានចាប់ខ្លួនឧកញ៉ា Truong My Lan កាលពីឆ្នាំមុន ដែលជាប្រធានក្រុមហ៊ុន Van Thinh Phat Holdings ហើយបានជំរុញឱ្យធនាគារ Saigon Commercial Bank និងធនាគារកណ្តាលវៀតណាមធ្វើអន្តរាគមន៍ដើម្បីធានាដល់អ្នកដាក់ប្រាក់បញ្ញើ។ នៅក្នុងទីផ្សារតំបន់ គេអាចសង្កេតឃើញវិបត្តិស្រដៀងគ្នានេះនៅក្នុងប្រទេសចិន ដែលក្រុមហ៊ុនអចលនទ្រព្យត្រូវប្រឈមនឹងវិបត្តិខ្វះសាច់ប្រាក់ អស់រយៈពេលជាង២ឆ្នាំមកហើយ ក្រោយអាជ្ញាធរចិនបានផ្លាស់ប្តូរនយោបាយកំណត់ទំហំកម្ចី។ នាពេលថ្មីៗ ក្រុមហ៊ុន Evergrande ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ជំពាក់​បំណុល​គេច្រើន​បំផុត​លើ​ពិភពលោក​ បាន​ដាក់​ពាក្យ​ការពារ​ក្ស័យធន​នៅ​សហរដ្ឋអាមេរិក​ក្នុង​ខែ​នេះ។ នៅក្នុងប្រទេសវៀតណាម ក្រុមហ៊ុនអភិវឌ្ឍបានពង្រីកសកម្មភាពរបស់ខ្លួនយ៉ាងគំហុក និងលឿនខ្លាំង ពីមុនវិបត្តិជំងឺកូវីដ១៩ ដោយទទួលបានប្រភពលុយយ៉ាងច្រើនពីធនាគារក្នុងស្រុក និងទីផ្សារមូលបត្របំណុល ក៏ដូចជាការបង់រំលោះរបស់ប្រជាជនទូទៅ។ ក៏ប៉ុន្តែ ក្រោយមក នៅពេលប្រឈមនឹងវិបត្តិលំហូរសាច់ប្រាក់ ក្រុមហ៊ុនអភិវឌ្ឍធំៗ និងក្រុមអភិវឌ្ឍតូចៗរាប់រយត្រូវបង្ខំចិត្ដប្រកាសឱ្យក្ស័យធន ហើយគម្រោងរាប់ពាន់ត្រូវបានផ្អាក។ វិបត្តិនេះបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការស្តារសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ក្រោយវិបត្តិជំងឺកូវីដ១៩។ វៀតណាមគឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតរបស់អាស៊ី កាលពីឆ្នាំមុន ប៉ុន្តែធនាគារពិភពលោកបានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចវៀតណាម នៅក្នុងខែនេះ មកនៅត្រឹម ៤,៧ ភាគរយនៅឆ្នាំនេះ ធៀបកំណើន ៨ភាគរយកាលពីឆ្នាំមុន ដោយលើកឡើងពីការប្រើប្រាស់ក្នុងស្រុកធ្លាក់ចុះខ្សោយ។ ផ្អែកតាមនាយករដ្ឋមន្ត្រី លោក Pham Minh Chinh ដោយសារវិស័យអចលនទ្រព្យរួមចំណែកប្រហែល ១៥ភាគរយនៃសេដ្ឋកិច្ចជាតិ នោះវិបត្តិនៅក្នុងវិស័យនេះពិតជាបានជំរុញឱ្យកំណើនសេដ្ឋកិច្ចវៀតណាមធ្លាក់ចុះមកត្រឹម ៣,៣២ភាគរយប៉ុណ្ណោះ នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៣នេះ៕

Duration:00:04:08

Ask host to enable sharing for playback control

រុស្ស៊ី បង្ហោះ ស្ថានីយអវកាសជាថ្មី ទៅកាន់ឋានព្រះចន្ទ លើកនេះ ដើម្បីស្វែងរកទឹកនៅទីនោះ ក្នុង

8/17/2023
ចន្លោះពីថ្ងៃទី ២១ ដល់ ២៤ សីហាខាងមុខ ស្ថានីយអវកាស Luna-25 ដែលរុស្ស៊ី បាន បង្ហោះចេញទៅ កាលពីថ្ងៃ ១១ សីហា ត្រូវទៅចុះចតជាលើកទី ១ នៅឯ ប៉ូលខាងត្បូងនៃ ឋានព្រះចន្ទ ។ ក្នុងពេលជាមួយគ្នា ទាំងស្ថានីយអវកាសឥណ្ឌា Chandrayan—3 ដែលកំពុងហោះសំដៅទៅកាន់លោកខែ ក្នុងថ្ងៃទី ២៣-២៤ សីហា ក៏ត្រូវទៅចុះចត នៅឯប៉ូលនោះដែរ។ កម្មវិធីសិក្សាស្រាវជ្រាវអំពីព្រះចន្ទ ដែលជា ផ្កាយរណបធម្មជាតិ របស់ផែនដីយើង ក៏ស្ថិតនៅក្នុងផែនការ ស.រ.អា., ចិន ។ គោលដៅចម្បង នៃ ការ ចុះចតរបស់ស្ថានីយរុស្ស៊ី នៅឯប៉ូលខាងត្បូងឋានព្រះចន្ទ គឺ ប្រាថ្នារកឃើញនៅទីនោះ ធាតុទឹក ដែល ជា ទុនបម្រុង សម្រាប់ ក្នុងអនាគត ក្រុមអវកាសយានិក អាចហោះចេញពី ឋាននេះ ទៅកាន់ ភពផ្សេងទៀត នៃចក្រវាឡ ។ រុស្ស៊ីធ្វើការបង្ហោះជាថ្មី ទៅកាន់ឋានព្រះចន្ទ គឺ រំលង ជិតកន្លះសតវត្សរ៍មកហើយ និយាយឲ្យចំ លើកចុងក្រោយ គឺ កាលក្នុងឆ្នាំ ១៩៧៦ ។ លើកមុនៗ ស្ថានីយអវកាសរុស្ស៊ី តែងបានទៅចុះចត គឺនៅត្រង់ ម្តុំ អេក្វាទ័រ នៃ ផ្កាយរណបធម្មជាតិនេះ របស់ ផែនដី ។ លោកខែនេះ ស្ថិតនៅចម្ងាយគិតជាមធ្យម គឺ ៣ សែន ៨ ម៉ឺន ៤.៤០០ គម ពីផែនដី។ សម្រាប់ពួកអ្នកប្រាជ្ញរុស្ស៊ី លើកនេះ កន្លែងនៃឋានព្រះចន្ទ ដែល ស្ថានីយខ្លួន ត្រូវទៅចុះចត គឺ មកទល់ឥឡូវ គ្មានស្ថានីយប្រទេសណាមួយ ធ្លាប់បានទៅកាន់ឡើយ ពោលគឺ នៅត្រង់ប៉ូល របស់វា។ តំបន់ដែល ស្ថានីយរុស្ស៊ី Luna-25 ត្រូវទៅចុះចតដោយសន្សឹមៗ មានសញ្ញា ដែល បង្ហាញពីវត្តមាននៅទីនោះ ជាដុំទឹកកក - នេះ បើយោងទៅលើទិន្នន័យទទួលបានពី តារាវិថី ។ ចំណែកនៅ តំបន់ អេក្វាទ័រ គឺគ្មានសោះឡើយសញ្ញាបែបនេះ។ តំបន់ប៉ូលខាងត្បូងនៃ ឋានព្រះចន្ទ ជាតំបន់អនុគ្រោះ ៖ ម្យ៉ាងដោយ នៅទីនោះ មានកូនអណ្តូងជ្រៅៗ ងងិត មិនដែលត្រូវពន្លឺថ្ងៃសោះឡើយ ហើយ ដក់ជាប់ដោយ ដុំទឹកកក និង ម្យ៉ាងទៀត ក៏ជាកន្លែងដែលរ មែងចាំង ជានិច្ច ដោយព្រះអាទិត្យ បានន័យថា នៅទីនោះ គេអាចដំឡើងថ្មពិលសម្រាប់ស្រូបយកកំដៅ​ថ្ងៃ - សេចក្តី នេះ ពន្យល់ដោយ នាយកប្រតិបត្តិ​ខាងកម្មវិធី​ប្រកបដោយទស្សនវិស័យនិងវិទ្យាសាស្ត្រនៃ ទីភ្នាក់ ងារ អវកាសរុស្ស៊ី Roscosmos លោក Alexandre Bloshenko ។ គាត់លំអិតថា ប៉ូល​ខាងត្បូងនៃ ឋានព្រះ ចន្ទ ប្រៀបបានជា “ទូទឹកកកធម្មជាតិ” ដែលរក្សាទុកជាស្រទាប់ៗ សន្សើម កកហើរមកពីគ្រប់ធាតុ ក្នុង អវកាស។ លោក Bloshenko ទម្លាយឲ្យដឹងថា ស្ថានីយ Luna-5 នោះ មានទម្ងន់ ១ តោន ៨០០ គីឡូក្រាម ចំណែក ប្រដាប់ប្រដាវិទ្យាសាស្ត្ររបស់វា ទម្ងន់ ៣១ គីឡូក្រាម សុទ្ធតែផលិតដោយប្រទេសរុស្ស៊ីផ្ទាល់។ បេសកកម្មដែលត្រូវបំពេញដោយស្ថានីយ គឺ ទី១- ភារកិច្ចវិទ្យាសាស្ត្រ ស្រាវជ្រាវបញ្ហាវិវឌ្ឍនៃនៃឋានព្រះចន្ទ និង ទី២ គឺ សិក្សាលទ្ធភាពប្រើឋានព្រះចន្ទ ទៅអនាគត។ ភារកិច្ចមួយចម្បង តាមដែល Roscosmos ចង្អុលឲ្យឃើញគឺ ធ្វើយ៉ាងណាឲ្យយានចុះចត ដោយ សន្សឹមៗ នៅឯប៉ូលខាងត្បូងនោះ ដ្បិតវាជាបញ្ហាសែនសំខាន់។ យ៉ាងណាមិញ បទពិសាធន៍ ដ៏ជូរចត់ បង្ហាញទៅហើយ កាលពីខែមេសា ពេលដែល ម៉ូឌូលជប៉ុន Hakuto-R ផ្ទុកទៅដោយយានសម្រាប់ បើកបរ លើផ្ទៃដីលោកខែ របស់ អេមីរ៉ាតអារ៉ាប់រួម ឈ្មោះ Rashid ស្រាប់តែបែកខ្ចាយ នៅពេលចុះចត លើឋាន នោះ។ ស្ថានីយរុស្ស៊ី Luna-5 នឹងធ្វើការស្រាវជ្រាវ អំពីផ្ទៃដីឋានព្រះចន្ទ បូកទាំងខួងដីនោះផង ដើម្បីស្វែងរកទឹក។ បើរកឃើញ គឺនឹងរំដោះក្រុមបេសកកម្មអវកាសនៅពេលអនាគតមិនចាំ​បាច់នាំ​យកទឹកពីផែនដីតទៅទៀត។ ទឹក រកឃើញ លើឋានព្រះចន្ទ អាចបម្រើជា វត្ថុធាតុដើមសម្រាប់ផលិតជា ឥន្ធនៈនៃកាំជ្រួចបង្ហោះ ចេញពីទី នោះ ទៅកាន់​ភព​ផ្សេងទៀត​នៃចក្រវាឡ។ តាមសំដី អ្នកប្រាជ្ញរុស្ស៊ី លោក Bloshenko ការនាំយក ទឹក មួយលីត្រ ពីផែនដីទៅ អាចតម្រូវឲ្យចំណាយ ចាប់ពី កន្លះលានដុល្លារឡើងទៅ ។ ចំណែក ក្រុម ហ៊ុនបរទេសមួយ ខាងផលិត យន្ដរ៉ូបូបច្ចេកទេស ក្នុងគ្រាឥឡូវ ស្នើទៅបណ្តាប្រទេសក្នុងលោក នូវ តម្លៃ ១ លាន ២ សែន ដុល្លារ សម្រាប់នាំយក ឥវ៉ាន់ ពីផែនដីទៅ ក្នុងទម្ងន់ ១ គីឡូក្រាម ទៅកាន់ឋាន ព្រះចន្ទ។ ។ ក្នុង​១០​ឆ្នាំចំពោះមុខ រុស្ស៊ីគ្រោងបង្ហោះ ស្ថានីយអវកាស ៣ ទៀត ទៅកាន់ឋានព្រះចន្ទ ។ ការបង្ហោះ ស្ថានីយ Luna-26 គ្រោងប្រព្រឹត្តទៅ ក្នុងឆ្នាំ ២០២៧។ វាជាស្ថានីយ ហោះតាមតារាវិថីជុំវិញឋានព្រះចន្ទ ស្រាវជ្រាវឋានព្រះចន្ទពីចម្ងាយ ដែលក៏នឹងបញ្ជូនសញ្ញា ទៅឲ្យស្ថានីយលើកក្រោយ គឺ Luna-27 ដែល ស្មុគស្មាញជាងសម្រាប់ចុះចត លើឋាននោះដោយបំពាក់គ្រឿងប្រដាប់ខួងដីព្រះចន្ទខ្នាតធំ បន្ទាប់មកទៀត គឺ ស្ថានីយ Luna-28 ដែលនឹងបង្កើតជាព្រលានសម្រាប់ចុះចត និង ហោះចេញ ដោយនាំមកជាមួយ គឺ ដី ដែលជីកបានពីតំបន់ប៉ូលខាងត្បូងនៃឋានព្រះចន្ទ។ ក្នុងដំណាក់បន្ទាប់មកទៀត គឺបញ្ជូនក្រុមអវកាសយានិក ទៅស្ថិតនៅលើឋានព្រះចន្ទ រយៈពេល ២ សប្តាហ៍ សម្រាប់សាងសង់ជា មូលដ្ឋានដើមដំបូង។ កម្មវិធីនេះ គ្រោងទុកសម្រាប់ឆ្នាំ ២០២៥-២០៣៥។ ក្នុងដំណាក់ទី៣ ត្រូវបង្ហើយការសាងសង់មូលដ្ឋាននោះឲ្យបានពេញរូបពេញរាង គ្រោងទុកពីឆ្នាំំ ២០៣៦ ដល់ ២០៤០។ ការស្តារឡើងវិញ កម្មវិធីសិក្សាស្រាវជ្រាវអំពីឋានព្រះចន្ទ ត្រូវបានប្រកាសដោយលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ក្នុងថ្ងៃទី ១២ មេសា ដែលនៅរុស្ស៊ីជាទិវាអវកាសវិទ្យា...

Duration:00:06:39

Ask host to enable sharing for playback control

ហេតុអ្វីយុវជនគ្មានការងារធ្វើកើនឡើងខ្លាំងក្នុងប្រទេសចិន?

8/7/2023
យុវជនគ្មានការងារធ្វើនៅក្នុងប្រទេសចិន ដែលមានអាយុចន្លោះពី១៦ឆ្នាំទៅ២៤ឆ្នាំ បានកើនឡើងដល់ជាង ២១% កាលពីខែមិថុនា ឆ្នាំ២០២៣នេះ។ នេះជាតួលេខខ្ពស់ និងជាសញ្ញាមិនល្អទេសម្រាប់សេដ្ឋកិច្ចចិន។ ហេតុអ្វីយុវជនគ្មានការងារធ្វើបានកើនឡើង? ហើយអ្វីជាដំណោះស្រាយនយោបាយរបស់រដ្ឋាភិបាលចិន? យុវជនគ្មានការងារធ្វើនៅក្នុងប្រទេសចិនបានកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយ ទោះជាសេដ្ឋកិច្ចចិនបានងើបឡើងវិញចេញពីវិបត្តិជំងឺកូវីដ១៩។ តួលេខផ្លូវការបង្ហាញថា អត្រាអ្នកគ្មានការងាររបស់យុវជន នៅចន្លោះអាយុ១៦ឆ្នាំ ទៅ២៤ឆ្នាំនៅក្នុងតំបន់ទីក្រុងបានកើនឡើងដល់ ២១,៣% កាលពីខែមិថុនា ឆ្នាំ២០២៣។ នេះបើយោងតាមការចេញផ្សាយនាពេលថ្មីៗរបស់សារព័ត៌មាន BBC។ ផ្អែកតាមអ្នកវិភាគ អត្រាអ្នកគ្មានការងារធ្វើក្នុងចំណោមយុវជនកើនឡើង ស្របពេលដែលសេដ្ឋកិច្ចចិនមានកំណើនត្រឹមតែ ០,៨%ប៉ុណ្ណោះក្នុងរយៈពេលបីខែដល់ចុងខែមិថុនា។ អត្រានេះជាអត្រាកំណើនសេដ្ឋកិច្ចទន់ខ្សោយនៅឡើយ ហើយវាមានកម្រិតទាបជាងការរំពឹងទុក។ ក៏ប៉ុន្តែ បើយោងតាមការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន (China's National Bureau of Statistics) ទិន្នន័យកំណើនសេដ្ឋកិច្ចនៅរយៈចុងក្រោយបានបង្ហាញពីសន្ទុះនៃការងើបឡើងវិញដ៏ល្អ។ លោកស្រី Qian Wang ប្រធានអ្នកសេដ្ឋកិច្ចប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុនវិនិយោគ Vanguard បានប្រាប់សារព័ត៌មាន BBC ថា "ការខកចិត្តចំពោះកំណើនសេដ្ឋកិច្ចមិនខ្ពស់កើតមានឡើងនៅលើវិស័យលក់រាយ និងការវិនិយោគ​លំនៅឋាន។" លោកស្រីបានបន្ថែមថា "កំណើនយឺតយ៉ាវនៃវិស័យទាំងនេះ រួមជាមួយនឹងរបាយការណ៍ពាណិជ្ជកម្ម អតិផរណា និងរបាយការណ៍កម្ចី បានបញ្ជាក់ថា សន្ទុះកំណើនសេដ្ឋកិច្ចជាមូលដ្ឋានរបស់ចិននៅតែខ្សោយខ្លាំងនៅឡើយ។ តម្រូវការសកលសម្រាប់ទំនិញចិនក៏បានធ្លាក់ចុះយ៉ាងខ្លាំង ហើយក៏មានការព្រួយបារម្ភផងដែរ ជុំវិញការកើនឡើងនៃបំណុលរបស់រដ្ឋាភិបាលក្នុងតំបន់ និងទីផ្សារ​លំនៅឋាន។” និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យចំនួន ១១,៥៨លាននាក់ត្រូវបានគេរំពឹងថានឹងចូលទៅក្នុងទីផ្សារការងារក្នុងប្រទេសចិននៅក្នុងឆ្នាំនេះ។ អត្រាគ្មានការងារធ្វើសម្រាប់យុវជននៅបណ្ដាទីក្រុងបាននិងកំពុងកើនឡើងជាច្រើនខែ។ កត្ដាចម្បងបណ្ដាលមកពី ភាពមិនស៊ីគ្នា ឬគេហៅថា “Mismatch” រវាងជំនាញដែលនិស្សិតត្រូវបានបណ្ដុះបណ្ដាលនៅសាលា និងជំនាញដែលត្រូវការជាក់ស្ដែងនៅលើទីផ្សារការងារ។ អាជ្ញាធរចិនបានទទួលស្គាល់ថា ភាពអត់ការងារធ្វើរបស់យុវជនប្រហែលជានឹងបន្តកើនឡើងក្នុងប៉ុន្មានខែខាងមុខ មុនពេលវាឈានដល់កម្រិតកំពូលនៅខែសីហា។ លោកស្រី Dan Wang ប្រធានអ្នកសេដ្ឋកិច្ចនៅធនាគារ Hang Seng Bank China បានប៉ាន់ស្មានថា យុវជនដែលគ្មានការងារធ្វើមានចំនួនត្រឹមតែ១,៤%នៃកម្លាំងពលកម្មសរុប នៅក្នុងប្រទេសចិន។ ទោះជាយ៉ាងណា លោកស្រីបានប្រាប់សារព័ត៌មាន BBC ថា បញ្ហានៃភាពអត់ការងារធ្វើរបស់យុវជនទាមទារឱ្យមាននយោបាយឆ្លើយតបបន្ថែមទៀត ពីព្រោះយុវជនបានសម្ដែងមតិច្រើនណាស់នៅតាមប្រព័ន្ធអ៊ីនធឺណិត។ លោក​ស្រី​បាន​បន្ថែម​ថា​ ”ការ​បង្ហាញ​ពី​ការ​មិន​សប្បាយចិត្ត​របស់យុវជន​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​អាច​នឹង​បង្ក​ឲ្យ​មាន​ការ​បាត់បង់​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំងលើ​សេដ្ឋកិច្ចចិន។” រដ្ឋាភិបាលចិនបានចាប់ផ្តើមផ្សព្វផ្សាយតួលេខអ្នកអត់ការងារធ្វើរបស់យុវជននៅក្នុងឆ្នាំ២០១៨។ ក៏ប៉ុន្តែ បច្ចុប្បន្ននេះ ចិនមិនបានបញ្ចេញទិន្នន័យស្តីពីស្ថានភាពការងាររបស់យុវជននៅតំបន់ជនបទទេ។ កាលពីខែមីនា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បាននិយាយថា ប្រទេសចិនចាំបាច់ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងឡើងវិញ ដើម្បីសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ច៥%របស់ខ្លួននៅឆ្នាំនេះ ហើយរដ្ឋាភិបាលចិនក៏ត្រូវជំរុញការខិតខំប្រឹងប្រែងបន្ថែមលើនយោបាយការងាររបស់យុវជន។ យោងតាមស្ថាប័ន Goldman Sachs នយោបាយជំរុញការបង្កើនការងារក្នុងចំណោមយុវជនគឺជារឿងអាទិភាពបំផុត សម្រាប់ប្រទេសចិន ព្រោះថាយុវជនមានសារៈសំខាន់ចំពោះសេដ្ឋកិច្ចខ្លាំងណាស់។ យុវជនជាក្រុមពលរដ្ឋដែលមានការចំណាយច្រើនលើវិស័យនានាដូចជា វប្បធម៌ វិស័យអប់រំ ការជួលលំនៅឋាន ការដឹកជញ្ជូន និងទំនាក់ទំនង។ ផ្អែកតាមស្ថាប័នដដែល នាពេលកន្លងមក រដ្ឋាភិបាលចិន​បាន​ចាត់​វិធានការ​លើក​កម្ពស់​ការងារ​ដល់​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ។ ជាឧទាហរណ៍ រដ្ឋាភិបាលជំរុញជ្រើសរើសយុវជន ទៅធ្វើការនៅក្នុងវិស័យយោធាចិន និងការផ្តល់អាទិភាពដល់និស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ ស្របពេលដែលសហគ្រាសរដ្ឋចិនបានប្តេជ្ញាបង្កើនចំនួនកន្លែងកម្មសិក្សាចំនួន ១លានកន្លែងបន្ថែមសម្រាប់និស្សិតបញ្ចប់ការសិក្សាក្នុងរយៈពេលពីរឆ្នាំខាងមុខ។ ទោះបីជាដូច្នេះនេះក្តី ភាពមិនស៊ីសង្វាក់គ្នារវាងជំនាញដែលនិស្សិតរៀននៅមហាវិទ្យាល័យ និងអ្វីដែលជាជំនាញក្រុមហ៊ុនត្រូវការពិតជាក់ស្ដែង គឺជាបញ្ហាចម្បង។ អ្នកសេដ្ឋកិច្ចរបស់ស្ថាប័ន Goldman Sachs បានលើកឡើងថា "ការដោះស្រាយភាពមិនស្របគ្នារវាងអ្វីដែលសាលាបង្រៀន និងអ្វីដែលជាតម្រូវការជាក់ស្ដែងរបស់អាជីវកម្មនឹងជួយដោះស្រាយបញ្ហានេះ ប៉ុន្តែវាគឺជាកិច្ចការដ៏លំបាក ហើយនិងទាមទាររយៈពេល៕"

Duration:00:04:59